Monday, November 21, 2016

តុលាការ​នឹង​បញ្ចប់​សំណុំ​រឿង​ទី​២​នៃ​រឿង​ក្ដីក្ដាំ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​២៣​វិច្ឆិកា

 សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ ប្រឆាំង​នឹង​ជន​ជាប់​ចោទ ខៀវ សំផន និង នួន ជា នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly

សាលា​ក្ដី​ខ្មែរ​ក្រហម ធ្វើ​សន្និសីទ​កាសែត​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ ប្រឆាំង​នឹង​ជន​ជាប់​ចោទ ខៀវ សំផន និង នួន ជា នៅ​ថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា សប្ដាហ៍​នេះ។

ការ​ប្រកាស​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល នៅ​ថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា គឺ​ជា​ការ​បញ្ចប់​សំណុំ​រឿង​ទី​២ នៃ​រឿង​ក្ដីក្ដាំ​របស់​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម។

សាល​ដីកា​ស្ថាពរ​នោះ គឺ​សម្រេច​អំពី​ការ​មិន​សុខ​ចិត្ត​របស់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​១ ក្រោយ​ពេល​ធ្វើ​សវនាការ​អស់​រយៈពេល ២២២​ថ្ងៃ។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រក​ឃើញ​ថា ជន​ជាប់​ចោទ​មាន​ពិរុទ្ធភាព​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ ហើយ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤ សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ទាំង​ពីរ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា មន្ត្រី​ផ្នែក​ច្បាប់​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក ឡាស អូលសិន (Lars Olsen) រំឭក​ឡើង​វិញ​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជំទាស់​ការ​ផ្ដន្ទាទោស​នេះ​ថា​ខុស​អង្គ​ហេតុ និង​អង្គ​ច្បាប់ ហើយ​ធ្វើ​បណ្ដឹង​សាទុក្ខ​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ ឬ​ត្រូវ​ដោះលែង​ពួក​គាត់៖ «»។


ក្រៅ​ពី​ការ​មិន​សុខ​ចិត្ត​របស់​ភាគី​ជន​ជាប់​ចោទ ភាគី​សហ​ព្រះរាជអាជ្ញា ក៏​បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ដែរ ដោយ​សុំ​សាលា​ក្ដី​នេះ ពង្រីក​ការ​អនុវត្ត​ទម្រង់​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III” ដើម្បី​ឲ្យ​អ្នក​ក្នុង​ក្រុម​ប្រព្រឹត្ត​បទឧក្រិដ្ឋ អាច​ជាប់​ពាក់ព័ន្ធ​ការ​ទទួល​ខុស​ត្រូវ ហើយ​យក​មក​ជំនុំ​ជម្រះ​ក្ដី​បាន។

ជន​ជាប់​ចោទ ខៀវ សំផន ដែល​ជា​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ត្រូវ​បាន​សាលា​ដំបូង​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ប្រព្រឹត្ត​នៅ​ក្នុង​អំឡុង​ពេល​ជម្លៀស​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​យ៉ាង​ហោច ២​លាន​នាក់ កាល​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ និង​ការ​ផ្លាស់​ទី​ដោយ​បង្ខំ​បន្តបន្ទាប់​ពី​តំបន់​ដទៃ​ទៀត រួម​ទាំង​ការ​កាប់​សម្លាប់​អតីត​មន្ត្រី​រដ្ឋការ​សម័យ លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់។

ការ​ប្រកាស​សាល​ដីកា​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល នៅ​ថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា គឺ​ជា​ការ​ប្រកាស​លទ្ធផល​នៃ​បណ្ដឹង​សាទុក្ខ​របស់​ភាគី​ទាំង​ពីរ ហើយ​ក៏​ជា​ការ​ប្រកាស​បិទ​ផ្លូវ​តវ៉ា​ទាំងអស់​សម្រាប់​ការ​ជំនុំ​ជម្រះ​វគ្គ​១ នៃ​សំណុំ​រឿង​០០២។ មន្ត្រី​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​នឹង​ត្រូវ​គេ​យក​ទៅ​ឃុំឃាំង​នៅ​ឯណា​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ក្រោយ​ការ​សម្រេច​របស់​តុលាការ​កំពូល​សិន។

កាល​ពី​សំណុំ​រឿង​០០១ ដែល​មាន​បណ្ដឹង​សាទុក្ខ​ដូច​គ្នា លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម ប្រគល់​ឲ្យ​ក្រសួង​មហាផ្ទៃ យក​ទៅ​ឃុំឃាំង​នៅ​គុក​ខេត្ត​កណ្ដាល រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕

No comments:

Post a Comment