អ្នកភូមិថាមន្ត្រីអាជ្ញាធរអប្សរាមួយក្រុមលួចកាប់ដើមគ្រញូងមួយដើមធំក្នុងតំបន់អង្គរធំ
ឈើគ្រញូងមួយដើមទំហំមុខកាត់ជិត ១ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ នៅភាគខាងលិចនៃតំបន់អង្គរធំ ត្រង់ភូមិសាស្ត្រប្រាសាទជ្រុង ត្រូវមនុស្សមួយក្រុមដែលបើករថយន្តស្លាកលេខរដ្ឋ នាំគ្នាយករណារយន្តទៅអារផ្ដួលរំលំកាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា។
ប្រភពពីអ្នកភូមិនគរក្រៅ ដែលរស់នៅក្បែរនោះ ឲ្យដឹងថា ឈើគ្រញូងមួយដើមនេះមានអាយុកាលជាង ២០០ឆ្នាំ ដែលបច្ចុប្បន្នក៏ជាទីសក្ការបូជារបស់ប្រជាពលរដ្ឋ នៅពេលគេត្រូវការសែនព្រេន ឬក៏បន់ស្រន់អារុក្ខអារក្ខអ្នកតា ជាដើម។
ប្រជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ចោទប្រកាន់ថា មន្ត្រីអភិរក្សព្រៃឈើមួយក្រុមរបស់អាជ្ញាធរអប្សរា គឺជាអ្នកដៃដល់ដែលបានយកម៉ាស៊ីនរណារពីរគ្រឿង ទៅអារផ្ដួលរំលំឈើគ្រញូងមួយដើមធំនៅក្នុងតំបន់អង្គរធំ។
ក្រុមអ្នកភូមិខឹងសម្បាយ៉ាងខ្លាំង ពីព្រោះតែឈើគ្រញូងមួយដើមនោះ គឺពួកគេខំប្រឹងការពាររហូតដល់យកធ្វើជាកន្លែងបួងសួង និងសែនព្រេនផ្សេងៗតាមបែបជំនឿប្រពៃណីផង។
យុវជនម្នាក់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្នុងចំណោមអ្នកភូមិជាច្រើនទៀត គឺលោក វ៉ន វណ្ណា។ លោកអះអាងថា កាលពីវេលាម៉ោងជាង ៥ល្ងាចថ្ងៃទី៥ ខែវិច្ឆិកា នៅពេលដែលលោកកំពុងតែបើកម៉ូតូរ៉ឺម៉កដឹកភ្ញៀវ ស្រាប់តែឮសូរអ្នកភូមិប្រាប់ថា មានមនុស្សមួយក្រុមប្រដាប់ដោយម៉ាស៊ីនរណារ បាននាំគ្នាទៅអារឈើគ្រញូងមួយដើមនោះ។ យុវជនដដែលបញ្ជាក់ថា ពេលឮដូច្នេះ លោកក៏ស្រូតដំណើរទៅមើល ក៏ប៉ុន្តែមនុស្សមួយក្រុមនោះបានចងខ្សែបិទផ្លូវ ហើយហាមឃាត់មិនឲ្យចូលទៅមើលទេ។ ទោះបីជាយ៉ាងណា លោក វ៉ន វណ្ណា អះអាងថា លោកបានស្គាល់ក្រុមមនុស្សទាំងនោះ គឺជាមន្ត្រីផ្នែកអភិរក្សព្រៃឈើរបស់អាជ្ញាធរអប្សរា ពីព្រោះឡានរបស់គេមានប្រើស្លាកលេខរបស់រដ្ឋ ព្រមទាំងសម្លៀកបំពាក់មានបញ្ជាក់ពីអង្គភាពដែរ៖ «គេហៅគាត់ថាពូ ផល អ្នកគ្រប់គ្រងតំបន់របស់អាជ្ញាធរអប្សរា។ គាត់ជាអ្នកឈរបញ្ជាឲ្យកាប់ គឺមានឡានស្ទូចមួយគ្រឿងផង»។
ប្រភពពីអ្នកភូមិនគរក្រៅ ឲ្យដឹងថា បុរសម្នាក់ដែលឈរបញ្ជាឲ្យមនុស្សជាច្រើនទៀតយកម៉ាស៊ីនរណារទៅអាររំលំឈើគ្រញូងមួយដើមធំនោះ គឺឈ្មោះ ចេវ ផល ជាប្រធានផ្នែកអភិរក្សព្រៃឈើរបស់អាជ្ញាធរអប្សរា។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងលោក ចេវ ផល និងមន្ត្រីអាជ្ញាធរអប្សរាដទៃទៀត ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី៦ ខែវិច្ឆិកា។
ចំណែកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដែលទៅពិនិត្យមើលដើមឈើរំលំដួលទៅហើយ លោក ភួង លីណា មានប្រសាសន៍ថា តាមការស្រាវជ្រាវជំហានដំបូង គឺលោកបានត្រឹមតែដឹងថាមានជនមួយក្រុមបានទៅលួចកាប់ឈើគ្រញូងនោះ ក៏ប៉ុន្តែលោកនៅមិនទាន់ហ៊ានអះអាងថាជនមួយក្រុមនោះជាអ្នកណានៅឡើយ។
