Friday, November 18, 2016

មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ​ជួយ​កុមារ​នៅ​តំបន់​ដាច់​ស្រយាល​នា​ខេត្ត​ភាគ​ឦសាន

សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ ជួយ​កសាង​សាលា​អនុវិទ្យាល័យ​ព្រៃចាស់សាមគ្គី ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Men Sothyr

សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ (KHK) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក កំពុង​អនុវត្ត​គម្រោង​របស់​ខ្លួន​លើ​វិស័យ​អប់រំ​សិក្សាធិការ​នៅ​តំបន់​ដាច់ស្រយាល នា​ខេត្ត​ភាគ​ឦសាន។ បេសកកម្ម​នេះ ផ្ដោត​សំខាន់​ជួយ​កុមារ និង​យុវជន​រស់​នៅ​តំបន់​ដាច់​ស្រយាល​នៅ​ខេត្ត​ស្ទឹងត្រែង ឲ្យ​មាន​លទ្ធភាព​សិក្សា​បាន​គ្រប់គ្រាន់​នៅ​មូលដ្ឋាន​ពួកគេ​រស់​នៅ។

​មន្ត្រី​អង្គការ​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ​សង្កេត​ឃើញ​ថា កុមារ​រស់​នៅ​តំបន់​ដាច់ស្រយាល​ភាគ​ច្រើន​ប្រឈម​បោះបង់​ការ​សិក្សា ដោយសារ​ខ្វះ​សាលារៀន ឬ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ និង​ខ្វះ​អគារ​សិក្សា​ជាដើម។ បញ្ហា​នេះ​សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ​សហការ​ជាមួយ​ធនាគារ​ពិភពលោក និង​អង្គការ អេស.អេ.ជី (SAJ=SCHOOL AID JAPAN) របស់​ជប៉ុន បាន​អនុវត្ត​គម្រោង​របស់​ខ្លួន​ជា​លើក​ដំបូង​ទាក់ទិន​វិស័យ​អប់រំ តាំង​ពី​ឆ្នាំ​២០១៣ ឋិត​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​២០ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។

​ប្រធាន​ប្រតិបត្តិ​សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ លោក ស៊ឹម សាខន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា ស្ថានភាព​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​នៅ​ខេត្ត​ស្ទឹងត្រែង ភាគ​ច្រើន​ក្រីក្រ ហើយ​ពុំ​មាន​លទ្ធភាព​បញ្ជូន​កូន​ចៅ​ទៅ​រៀន​នៅ​សាលា​អនុវិទ្យាល័យ​ក្បែរ​ទី​រួម​ខេត្ត ដោយសារ​សាលា​ឆ្ងាយ​ពី​ផ្ទះ​ពួកគេ​រស់​នៅ​ជិត ២០​គីឡូម៉ែត្រ។

អង្គការ​លោក​សហការ​ជាមួយ​ធនាគារ​ពិភពលោក និង​អង្គការ អេស.អេ.ជី របស់​ជប៉ុន សាងសង់​អគារ​សិក្សា​ពីរ​ខ្នង មាន ១០​បន្ទប់។ លោក​ថា អង្គការ​លោក​បាន​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​កុមារ​ទាំង​នោះ ដូចជា​កង់ សម្ភារៈ​កីឡា បង្គន់​អនាម័យ អណ្ដូង​ទឹក និង​សាងសង់​ផ្ទះ​ជូន​អ​នា​ព្យាបាល​សិស្ស​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​កន្លង​មក។ សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ​គ្រោង​នឹង​បើក​មណ្ឌល​មនុស្ស​ចាស់ នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​ជួយ​ផ្គត់ផ្គង់​មនុស្ស​ចាស់​ដែល​គ្មាន​ទី​ពឹង៖ «បញ្ហា​ទាំង​អស់​នេះ​ខ្ញុំ​សូម​អំពាវនាវ​អង្គការ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សប្បុរសជន​នានា មេត្តា​បន្ត​ការ​ជួយ​ផ្ដល់ ឧបត្ថម្ភ​គាំទ្រ​តាម​រយៈ​អង្គការ KHK ឬ​ដល់​សាលា​នេះ​ផ្ទាល់។ សូម​ឲ្យ​រាជរដ្ឋាភិបាល​មេត្តា​ជួយ​ទំនុក​បម្រុង​ដល់​សាលា​ឆ្ងាយៗ​ដូចជា​សាលា​ដាច់ស្រយាល​នេះ​ដែរ។ សូម​ឲ្យ​គាត់​ជួយ​មើល​ដល់​ក្រុម​ការងារ​របស់​ក្រសួង និង​មន្ទីរ​ផង»។

