Friday, November 11, 2016

ជនរងគ្រោះ​ដោយសារ​ការ​វាយ​របស់​អង្គរក្ស​លោក ហ៊ុន ម៉ាណែត នៅ​តែ​ទាមទារ​យុត្តិធម៌

លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Brach Chev


ស្មៀន​រត់ការ​លិខិត​ស្នាម​តុលាការ​អាមេរិក​ម្នាក់ ដែល​ក្រុម​កង​អង្គរក្ស​កូន​ប្រុស​ច្បង លោក ហ៊ុន សែន វាយ​ប្រហារ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ទាមទារ​រក​យុត្តិធម៌។ ករណី​បណ្ដឹង​របស់​ជនរងគ្រោះ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​ស៊ី​ជម្រៅ​របស់​តុលាការ​សហព័ន្ធ​ផ្នែក​ព្រហ្មទណ្ឌ​របស់​សហរដ្ឋអាមេរិក។

លោក ផល ហេយស៍ (Paul Hayes) ដែល​ជា​ជំនួយ​ការ​រត់​លិខិត​ស្នាម​នៃ​តុលាការ​ក្នុង​ក្រុង​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California)។ លោក​បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​របស់​លោក គឺ​ជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ៖ «បាទ! ខ្ញុំ​នៅ​តែ​បន្ត​រក​យុត្តិធម៌។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ខ្លាំង​ជាង​គេ​នោះ គឺ​ការ​ទទួល​ខុស​ត្រូវ និង​ការ​ទទួល​ស្គាល់​ចំពោះ​ទង្វើ​របស់​ពួកគេ​ដែល​បាន​ធ្វើ​មក​លើ​ខ្ញុំ។ ខ្ញុំ​អន់​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការ​ឆ្លើយ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា ឧបទ្ទវហេតុ​មក​លើ​ខ្ញុំ​កាល​ពី​ដើម​​ខែ​មេសា នោះ គឺ​អាច​ដោយសារ​ខ្ញុំ​រអិល ជំពប់ ឬ​អស់​ជំហរ»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ ខណៈ​លោក ផល ហេយស៍ បាន​យក​លិខិត​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា និង​គ្រួសារ​ដែល​ប្ដឹង​នៅ​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង​ឡូសអែនជឺឡេស ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត ខណៈ​លោក ហ៊ុន ម៉ាណែត កំពុង​ចូលរួម​ក្នុង​កម្មវិធី​មួយ​នៅ​ភោជនីយដ្ឋាន​ព្រះចន្ទពេញវង់ ឬ (La Lune) ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា។


ពេល​នោះ ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត បាន​រារាំង ហើយ​បាន​ចាប់​បោក​លោក ផល ហេយស៍ ខ្ទប់​ទៅ​នឹង​ឥដ្ឋ​ស៊ីម៉ង់ដ៍ ដែល​បណ្ដាល​ឲ្យ​គាត់​រង​របួស​បែក​ក្បាល​ហូរ​ឈាម ហើយ​សន្លប់​បាត់បង់​ស្មារតី និង​របួស​យ៉ាង​ដំណំ។

កន្លង​មក​តុលាការ​បាន​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​ហុច ដូរ​ឯកសារ​សំណុំ​រឿង​រវាង​គូ​ភាគី​នៃ​បណ្ដឹង​ដែល​ហៅ​ជា​អង់គ្លេស​ថា jurisdictional discovery ដើម្បី​ឲ្យ​ដើម​បណ្ដឹង​អាច​ស្វែងរក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន ដូចជា​អង្គហេតុ ភស្តុតាង និង​សក្ខីកម្ម​ចម្លើយ​ក្រោម​ពាក្យ​សម្បថ​ពី​បក្សពួក​របួស​របស់​លោក ហ៊ុន ម៉ាណែត។

​មេធាវី​ក្នុង​ក្រុម​អ្នក​ច្បាប់​របស់​លោក មូរតុន ក្លារ (Morton Skla) គឺ​លោក អ៊ុច ខែមសុខាំបូរ មាន​ប្រសាសន៍​ថា ករណី​បណ្ដឹង​របស់​លោក ផូល ហេយស៍ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ដ៏​ស៊ី​ជម្រៅ​របស់​តុលាការ​សហព័ន្ធ​ខាង​ផ្នែក​ព្រហ្មទណ្ឌ​សហរដ្ឋអាមេរិក៖ «ករណី​ផ្នែក​ព្រហ្មទណ្ឌ ព្រះរាជអាជ្ញា​សហព័ន្ធ​កាន់​បណ្ដឹង​របស់ ផល ហេយស៍ ហើយ​ករណី​ព្រហ្មទណ្ឌ​គឺ​អ្នក​ស៊ើប​អង្កេត​របស់​នគរបាល​របស់​ទីក្រុង​ឡុងប៊ិច​ហ្នឹង គេ​សកម្ម​ខ្លាំង​ណាស់»។

