សហគមន៍អភិរក្សព្រៃឈើខេត្តរតនគិរីថាសកម្មភាពលួចកាប់ឈើក្នុងព្រៃសហគមន៍កើនឡើង
សហគមន៍ព្រៃឈើភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា សកម្មភាពកាប់យកឈើក្នុងព្រៃអភិរក្សកើនឡើង ខណៈដែលសមាជិកសហគមន៍ខ្លះ នាំគ្នាចូលព្រៃលួចកាប់ឈើលក់ទៅឲ្យឈ្មួញជាបុគ្គលមានតួនាទីក្នុងកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធ មិនបានសហការបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះទេ។
សហគមន៍អ្នកអភិរក្សព្រៃឈើភូមិឡែ អះអាងថា ក្រុមល្បាតសហគមន៍មិនមានលទ្ធភាពទប់ស្កាត់បានទេ ខណៈសកម្មភាពល្មើសកាន់តែកើន ហើយធ្វើឡើងនៅវេលាយប់ ដែលក្រុមល្បាតមិនអាចដើរល្បាត។
ប្រធានសហគមន៍ព្រៃការពារ លោក សល់ ណក បញ្ជាក់នៅថ្ងៃទី១២ ខែវិច្ឆិកា ថា អ្នកលួចកាប់ឈើមួយផ្នែកជាសមាជិកសហគមន៍ផ្ទាល់ និងមួយផ្នែកទៀតជាប្រជាពលរដ្ឋសហគមន៍ជិតខាង ដែលនាំគ្នាចូលព្រៃកាប់ ខណៈក្រុមល្បាតមានគ្នាតិចតួចមិនអាចយាមល្បាតគ្រប់ពេលវេលាបាន។ លោកថា ឈើដែលកាប់ពីក្នុងព្រៃ ត្រូវបានឈ្មួញដែលមានតួនាទីក្នុងកងប្រដាប់អាវុធ ដើរប្រមូលទិញពីប្រជាពលរដ្ឋតាមភូមិចូលព្រៃកាប់ឈើជាលក្ខណៈគ្រួសារ៖ «»។
ក្រសួងកសិកម្ម បានចុះកិច្ចព្រមព្រៀងប្រគល់ដីព្រៃឈើជាង ៥០០ហិកតារទៅឲ្យសហគមន៍ភូមិឡែ រក្សាទុកជាព្រៃការពារគ្រប់គ្រង និងអាស្រ័យផលព្រៃឈើតាមច្បាប់កំណត់ ក៏ប៉ុន្តែចាប់ពីដើមឆ្នាំ២០១៦ រហូតមក ព្រៃឈើក្នុងតំបន់អភិរក្សនេះ រងការកាប់រានយកដីពីសំណាក់សហគមន៍ជនជាតិដើមភាគតិចភូមិសោមគល់ និងការកាប់យកឈើលក់ទៅឲ្យឈ្មួញជាលក្ខណៈបុគ្គលក្នុង និងក្រៅសហគមន៍។
ចំណែកមេឃុំលំជ័រ លោក សេវ ស្វាន បញ្ជាក់ដែរថា សហគមន៍ និងអាជ្ញាធរឃុំ បានសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធមាននគរបាល និងមន្ត្រីព្រៃឈើ ក៏ប៉ុន្តែមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងនោះ មិនបានទទួលខុសត្រូវសហការពេញលេញជាមួយសហគមន៍នោះឡើយ។ លោកកត់សម្គាល់ថា អំពើពុករលួយ និងការឃុបឃិតរបស់សមត្ថកិច្ចមូលដ្ឋាន គឺជាកត្តាសំខាន់ដែលមិនអាចបង្ក្រាបសកម្មភាពកាប់ឈើនេះបាន៖ «»។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសុំការបញ្ជាក់ពីករណីនេះបានទេ នៅថ្ងៃទី១២ ខែវិច្ឆិកា។
ចំណែកប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា កត់សម្គាល់ថា តាមកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្ម និងសហគមន៍ការពារព្រៃឈើ បានប្រគល់ដីព្រៃការពារឲ្យសហគមន៍អភិរក្ស ហេតុនេះសហគមន៍មានតួនាទីសំខាន់ក្នុងកិច្ចការពារឈើក្នុងតំបន់ខ្លួនគ្រប់គ្រង។ លោកថាមានគម្រោងបើកសិក្ខាសាលា ហើយអញ្ជើញភាគីពាក់ព័ន្ធមកពិភាក្សាគ្នារកយន្តការរួមគ្នាដើម្បីលុបបំបាត់បញ្ហានេះ៖ «»។
ទាក់ទិនករណីនេះ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ថ្លែងថា អាជ្ញាធរមូលដ្ឋាន មន្ត្រីព្រៃឈើ មន្ត្រីបរិស្ថាន និងសហគមន៍អភិរក្សធនធានធម្មជាតិ រួមទាំងអង្គការសង្គមស៊ីវិល គឺជាអ្នកទទួលខុសត្រូវក្នុងកិច្ចការពារធនធានធម្មជាតិក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន។ លោកថា លោកនាយករដ្ឋមន្ត្រីទើបចេញសារាចរណែនាំស្ដីពីវិធានការចាំបាច់ ក្នុងការពង្រឹង និងគ្រប់គ្រងធនធានធម្មជាតិឲ្យបាននៅគង់វង្ស៖ «»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកញ្ញា បានចេញសារាចរណែនាំលេខ០៥ ស្ដីពីការធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសលើវិស័យព្រៃឈើ និងជលផល តាមរយៈការជំរុញឲ្យធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ព្រមទាំងបែងចែកសមត្ថកិច្ចគ្រប់គ្រងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕
No comments:
Post a Comment