Saturday, November 12, 2016

ខ្មែរ​ក្រោម​ត្រៀម​លក្ខណៈ​ជា​ស្រេច​​ដើម្បី​ចូល​រួម​ប្រណាំង​ទូកង

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មិត្ត​សមាគម​ខ្មែរ​កម្ពុជា លោក តាំង សារៈ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៥។ RFA/Morm Moniroth



ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទុក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​ឆ្នាំ​នេះ ខ្មែរ​ក្រោម​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួត​ទូកង​ជាមួយ​ទូកង​មក​ពី​តាម​បណ្ដា​ខេត្ត​នានា។ អ្នក​គ្រប់គ្រង​ទូកង​ខ្មែរ​កម្ពុជា​ក្រោម លើក​ឡើង​ថា បើ​ការ​ប្រកួត​ទទួល​បាន​ជ័យជំនះ វា​ជា​មោទនភាព​របស់​ខ្មែរ​ក្រោម តែ​បើ​មិន​បាន​ជយលាភី​ទេ​វា​ក៏​ជា​ការ​រួម​ចំណែក​ថែរក្សា​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​មួយ​នេះ​ដែរ។

ទូកង​របស់​ខ្មែរ​ក្រោម​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ"។ ទូកង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​បាន​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​តាំង​ពី​ឆ្នាំ​២០០១ មក។

ប្រធាន​គណៈកម្មការ​ទូ​ក​ង "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ" និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គឺ​លោក តាំង សារៈ។ លោក​ឲ្យ​ដឹង​ថា ដោយសារ​ពិធីបុណ្យ​ប្រណាំង​ទូក​គឺ​ជា​ទំនៀមទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ដោយ​ឡែក​នៅ​ដែនដី​កម្ពុជា ក្រោម​ឯ​ណោះ ពលរដ្ឋ​ខ្មែរ​ក្រោម ក៏​បាន​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក​នេះ​ជា​រៀង​រាល់​ឆ្នាំ​ដែរ លោក តាំង សារៈ ថា ការ​បង្កើត​ទូកង​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ គឺ​ខ្មែរ​ក្រោម​មាន​បំណង​ចូល​រួម​ក្នុង​ការ​ថែរក្សា​ទំនៀមទម្លាប់​នេះ​ឲ្យ​គង់វង្ស​ត​ទៅ​ទៀត។

លោក តាំង សារៈ៖ «យើង​យល់​ឃើញ​ថា យើង​ខ្ញុំ​ដែល​ជា​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ភៀស​ខ្លួន​មក​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ គិត​ថា នេះ​ជា​ប្រពៃណី​ដែល​ខ្មែរ​កម្ពុជា​ក្រោម តែង​ប្រកាន់​ខ្ជាប់​មក​ដែរ ហេតុ​ដូច្នេះ​នៅ​ពេល​ខ្មែរ​កម្ពុជា​ក្រោម បាន​មក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​គួរ​តែ​មាន​ទូក​ដើម្បី​ចូលរួម​ប្រណាំង​ដើម្បី​រក្សា​នូវ​ទំនៀម​ទម្លាប់​នោះ ហើយ​ម្យ៉ាង​ទៀត ដូចជា​ឯកសារ​ផ្សេងៗ​បាន​បញ្ជាក់​ហើយ​ថា ការ​ប្រណាំង​ទូក គឺ​ជា​ពិធី​មួយ​ដែល​មាន​ប្រភព​មក​ពី​ដែនដី​កម្ពុជា​ក្រោម​នេះ​ឯង គឺ​មក​ពី​ខេត្ត​បាសាក់ សព្វថ្ងៃ​គឺ​ខេត្ត​ឃ្លាំង​នេះ​ឯង»។

និមិត្តសញ្ញា​នៃ​ទូកង "ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ" គឺ​រូប​រាហូ​ចាប់​ច័ន្ទ រំលេច​ទៅ​ដោយ​ទង់​ពណ៌​ខៀវ លឿង ក្រហម ដែល​ជា​ទង់​ជាតិ​របស់​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ សម្រាប់​សម្លៀក​បំពាក់​របស់​កីឡាករ​នៅ​ឆ្នាំ​នេះ លោក តាំង សារៈ បញ្ជាក់​ថា គឺ​មាន​មួក​ពណ៌​ខៀវ អាវ​ពណ៌​លឿង និង​ខោ​ពណ៌​ក្រហម ដែល​ជា​ពណ៌​នៃ​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ដែរ។

បច្ចុប្បន្ន​ទូកង "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ" ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី នា​រាជធានី​ភ្នំពេញ។ ទូក​នេះ គឺ​ជា​ប្រភេទ​ទូក​ប្រណាំង​អន្តរជាតិ​មាន​ចំណុះ ២២​នាក់ ប៉ុន្តែ​បើ​រាប់​បញ្ចូល​ទាំង​កីឡាករ​បម្រុង និង​ក្រុម​ការងារ​ផ្សេង​ទៀត មាន​គ្នា​ទាំង​អស់​ចំនួន ២៨​នាក់។

