Sunday, November 13, 2016

ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ម្នាក់​ថា​ការ​ដក​តំណែង​លោក​ជា​រឿង​នយោបាយ

ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹងត្រែង លោក សុខ វាសនា ដែល​ក្រសួង​ដក​តំណែង និង​ប្ដូរ​ភារកិច្ច។ រូបថត​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ Photo Provided

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​សម្រេច​ដក​តំណែង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង លោក សុខ វាសនា ឲ្យ​ទៅ​បម្រើ​ការងារ​ជា​មន្ត្រី​រដ្ឋបាល​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កោះកុង វិញ។ ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹងត្រែង បាន​ប្រតិកម្ម​ចំពោះ​សេចក្តី​សម្រេច​នេះ ដោយ​ចាត់​ទុក​ថា ធ្វើ​ឡើង​គ្មាន​មូលដ្ឋាន និង​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។

មន្ត្រី​រដ្ឋបាល​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ចំពោះ​វិធានការ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក អ៊ុក រ៉ាប៊ុន ដែល​សម្រេច​ដក​តំណែង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​ស្ទឹងត្រែង មួយ​រូប​កាល​ពី​ថ្ងៃ​ទី​២៦ តុលា។

ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹងត្រែង លោក សុខ វាសនា ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌ និង​បង្ខំ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ជា​មន្ត្រី​រាជការ​ស៊ីវិល ខណៈ​លោក​បាន​បម្រើ​ការងារ​ជា​ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​នេះ​រយៈពេល ១៨​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា លោក​បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ រួច​ហើយ ដើម្បី​សុំ​ឲ្យ​មាន​ការ​បកស្រាយ​ឲ្យ​ច្បាស់លាស់​ជុំវិញ​សេចក្តី​សម្រេច​នេះ តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយតប។ លោក សុខ វាសនា ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់៖ «ការ​ដក​តួនាទី​របស់​ខ្ញុំ ឬ​ផ្ទេរ​តួនាទី​របស់​ខ្ញុំ គឺ​ជា​អំពើ​មួយ​ខុស​ច្បាប់។ ខ្ញុំ​ចង់​សួរ​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែរ ថា​តើ​ការ​ដក​តួនាទី​ខ្ញុំ​នេះ ឬ​ផ្ទេរ​តួនាទី​ខ្ញុំ​នេះ​យោង​លើ​មូលដ្ឋាន​អី?»។

លោក​កត់​សម្គាល់​ថា លោក​ពុំ​បាន​ដឹង​មុន​ទាល់​តែ​សោះ​ចំពោះ​ការ​ដក​តំណែង និង​ផ្ទេរ​ភារកិច្ច​នេះ ហើយ​លោក​ក៏​មិន​ដែល​ទទួល​បាន​លិខិត​ណែនាំ ឬ​ក៏​កំណត់​ហេតុ​អ្វី​មួយ ដែល​បញ្ជាក់​ពី​កំហុស​របស់​លោក​ដែរ។ លោក​ចាត់​ទុក​ការ​ដក​តំណែង និង​ផ្ទេរ​ភារកិច្ច​នេះ ក្រោម​ហេតុផល​នយោបាយ៖ «យោង​តាម​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ទាល់​តែ​មន្ត្រី​នោះ​ធ្វើ​ខុស ហើយ​មាន​ការ​ណែនាំ ឬ​មាន​កំណត់​ហេតុ​ត្រឹមត្រូវ បាន​យើង​អាច​ទម្លាក់​តួនាទី​គេ​បាន។ តែ​មក​ទល់​ពេល​នេះ យើង​មិន​ទាន់​ដឹង​ថា យើង​មាន​កំហុស​អី​ផង? រឿង​ផ្ទេរ​ជា​រឿង​មួយ តែ​ចាំបាច់​អី​បាន​ដក​តួនាទី​មួយ​ទៀត។ ចឹង​មាន​ន័យ​ថា យើង​អត់​មាន​កំហុស​អី​សោះ បាន​ជា​គេ​ដក​តួនាទី​យើង»។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៦ ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក សុខ វាសនា បច្ចុប្បន្ន​ជា​ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​ស្ទឹងត្រែង ឲ្យ​ទៅ​បម្រើ​ការងារ​ជា​មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កោះកុង វិញ។

