សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលពិចារណាផ្អាកអាជីវកម្មនាំខ្សាច់សមុទ្រទៅក្រៅប្រទេស
មន្ត្រីសង្គមស៊ីវិលលើកឡើងថា របាយការណ៍ទាក់ទងនឹងការនាំចេញខ្សាច់សមុទ្រទៅក្រៅប្រទេស នៅតែមិនទាន់មានការបំភ្លឺដោយតម្លាភាពពិតប្រាកដនៅឡើយ។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលស្នើឲ្យក្រសួងរ៉ែ និងថាមពល ពិចារណាផ្អាកធ្វើអាជីវកម្មនាំចេញខ្សាច់សមុទ្រទៅក្រៅប្រទេស ដើម្បីឈានទៅរកការគ្រប់គ្រងធនធានខ្សាច់ឲ្យមាននិរន្តរភាព ពិសេសការគ្រប់គ្រងប្រាក់ចំណូលពីអាជីវកម្មនេះ ប្រកបដោយតម្លាភាពត្រឹមត្រូវ។
សង្គមស៊ីវិលចង់ឃើញក្រសួងរ៉ែ និងថាមពល ពិចារណាផ្អាកធ្វើអាជីវកម្មនាំចេញខ្សាច់សមុទ្រទៅក្រៅប្រទេសសិន ដើម្បីស្រាយបំភ្លឺចំពោះចម្ងល់ទាំងឡាយរបស់សង្គមស៊ីវិល ជុំវិញភាពមិនប្រក្រតីនៃអាជីវកម្មនាំខ្សាច់ចេញទៅក្រៅប្រទេស និងប្រាក់ចំណូលពីអាជីវកម្មនេះ។
ការស្នើសុំរបស់សង្គមស៊ីវិលនៅពេលនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការនាំចេញខ្សាច់ទៅបរទេស ដែលរៀបចំឡើងនៅអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១១ ខែវិច្ឆិកា។
ក្រោយកិច្ចប្រជុំបិទទ្វាររវាងមន្ត្រីជំនាញ ក្រសួងរ៉ែ និងថាមពល និងសង្គមស៊ីវិល អស់រយៈពេលជាង ៤ម៉ោង ដោយមិនមានវត្តមានអ្នកសារព័ត៌មានមក ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ឲ្យដឹងពីលទ្ធផលកិច្ចប្រជុំនេះថា រហូតមកដល់ពេលនេះ ក្រសួងរ៉ែ និងថាមពល មិនទាន់បកស្រាយច្បាស់លាស់ពីបញ្ហាមន្ទិលសង្ស័យជុំវិញរឿងកម្ពុជា បាត់លុយជាង ៧៥០លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញខ្សាច់ទៅលក់នៅសិង្ហបុរី នៅឡើយទេ៖ «»។
បន្ថែមពីនេះទៀត សង្គមស៊ីវិលជាង ១០ស្ថាប័ន ដែលចូលរួមកិច្ចប្រជុំនោះ បានជំរុញឲ្យក្រសួងរ៉ែ និងថាមពល ពិចារណាផ្អាកធ្វើអាជីវកម្មនាំចេញខ្សាច់សមុទ្រទៅក្រៅប្រទេសសិន ដើម្បីទុកពេលឲ្យក្រសួងបំភ្លឺជុំវិញភាពមិនប្រក្រតីពីការនាំចេញខ្សាច់ឲ្យច្បាស់ដល់សាធារណជនពីបញ្ហានេះបានស៊ីជម្រៅ៖ «»។
ក្រោយកិច្ចប្រជុំ ពាក់ព័ន្ធនឹងការនាំចេញខ្សាច់ទៅបរទេសនេះ មន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល មិនយល់ព្រមផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននោះឡើយ។
ទន្ទឹមគ្នានេះ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បាននៅឡើយដែរ នៅថ្ងៃទី១១ ខែវិច្ឆិកា។ ប៉ុន្តែប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា លោក សន ជ័យ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានឲ្យដឹងក្នុងកិច្ចប្រជុំថា ក្រសួងនឹងសិក្សាស្រាវជ្រាវបន្ថែមជុំវិញអាជីវកម្មនាំចេញខ្សាច់ទៅក្រៅប្រទេស។ ជាងនេះទៀត ក្រសួងក៏បានស្នើសុំកិច្ចសហការពីសង្គមស៊ីវិល ដើម្បីជួយក្រសួងក្នុងការផ្ដល់ទិន្នន័យ និងព័ត៌មានពីភាពមិនប្រក្រតីរបស់ក្រុមហ៊ុននីមួយៗក្នុងការធ្វើអាជីវកម្មខ្សាច់តាមតំបន់ដែនអាជ្ញាប័ណ្ណដែលក្រសួងបានផ្ដល់។ លោកថា ក្រសួងមិនបានបញ្ជាក់ពីវិធានការទប់ស្កាត់យ៉ាងណាចំពោះក្រុមហ៊ុនដែលធ្វើអាជីវកម្មនាំចេញខ្សាច់ទៅក្រៅប្រទេសក្នុងករណីរកឃើញភាពមិនប្រក្រតីណាមួយនោះឡើយ។
ទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា រយៈពេល ៨ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ កម្ពុជា នាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី ជិត ៣លានតោន (២.៧៧៤.៦១៣) គិតជាទឹកប្រាក់ជាង ៥លានដុល្លារអាមេរិក (៥.៥៥៧.៣៦៩ដុល្លារ) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជា វិញ មានរហូតដល់ទៅជាង ៧៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២.៧៦១.៩៧៨ដុល្លារ)។
យ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលដែលបានចូលរួមកិច្ចប្រជុំនេះ នៅតែស្នើឲ្យក្រសួងបកស្រាយឲ្យច្បាស់ ពាក់ព័ន្ធភាពខុសគ្នានៃទិន្នន័យដ៏ចម្រូងចម្រាសពីការនាំចេញខ្សាច់នេះ៕
No comments:
Post a Comment