លោក ភួង លីណា បញ្ជាក់ថា គ្រញូងជាប្រភេទឈើមានតម្លៃបំផុត ដែលច្បាប់បានហាមឃាត់។ កម្លាំងរបស់លោក នឹងស្រាវជ្រាវករណីកាប់ឈើនេះ ហើយប្រសិនបើរកឃើញអ្នកដៃដល់ នឹងត្រូវយកទៅផ្ដន្ទាទោសផង និងពិន័យជាប្រាក់ផង៖ «យើងត្រូវតែធ្វើការស្រាវជ្រាវរកឲ្យឃើញថា តើអ្នកណាជាអ្នកកាប់ឈើមួយដើមនេះពិតប្រាកដ»។
អ្នកភូមិនគរក្រៅ ឲ្យដឹងថា កាលពី ៥-៦ខែមុន ឈើគ្រញូងមួយដើមធំនោះ ធ្លាប់ត្រូវបានក្រុមឈ្មួញលួចចូលទៅអារបម្រុងយកទៅលក់ដូរម្ដងមកហើយ ក៏ប៉ុន្តែទើបតែអារបានជម្រៅជាង ១តឹក ក៏បែកការណ៍ ហើយរត់គេចខ្លួនបាត់។
ប្រជាការពារភូមិនគរក្រៅ លោក ម៉ោង សុខុន ឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកដែលអាររំលំដើមគ្រញូងនោះ មិនមែនជាពួកឈ្មួញរកស៊ីឈើទេ គឺជាមន្ត្រីអាជ្ញាធរអប្សរា។ បុរសដដែលបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា គឺលោកបានទៅមើលឈើគ្រញូងនោះម្ដងទៀត ក៏ឃើញមន្ត្រីអភិរក្សព្រៃឈើរបស់អាជ្ញាធរអប្សរាកាន់ម៉ាស៊ីនរណារបម្រុងកាត់ឈើនោះយកដែរ៖ «គាត់ថាតំបន់នេះជាតំបន់ដែលគាត់គ្រប់គ្រង មិនអាចឲ្យអ្នកណាមកកាប់ឈើគ្រញូងនេះបានក្រៅតែពីគាត់ទេ»។
បុរសអ្នកភូមិនគរក្រៅ ម្នាក់ទៀត លោក កុយ ម៉ុម បានសម្ដែងការខឹងសម្បាយ៉ាងខ្លាំងចំពោះការកាប់ផ្ដួលដើមគ្រញូងមួយដើមនោះ។ គាត់មានប្រសាសន៍ថា ឈើគ្រញូងមួយដើមនេះ គឺមានអាយុប្រហែលជាង ២០០ឆ្នាំហើយ តាំងពីគាត់កើតមក គឺឃើញធំទៅហើយ។ បុរសដដែលអះអាងថា រូបគាត់ និងអ្នកភូមិ តែងនាំគ្នាទៅគោរព និងបន់ស្រន់នៅនឹងកន្លែងគ្រញូងមួយដើមនេះ៖ «ប្រជាជននៅនគរក្រៅ នេះមើលថែដើមគ្រញូងតែមួយដើមនេះឯង ខ្លាចតែវាបាត់មួយដើមនេះទៅ ក្មេងជំនាន់ក្រោយមិនស្គាល់។ ឥឡូវបាត់មែន!»។
អ្នកជំនាញខាងជួញដូរឈើឲ្យដឹងថា ឈើគ្រញូងមួយដើមដែលមានមុខកាត់ជិត ១ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រនោះ ប្រសិនបើយកទៅលក់ឲ្យឈ្មួញ យ៉ាងហោចណាស់ក៏វាមានតម្លៃប្រហែលនឹងឡានទំនើបឡិចស៊ីលសេរី ២០១៦ (LEXUS ២០១៦) ចំនួន ១គ្រឿង ឬជាង ១០ម៉ឺនដុល្លារ។
អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង ឲ្យដឹងថា អាជ្ញាធរខេត្តកំពុងចាត់ឲ្យមន្ត្រីជំនាញចុះស៊ើបអង្កេតករណីនេះ ហើយជំរុញឲ្យមន្ទីរបរិស្ថាន កសាងសំណុំរឿងនេះដាក់ទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប ដើម្បីឲ្យចេញដីកាតាមរកចាប់ខ្លួនអ្នកដៃដល់ក្នុងការកាប់ឈើគ្រញូងនោះ។
លោក គឹម ឆៃហៀង បញ្ជាក់ថា បើទោះបីជាដើមគ្រញូងនោះស្ថិតនៅតំបន់អង្គរ និងធ្វើឲ្យប៉ះពាល់ដោយប្រការណាក៏ដោយ ក៏មន្ត្រីអភិរក្សមិនអាចសម្រេចចិត្តកាប់ដោយឯកច្ឆន្ទបានទេ គឺត្រូវទាមទារឲ្យមានកិច្ចសហការពីស្ថាប័នចម្រុះ ជាពិសេសគឺមន្ទីរបរិស្ថានដែលជាសមត្ថកិច្ចទទួលខុសត្រូវធំលើដើមឈើទាំងនោះជាមុនសិន៕
No comments:
Post a Comment