ប្រធាន​ស្តីទី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្ទឹងត្រែង លោក សយ គា មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​ពុំ​បាន​ដឹង​រឿងរ៉ាវ​អ្វី​ទាំងអស់​ករណី​នេះ៖ «អូ! អត់​ដឹង​ផង។ ខ្ញុំ​អត់​ដឹង​ទេ»។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក អ៊ុក រ៉ាប៊ុន បដិសេធ​មិន​ធ្វើ​អធិប្បាយ​ករណី​នេះ​ទេ ដោយ​លោក​បាន​ផ្តាច់​ទូរស័ព្ទ​នៅ​ពេល​អាស៊ីសេរី សុំ​សួរ​អំពី​ករណី​នេះ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ប្រសិន​បើ​ការ​សម្រេច​របស់​ក្រសួង​ធ្វើ​ឡើង​ដោយ​លម្អៀង និង​រើសអើង​និន្នាការ​នយោបាយ បង្ក​ឲ្យ​ប៉ះពាល់​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ថែម​ទាំង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​នីតិរដ្ឋ​របស់​កម្ពុជា ផង។ លោក​ថា បើ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ដោះស្រាយ​បញ្ហា​នេះ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ទេ វា​នឹង​នាំ​ឲ្យ​កើត​មាន​ភាព​អយុត្តិធម៌​ដល់​រដ្ឋបាល​សាធារណៈ និង​ឈាន​ទៅ​រក​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ផង៖ «បើ​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ធ្វើ​ឡើង​ដោយ​មាន​ភាព​លម្អៀង ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ច្បាប់​នៅ​កម្ពុជា មាន​វិបត្តិ ព្រោះ​ថា​បើ​អ្នក​ឯង​ចូល​គណបក្ស​កាន់​អំណាច​អត់​អី​ទេ ឧទាហរណ៍ តែ​បើ​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​អា​ហ្នឹង​មាន​បញ្ហា»។

លោក សុខ វាសនា បាន​បម្រើ​ការងារ​ជា​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​ស្ទឹងត្រែង នៅ​ឆ្នាំ​១៩៩៦ និង​ធ្វើ​ជា​ប្រធាន​ការិយាល័យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​ស្ទឹងត្រែង តាំង​ពី​ឆ្នាំ​១៩៩៨ មក។

ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល មាត្រា​៦ និង​មាត្រា​៧ ចែង​ថា អ្នក​រាជការ​ម្នាក់ៗ​មាន​សិទ្ធិ​សុំ​មើល​កំណត់​ត្រា និង​ឯកសារ​ផ្សេងៗ​ដែល​ជា​សំណុំ​រឿង​ផ្ទាល់​ខ្លួន មុន​នឹង​ទទួល​ខុស​ត្រូវ​ទណ្ឌកម្ម​ខាង​វិន័យ ឬ​មុន​នឹង​ត្រូវ​ផ្លាស់​មុខងារ​ដោយ​បង្ខំ។ អ្នក​រាជការ​ក្របខ័ណ្ឌ អាច​ដាក់​ឲ្យ​ទៅ​បម្រើ​ការ ឬ​មុខងារ​ក្រៅ​ក្របខ័ណ្ឌ​ដើម​របស់​ខ្លួន​បាន ក្នុង​ករណី​ចាំបាច់ និង​មាន​ការ​យល់ព្រម​ពី​សាមី​ខ្លួន។ អ្នក​រាជការ​ក្របខ័ណ្ឌ មាន​សិទ្ធិ​សុំ​ផ្លាស់​កន្លែង​ធ្វើ​ការ​ទៅ​តាម​ប្ដី ឬ​ប្រពន្ធ​បាន៕

No comments:

Post a Comment