Saturday, November 5, 2016

អង្គការ​អន្តរជាតិ​ចង់​ឲ្យ​មាន​ការ​សើរើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឡើង​វិញ

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ RFA/Yun Samean

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អះអាង​ថា ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​បារាំង ដែល​ជា​សហប្រធាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អាច​កោះ​ប្រជុំ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​កម្ពុជា ឡើង​វិញ​បាន ខណៈ​ស្ថានការណ៍​នយោបាយ និង​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ចំណុច​គ្រោះថ្នាក់។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​លោក ហ៊ុន សែន រំលោភ​តាំង​ពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ ជាក់ស្ដែង​គឺ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ បើ​ទោះ​បី​លោក ហ៊ុន សែន ចាញ់​ឆ្នោត​នៅ​ពេល​នោះ​ក៏ដោយ ក៏​លោក​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច​នោះ​ដែរ។

លោក ហ៊ុន សែន ពេល​នោះ​គំរាម​បង្កើត​ដំបន់​អបគមន៍ ដើម្បី​តតាំង​អំណាច​ជាមួយ​ក្រុម​រាជា​និយម។ ក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មាន​ការ​បោក​គ្រាប់បែក​លើ​ក្រុម​បាតុករ​គណបក្ស​ប្រឆាំង ហើយ​នៅ​ឆ្នាំ​ដដែល​នេះ​លោក​បាន​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ផ្ដួល​រំលំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពី​ការ​កាន់​អំណាច។

​លោក​បន្ត​ថា កម្លាំង​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ​បាន​សម្លាប់​កងទ័ព​រាជា​និយម​រាប់​រយ​នាក់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ឥត​សំចៃ​ដៃ ហើយ​ក្រោយ​មក​ទៀត​នៅ​ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សម្លាប់​ក្រុម​បាតុករ​ជា​និស្សិត និង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​បណ្ដែត​តាម​ទន្លេ។

ជាង​នេះ​ទៅ​ទៀត របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ពិឃាដ ក្រុម​អ្នក​រិះគន់​ជា​ច្រើន​រួម​មាន​សកម្មជន​ព្រៃឈើ សកម្មជន​សហជីព អ្នក​កាសែត អ្នក​វិភាគ​នយោបាយ និង​បាន​ចាប់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស អ្នក​នយោបាយ ព្រះសង្ឃ និស្សិត សកម្មជន​ដីធ្លី​សកម្មជន ព្រៃឈើ ដាក់​គុក​ជិត ៣០​នាក់​ផ្សេង​ទៀត រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។

លោក ប្រ៊ែដ អាដាម បន្ត​ថា សហគមន៍​អន្តរជាតិ​ត្រូវ​បើក​កិច្ចប្រជុំ​សើរើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ​ឡើង​វិញ​ជា​បន្ទាន់ ខណៈ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ភាព​ប្រថុយប្រថាន៖ «កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​លោក ហ៊ុន សែន រំលោភ​បំពាន​តាំង​ពី​ដើម​មក​ម្ល៉េះ។ ប្រទេស​ទាំង​១៨ នៃ​កិច្ច​ព្រមព្រៀង​នេះ​គួរ​បើ​កិច្ច​ប្រជុំ​សើរើ​ឡើង​វិញ ដើម្បី​វាយ​តម្លៃ​ពី​ភាព​ជោគជ័យ ឬ​បរាជ័យ​ក្នុង​ដំណើរ​ការ​អនុវត្ត​នៃ​សន្ធិសញ្ញា​នេះ ហើយ​បន្ទាប់​មក​ដាក់​ចេញ​នូវ​សេចក្ដី​សន្និដ្ឋាន និង​ការ​ទាមទារ​ដ៏​មុតមាំ​ទៅ​រដ្ឋាភិបាល​កម្ពុជា»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ប្រវត្តិសាស្ត្រ និង​ជា​អ្នក​កាសែត​ជើង​ចាស់​មួយ​រូប​នៃ​សារព័ត៌មាន Far Eastern Economic Review លោក ណេត ថៃយ័រ  (Nate Thayer) បាន​ចាត់​ទុក​គោលបំណង​ទាំង​ឡាយ​ណា​ដែល​ចង់​ឲ្យ​មាន​ការ​សើរើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឡើង​វិញ​នោះ​ថា ជា​ការ​បោក​បញ្ឆោត​របស់​អ្នក​នយោបាយ​ខ្មែរ​ប៉ុណ្ណោះ។

