Saturday, November 12, 2016

ជនជាតិ​ដើម​ភាគ​តិច​មួយ​ភូមិ​ថ្មី​ទៀត​នៅ​រតនគិរី​អនុម័ត​លក្ខន្តិកៈ​បង្កើត​សហគមន៍

ជនជាតិ​ដើម​ភាគតិច​ទំពួន នៅ​ភូមិ​ស៊ើង ឃុំ​ស៊ើង ស្រុក​បរកែវ ខេត្ត​រតនគិរី នាំ​គ្នា​លើក​ដៃ​អនុម័ត​លក្ខន្តិកៈ​សហគមន៍​ដើម្បី​ត្រៀម​សុំ​ចុះ​បញ្ជី​ជា​សហគមន៍​នីតិបុគ្គល​នៅ​ក្រសួង​​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal


ជនជាតិ​ដើម​ភាគតិច​ទំពួន រស់​នៅ​ភូមិ​ស៊ើង ឃុំ​ស៊ើង ស្រុក​បរកែវ ខេត្ត​រតនគិរី មួយ​ភូមិ​ថ្មី​ទៀត នាំ​គ្នា​ប្រជុំ​អនុម័ត​លក្ខន្តិកៈ​សហគមន៍​ដើម្បី​ត្រៀម​សុំ​ចុះ​បញ្ជី​ជា​សហគមន៍​នីតិបុគ្គល​នៅ​ក្រសួង​​មហាផ្ទៃ។ គម្រោង​បង្កើត​សហគមន៍​ផ្លូវ​ការ​នេះ ក៏​ដើម្បី​ឈាន​ទៅ​អនុវត្ត​គោលនយោបាយ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​កម្មសិទ្ធិ​សមូហភាព។

ការ​ពង្រឹង​សមត្ថភាព និង​ភាព​ជា​ម្ចាស់​សហគមន៍​ក្នុង​គោលបំណង​គ្រប់គ្រង អភិវឌ្ឍន៍ ថែរក្សា​វប្បធម៌​ប្រពៃណី ទំនៀម​ទម្លាប់ អត្តសញ្ញាណ​ដីធ្លី ព្រៃឈើ ធនធាន​ធម្មជាតិ​ឲ្យ​នៅ​គង់វង្ស​ត្រូវ​បាន​ជនជាតិ​ទំពួន​ជាង ១០០​គ្រួសារ​នៅ​ភូមិ​ស៊ើង កំណត់​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន​ដែល​បាន​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​សហគមន៍​នៅ​ឯ​ភូមិ​ស៊ើង នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។

លក្ខន្តិកៈ​សហគមន៍​ភូមិ​ស៊ើង មាន ៧​ជំពូក និង ២៦​ប្រការ នឹង​ត្រូវ​ដាក់​ជូន​ក្រសួង​មហាផ្ទៃ ដើម្បី​ចុះ​បញ្ជី​​ទទួល​ស្គាល់​សហគមន៍​នេះ​ផ្លូវការ​ក្រោយ​ពេល​អ្នក​ភូមិ​អនុម័ត​រួច។

ប្រធាន​សហគមន៍​ភូមិ​ស៊ើង ដែល​ទើប​ជ្រើសរើស លោក រម៉ាម ជ្រី បញ្ជាក់​ថា កិច្ច​ការពារ​ដីធ្លី​​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​គឺ​ជា​ឆន្ទៈ​នៃ​ជនជាតិ​ដើម​ភាគតិច​ទំពួន​ភូមិ​ស៊ើង ដែល​ត្រៀម​រៀបចំ​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព។

