Sunday, November 20, 2016

សតិបញ្ញាខ្មែរនៅឯណា?

A farmer collects harvested mangoes in Kandal province in 2013. Heng Chivoan


អំពីស្រុកខ្មែរ ក្នងសង្គមខ្មែរខ្ញុំក៏មិនដឹងដែរ ថាតើនឹងនិយាយស្រែកឡូឡា ឬខ្សិបៗដាក់ត្រចៀកអ្នកណា ឱ្យគេស្តាប់
បាន  ហើយដែលគេនឹងនិយាយដាស់តឿនតៗគ្នា ដើម្បីជួយខ្មែរឱ្យយល់ដឹងរឿង(កំប៉ិកកំប៉ុក) ដែលអាចផ្តល់នូវផល
ប្រយោជន៍(ធំដុំ)ក្នុងជីវិតក្រីក្រនៃពួកគេ។ ខ្ញុំចង់និយាយពីកម្រិតសតិបញ្ញាខ្មែរ យោងតាមរូបភាពខាងលើ។ មានតែ
ការមើលឃើញហើយចាប់ផ្តើមសរសេរ ក្រែងមានលាភ បានឮដល់ខ្មែរជាច្រើន ដែលនឹងជួយនិយាយបន្ទរជាបន្ត។

នេះជាកំហុសសម្តេចតេជោហ៊ុនសែនផងដែរ ព្រោះលោកមើលរូបនេះអត់យល់ ក៏អត់ខ្វល់អីបន្តិចសោះ។ ខ្ញុំសុំផ្ញើក្តី
សង្ឃឹមលើលោកឯកអគ្គរដ្ឋទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិក ថានឹងជួយបន្តដំណឹងទៅសម្តេចផងក្រែងបានជួយខ្មែរខ្លះ
ព្រោះថា អារឿង(កំប៉ិកកំប៉ុក)តូចតាចអ៊ីចឹង វាអាចបង្កើតផលកម្រៃធំដុំបាន តាមខ្សែលំហូរនៃជីវិត? ចាំខ្ញុំពន្យល់។

មួយបូកនិងមួយ គុណដប់លាន វានឹងឃើញចេញជាតួលេខចំនួនធំ។ មិនអ៊ីចឹង? ត្រង់ចំណុចហ្នឹងអ្នកណាក៏យល់ថា
វាត្រូវតាមច្បាប់លេខជាប្រាកដ។ ឯរូបខាងលើគឺដូចគ្នាហ្នឹងដែរ ព្រោះថា សតិបញ្ញាអាចជួយរុញច្រាននាវាជីវិតខ្មែរ
ឱ្យមានល្បឿនល្អ ហើយក៏កាន់តែជក់ខ្យល់ថែមទៀត។ អាត្រង់ចំណុចហ្នឹងហើយ ដែលជីវិតខ្មែរចាប់ផ្តើមពីជំហាន
(វិជ្ជមាន)ទី១ ទី២ ទី៣ ជារៀងរហូតទៅវាក៏ចេះតែលឿនទៅៗ ហើយជីវភាពក៏ចាប់ផ្តើមធូរស្រាលហូររលូនទៅមុខ។
ប៉ុន្តែទិដ្ឋភាពនៃរូបខាងលើហ្នឹង មើលទៅឃើញមានទំនាស់តូចមួយ ដែលអាចបំផ្លាញផលប្រយោជន៍ធំបាន។

បើគេ(ខ្វះ)ការដឹងយល់ ក្នុងកិច្ចការអ្វីមួយ គេនឹងជួបការលំបាកអ៊ីចេះលំបាកអ៊ីចុះ។ សូម្បីកិច្ចការដែលងាយស្រួល
ក៏វាក្លាយជាពិបាកអស់ហើយ។ ធ្វើអីក៏អត់ចេញ អត់លូតលាស់ទៅមុខនឹងគេ។ ក្រនៅតែក្រ មានតែកម្លាំងកាយ ខំ
ប្រឹងធ្វើការ តែកម្លាំងប្រាជ្ញាវាអត់។ អាត្រង់ចំណុចហ្នឹងហើយដែលទាក់ទាញឱ្យខ្សែជីវិតហូរទៅយឺតៗដូចអូសឫស្សី
បញ្ច្រាស់ចុង។ ជីវិតអត់បញ្ញា គឺវាអ៊ីចឹង។ ជីវិតត្រដាបត្រដួស ខំប្រឹង... ប្រឹងឡើងលៀនគ្រាប់ភ្នែក តែនៅតែក្រ ដើរ
ស៊ីឈ្នួលគេគ្រប់ទិស។ គេបញ្ញាជាង គេធ្វើធំ គេត្រួតត្រាពីលើរើមិនរួច ព្រោះប្រាជ្ញាខ្លួនវាអត់។ បានថាយ៉ាប់មែន។

