គណបក្សពីរជំរុញឲ្យពលរដ្ឋចុះឈ្មោះ
ភ្នំពេញ: មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាពីព្រោះការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ២៩ ខែវិច្ឆិកានេះ បើទោះបីអ្នកមានសិទ្ធិចុះឈ្មោះប្រមាណមួយលាននាក់ជាងត្រូវបានប៉ាន់ស្មានថានឹងមិនបានចុះឈ្មោះក្នុងចំណោមអ្នកមានសិទិ្ធចុះឈ្មោះ ៩ លាននាក់ជាង។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតបានថ្លែងកាលពីម្សិលមិញថា៖ «តាមការប៉ាន់ស្មានជាបឋមអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតជាងមួយលាននាក់នឹងខកខានមិនបានចុះឈ្មោះទាន់តាមពេលវេលាដែលបានកំណត់ដោយសារតែបញ្ហាចំណាកស្រុកស្វែងរកការងារ»។
លោក ពុទ្ធា ថ្លែងបើទោះបីជាមានការខកខានមិនបានចុះឈ្មោះក៏ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់សម្រេចនៅឡើយទេថាតើនឹងមានការពន្យារពេលការចុះឈ្មោះបោះឆ្នោតនៅឡើយទេ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងដំណើរចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងកាលពីថ្ងៃសុក្របានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានបន្តពន្យល់ និងជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ត្រូវបន្តពន្យល់ និងជំរុញប្រជាពលរដ្ឋឲ្យបានទៅចុះឈ្មោះបោះឆ្នោតឲ្យបានឆាប់រហ័ស និងគ្រប់គ្នាព្រោះនឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះហើយ»។ «សំខាន់ខ្លាំងណាស់គឺនៅសល់តែ ១០ ថ្ងៃទៀតទេ! សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ កន្លែងចុះឈ្មោះបោះឆ្នោតគឺបើកធ្វើការទាំងថ្ងៃសៅរ៍ និងអាទិត្យ»។
ចំណែកលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសបានសរសេរសារជាបន្តបន្ទាប់តាំងពីដើមខែវិច្ឆិកាមកគឺមានទាំងសារសរសេរជាអក្សរ និង ជាវីដេអូឃ្លីបដែលបានរៀបរាប់ពីផលប្រយោជន៍នៃការចុះឈ្មោះ និង ការបោះឆ្នោត។
លោក លោក សម រង្ស៊ី បានថ្លែងថា៖ «ខ្ញុំអំពាវនាវដល់កម្មកររោងចក្រ និងកម្មករទាំងអស់មកពីជនបទហើយធ្វើការតាមទីប្រជុំជនធំៗដូចជាក្នុងទីក្រុងភ្នំពេញត្រូវតែទៅចុះឈ្មោះបោះឆ្នោត បើសិនចង់បានប្រាក់ខែខ្ពស់ជាងពេលបច្ចុប្បន្នហើយនឹងធ្វើឲ្យប្រសើរឡើងដល់លក្ខខណ្ឌការងារ និងជីវភាពល្អប្រសើរដែលគណបក្សសង្គ្រោះជាតិអាចធ្វើបាននៅពេលដឹកនាំរដ្ឋាភិបាលហើយនឹងប្ដេជ្ញាចិត្តបំបាត់អំពើពុករលួយ និងជំរុញយុត្តិធម៌សម្រាប់សង្គម»។
កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតមានរយៈពេល ៩០ ថ្ងៃគឺចាប់ពីថ្ងៃទី ១ កញ្ញា រហូតដល់ថ្ងៃទី ២៩ វិច្ឆិកា។ រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិការនេះនៅសល់ប្រជាពលរដ្ឋជាង ២ លាននាក់ទៀតដែលគ្រប់អាយុតែមិនបានទៅចុះឈ្មោះឆ្នោត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍នេះដែរបានថ្លែងសំណេះសំណាលទៅកាន់ក្រុមទ្រទ្រង់ចលនាយុវជន និងចលនាស្ត្រីខេត្តកំពង់ចាមដោយបានរៀបចំយុទ្ធនាការដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដោយផ្ដោតទៅលើឃុំ សង្កាត់ណាដែលអ្នកចុះឈ្មោះបោះឆ្នោតនៅចំនួនតិចនៅឡើយ។
លោក សុខា ក៏បានថ្លែងថាគណបក្សត្រៀមរៀបចំប្រកាសជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ដោយផ្ដោតលើបេក្ខជនដែលមានគុណភាព ប្រជាប្រិយភាព និងភាពស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋហើយគណបក្សប្រឆាំងនឹងបន្ថែមលើការរិះគន់រាជរដ្ឋាភិបាលដើម្បីចូលរួមដោះស្រាយបញ្ហារបស់ពលរដ្ឋ៕
No comments:
Post a Comment