អាជ្ញាធរសន្យាថារកយុត្តិធម៌ឲ្យគ្រួសារកីឡាករប្រណាំងទូកងពីរនាក់ដែលស្លាប់
អាជ្ញាធរសន្យាថានឹងប្រើប្រាស់វិធានការតាមផ្លូវច្បាប់ ដើម្បីដោះស្រាយករណីកប៉ាល់ទេសចរណ៍ដែលបានបុកទូកង បណ្ដាលឲ្យកីឡាករពីរនាក់បានស្លាប់កាលពីថ្ងៃទី១១ វិច្ឆិកា។ ចំណែកឯក្រុមគ្រួសារជនរងគ្រោះអះអាងថា ខ្លួនពុំទាន់ទទួលបានយុត្តិធម៌នៅឡើយ។
អស់រយៈពេលបួនថ្ងៃហើយដែលពន្លឺយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះទាំងពីរនាក់ ពុំទាន់ទទួលបាននៅឡើយទេ ដោយសារកប៉ាល់ទេសចរណ៍មួយគ្រឿងបានបើកបុកទូកងមួយគ្រឿងនោះ។
អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន អះអាងប្រាប់អាស៊ីសេរី នៅថ្ងៃទី១៥ វិច្ឆិកា ថា តាមច្បាប់កម្ពុជា អាជ្ញាធរនឹងរៀបចំសំណុំបែបបទដើម្បីបញ្ជូនករណីកប៉ាល់ទេសចរណ៍ឈ្មោះ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) បើកបុកទូកងបណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់នោះទៅតុលាការ។
លោកអះអាងថា ដោយសារពេលនេះអាជ្ញាធរមមាញឹកខ្លាំងជាមួយពិធីបុណ្យអុំទូក ដូច្នេះមិនទាន់គិតគូរពីករណីនេះនៅឡើយ ក៏ប៉ុន្តែលោកថា អាជ្ញាធរនឹងប្រើប្រាស់ផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារសព បើសិនជាកប៉ាល់នៃក្រុមហ៊ុនទេសចរណ៍នោះ មិនបានផ្ដល់ប្រាក់សំណងសមស្របណាមួយឲ្យគ្រួសារជនរងគ្រោះ៖ «»។
កាលពីថ្ងៃទី១១ វិច្ឆិកា មុនពីរថ្ងៃនៃពិធីបុណ្យអុំទូក មានករណីកប៉ាល់ទេសចរណ៍មួយគ្រឿងកម្ពស់ពីរជាន់របស់ក្រុមហ៊ុន គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) បានបើកបុកទូកងមួយគ្រឿងឈ្មោះ "រស្មីស្រីស្រស់ដាញ់ទិព្វ" មកពីវត្តអម្ពវ័ន បណ្ដាលឲ្យចំណុះទូកពីរនាក់បានបាត់ខ្លួន បន្ទាប់មកត្រូវបានគេរកឃើញសាកសពអណ្ដែតទឹកដល់ស្រុកស្អាង និងស្រុកល្វាឯម ខេត្តកណ្ដាល។
ចំណុះទូកពីរនាក់ដែលបានស្លាប់ គឺទីមួយឈ្មោះ សុខ ចន្ទចេស្ដា និងទីពីរឈ្មោះ ឈឺន ចន។ ជនរងគ្រោះទាំងពីររស់នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ជាមួយគ្នា។
នៅថ្ងៃទី១៥ វិច្ឆិកា ខាងក្រុមហ៊ុនទេសចរណ៍កប៉ាល់ដែលបានបើកបុកទូកង បានកោះហៅគ្រួសារជនរងគ្រោះទាំងពីរទៅពិភាក្សាគ្នាដែរ ប៉ុន្តែខាងក្រុមហ៊ុនបានត្រឹមនិយាយសុំទោស និងមិនទាន់សម្រេចផ្ដល់សំណងអ្វីឡើយ។
ឪពុកជនរងគ្រោះឈ្មោះ ចន្ទចេស្ដា គឺលោក ឈិន សម្ផស្ស បានអះអាងថា ខាងគ្រួសាររបស់លោក និងគ្រួសារជនរងគ្រោះម្នាក់ទៀត បានទៅជួបក្រុមហ៊ុន ក៏ប៉ុន្តែខាងក្រុមហ៊ុនមិនទាន់និយាយរឿងផ្ដល់សំណង ហើយក៏មិនបានអះអាងថា ខាងក្រុមហ៊ុននោះជាអ្នកខុសដែរ។
ទោះជាយ៉ាងនេះក្ដី លោកអះអាងថា ក្រុមហ៊ុនទេសចរណ៍នោះត្រូវតែផ្ដល់យុត្តិធម៌សម្រាប់គ្រួសារលោកទាំងពីរ៖ «»។
ចំណុះទូកម្នាក់ក្នុងចំណោមចំណុះទូកទាំង ៩នាក់ ដែលទូកងរបស់ពួកគេបានជួបគ្រោះថ្នាក់ បណ្ដាលមកពីការបុករបស់កប៉ាល់ទេសចរណ៍ យុវជន ស៊ុន ចាន់ណា អះអាងថា កប៉ាល់ទេសចរណ៍ដែលគេសង្ស័យថាមកពីប្រទេសវៀតណាម បានបត់ក្បាល និងសំដៅមកបុកកន្ទុយទូកងរបស់ខ្លួន បណ្ដាលឲ្យក្រឡាប់លិចចូលទឹកទន្លេ។ សាក្សីរូបនេះបន្តថា ក្រោយពីលិច ចំណុះទូក ៧នាក់បានលោតទឹករួចខ្លួន ខណៈចំណុះទូកពីរនាក់ទៀតដែលស្ថិតនៅកន្ទុយទូក ពុំអាចលោតចេញពីទូកទាន់ពេលវេលាឡើយ ហើយត្រូវកប៉ាល់ទេសចរណ៍នោះស្រូបយកទៅ។
លោកមេធាវី ហុង គឹមសួន ថាបើសិនជាកប៉ាល់ទេសចរណ៍បានផ្ដល់ប្រាក់សំណងក្ដី ក៏មិនអាចគិតថាចប់សព្វគ្រប់ដែរ។ លោកអះអាងថា តាមផ្លូវច្បាប់ កប៉ាល់ទេសចរណ៍ត្រូវផ្ដល់ទាំងសំណង និងត្រូវប្រឈមមុននឹងច្បាប់ព្រហ្មទណ្ឌថែមទៀត ព្រោះកប៉ាល់ទេសចរណ៍បានបើកចូលមកតំបន់ហាមឃាត់របស់សាលារាជធានីភ្នំពេញ និងថែមទាំងបានបណ្ដាលឲ្យមនុស្សពីរនាក់បានស្លាប់៖ «»។
គ្រួសារជនរងគ្រោះអះអាងថា ពួកគាត់នឹងជួបជាមួយអ្នកតំណាងក្រុមហ៊ុនទេសចរណ៍ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) ម្ដងទៀតនៅថ្ងៃទី១៦ វិច្ឆិកា ដើម្បីនិយាយគ្នាអំពីការផ្ដល់សំណង និងយុត្តិធម៌។ ពួកគាត់អះអាងថា បើសិនជាខាងក្រុមហ៊ុនទេសចរណ៍ពុំទូទាត់ផ្ដល់ប្រាក់សំណងទេ ពួកគាត់នឹងដាក់ពាក្យប្ដឹងទៅតុលាការ ដើម្បីរកយុត្តិធម៌បន្តទៀត និងអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ឲ្យពួកគាត់ផងដែរ៕
No comments:
Post a Comment