រូបភាពខាងលើ ខ្មែររាល់គ្នាមើលឃើញស្អីខ្លះដែរ ដែលគួរកែតម្រូវដើម្បីឱ្យផលតូចតាច បានកើតចេញជាផលធំដុំ?
ជារូបភាពជាក់ស្តែង ដែលឆ្លុះបញ្ចាំងពីសតិបញ្ញាខ្មែរនៅមានកម្រិតទាប ខ្វះការយល់ដឹងក្នុងកិច្ចការខាងលើនេះ។
ហើយក៏ដូចជាគ្មាននរណាជួយនិយាយពន្យល់នរណា ព្រោះអ្នករាល់គ្នាអត់ប្រាជ្ញា ឬខ្វះចិត្តក្លាហាន។

កង្វះការយល់ដឹងតិចតួចនេះហើយដែលជាទំនាញបញ្ច្រាស់ ទប់លំហូរជីវិតក្រីក្ររបស់ខ្មែរ ឱ្យជាប់ស្អិត ពិបាកហូរ
ទៅមុខឱ្យបានជោគជ័យ ធូរធារក្នុងការរស់នៅ។ អ្នករាល់គ្នាគិតមើលចុះ ថាតើការចាក់ផ្លែស្វាយរបៀបហ្នឹង វាខុស
ឆ្គងយ៉ាងណា ហើយវាបង្កើតផល(អវិជ្ជមាន)តូចៗស្អីខ្លះ ដែលនឹងបំផ្លាញផលវិជ្ជមានធំៗបាននោះ? សូមមើលតាម
ខ្សែលំហូរនៃជីវិតពីមួយជំហានទៅមួយជំហាន ជារហូតតរៀងទៅ នោះអ្នករាល់គ្នានឹងឃើញថាជាការខាតបង់ធំ។
ខ្ញុំសប្បាយចិត្តបន្តិចដែរ ដែលគេថតបានសកម្មភាពជាក់ស្តែង ដើម្បីឱ្យខ្ញុំបានឃើញហើយជួយសរសេរបំភ្លឺ ក្រែង
លោ មានគេស្តាប់ ហើយជីវិតខ្មែរទាំងនគរបានទទួលផលល្អ ធូរស្រាលដោយសារ (ដើមតូចផ្លែច្រើនហើយល្អ)។

ចាក់ស្វាយរបៀបហ្នឹង វាធ្វើឱ្យផ្លែជាច្រើនក្លាយជាជ្រិញទក់ទេញ ទន់ខូចអស់។ នេះហើយជាជីវិតឥតបញ្ញា ធ្វើការ
យ៉ាងនឿយហត់ តែអត់ដឹងខ្យល់។ ដល់អ៊ីចឹងទៅ វាផ្តល់ជាលទ្ធផល(អវិជ្ជមាន) គឺគុណភាពផ្លែឈើល្អៗពីធម្មជាតិ
របស់ខ្លួនត្រូវខូចអន់ថយតម្លៃ ដោយសារស្នាដៃកំព្រើលរបស់ខ្លួន ព្រោះខ្លួនអត់យល់ត្រង់ចំណុចសំខាន់ហ្នឹង។ បើ
យើងយល់ ចេះចាក់បន្ទាបល្អីថ្នមៗកុំឱ្យផ្លែឈើវាជ្រិញខូច យើងស្រួលលក់វាចេញព្រោះអ្នកទិញគេរើសអើង មើល
ឃើញគុណភាពល្អ គេទិញហើយយកទៅលក់បន្ត វានៅតែល្អដដែល លក់វាឆាប់ដាច់ បានលុយកាក់ប្រាក់ចំណូល
ច្រើន។ ដល់អ៊ីចឹងទៅ ដំណើរ(ទិញ-លក់)ហ្នឹង វាចេះតែហូរយ៉ាងរលូនជាបន្តបន្ទាប់។

