Sunday, November 20, 2016

គណបក្ស​ប្រឆាំង​រំពឹង​ដណ្តើម​បាន​អាសនៈ​មេឃុំ​ចៅ​សង្កាត់​ជាង​៥០​ភាគ​រយ​នៅ​ឆ្នាំ​២០១៧

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិFaceboook


គណបក្ស​​សង្រ្គោះ​ជាតិ​​បាន​​ត្រៀម​​ជ្រើស​​រើស​​បេក្ខជន​​ជាង​​៣​​ម៉ឺន​​នាក់​​សម្រាប់​​ការ​​បោះ​​ឆ្នោត​​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​​នៅ​​ថ្ងៃ​ទី​៤ ​មិថុនា ​ឆ្នាំ​២០១៧​​​ខាង​​​មុខ​​​នេះ ​​ខណៈ​ដែល​​​គណបក្ស​​​កាន់​​​អំណាច​​​ក៏​​ត្រៀម​​​បោះ​​ឆ្នោត​​​ជ្រើស​​​រើស​​​បេក្ខជន​​​របស់​​​​ខ្លួន​​​នៅ​​ខែ​​មករា​​ខាង​​មុខ​​នេះ​។ ​ជា​​​ការ​​កត់​​សំគាល់ ​ការ​បោះឆ្នោត​​ក្រុម​​ប្រឹក្សា​​ឃុំ​សង្កាត់​​ឆ្នាំ​​២០១៧​​នេះ ​គឺ​​ជា​​ការ​​បោះឆ្នោត​​ដ៏​​សំខាន់​​មួយ ​បន្ទាប់​​ពី​​មាន​របត់​​នយោបាយ​​នៅ​​ក្នុង​​ការ​​បោះឆ្នោត​​ជាតិ​​កាល​​ពី​​ឆ្នាំ​​២​០១៣ ​ដែល​​គណបក្ស​​ប្រឆាំង​​រំពឹង​​ថា ​នឹង​ឈាន​​ទៅ​​គ្រប់​​គ្រង​​ឃុំ​​សង្កាត់​​ជាង​​ពាក់​​កណ្តាល​​នៅ​​ទូ​ទាំង​​ប្រទេស​។ ​

គណបក្ស​ប្រឆាំង​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ រំពឹង​ថា នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ថែម​ទៀត តាម​រយៈ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ខាងមុខ ដោយ​រំពឹង​ថា នឹង​ដណ្តើម​បាន​អាសនៈ​មេឃុំ​ចៅ​សង្កាត់​ជាង​៥០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ផ្អែក​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​ថាគណបក្ស​នេះ​នឹង​ឈ្នះ​បាន​កៅ​អី​មេ​ឃុំ​ចៅ​សង្កាត់​ភាគ​ច្រើន។ ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា គណ​បក្ស​កាន់​អំណាច​របស់​លោក​ក៏​នឹង​រក្សា​បាន​ចំនួន​មេឃុំ​ចៅ​សង្កាត់​ដែល​ខ្លួន​កំពុង​គ្រប់​គ្រង​បច្ចុប្បន្ន​ជាង​៧០​ទៅ​៨០​ភាគ​រយ​នេះ​ដែរ។ លោក សុខ ឥសាន បាន​បញ្ជាក់​ថា លទ្ធផលនៃ​ការ​បោះឆ្នោត​ជាតិ នឹង​មិន​មាន​ឥទ្ធិពល​មក​លើ​ការ​បោះឆ្នោត​ថ្នាក់​មូល​ដ្ឋាន​នោះ​ទេ។ ផ្ទុយទៅ​វិញ លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្នាក់​មូលដ្ឋាន​ទេ ដែល​មាន​ឥទ្ធិល​ទៅ​លើ​ការ​បោះ​ឆ្នោតថ្នាក់​ជាតិ។

គួរជំរាប​ជូន​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ថ្មី​នៅ​ថ្ងៃ​ទី​៤​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ ទាំង​គណបក្ស​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច បាន​ត្រៀម​សម្រិតសម្រាំង​បេក្ខជន​របស់​ខ្លួន​រួច​ហើយ។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់​ផ្ដើម​ទទួល​ពាក្យបេក្ខជន​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ខាង​មុខ ដោយ​ជ្រើស​រើស​បេក្ខជន​ទាំងពេញ​សិទ្ធិ​និង​បំរុង​ជាង​៣​ម៉ឺន​នាក់។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គ្រោង​នឹង​ប្រមូលឈ្មោះ​បេក្ខជន​របស់​ខ្លួន នៅ​ខែ​មករា​ឆ្នាំ​២០១៧ តាម​រយៈ​មហា​សន្និបាត​ថ្នាក់​មូល​ដ្ឋាន​រយៈពេល​១៥​ទៅ​៣០​ថ្ងៃ នៅ​តាម​សាខា​បក្ស​ឃុំ​សង្កាត់ នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៧ខាង​មុខ​នេះ​ត​ទៅ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា ខុមហ្រ្វែល ដែល​ត្រៀម​ដាក់​អ្នក​សង្កេត​ការ​ឲ្យ​បាន​ជាង​១​ម៉ឺន​នាក់​នៅ​ថ្ងៃ​បោះឆ្នោត​នោះ​បាន​លើក​ឡើង​ថា គេ​មិន​ទាន់​មាន​ការ​សិក្សា​ឬ​ការ​ស្ទង់​មតិ​ណា​មួយ​បញ្ជាក់​ថា តើគ​ណបក្ស​ណា​មួយ​នឹងទទួល​បាន​អាសនៈ​មេឃុំ​ចៅ​សង្កាត់​ច្រើន​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤​មិថុនា​ឆ្នាំ​២០១៧នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​ថា តាម​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៨​មក បើ​គណបក្ស​នយោបាយ​ណា​មួយ​ទទួល​បាន​ការ​គាំទ្រ​នៅ​ថ្នាក់​ជាតិ នោះ​ការ​បោះ​ឆ្នោត​ឃុំសង្កាត់ក៏​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដែរ។

សូមបញ្ជាក់ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​កន្លង​ទៅ គណបក្ស​ប្រជា​ជន​កម្ពុជា បាន​បាត់​បង់​អាសនៈ​រដ្ឋសភា​ដល់​ទៅ​២២​កៅអី ទៅ​ខាង​គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង៕

No comments:

Post a Comment