Saturday, November 5, 2016

ស្ថាប័ន​អន្តរជាតិ​ព្រួយ​បារម្ភ​ពី​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​កម្ពុជា

កុមារ​មក​ពី​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ ចូល​រួម​កម្មវិធី​ក្នុង​ទិវា​កុមារ​អន្តរជាតិ​លើក​ទី​៦៧ ដែល​ធ្វើ​ឡើង​ក្រោម​ប្រធានបទ "ទីក្រុង​សម្រាប់​កុមារ” កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៦។  RFA/Um Raingsy


ការ​ស្រាវជ្រាវ​របស់​អង្គការ​ហេឡែន ខេលល័រ អន្តរជាតិ (Helen Keller International) បង្ហាញ​ថា កុមារ​កម្ពុជា ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ ប្រមាណ ៣២% បាន​ប្រឈមមុខ​នឹង​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ បណ្ដាល​ឲ្យ​ពួកគេ​កើត​ជំងឺ​ក្រិន។

អង្គការ​ហេឡែន ខេលល័រ អន្តរជាតិ រក​ឃើញ​ថា ក្នុង​ចំណោម​កុមារ​ខ្មែរ​ដែល​ខ្វះ​អាហារូបត្ថម្ភ​នោះ គឺ​កុមារ​ដែល​រស់​នៅ​តាម​ទី​ជនបទ​មាន​ចំនួន​ប្រមាណ ៣៤% គឺ​ខ្ពស់​ជាង​កុមារ​ដែល​រស់​នៅ​ទីក្រុង ១០%។ បញ្ហា​ក្រិស​ក្រិន​ដែល​កំពុងតែ​ប្រឈមមុខ​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ដែល​ធ្វើ​ការងារ​ជួយ​សង្គ្រោះ​កុមារ ត្រូវ​ការ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ចូលរួម​សហការ​ក្នុង​យុទ្ធនាការ​លុបបំបាត់។

ការ​បង្ហាញ​របស់​អង្គការ​ហេឡែន ខេលល័រ អន្តរជាតិ នៅ​ពេល​នេះ ស្រប​ពេល​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​៣ ក្រោម​ប្រធានបទ «អនាម័យ​និង​អាហារូបត្ថម្ភ​ល្អ ជួយ​ឲ្យ​កុមារ​លូតលាស់​ល្អ» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។

នាយក​ប្រចាំ​ប្រទេស​អង្គការ​ហេឡែន ខេលល័រ អន្តរជាតិ លោក ឃីត ផតធ័រ (Keith Porter) ថ្លែង​តាម​របាយការណ៍​នេះ​ដែរ​ថា កង្វះ​អាហារូបត្ថម្ភ​បាន​ដាក់​បន្ទុក​ផ្នែក​ចំណាយ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា និង​បណ្ដាល​ឲ្យ​មាន​អត្រា​មរណភាព​ទារក និង​ជំងឺ​រ៉ាំរ៉ៃ​ទៅ​លើ​កុមារ​បន្ត​ដល់​ពួកគេ​ពេញ​វ័យ។

ជាង​នេះ​ទៀត លោក​បន្ត​ថា ការ​អនុវត្ត​ទឹក​ស្អាត​អនាម័យ​មិន​បាន​ត្រឹមត្រូវ គឺ​ជា​ដើមចម​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​កុមារ ជាពិសេស​បញ្ហា​ក្រិស​ក្រិន ស្គមស្គាំង និង​អាច​ឲ្យ​កុមារ​ស្លាប់​បាន។ លោក​បញ្ជាក់​ដែរ​ថា ការ​អនុវត្ត​ទឹក​ស្អាត អនាម័យ​មិន​បាន​ត្រឹមត្រូវ ជំរុញ​ឲ្យ​កុមារ​ប្រឈម​ជំងឺ​ចំនួន​បី​រួម​មាន ជំងឺ​រាក ការ​ចម្លង​បាក់តេរី និង​ដង្កូវ​ព្រូន​ដែល​ជា​បច្ច័យ​អាក្រក់ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ស្ថានភាព​អាហារូបត្ថម្ភ​កុមារ។

ប្រធាន​អង្គការ​ហេឡែន ខេលល័រ អន្តរជាតិ រូប​នេះ​អះអាង​ថា ដើម្បី​កុំ​ឲ្យ​កម្ពុជា ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ លោក​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ប្រព័ន្ធ​ផ្សព្វផ្សាយ បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ត្រូវ​តែ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​សាធារណជន​យល់​ដឹង​ពី​របៀប​រស់​នៅ​ប្រកប​ដោយ​អនាម័យ និង​បរិភោគ​ទឹក​ស្អាត​បាន​ត្រឹមត្រូវ។

របាយការណ៍​អង្គការ​ហេឡែន ខេលល័រ អន្តរជាតិ ក៏​បង្ហាញ​ថា ក្នុង​ប្រទេស​កម្ពុជា ប្រហែល ៣២% នៃ​កុមារ​ក្រោម​អាយុ ៥​ឆ្នាំ មាន​បញ្ហា​ក្រិស​ក្រិន និង ២៤% មាន​ទម្ងន់​ទាប​ធៀប​នឹង​អាយុ។ បញ្ហា​នេះ​ភាគ​ច្រើន​ប្រឈម​ខ្លាំង​ចំពោះ​កុមារ​នៅ​ខេត្ត​សៀមរាប ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង។ របាយការណ៍​ដដែល ឲ្យ​ដឹង​ទៀត​ថា ៤១% នៃ​ប្រជាជន​រស់​នៅ​តំបន់​ជនបទ​មិន​មាន​ប្រភព​ទឹក​ស្អាត​នៅ​រដូវប្រាំង ហើយ​ច្រើន​ជាង ៥០% នៃ​ប្រជាជន​នៅ​តំបន់​ជនបទ​អនុវត្ត​អនាម័យ​មិន​បាន​ត្រឹមត្រូវ។

ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក យឹម ឆៃលី ថ្លែង​តាម​រយៈ​លិខិត​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ថា តាម​ការ​វាយ​តម្លៃ​សេដ្ឋកិច្ច ក្នុង​មួយ​ឆ្នាំ​កម្ពុជា ចំណាយ​លើ​កង្វះ​អាហារូបត្ថម្ភ​ប្រមាណ​ពី ២៥០​លាន​ដុល្លារ ទៅ ៤០០​លាន​ដុល្លារ។ ហេតុ​នេះ​លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​លើកកម្ពស់​អាហារូបត្ថម្ភ​នៅ​កម្ពុជា។

ទិវា​ជាតិ​អាហារូបត្ថម្ភ លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន រួម​គ្នា​កាត់​បន្ថយ​ភាព​ក្រិស​ក្រិន​របស់​កុមារ ដោយ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២៥។ លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពង្រីក​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពី​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

No comments:

Post a Comment