Thursday, November 17, 2016

ព្រះសង្ឃ ប៊ុត ប៊ុនតិញ មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ករណី​បណ្ដឹង​លោក ម៉ម សុណង់ដូ

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពេល​ព្រះអង្គ​ដឹក​នាំ​ព្រះសង្ឃ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះរកា ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។  RFA/Chuop Sereyroth



ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អតីត​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​និមន្ត​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ករណី​បណ្ដឹង​របស់​លោក ម៉ម សុណង់ដូ ទេ។

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ ប្តឹង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពី​បទ​បរិហារកេរ្តិ៍​ដែល​លោក​ចោទ​ថា ព្រះអង្គ ប៊ុត ប៊ុនតិញ និយាយ​មូល​បង្កាច់​លោក​ថា ការ​បង្កើត​គណបក្ស​ថ្មី​នេះ ដើម្បី​ផ្ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ឲ្យ​តំណែង​តំណាងរាស្ត្រ​ដល់​លោក និង​ភរិយា។ លោក​ថា សម្ដី​នេះ​ប៉ះពាល់​ដល់​កិត្តិយស​លោក​គណបក្ស​លោក និង​អ្នក​គាំទ្រ​លោក។

​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ទទួល​ស្គាល់​ថា ព្រះអង្គ​ពិត​ជា​បាន​ថ្លែង​ដូច្នេះ​មែន។ តែ​ព្រះអង្គ​លើក​ឡើង​ថា នេះ​ជា​សេរីភាព​បញ្ចេញ​មតិ៖ «អាត្មា​គិត​ថា ញោម ម៉ម សូណង់ដូ មិន​បាន​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ ពី​អ្នក​នយោបាយ​ដែល​រក​ដំណោះស្រាយ​ជូន​ជាតិ​ទេ ហើយ​គាត់​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ តែ​ប្រកាន់​ពាក្យ​សម្ដី និង​មតិ​យោបល់។ ប្រសិនបើ​អ្នក​នយោបាយ​ខ្លាច​សម្ដី​អាត្មា មើល​ទៅ​ដូចជា​អ្នក​លក់​ប្រហុក។ អ្នក​លក់​ប្រហុក​ខ្លាច​រុយ ហើយ​រុយ​រោម​តែងតែ​បក់​រុយ​រហូត»។

​ការ​អះអាង​នេះ ត្រូវ​លោក ម៉ម សុណង់ដូ ច្រានចោល។ លោក​ថា នេះ​មិន​មែន​ជា​ការ​រិះគន់​នោះ​ទេ តែ​ជា​ការ​មូល​បង្កាច់​ធ្ងន់ធ្ងរ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ ដែល​ព្រះអង្គ​ជា​ព្រះសង្ឃ ពាក់​ស្បង់​ចីពរ ហើយ​និយាយ​មិន​មាន​ការពិត។ វា​ប៉ះពាល់ មិន​ត្រឹម​ដល់​ខ្ញុំ​ទេ តែ​ដល់​ព្រះពុទ្ធ​សាសនា​យ៉ាង​ធ្ងន់ធ្ងរ។ ជា​ព្រះសង្ឃ​ដើរ​ភរភូត​គេ គ្មាន​ការពិត ខ្ញុំ​ថា នេះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ជា​ទី​បំផុត»។

​លោក ម៉ម សុណង់ដូ ទាមទារ​ប្រាក់​ជំងឺ​ចិត្ត ១​ម៉ឺន​រៀល ដែល​លោក​ថា ជា​និមិត្តរូប​ពី​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី ឲ្យ​ដឹង​ថា តុលាការ​នឹង​ចេញ​ដីកា​កោះ​និមន្ត​ព្រះអង្គ ប៊ុត ប៊ុនតិញ ជា​លើក​ទី​ពីរ ក្នុង​ពេល​ឆាប់ៗ តែ​មិន​បញ្ជាក់​ថា ថ្ងៃ​ណា​នោះ​ទេ។

​មុន​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ លោក ម៉ម សុណង់ដូ ធ្លាប់​ទាមទារ​ឲ្យ​ព្រះអង្គ ប៊ុត ប៊ុនតិញ បកស្រាយ​លើ​ថេរដីកា​របស់​ព្រះអង្គ តែ​ត្រូវ​ព្រះអង្គ​បដិសេធ​មិន​ឆ្លើយ​តប៕

No comments:

Post a Comment