សកម្មជនជាប់ឃុំអំពាវនាវឲ្យលោក ហ៊ុន សែន បញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាពដើម្បីបង្ហាញការពិត
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់ស្ត្រីបឹងកក់ម្នាក់ គឺអ្នកស្រី ទេព វន្នី ដែលជាសកម្មជនតវ៉ារឿងដីធ្លីដ៏ល្បីរហូតទទួលបានពានរង្វាន់។
ភ្នំពេញ — ស្ត្រីបឹងកក់ដែលកំពុងជាប់ឃុំពាក់ព័ន្ធនឹងហិង្សាខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី បានស្រែកអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញកាមេរ៉ាសុវត្ថិភាពធ្វើជាភស្តុតាង ដើម្បីបង្ហាញថាអ្នកស្រីគ្មានកំហុស បន្ទាប់ពីតុលាការសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកស្រី ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់ស្ត្រីបឹងកក់ម្នាក់ គឺអ្នកស្រី ទេព វន្នី ដែលជាសកម្មជនតវ៉ារឿងដីធ្លីដ៏ល្បីរហូតទទួលបានពានរង្វាន់។
សំណុំរឿងនោះពាក់ព័ន្ធនឹងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឬត្រូវមានទោសក្នុងកម្រិតធ្ងន់ ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ ខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៣។
លោក ទូច ថាវរិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់ VOA ថា លោក ងួន រតនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់អ្នកស្រី ទេព វន្នី ដោយលើកមូលហេតុថា តុលាការបារម្ភពីអសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម ប្រសិនបើខ្លួនដោះលែងឲ្យអ្នកស្រីនៅក្រៅឃុំ។
«បើសិនជាឲ្យនៅក្រៅឃុំ វាអាចឲ្យមានគាត់ហ្នឹងទៅប្រព្រឹត្តបទល្មើសថ្មីកើតឡើងទៀត។ ទី២ ការស៊ើបសួររបស់ចៅក្រមស៊ើបសួរហ្នឹងមិនទាន់ចប់ជាស្ថាពរទេ។ ទី៣ហ្នឹងដើម្បីជៀសវាងកុំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ អញ្ចឹងទេបានជាសភាស៊ើបសួរសាលាឧទ្ធរណ៍សម្រេចតម្កល់ដីកាសម្រេចមិនព្រមដោះលែងឲ្យនៅក្រៅឃុំឲ្យនៅដដែល»។
ក្រោយចេញពីបន្ទប់សវនាការអ្នកស្រី ទេព វន្នី ស្រែកប្រាប់អ្នកសារព័ត៌មានថា តុលាការជាឈ្នាន់ដែលធ្វើតាមបញ្ជារបស់អ្នកមានលុយមានអំណាច។ ដូច្នេះ អ្នកស្រីគ្មានសង្ឃឹមថា តុលាការនឹងដោះលែងអ្នកស្រីឲ្យនៅក្រៅឃុំនោះទេ ។
អ្នកស្រីបន្តថា សំណុំរឿងរបស់អ្នកស្រីជាកំហុសរបស់ក្រុមសន្តិសុខខណ្ឌ និងរាជធានី ហើយថាអ្នកស្រីជាជនរងគ្រោះក្នុងករណីនេះ។
អ្នកស្រី ទេព វន្នី បានបន្ថែមដោយអំពាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់យុត្តិធម៌ឲ្យអ្នកស្រីតាមរយៈការបង្ហាញវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពនៅខាងមុខផ្ទះរបស់លោក ដែលអ្នកស្រីអះអាងថាជាភស្តុតាងបញ្ជាក់ថា អ្នកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់។
អ្នកស្រីស្រែកថា៖ «អ្នកដែលប្រព្រឹត្តហិង្សាពិតប្រាកដកំពុងតែមានសេរីភាពនៅខាងក្រៅ គឺខាងសន្តិសុខខណ្ឌដូនពេញ និងមន្ត្រីដែលមានសមត្ថកិច្ចមួយចំនួន ដែលប្រព្រឹត្តអំពើហិង្សាទៅលើប្រជាពលរដ្ឋដែលរងគ្រោះដោយសារដីធ្លី ដែលប្រជាពលរដ្ឋគ្រាន់តែជួបជុំគ្នាបញ្ចេញមតិនិយាយពីភាពអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ អញ្ចឹង ពួកគាត់ទាំងអស់នោះជាអ្នកទោសពិតប្រាកដ មិនមែននាងខ្ញុំទេ។ ហើយករណីដែលនាងខ្ញុំជាប់គុកម្ដងហើយម្ដងទៀត សុទ្ធតែសំណុំរឿងប្រឌិតទាំងអស់ មិនដែលមានសំណុំរឿងពិតណាមួយយកមកដាក់ទោសនាងខ្ញុំទេ។ អញ្ចឹងរឿងនេះពិតជាអយុត្តិធម៌ខ្លាំងណាស់។ មានតែសម្ដេច ហ៊ុន សែន ទេ ដែលអាចផ្ដល់យុត្តិធម៌ឲ្យនាងខ្ញុំបាន ព្រោះសម្ដេច ហ៊ុន សែន មានកាមេរ៉ាសុវត្ថិភាពនៅផ្ទះគាត់។ អញ្ចឹងគាត់អាចមើលឃើញរូបភាពច្បាស់ថាកម្លាំងសមត្ថកិច្ច ឬក៏នាងខ្ញុំជាអ្នកប្រព្រឹត្តបែបណា»។
