មន្ត្រីបក្សប្រឆាំងនិងពលរដ្ឋខេត្តកំពង់ឆ្នាំងស្នើឲ្យអាជ្ញាធរបញ្ឈប់យកភាស៊ីទូកដ
ជំទប់ទី២ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងអ្នករត់ទូកចម្លង ឬទូកដ និងទូកម៉ាស៊ីនដឹកភ្ញៀវមួយចំនួន ស្នើឲ្យអាជ្ញាធរបញ្ឈប់ការយកភាស៊ីពីទូករបស់ពួកគាត់។ អាជ្ញាធរសង្កាត់មកពីគណបក្សប្រឆាំង ថាការយកភាស៊ីនេះជាការចាត់ចែងរបស់គណៈកម្មការភូមិកណ្ដាល និងភូមិចុងកោះ ដោយមិនបានគិតគូរច្បាស់លាស់លើផលប៉ះពាល់ផ្នែកជីវភាពរបស់អ្នកចែកទូកដឹកភ្ញៀវ។
ម្ចាស់ទូកក្ដារ និងទូកស្មាច់បំពាក់ដោយម៉ាស៊ីន និងច្រវាចែវដែលចតត្រៀបត្រាក្បែរផែត្រីនៅភូមិចុងកោះ ក្បែរអាងទឹក និងនៅទំនប់បារាំង នៃភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ត្អូញត្អែរពីការយកភាស៊ី។ ទូកក្ដារ ឬទូកស្មាច់ដែលបំពាក់ដោយម៉ាស៊ីន ត្រូវបង់ប្រាក់ ៣ពាន់រៀលក្នុងមួយថ្ងៃ និងទូកចែវដោយដៃ បង់ ១ពាន់រៀលក្នុងមួយថ្ងៃ ប៉ុន្តែការបង់ភាស៊ីនេះ ពុំមានសៀវភៅបន្ទុកហិរញ្ញវត្ថុរបស់សង្កាត់ឡើយ។
ជំទប់ទី២ សង្កាត់ផ្សារឆ្នាំង លោក មាស លន់ ថ្លែងនៅថ្ងៃទី១២ ខែវិច្ឆិកា ថា ពលរដ្ឋប្រកបមុខរបរចែវទូកភាគច្រើនមានជីវភាពក្រីក្រ ហើយពួកគេមានឱកាសរកប្រាក់បានតែនៅក្នុងរដូវទឹកឡើង ព្រោះផ្ទះសម្បែងរបស់អ្នកភូមិចុងកោះ និងភូមិកណ្ដាល ភាគច្រើនលិចទឹកក្នុងរដូវវស្សាដែលត្រូវធ្វើដំណើរដោយទូក។ លោកថា បើអាជ្ញាធរអាចបញ្ឈប់យកភាស៊ីបាន អ្នកចែវទូកនឹងសប្បាយចិត្ត៖ «អាហ្នឹងសម្រាប់អ្នកដែលគ្នាខ្វះខាត ហើយចង់ចម្លងដើម្បីយកថវិកាសម្រាប់ដោះស្រាយជីវភាព ចំពោះអ្នកដែលមានគេមិនចម្លង ឬមិនចែវទេ តែអ្នកដែលចែវហ្នឹងអ្នកអត់មែនទែនហើយ។ យកហ្នឹង! ដំបូងនៅដទទឹងទេ ពីខាងកំពង់ឆ្នាំង ទៅកំពង់បឹង ប៉ុន្តែអ្នកដែលយកហ្នឹងដូចថាវាទៅអែបអបជាមួយដហ្នឹងទៅ ហើយវាយកឥទ្ធិពលដើម្បីមកយកទូកតាមច្រកផ្លូវពេលទឹកឡើងភូមិទាំងពីរហ្នឹង»។
ឆ្លើយតបបញ្ហានេះ មេភូមិកណ្ដាល លោក ហួន វ៉ន ថាការយកភាស៊ីពីម្ចាស់ទូកនេះ មានការឯកភាពពីអាជ្ញាធរសង្កាត់ ហើយបានអនុវត្តបួនទៅប្រាំឆ្នាំហើយ។ ប្រាក់ដែលទទួលបាន គឺត្រូវប្រើប្រាស់សម្រាប់ជួសជុលស្ពានឈើ ផ្លូវគ្រួសក្រហមនៅរដូវទឹកស្រកវិញ និងកែលំអសាលាបុណ្យភូមិ។ លោកជឿថា ម្ចាស់ទូកខ្លះត្អូញត្អែរ ប៉ុន្តែបើមិនធ្វើដូច្នេះ ជៀសមិនផុតពីរ៉ៃប្រាក់ពួកគេដដែល៖ «វាម្យ៉ាងម្នាក់ទេ បើកាលណាយើងបញ្ឈប់យកលុយ យើងនៅតែរ៉ៃលុយពីប្រជាជនមកធ្វើស្ពានដដែល ហើយបើយើងធ្វើចឹងទៅ យើងគ្រាន់តែរំខានគាត់បន្តិចបន្តួច ប៉ុន្តែយើងមិនយកច្រើនទេក្នុងទូកចែវតែមួយថ្ងៃមួយពាន់ទេ។ មានឆ្នាំខ្លះអស់ពីរលាន បើឆ្នាំណាអត់សូវខូច វាខ្ទង់មួយលានចុះក្រោម»។
ម្ចាស់ទូកម៉ាស៊ីនខ្នាតតូចម្នាក់ក្នុងចំណោមម្ចាស់ទូកដែលចតទូកចាំភ្ញៀវនៅក្បែរអាងទឹកប្រមាណ ៣០គ្រឿងផ្សេងទៀត គឺលោកស្រី ជា ស្រីណេត ឲ្យដឹងថា រយៈពេល ៨ឆ្នាំហើយដែលគាត់រត់ទូកដឹកភ្ញៀវដោយថ្ងៃខ្លះរកបាន និងថ្ងៃខ្លះរកមិនបានលុយ ប៉ុន្តែភាស៊ីត្រូវបង់រាល់ថ្ងៃ។ លោកស្រីមិនជំទាស់នឹងការបង់ប្រាក់ជាថ្នូរនឹងការអភិវឌ្ឍនោះទេ តែបើអាជ្ញាធរមិនឲ្យបង់កាន់តែប្រសើរ៖ «មានអ្នកដេញពីលើមក បើគេយកប៉ុន្មាន? ខ្ញុំបង់ទៅតាមចំនួនគេទារយើងដូចគ្នា។ រាល់ថ្ងៃបានអាហ្នឹងហើយចិញ្ចឹមឆ្នាំងបាយ នៅតែគេយកអ្នកណាក៏គេយកដែរ នៅខាងនេះគេចង់ដេញថ្លៃយកដែរហ្នឹង»។
អាជ្ញាធរភូមិ និងសង្កាត់ផ្សារឆ្នាំង មិនអាចសរុបចំនួនទូកដែលត្រូវយកភាស៊ីបានទេ ប៉ុន្តែទូកដែលចតនៅតាមទីតាំងចម្លងភ្ញៀវ ឬដោះដូរទំនិញសំខាន់ៗនៅក្នុងសង្កាត់មានប្រមាណ ៨០គ្រឿង៕
No comments:
Post a Comment