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ចន ផូសែល (John Purcell) មេធាវី​របស់​លោក ហ៊ុន ម៉ាណែត បាន​ទេ ជុំវិញ​ដំណើរ​ការ​ក្ដីក្ដាំ​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​វិច្ឆិកា។ បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ធ្វើ​ឡើង​សឹង​គ្រប់​ទិសទី ក្នុង​សហរដ្ឋអាមេរិក។ រហូត​មក​ទល់​ពេល​នេះ លោក ហ៊ុន ម៉ាណែត មិន​សូវ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជា​ញឹកញាប់​ដូច​កាល​ពី​កន្លង​មក​នោះ​ទេ។

ក្រៅ​ពី​លោក ផល ហេយស៍ ដែល​ប្ដឹង​លោក ហ៊ុន ម៉ាណែត ពី​បទ​បំពារបំពាន​រាង​កាយ​ធ្ងន់ធ្ងរ​នេះ។ លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ឪពុក​របស់​លោក​ក៏​បាន​ទទួល​រង​ការ​បណ្ដឹង​បន្ថែម​ពី​ដើម​បណ្ដឹង​ចំនួន ៦​នាក់​ផ្សេង​ទៀត ដែល​រួម​មាន​លោក ញ៉យ ចំរើន លោក មាជ សុវណ្ណារ៉ា អ្នកស្រី ជេមី មាជ និង​កូនស្រី​របស់​លោក មាជ សុវណ្ណារ៉ា បី​នាក់ ដែល​ពួកគេ​នាំ​គ្នា​ប្ដឹង​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​បំពារបំពាន​រូបរាងកាយ​ធ្ងន់ធ្ងរ ទារុណកម្ម​តាម​ទំនើង​ចិត្ត អំពើ​ភេរវកម្ម​អន្តរជាតិ ការ​ឃុំឃាំង​រយៈពេល​យូរ ការ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដោយ​ចេតនា​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​ព្រួយ​ផ្លូវ​អារម្មណ៍ និង​ការ​ចាប់​ដាក់​គុក​ដោយ​ខុស​ច្បាប់។

​កាល​ពី​ថ្ងៃ​ទី​​២៤ ខែ​សីហា ឆ្នាំ​២០១៦ មេធាវី​ដើម​បណ្ដឹង​បាន​ផ្ញើ​ឯកសារ​បណ្ដឹង​ចំនួន ៥៧​ទំព័រ ជា​ភាសា​អង់គ្លេស និង ៦៣ ជា​ភាសា​ខ្មែរ​ទៅ​រដ្ឋាភិបាល​កម្ពុជា ហើយ​បណ្ដឹង​នោះ​បាន​បោះត្រា​ទទួល​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៦។ ពាក្យ​បណ្ដឹង​តម្រូវ​ឲ្យ​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ​មុខ​សវនាការ​តុលាការ​សហព័ន្ធ​របស់​អាមេរិក នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ចូល​ខ្លួន​តាម​ការ​កំណត់​នេះ​ទេ។

មេធាវី​របស់​លោក ញ៉យ ចំរើន គឺ​លោក មូរតុន ក្លារ កាលពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា អះអាង​ថា លោក​នឹង​ស្នើ​ឲ្យ​តុលាការ​សហរដ្ឋអាមេរិក ចេញ​សាលក្រម​ឲ្យ​លោក ញ៉យ ចំរើន ឈ្នះ​ក្ដី​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​ស្វ័យប្រវត្តិ ដោយសារ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​ក្ដីក្ដាំ​នេះ។ លោក​បន្ត​ថា​នេះ​ជា​ជ័យជំនះ​ដ៏​ធំធេង​សម្រាប់​ដើម​បណ្ដឹង។

ប៉ុន្តែ​មេធាវី​លោក ហ៊ុន ម៉ាណែត លោក ចន ផូសែល កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​សុំ​ពន្យារ​ពេល​ឆ្លើយ​តប​ទៅ​នឹង​ដីកា​តុលាការ​ដែល​បង្គាប់​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា ដែល​បាន​ប្ដឹង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ធ្វើ​ទារុណកម្ម​អំពើ​ភេរវកម្ម និង​ការ​ឃុំ​ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត៕

No comments:

Post a Comment