លោក តាំង សារៈ ឲ្យ​ដឹង​ថា កីឡាករ​នៃ​ទូក "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ" ទាំង​អស់ គឺ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រស់​នៅ​ក្នុង​ភូមិ​សង្គមមានជ័យ ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ។ ពួកគេ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​ទី​នោះ តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា និង​ត្រូវ​ឡើង​មក​ហាត់​សម​ជា​មួយ​ទូកង​មក​ពី​បណ្ដា​ខែត្រ​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ក្រោយ​ពី​ទូក "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ" នឹង​ត្រូវ​ធ្វើ​ពិធី​ក្រុង​ពាលី​ដង្ហែ​ទៅ​កាន់​ទន្លេ​ចតុមុខ នៅ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ដដែល។

លោក តាំង សារៈ បញ្ជាក់​ថា ការ​សម្រេច​ជ្រើស​រើស​យក​កីឡាករ​ខ្មែរ​ក្រោម​ចេញ​ពី​ខេត្ត​តាកែវ តែ​មួយ​នៅ​ឆ្នាំ​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ៖ «ពី​មុន​យើង​បាន​យក​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​នៅ​រាជធានី​ភ្នំពេញ តែ​វា​ជួប​ការ​លំបាក​ដោយ​ហេតុ​ថា ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​ដែល​ហ្វឹកហាត់​យើង​ត្រូវ​មាន​រថយន្ត​ដើរ ប្រមូល​ពួក​គាត់​ទម្រាំ​គ្រប់​ចំនួន យើង​ត្រូវ​ចំណាយ​ច្រើន»។

ខុស​ពី​ទូកង​នៅ​កម្ពុជា មួយ​ចំនួន​ដែល​មាន​អ្នក​មាន​ទ្រព្យសម្បត្តិ និង​យសស័ក្ដិ​ជួយ​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ឬ​សម្ភារៈ​ផ្សេងៗ​ក្នុង​ពេល​ហ្វឹកហាត់ និង​ក្នុង​អំឡុង​ពេល​ប្រកួត​នៅ​រាជធានី​ភ្នំពេញ ទូកង​ខ្មែរ​ក្រោម​ពុំ​សូវ​មាន​អ្នក​ធំ​ណា​ជួយ​ឧបត្ថម្ភ​ឡើយ។ លោក តាំង សារៈ អះអាង​ថា ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០១ មក គឺ​មាន​តែ​ពលរដ្ឋ ជា​ពិសេស​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លួន​ឯង​ដែល​ជា​អ្នក​ចូលរួម​ជ្រោមជ្រែង​ឧបត្ថម្ភ​តាម​ការ​អំពាវនាវ​របស់​គណៈកម្មការ​ទូក។

សម្រាប់​ឆ្នាំ​នេះ លោក តាំង សារៈ ថា កីឡាករ​ទូកង​ខ្មែរ​ក្រោម​ទាំង​អស់​នឹង​មក​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ក្នុង​អំឡុង​ពេល​នៃ​ការ​ហ្វឹកហាត់ និង​ការ​ប្រណាំង​ទូក​នៅ​ភ្នំពេញ៖ «នៅ​ថ្ងៃ​អុំ​ពេល​ព្រឹក​ត្រូវ​មាន​រថយន្ត​ដឹក​គាត់​ពី​វត្ត​សាមគ្គីរង្សី ចូល​មក​ហូប​បាយ​នៅ​ផ្ទះ​ខ្ញុំ តែ​មិន​មែន​មាន​ន័យ​ថា ផ្ទះ​របស់​ខ្ញុំ​ជា​អ្នក​ទទួល​រ៉ាប់រង​ទេ ប៉ុន្តែ​ថវិកា​យក​មក​ឲ្យ​គ្រួសារ​ខ្ញុំ​ជា​អ្នក​ធ្វើ»។

ព្រះរាជ​ពិធី​បុណ្យ​អុំទូក ត្រូវ​បាន​រដ្ឋាភិបាល​អាក់​ខាន​រៀបចំ​មិន​ទៀង​ទាត់​ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក ដោយ​ហេតុផល​ផ្សេងៗ។ សម្រាប់​ឆ្នាំ​នេះ ពិធី​បុណ្យ​អុំ​ទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។ រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​នេះ​មាន​ទូកង​ជិត ៣០០ នឹង​ចូល​រួម​ប្រណាំង។

លោក តាំង សារៈ រម្លឹក​ថា តាំង​ពី​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​២០០១ មក ទូក "ខ្មែរ​កម្ពុជា​ក្រោម​មាន​ជ័យ" មិន​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​ក្នុង​ផែន​លេខ​១ នោះ​ទេ គឺ​ជាប់​ត្រឹម​ចំណាត់​ថ្នាក់​មធ្យម​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក តាំង សារៈ អះអាង​ថា ក្នុង​កីឡា រឿង​ការ​ចាញ់​ឈ្នះ​ជា​រឿង​ធម្មតា។ លោក​ថា បើ​ឈ្នះ​វា​ជា​កិត្តិយស​របស់​ខ្មែរ​ក្រោម តែ​បើ​ចាញ់​វិញ វា​​ក៏​បាន​បង្ហាញ​ថា ការ​ចូលរួម​ប្រណាំង​របស់​ខ្មែរ​ក្រោម​គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ខ្មែរ​ឲ្យ​គង់វង្ស​ឋិតថេរ​ត​រៀង​ទៅ៕

No comments:

Post a Comment