Friday, November 18, 2016

ក្រសួង​សុខាភិបាល​រក​ឃើញ​ជំងឺ​ហ្សីកា​ដំបូង​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦

សកម្មភាព​បាញ់​ថ្នាំ​សម្លាប់​មូស​ក្នុង​សាលា​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo AFP

ក្រសួង​សុខាភិបាល ​រក​ឃើញ​ជំងឺ​ហ្សីកា (Zika) ដំបូង​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៦ ដែល​កើត​ឡើង​លើ​បុរស​អាយុ ៤៤​ឆ្នាំ​ម្នាក់ នៅ​ភូមិ​តាមាង ឃុំ​កោះរកា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ចុះ​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា ការ​រក​ឃើញ​នេះ​បន្ទាប់​ពី​បុរស​រូប​នោះ មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ក្នុង​ស្ថានភាព​សង្ស័យ​ថា មាន​ជំងឺ​គ្រុន​ឈាម ហើយ ​៤​ថ្ងៃ​ក្រោយ​មក បុរស​នោះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ។

លុះ​ដល់​ថ្ងៃ​ទី​១១ ខែ វិច្ឆិកា វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ទើប​រក​ឃើញ​​វីរុស​ហ្ស៊ីកា​វិជ្ជមាន នៅ​ក្នុង​ឈាម​របស់​បុរស​នោះ។

ក្រសួងសុខាភិបាល​បញ្ជាក់​ថា នេះ​ជា​ករណី​​ទី​៨ សម្រាប់​កម្ពុជា ដែល​​​មាន​វីរុស​​ហ្ស៊ីកា​វិជ្ជមាន តាំង​ពី​ឆ្នាំ​២០០៧។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ករណី​ទាំង​៨​នេះ ត្រូវ​បាន​ជា​សះស្បើយ។

ជំងឺ "ហ្ស៊ីកា" ជា​ប្រភេទ​ជំងឺ​ឆ្លង​ដែល​បង្ក​ដោយ​ពពួក​វីរុស​ហ្ស៊ីកា ហើយ​ភ្នាក់ងារ​ចម្លង​ជា​ប្រភេទ​សត្វ​មូស​ខ្លា​ដែល​ដូច​គ្នា​ទៅ​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ។ អ្នក​ជំងឺ​ប្រមាណ​៧០ ទៅ​ ៨០% ពុំ​មាន​ស្ដែង​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ តែ​រោគ​សញ្ញា​អាច​កើត​មាន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​សាច់​ដុំ និង​សន្លាក់​ដៃជើង ស្នាម​ក្រហម​អុច​លើ​ស្បែក ភ្នែក​ឡើង​ក្រហម​ជា​ដើម។

ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ជំងឺ​ហ្សីកា​នេះ​ធ្វើ​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ ឬ​ទារក​កើត​មក​បាន​តែ​មាន​សភាព​ក្បាល​មិន​ប្រក្រតី​ដែល​ភាគ​ច្រើន​កើត​ឡើង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​កំឡុង​ត្រីមាស​ទី១ និង​ទី​២ នៃ​គភ៌។

កន្លង​មក​ក្រសួង​សុខាភិបាល​ធ្លាប់​ណែនាំ​ឲ្យ​ពលរដ្ឋ​ទូទៅ​បង្កើន​ការ​យក​ចិត្ដ​ទុកដាក់ និង​យល់​ដឹង​ពី​ជំងឺ​ហ្ស៊ីកា។ ក្រសួង​សុខាភិបាល​ថា បើ​ពលរដ្ឋ​មាន​រោគ​សញ្ញា​សង្ស័យ​សូម​ស្វែង​រក​សេវា​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​ ឬ​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​១១៥ ឬ​០១២ ៨២៥ ៤២៤ ដើម្បី​សួរ​នូវ​រាល់​ចម្ងល់​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ហ្ស៊ីកា​នេះ និង​សម្រាប់​ព័ត៌មាន​បន្ថែម​ផ្សេង​ៗ​ស្ដីពី​ជំងឺ​ឆ្លង៕

No comments:

Post a Comment