Thursday, November 3, 2016

ពលរដ្ឋ​សហគមន៍​ភ្នំបាត​ដាក់​ញត្តិ​នៅ​ក្រសួង​សេដ្ឋកិច្ច​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទីលំនៅ

អតីត​អ្នក​បុរីកីឡា​ដែល​ត្រូវ​បាន​បណ្ដេញ​ឲ្យ​ទៅ​រស់នៅ​សហគមន៍​ភ្នំបាត ប្រមាណ ៥៧​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ១៤០​គ្រួសារ​នៅ​ភូមិ​ស្រះពោធិ ឃុំ​ផ្សារដែក ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នេះ នាំ​គ្នា​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ដាក់​ញត្តិ​ជូន​រដ្ឋមន្ត្រី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ពួក​គាត់​ជួប​ប្រទះ។

តំណាង​ពលរដ្ឋ​មក​ពី​សហគមន៍​ភ្នំបាត មួយ​រូប គឺ​លោកស្រី គឹម សារ៉ាន់។ លោកស្រី​មាន​ប្រសាសន៍​ថា ពួក​គាត់​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដើម្បី​សុំ​អន្តរាគមន៍ ប៉ុន្តែ​មិន​មាន​លទ្ធផល​នោះ​ឡើយ។ ដូច្នេះ លោកស្រី​បាន​សម្រេច​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច ក្រែង​មាន​សង្ឃឹម​ខ្លះ។ លោកស្រី​ឲ្យ​ដឹង​បន្ត​ថា សព្វថ្ងៃ​នេះ សហគមន៍​ភ្នំបាត ជួប​បញ្ហា​ក្នុង​ការ​រស់នៅ​យ៉ាង​ធ្ងន់ធ្ងរ៖ «បច្ចុប្បន្ន​នេះ​ជួប​បញ្ហា​ភាព​អន់​ឃ្លាន គ្មាន​លុយ​កាក់ បាត់បង់​មុខ​របរ កូន​អត់​បាន​ទៅ​សាលា ខ្វះ​មន្ទីរពេទ្យ សាលា​រៀន ខ្វះ​ភ្លើង​ប្រើប្រាស់ ទឹក​អណ្ដូង​ពណ៌​ឡើង​ក្រហម។ អ្នក​ភូមិ​មាន​ជំងឺ​ស្លាប់​អស់ ១២​នាក់។ ដូច្នេះ​សូម​ឲ្យ​ម្ចាស់​ជំនួយ​ទាំង​ជាតិ និង​អន្តរជាតិ ជួយ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​ជូន​សកម្មជន​ដីធ្លី​ទាំងអស់»។


តំណាង​ពលរដ្ឋ​បី​រូប ត្រូវ​បាន​ក្រសួង​អនុញ្ញាត​ឲ្យ​ចូល​ដាក់​ញត្តិ។ ក្រោយ​ពេល​ចូល​ដាក់​ញត្តិ​រួច ពលរដ្ឋ​ឲ្យ​ដឹង​ថា តំណាង​ក្រសួង​មួយ​រូប​បាន​ទទួល​យក​ញត្តិ ដោយ​មាន​លេខ​ទូរស័ព្ទ​ពួក​គាត់​សម្រាប់​ទំនាក់ទំនង​ផង ព្រម​ទាំង​សន្យា​ថា នឹង​ផ្ដល់​ដំណឹង​ទៅ​ដល់​ថ្នាក់​លើ។

ញត្តិ​ដែល​សហគមន៍​ភ្នំបាត បាន​ដាក់​ទៅ​កាន់​ក្រសួង​នោះ​មាន ២​ចំណុច៖

១-ស្នើ​ផ្ដល់​ទីលំនៅ​ឲ្យ​ពួក​គាត់​បាន​មក​រស់នៅ​ភូមិ​អណ្ដូង ដូច​ករណី​អ្នក​តវ៉ា​នៅ​បុរីកីឡា​ដែល​ទើប​ទទួល​បាន​សំណង​ថ្មីៗ​នេះ ក្នុង​នោះ​ផ្ទះ ១​បន្ទប់ និង​ប្រាក់ ៥​ពាន់​ដុល្លារ។

២-ស្នើ​សំណង​បន្ថែម​ចំនួន ១​ម៉ឺន​ដុល្លារ​លើ​ការ​រស់នៅ​ភ្នំបាត (ករណី​មិន​មាន​ដំណោះស្រាយ​នៅ​ភូមិ​អណ្ដូង)។

ពលរដ្ឋ​អះអាង​ថា ពួក​គាត់​នឹង​ត្រឡប់​ទៅ​តវ៉ា​នៅ​ក្រសួង​នេះ​សាជាថ្មី បើ​សិន​ពួក​គាត់​មិន​ទទួល​បាន​ដំណោះស្រាយ៕អតីត​អ្នក​បុរីកីឡា​ដែល​ត្រូវ​បាន​បណ្ដេញ​ឲ្យ​ទៅ​រស់នៅ​សហគមន៍​ភ្នំបាត ដាក់​ញត្តិ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Phan Yasy

No comments:

Post a Comment