​ដូច​គ្នា​នេះ​ដែរ នាយក​សាលា​អនុវិទ្យាល័យ​ព្រៃ​ចាស់​សាមគ្គី លោក ប៉ាល់ សុវណ្ណារ៉ា កត់សម្គាល់​ថា កត្តា​ជីវភាព រួម​ផ្សំ​សាលារៀន​ឆ្ងាយ​ពី​ផ្ទះ​ផង​នោះ សិស្ស​នៅ​តំបន់​នេះ បាន​បោះបង់​ការ​សិក្សា​ជាង ២០០​នាក់ ហើយ​សិស្ស​ដែល​មក​រៀន​ទៀង​ទាត់​មាន ១៧៩​នាក់ ក្នុង​ឆ្នាំ​សិក្សា ២០១៥-​២០១៦ នេះ។ លោក​កត់សម្គាល់​ទៀត​ថា កន្លង​ទៅ​សិស្ស​នៅ​តំបន់​នេះ​ភាគ​តិច​ណាស់​មាន​លទ្ធភាព​បន្ត​សិក្សា​ថ្នាក់​អនុវិទ្យាល័យ​បាន ពោល​ពួកគេ​អាច​សិក្សា​ត្រឹម​ថ្នាក់​បឋម​សិក្សា។ ហេតុ​នេះ​គម្រោង​បង្កើត​អនុវិទ្យាល័យ​នៅ​តំបន់​នេះ និង​ការ​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សិស្ស​របស់​អង្គការ​សង្គម​ស៊ីវិល អាច​ជា​ផ្នែក​មួយ​ទប់ស្កាត់​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស និង​ចូល​រួម​លើ​ស្ទួយ​វិស័យ​អប់រំ​ជាមួយ​រដ្ឋាភិបាល។

លោក ប៉ាល់ សុវណ្ណារ៉ា៖ «កសាង​សាលា​មាន​អត្ថប្រយោជន៍​ណាស់ ធ្វើ​ឲ្យ​កុមារ​គាត់​មាន​ទឹក​ចិត្ត មាន​កន្លែង​រៀន​ដែល​ត្រឹមត្រូវ​មិន​ក្ដៅ​ដូច​សព្វ​ថ្ងៃ។ សាលា​ស័ង្កសី​ដល់​ខែ​៤ ទៅ​ខែ​៥ គឺ​ក្ដៅ​ហើយ​ជូន​ណា​ដល់​ម្លប់​ក៏​មាន​ដែរ។ តែ​ឥឡូវ​យើង​រៀបចំ​បាន​សាលា​ថ្មី ហើយ​ខែ​មួយ​ទៅ​ខែ​ពីរ​យើង​បាន​រៀបចំ​មក​សិក្សា​ហើយ​យើង មាន​ភាព​កក់​ក្ដៅ ហើយ​លោកគ្រូ អ្នកគ្រូ​ក៏​ចង់​មក​ចូល​សាលា​នេះ​ដែរ»។

​គ្រូបង្រៀន​សាលា​បឋមសិក្សា​ព្រៃ​ចាស់ គឺ​កញ្ញា អ៊ូ គន្ធធាវី កត់សម្គាល់​ថា មុន​ឆ្នាំ​២០១៣ សាលា​នេះ​មាន​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង ប្រក់​ស្លឹក ហើយ​ខ្វះ​ជញ្ជាំង និង​ខ្វះខាត​សម្ភារៈ​សិក្សា​ច្រើន​ដែល​ជា​ឧបសគ្គ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស។ ក្រោយ​មក​នៅ​ឆ្នាំ​២០១៣ សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ បាន​ផ្តល់​សម្ភារៈ​សិក្សា​ជា​ហូរហែ។ កញ្ញា​សង្កេត​ឃើញ​ថា សិស្សានុសិស្ស រីករាយ​យ៉ាង​ខ្លាំង​នៅ​គ្រា​ដែល​ពួកគេ​ទទួល​បាន​សម្ភារៈ​សិក្សា អគារ​សិក្សា​ថ្មី និង​បរិយាកាស​សាលា​រៀន​ប្រសើរ​ជាង​មុន​ច្រើន៖ «មាន​អនុវិទ្យាល័យ​គឺ​មាន​ភាព​ងាយ​ស្រួល​ដល់​គាត់ គឺ​គាត់​មិន​ត្រូវ​ចាំបាច់​ថា ចំណាយ​ថវិកា​ច្រើន ឬ​ក៏​ពិបាក​ក្នុង​ការ​ត្រូវ​ការ​យានជំនិះ​ត្រូវ​ជិះ​ទៅ​ខេត្ត​អ៊ីចឹង»។

​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​របស់​សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ មាន​បេសកកម្ម​ជួយ​ដល់​កុមារ និង​ពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន​ទៀត ដូចជា ខេត្ត​​កំពង់ចាម ព្រៃវែង សៀមរាប បន្ទាយមានជ័យ បាត់ដំបង កណ្ដាល  និង​ខេត្ត​កំពង់ស្ពឺ។

​របាយការណ៍​សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ ឲ្យ​ដឹង​ថា ធនាគារ​ពិភពលោក និង​អង្គការ អេស.អេ.ជី របស់​ជប៉ុន បាន​ឧបត្ថម្ភ​អគារ​សិក្សា​ពីរ​ខ្នង មួយ​ខ្នង​មាន ៥​បន្ទប់ ចំណាយ​ថវិកា​អស់​ជិត ១៣​ម៉ឺន​ដុល្លារ (១២៧.១៣៥) ហើយ​សម្ភារៈ​សិក្សា​មាន​បង្គន់ ស្រះ​ទឹក និង​កង់​ជាដើម ជា​ជំនួយ​របស់​សមាគម​មូលនិធិ​ខ្មែរ​ជួយ​ខ្មែរ​ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ជិត ១០​ម៉ឺន​ដុល្លារ៕

No comments:

Post a Comment