លោក​បន្ត​ថា គ្មាន​ប្រទេស​ណា​មួយ​គេ​នឹង​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដូច​កាល​ពី​ឆ្នាំ​១៩៩១ នោះ​ទៀត​ទេ។ លោក​បន្ត​ថា អ្វី​ដែល​សំខាន់​ចំពោះ​មុខ​គឺ​ត្រូវ​អប់រំ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​មាន​មោទនភាព​ជា​ខ្មែរ ត្រូវ​ចេះ​ស្រឡាញ់​ប្រទេស​ជាតិ​របស់​ខ្លួន ហើយ​ជា​ពិសេស​ត្រូវ​ចេះ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ៖ «គ្មាន​នរណា​ម្នាក់​គេ​ខ្វល់​អំពី​កម្ពុជា ទៀត​នោះ​ទេ ហើយ​ក៏​គ្មាន​ការ​បញ្ចុះបញ្ចូល​ណា​មួយ​ដើម្បី​ឲ្យ​មាន​ការ​ប្រជុំ​ស្ដីពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឡើង​វិញ​នោះ​ដែរ។ អន្តរជាតិ​ធ្លាប់​បាន​ចំណាយ​លុយ ៣​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​ទៅ​លើ​ប្រទេស​ដែល​មាន​ប្រជាជន​តែ ៧​លាន​នាក់​នៅ​ពេល​នោះ ខ្ញុំ​គិត​វា​គ្មាន​អ្នកណា​នឹង​ចំណាយ​សូម្បី​តែ​មួយ​សេន​ទៅ​លើ​ប្រទេស​កម្ពុជា ទៀត​នោះ​ទេ។ ដូច្នេះ​ប្រសិនបើ​មាន​អ្នក​ណា​គេ​និយាយ​ថា អង្គការ​សហប្រជាជាតិ ឬ​ប្រទេស​មហា អំណាច​ណា​ដែល​នឹង​អាច​កោះ​ប្រជុំ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ​ឡើង​វិញ​បាន វា​គ្រាន់តែ​ជា​ពាក្យ​បោកប្រាស់ និង​ជា​ភាព​ឆ្កួត​លីលា​ប៉ុណ្ណោះ»។

ការ​លើក​ឡើង​របស់​លោក ណេត ថៃយ័រ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ក្នុង​រដ្ឋ​វីជីនៀ (Virginia) សហរដ្ឋអាមេរិក ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​អង្គការ​បណ្ដាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា។

ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​កាសែត​ជើងចាស់ លោក ណេត ថៃយ័រ នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​អះអាង​ហើយ​ថា សន្ធិសញ្ញា​ទីក្រុង​ប៉ារីស នេះ​មិន​អាច​សើរើ​ឡើង​វិញ​បាន​ទេ ល្គឹកណា​គ្មាន​ការ​រំលោភ​លើ​បូរណភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា ធ្ងន់ធ្ងរ​នោះ៖ «ក្នុង​ករណី​ដែល​មាន​ការ​រំលោភ​ធ្ងន់ធ្ងរ​មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​ដែល​មិន​អាច​បំបែក​បាន​របស់​កម្ពុជា នោះ ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ទាំង ១៨ ហ្នឹង នឹង​អាច​កោះ​ប្រជុំ។ ដូច្នេះ​ហើយ​ខ្ញុំ​យល់​ថា ដូចជា​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​អី​ទេ»។

ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​អះអាង​ថា កម្ពុជា​កំពុង​រង​ការ​រំលោភ​បំពាន​ព្រំដែន​របស់​ខ្លួន​ធ្ងន់ធ្ងរ​ពី​សំណាក់​ប្រទេស​ជិត​ខាង។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប ដាក់​ពន្ធនាគារ​ដោយសារ​ពួកគេ​បាន​រិះគន់​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។

បើ​ទោះ​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ខ្លះ​អះអាង​ថា ព្រំដែន​របស់​កម្ពុជា គ្មាន​ការ​រំលោភ​បំពាន​ក៏ដោយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​កម្ពុជា បញ្ជូន​កំណត់​ទូត​របស់​ខ្លួន​ជាង ២០​ច្បាប់​ទៅ​ហើយ ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការ​ជីក​ស្រះ និង​ការ​សង់​ប៉ុស្តិ៍​ជិត​បង្គោល​ព្រំដែន​លេខ​៣០ ក្នុង​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ នៅ​ខេត្ត​រតនគិរី កាល​ពី​ពេល​ថ្មីៗ​នេះ និង​ការ​ចូល​ឈូស​ឆាយ​ដី​របស់​កងទ័ព​វៀតណាម ក្នុង​ទឹកដី​កម្ពុជា នៅ​ខេត្ត​តាកែវ ជាដើម។