ជនជាតិ​ដើម​ភាគតិច​ទំពួន នៅ​ភូមិ​ស៊ើង ឃុំ​ស៊ើង ស្រុក​បរកែវ ខេត្ត​រតនគិរី ធ្វើ​ពិធី​ជប់​លៀង​អបអរ​ការ​​អនុម័ត​លក្ខន្តិកៈ​សហគមន៍​ដើម្បី​ត្រៀម​សុំ​ចុះ​បញ្ជី​ជា​សហគមន៍​នីតិបុគ្គល កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal RFA/Ratha Visal
លោក​ថា ជនជាតិ​ដើម​ភាគតិច​រស់​នៅ​​ពឹង​អាស្រ័យ​លើ​ដីធ្លី និង​ធនធាន​ធម្មជាតិ​ជា​សំខាន់ និង​ជា​អាយុ​ជីវិត​អ្នក​ភូមិ ហេតុ​នេះ​ប្រសិន​អ្នក​ភូមិ​បាត់បង់​ដី និង​គ្មាន​ធនធាន​ធម្មជាតិ​អាស្រ័យផល វប្បធម៌ ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច នឹង​ត្រូវ​សាបសូន្យ​ផង​ដែរ៖ «គ្រប់គ្រង​សហគមន៍​ភូមិ​សឺង ដី​ព្រៃ​ឈើ​ឲ្យ​នៅ​គង់វង្ស ការ​សាមគ្គី​រវាង​ភូមិ​និង​ភូមិ​ឲ្យ​មាន​ការ​សាមគ្គី​គ្នា។ ចំពោះ​គណៈកម្មាធិការ​ក្នុង​មួយ​ខែ​ប្រជុំ​ឲ្យ​បាន​ម្ដង​ទាន់​ពេល​វេលា»។

សហគមន៍​ភូមិ​ស៊ើង ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ធ្វើស្រែ​ចម្ការ ដាំ​ដំណាំ​រួម​ផ្សំ ប្រមាញ់​សត្វ ចិញ្ចឹម​សត្វ នេសាទ​ត្រី​បែប​ប្រពៃណី ប្រមូល​អនុផល​ព្រៃឈើ និង​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ប្រពៃណី​ដែល​នឹង​ក្លាយ​ទៅ​ជា​គណៈកម្មាធិការ​សហគមន៍​ក្រោយ​ពេល​អនុម័ត​លក្ខន្តិកៈ​សហគមន៍​រួច។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស៊ើង អ្នកស្រី ម៉ឹង កាស បង្ហាញ​អារម្មណ៍​រីករាយ ខណៈ​អ្នក​ភូមិ​បាន​មូល​មតិ​បង្កើត​បាន​លក្ខន្តិកៈ​សហគមន៍​ដើម្បី​អនុវត្ត​វិធាន​ផ្ទៃក្នុង​សហគមន៍​ឲ្យ​ប្រសើរ ជាពិសេស​ការ​អនុម័ត​លក្ខន្តិកៈ​សហគមន៍​នៅ​ពេល​នេះ គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​ដើម្បី​លុបបំបាត់​បញ្ហា​ទន្ទ្រាន​កាប់​​ដី និង​ការ​លក់​ដី​សហគមន៍​ច្រើន​កន្លង​ទៅ​នេះ។

អ្នកស្រី​កត់សំគាល់​ថា កន្លង​ទៅ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ទំនាស់​លក់ដូរ​ដី​សហគមន៍ ក៏​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​ដីធ្លី​ប្រកប​របរ​កសិកម្ម និង​ជីវភាព​រស់​នៅ​កាន់​តែ​ធ្លាក់​ចុះ៖ «កុំ​ឲ្យ​កាប់​ព្រៃឈើ​យើង​ការពារៗ​គ្រប់​គ្នា អ្នក​ចូល​រួម​ក្នុង​សហគមន៍​អ្នក​មាន​វត្តមាន​ថ្ងៃ​នេះ​យើង​ត្រូវ​ការពារ​ទាំង​អស់​គ្នា។ បើ​ការពារ​ម្នាក់ៗ​វា​អត់​សម្រេច»។

គណៈកម្មាធិការ​សហគមន៍​ភូមិ​ស៊ើង មាន​សមាសភាព ១៣​នាក់ គឺ​ជា​តំណាង​ស្រប​ច្បាប់ និង​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ​សហគមន៍​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស ឬ​ឯកភាព​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​សហគមន៍​ដោយ​មាន​សំឡេង ២​ភាគ​បី​នៃ​សមាជិក​គាំទ្រ។ គណៈកម្មាធិការ​នេះ​ដឹកនាំ​ដោយ​ប្រធាន​អនុ​ប្រធាន​លេខាធិការ និង​ហិរញ្ញិក រួម​ទាំង​សមាជិក ៩​នាក់ ដើម្បី​សម្របសម្រួល​ដោះស្រាយ​វិវាទ​លើ​គម្រោង​ផែនការ​អភិវឌ្ឍន៍​អភិរក្ស​អត្តសញ្ញាណ​វប្បធម៌ ប្រពៃណី របាំ​តន្ត្រី​គ្រប់គ្រង​ប្រើប្រាស់​ដីធ្លី​ធនធាន​ធម្មជាតិ​ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់​នានា ដែល​រាជរដ្ឋាភិបាល​បាន​កំណត់។