លោក ទូច ថាវរិទ្ធ សុំមិនអធិប្បាយលើករណីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមិនបានយកវីដេអូកាមេរ៉ាសុវត្ថិភាពខាងមុខផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកបង្ហាញតាមការទាមទាររបស់អ្នកស្រី ទេព វន្នី។
លោក អំ សំអាត មន្ត្រីផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូដែលកំពុងបំពេញបេសកកម្មនៅបរទេស ប្រាប់ VOA តាមរយៈបណ្ដាញសង្គម Facebook ថា អ្នកស្រី ទេព វន្នី ជាសកម្មជនការពារដីធ្លីសកម្មមួយរូប ដូច្នេះលោកថា តុលាការនឹងមិនអនុញ្ញាតឲ្យអ្នកស្រីស្ថិតនៅក្រៅឃុំនោះទេ បើទោះជាអ្នកស្រីមានមូលហេតុគ្រប់គ្រាន់ក្នុងការស្នើសុំនៅក្រៅឃុំក៏ដោយ។
លោកបញ្ជាក់ក្នុងសម្រង់សម្ដីដើមថា៖ «ក្រោយពីមានយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ អ្នកស្រី ទេព វន្នី ក្លាយជាគោលដៅដ៏សំខាន់របស់អាជ្ញាធរបន្ថែមទៀត ហើយតុលាការបានលើកយកករណី អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់ជាច្រើនមកដំណើរការនៅពេលនេះ»។
លោកបន្ថែមថា អ្នកស្រីអាចនឹងត្រូវបានដោះលែង ប្រសិនជាស្ថានភាពនយោបាយនៅកម្ពុជាមានភាពធូរស្រាល។
«នៅពេលដែលស្ថានភាពនយោបាយមានភាពល្អប្រសើរ ហើយគណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា មានការចរចាគ្នា បន្តនូវវប្បធម៌សន្ទនា ស្វែងរកដំណោះស្រាយនយោបាយ និងធ្វើការរួមគ្នាដោយផ្អែកលើឧត្ដមប្រយោជន៍ជាតិ ឧត្ដមប្រយោជន៍ប្រជាពលរដ្ឋជាធំ នោះអ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិមនុស្ស និងសកម្មជនគណបក្សនយោបាយ និងអ្នកទោសមនសិការអាចមានសង្ឃឹមនៅក្រៅឃុំដូចកាលកន្លងមក»។
កាលពីថ្ងៃទី២២ ខែសីហា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីបឹងកក់២នាក់ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ពីបទប្រមាថ តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌដោយដាក់ពន្ធនាគាររយៈពេល៦ថ្ងៃ និងពិន័យជាប្រាក់៨ម៉ឺនរៀលក្នុងម្នាក់ៗ ពាក់ព័ន្ធនឹងសំណុំរឿងពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្ស៤រូប មន្ត្រី គ.ជ.ប ១រូប និងទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។
ក្រោយការសម្រេចនេះ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅយប់ថ្ងៃដដែល។
ដោយឡែកអ្នកស្រី ទេព វន្នី ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅមានពីរករណីផ្សេងទៀតនៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថមន្ត្រីរាជការសាធារណៈ និងបទប្រឆាំងមន្ត្រីរាជការសាធារណៈមានស្ថានទម្ងន់ទោសជាដើម។
អង្គការសិទ្ធិមនុស្ស Human Rights Watch និងអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួន៦០ បានស្នើសុំឲ្យទម្លាក់បទចោទប្រកាន់ និងដោះលែងសកម្មជនសិទ្ធិលំនៅស្ថានតំបន់បឹងកក់ទាំងពីររូបនេះ។
អង្គការទាំងនោះ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលធានានូវសិទ្ធិក្នុងការប្រមូលផ្ដុំដោយអហិង្សារបស់ប្រជាជន ដូចជាអ្នកដែលគាំទ្រយុទ្ធនាការអហិង្សាថ្ងៃចន្ទពណ៌ខ្មៅ ដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិផងដែរ៕
No comments:
Post a Comment