ប៉ុន្តែបើផលដំណាំយើងអន់ ទំនិញអេរ លក់អីអត់ចេញ អត់សូវមានគេទិញ ជីវិតយើងហ្នឹងក៏តាំងពិបាក កកស្ទះមិន
ស្ទុះទៅមុខបានល្អសោះ។ ខ្សែជីវិតយើងនៅផុងជាប់ក្នុងជំហានដំបូងហ្នឹង ដែលយើងអត់ដឹងអត់យល់ ថាមកពីរឿង
អីហេតុអី។ អត់បញ្ញាគឺមើលអត់យល់ ក៏មិនដឹងហេតុផល ហើយមិនស្គាល់ថាចំណុចណាត្រូវកែដើម្បីលើកស្ទួយ
ខ្សែជីវិតខ្លួន។ ច្បាប់របស់លេខខាងលើ គឺវាត្រូវនឹងចំណុចក្រោយហ្នឹងឯង គឺថា ងាកមកឯណេះឃើញផលអវិជ្ជមាន
ងាកទៅខាងណោះ ក៏ឃើញផលអវិជ្ជមាន... គុណនឹងលេខដប់លាន វាក្លាយជាចំនួនធំនៃដំណើរជីវិតដែលមាន
លំហូរតឹងតែង ជាប់ស្អិត ហូរយឺតៗស្ទើរមិនទៅមុខ។ នេះហើយជាលទ្ធផល(អវិជ្ជមាន)តូចតាច អាចក្លាយជាផល
(អវិជ្ជមាន)ធំ ក្នុងសង្គមក្រីក្ររបស់ខ្មែរ។ ហើយជីវភាពខ្មែរនៅតែតោកយ៉ាកលំបាកយ៉ាប់យ៉ឺនគ្មានពេលកំណត់។

ឈប់ចាក់ផ្លែឈើរបៀបហ្នឹង ដូចជាចាក់ស្រូវហាលថ្ងៃ គឺវាខូចគុណភាពអស់ហើយ លក់ក៏មិនសូវបានថ្លៃនឹងគេ។

និយាយសង្រួម ក្នុងសង្គមខ្មែរ គឺប្រាកដជាខ្វះមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ ឬក៏មានដែរតែគ្មានមធ្យោបាយ
នឹងអនុវត្តសតិបញ្ញាថ្លាវាងវៃរបស់ខ្លួន ព្រោះមេដឹកនាំខ្មែរបច្ចុប្បន្ន ទាំងទាបទាំងខ្ពស់ សម្បូរតែគំនិតអាត្មានិយម។
ពួកអស់លោកសក្តិតូចក៏ដូចអ្នកសក្តិធំ រហូតដល់តេជគុណផ្កាយព្រោងព្រាត ពុំមានយោបល់ល្អគ្រប់គ្រាន់, ឬគ្មាន
ចិត្តក្លាហាននឹងនិយាយស្តី, ក៏នៅតែស្ងៀមឈឹង ប្រឹងតែតុបតែងសក្តិជារៀងរាល់ថ្ងៃ ចេញទៅធ្វើការទាំងឥតយល់
កិច្ចការជ្រៅរាក់ ដែលវាបាននិងកំពុងក្លាយជារឿងធម្មតាទៅហើយក្នុងសង្គមខ្មែរ។ ដល់អ៊ីចឹងទៅ ក្រនៅតែក្រ រស់
នៅដោយសារជំនួយបរទេស, សម្រាមស្អេកស្អះ,  គួរឱ្យអៀនខ្មាស់ដល់អត្តសញ្ញាណជាតិរបស់ខ្លួនជាខ្មែរ៕៚  

No comments:

Post a Comment