អភិបាល​រង​ស្រុក​បរកែវ លោក មាស សារ៉េត មាន​ប្រសាសន៍​ថា ការ​ចងក្រង​សហគមន៍​ផ្លូវ​ការ​នេះ គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​ជនជាតិ​ដើម​ភាគតិច និង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ជាពិសេស​លុបបំបាត់​សកម្មភាព​លក់​ដូរ​ដី​សហគមន៍។ លោក​បន្ត​ថា សហគមន៍​ត្រូវ​អនុវត្ត​លក្ខន្តិកៈ​សហគមន៍ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​រាល់​បាតុភាព​កើត​មាន​ក្នុង​សហគមន៍៖ «បើ​យើង​ចងក្រង​សហគមន៍​នេះ យើង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​សមូហភាព។ សូម្បី​គ្នា​យើង​ចូល​រួម ក៏​មាន​ន័យ​ទៅ​ថ្ងៃ​មុខ​ទៅ អ៊ីចឹង​ជា​សមូហភាព​ទាំង​អស់​គ្នា​គ្រប់គ្រង​រួម»។

​នៅ​ខេត្ត​រតនគិរី ចាប់​ពី​ឆ្នាំ​២០០៩ រហូត​បច្ចុប្បន្ន​ជន​ជាតិ​ដើម​ភាគ​តិច ៦៥​ភូមិ បាន​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល​ទទួល​ស្គាល់​ផ្លូវការ​ដោយ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​ដែរ សហគមន៍​ចំនួន ៥ បាន​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​ទទួល​ស្គាល់​ដោយ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​បរកែវ លោក សុខ ប៊ុនថន រំពឹង​ថា ក្រោយ​ពី​សហគមន៍​ភូមិ​សឺង បាន​អនុម័ត​លក្ខន្តិកៈ​រួច​រាល់​នោះ​សមាជិក​សហគមន៍ នឹង​បន្ត​អនុវត្ត​ការងារ​អភិរក្ស​ដីធ្លី​ធនធាន​ធម្មជាតិ​បាន​កាន់តែ​ប្រសើរ និង​ចៀសវាង​ប្រព្រឹត្ត​ខុស​លក្ខន្តិកៈ​សហគមន៍​កំណត់៖ «បងប្អូន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​អនុម័ត​សេចក្ដី​ព្រោង និង​អនុវត្ត​លក្ខន្តិកៈ​នេះ​ឲ្យ​បាន​ជោគជ័យ។ សង្ឃឹម​ថា បង​ប្អូន​នឹង​អនុវត្ត​គោលការណ៍​របស់​យើង​បន្ត​ទៅ​ថ្ងៃ​ក្រោយ»។

​សហគមន៍​ភូមិ​ស៊ើង មាន​ជំនឿ​លើ​វិញ្ញាណ​និយម​ដូចជា​ជំនឿ​លើ​ខ្មោច អារក្ស​ព្រៃ អារក្ស​ភូមិ សែន​ចម្ការ និង​ជឿ​លើ​សុបិន។ ខ្មោច​ស្លាប់​តៃហោង​មិន​ឲ្យ​យក​ចូល​ភូមិ និង​ឆ្លង​កាត់​ភូមិ។ ស្រី​មាន​ផ្ទៃពោះ​ដោយ​គ្មាន​ប្ដី​ត្រូវ​ផាក​ឲ្យ​សែន​ក្របី និង​ស្រា​ពាង។ សហគមន៍​នេះ​ប្រើប្រាស់​ភាសា​ទំពួន​ទំនាក់ទំនង​ក្នុង​សហគមន៍ គ្មាន​គំនូស​អក្សរ និង​ប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ​សម្រាប់​ទំនាក់ទំនង​ផ្លូវការ៕

No comments:

Post a Comment