​ឯកសារ​របាយការណ៍ លោក កែ គឹមយ៉ាន អតីត​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ កាល​ពី​ឆ្នាំ​១៩៩៩ ដែល​អាស៊ីសេរី ទទួល​បាន​សរសេរ​ថា វៀតណាម បាន​រំកិល​ព្រំដែន ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​តាម​បណ្ដោយ​ព្រែកជីក ឬ​ប្រឡាយ ៧៩ ដែល​បច្ចុប្បន្ន​វា​ក្លាយ​ជា​ខ្សែបន្ទាត់ ព្រំដែន​ខ្មែរ-វៀតណាម ពី​កើ​តទៅ​លិច។ លោក កែ គឹមយ៉ាន សរសេរ​ថា វៀតណាម​រំលោភ​ចូល​ព្រំដែន​ខ្មែរ​ជម្រៅ ១.២៧០​ម៉ែត្រ នៅ​ក្បែរ​ចំណុច​ច្រក​ទ្វារ​ភ្នំដិន ស្រុក​គីរីវង់ ខេត្ត​តាកែវ។

​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ព្រំដែន​របស់​ខ្លួន​ផង និង​ហានិភ័យ​នៃ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ផង។ លោក​បន្ត​ថា ដល់​ពេល​ហើយ​ដែល​ពលរដ្ឋ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​សើរើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឡើង​វិញ៖ «ទី​មួយ​បើ​យើង​មើល​អំពី​បញ្ហា​បូរណភាព​ទឹកដី យើង​មិន​អាច​និយាយ​ថា យើង​មាន​បញ្ហា​ទេ សូម្បី​តែ​រដ្ឋាភិបាល​ទោះ​បី​មិន​ហ៊ាន​ចេញ​ផ្សាយ​ក៏​វា​លេច​ធ្លាយ​បញ្ហា​នៃ​ការ​រំលោភ​ចូល​ព្រំដែន​របស់​វៀតណាម ដែល​យើង​មាន​តាំង​ពី​ការ​ជីក​ស្រះ ឬ​ការ​ចូល​សង់​ប៉ុស្តិ៍​យាម​ក្នុង​ទឹកដី​ខ្មែរ​យើង​ហ្នឹង។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការ​រំលោភ​ទឹកដី​ហើយ ហើយ​ខ្ញុំ​យល់​ថា ពលរដ្ឋ​ខ្មែរ​យើង​ក្នុង​ស្រុក អ្នក​ណា​ក៏​ដឹង​ដែរ​ថា យើង​កំពុងតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស ដូចជា​ការ​ចាប់​មន្ត្រី​សិទ្ធិមនុស្ស​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង រួម​ទាំង​អ្នក​នយោបាយ​ផង​ដែរ»។

​កាល​ពី​ឆ្នាំ​២០០៥ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម ដែល​ជា​សន្ធិសញ្ញា​មួយ​ដើម្បី​ឧបកិច្ច​ឲ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំង​ឡាយ​រវាង​កម្ពុជា និង​វៀតណាម កាល​ពី​ឆ្នាំ​១៩៨២ ១៩៨៣ និង​ឆ្នាំ​១៩៨៥ ក្លាយ​ជា​សន្ធិសញ្ញា​ស្រប​ច្បាប់។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង អះអាង​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា បាត់​ព្រំដែន​ទឹក​របស់​ខ្លួន​ចម្ងាយ​ជាង ៣​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ រួម​បញ្ចូល​ទាំង​កោះត្រល់ ទំហំ​ជាង ៥០០​គីឡូម៉ែត្រ​ការ៉េ គឺ​មាន​ទំហំ​ប៉ុន​ប្រទេស​សិង្ហបុរី ផង​ដែរ។

សន្ធិសញ្ញា​នេះ​ក៏​បាន​បណ្ដាល​ឱ្យ​ខ្មែរ​បាត់​កោះ​ក្រចក​សេះ ដែល​បារាំង ហៅ​ថា កោះ​ប៉ូឡូប៉ង់ហ្សង់ ដែល​មាន​ទំហំ​ប្រហែល ៦​គីឡូម៉ែត្រ​ការ៉េ និង​បាត់​ព្រំដែន​គោក​ប្រហែល​ពី ៤​ពាន់ ទៅ ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ​ថែម​ទៀត។

​ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ក្រៅ​ពី​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​ការ​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា សន្ធិសញ្ញា​បំពេញ​បន្ថែម​កាល​ពី​ឆ្នាំ​២០០៥ ក៏​បាន​រំលោភ​ដល់​អធិបតេយ្យភាព​បូរណភាព​ទឹក​ដី និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដ៏​ធ្ងន់ធ្ងរ​ផង​ដែរ៕

No comments:

Post a Comment