សមត្ថកិច្ចថៃប្រកាសបិទច្រករបៀងតាមព្រំដែនខេត្តបន្ទាយមានជ័យមួយរយៈ
សមត្ថកិច្ចថៃ បិទច្រករបៀងតាមព្រំដែនជាប់ខេត្តបន្ទាយមានជ័យ បណ្ដោះអាសន្នក្នុងហេតុផលប្ដូរមេបញ្ជាការទាហានភូមិភាគទី១ របស់ប្រទេសថៃ។ មេបញ្ជាការប៉ូលិសការពារព្រំដែនវរលេខ៩១១ បញ្ជាក់ថា ខាងភាគីថៃ ពុំទាន់កំណត់ថា នឹងបើកច្រកឡើងវិញនៅថ្ងៃណាពិតប្រាកដនៅឡើយ។
មេបញ្ជាការប៉ូលិសការពារព្រំដែនវរលេខ៩១១ ប្រចាំការព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សូរ ចាន់ណារី មានប្រសាសន៍នៅថ្ងៃទី៨ ខែវិច្ឆិកា ថា សមត្ថកិច្ចជួរមុខរបស់ថៃ បានទូរស័ព្ទប្រាប់លោកកាលពីថ្ងៃទី៧ ខែវិច្ឆិកា ថា ច្រករបៀងរបស់ថៃ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ដែលលោកទទួលខុសត្រូវមានចម្ងាយប្រមាណជាង ៤០គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែត ទៅដល់ព្រំដែនប្រទល់ស្រុកស្វាយចេក ត្រូវបានបិទចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា មកដោយពុំមានថ្ងៃកំណត់ថា នឹងបើកឡើងវិញនៅពេលណានោះទេ។
លោកអះអាងថា សមត្ថកិច្ចថៃ បិទច្រកក្រោមហេតុផលត្រៀមផ្លាស់ប្ដូរមេបញ្ជាការទាហានភូមិភាគទី១ ថ្មីរបស់ថៃ៖ «បាទ! ដោយសារមានការចាំបាច់ខាងភាគីថៃ ដូច្នេះគេសំណូមពរឲ្យខាងយើងផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋយើង មិនអនុញ្ញាតឲ្យចូលទឹកដីថៃ ទេ ដោយសាររង់ចាំបទបញ្ជាជាថ្មីរបស់ថ្នាក់ដឹកនាំរបស់គេសិន»។
ស្រដៀងគ្នានេះដែរ ប្រធានប៉ុស្តិ៍ច្រករបៀងស្វាយព្រៃ ស្រុកម៉ាឡៃ លោក អឿម ប៊ុនធឿន មានប្រសាសន៍ថា ច្រករបៀងព្រំដែនកម្ពុជា-ថៃ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងច្រកមួយចំនួនទៀតក្នុងខេត្តបាត់ដំបង ក៏ខាងភាគីថៃ ស្នើសុំឲ្យបិទច្រកបណ្ដោះអាសន្នដូចគ្នា៖ «នៅច្រកអន្តរជាតិគេបើកឲ្យទៅទិញម្ហូបធម្មតា តែនៅតាមច្រករបៀងគេបិទទាំងអស់ ប្រជាពលរដ្ឋក៏គេមិនឲ្យចូលទៅទឹកដីខ្មែរដែរ។ កន្លងមកយើងទំនាក់ទំនងជាមួយទាហានថៃ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋខ្មែរបានចេញទិញម្ហូបអីបាន តែឥឡូវអ្នកលក់ជនជាតិថៃ ក៏គេបិទមិនឲ្យលក់ដូចគ្នា»។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក ជិន ពិសិដ្ឋ អះអាងថា លោកពុំទាន់ទទួលដំណឹងដែលភាគីថៃ បិទច្រករបៀងនៅតាមព្រំដែននេះនៅឡើយទេ។ ទោះជាយ៉ាងនេះក្ដី លោកថា ការបិទច្រកនេះប្រហែលជាខាងភាគីថៃ បិទច្រករបៀងខុសច្បាប់ ចំណែកច្រកទ្វារអន្តរជាតិ និងច្រករបៀងស្របច្បាប់ គឺដំណើរការជាធម្មតា៖ «បាទ! គេអត់ទាន់ជូនដំណឹងមកទេ តែខ្ញុំចេះឮថា បិទច្រក ប៉ុន្តែក្រុមការងារខ្ញុំ នៅតាមបណ្ដោយព្រំដែនអត់ទាន់មានរាយការណ៍មកនៅឡើយទេ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា ករណីនេះ ប្រសិនបើភាគីថៃ បន្តបិទច្រករយៈពេលយូរទៅមុខទៀត នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន ជាពិសេសអ្នកដែលទៅធ្វើការព្រឹកវិលល្ងាច មិនអាចចូលទៅធ្វើការងារនៅប្រទេសថៃបាន។ លោកស្នើឲ្យអាជ្ញាធរកម្ពុជា ទាក់ទងទៅខាងភាគីថៃ បើកច្រកឡើងវិញ ឲ្យបានឆាប់ ដើម្បីសម្រួលដល់ការរស់នៅរបស់ពលរដ្ឋតាមព្រំដែននៃប្រទេសទាំង២៖ «»។
មន្ត្រីការិយាល័យទំនាក់ទំនងកម្ពុជា-ថៃ ឲ្យដឹងថា នៅតាមព្រំដែនកម្ពុជា-ថៃ មានច្រកចេញចូលស្របច្បាប់ដែលឯកភាពគ្នារវាងប្រទេសទាំង២ ចំនួន ២៥ច្រក ក្នុងនោះមានច្រកតំបន់ចំនួន ១៩ច្រក និងច្រកទ្វារអន្តរជាតិចំនួន ៦ច្រក៕
No comments:
Post a Comment