Thursday, November 3, 2016


ក្រសួង​កសិកម្ម​ជំរុញ​ឲ្យ​អ្នក​រក​ស៊ី​អនុវត្ត​កសិកម្ម​កិច្ចសន្យា​ដើម្បី​ធានា​ទំនុក​ចិត្ត​កសិករ

កិច្ច​សន្ទនា​ពហុភាគី​ស្ដីពី​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នេះ ក្រសួង​កសិកម្ម បាន​ជំរុញ​ឲ្យ​អ្នក​ធុរកិច្ច ឬ​អ្នក​រក​ស៊ី​វិស័យ​ឯកជន និង​បណ្ដា​ក្រុមហ៊ុន​នាំ​ចេញ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស គួរ​ងាក​មក​ប្រតិបត្តិ​កសិកម្ម​កិច្ចសន្យា ដើម្បី​ធានា​ទំនុក​ចិត្ត​ដល់​កសិករ និង​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា។ ចំណែក​អ្នក​ធុរកិច្ច និង​ក្រុមហ៊ុន​នាំ​ចេញ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម បង្ហាញ​ការ​គាំទ្រ ប៉ុន្តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ត្រៀម​កញ្ចប់​ថវិកា​វិនិយោគ​បន្ថែម​ដល់​សហគមន៍​កសិករ។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាង​ថា ប្រតិបត្តិ​កសិកម្ម ឬ​ផលិតកម្ម​តាម​កិច្ចសន្យា គឺ​ជា​វិធីសាស្ត្រ​តែ​មួយ​គត់​ដែល​ជួយ​កសាង​ទំនុក​ចិត្ត​ដល់​ការ​ធ្វើ​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ពិសេស​ផ្តល់​អំណាច​ដល់​កសិករ​ក្នុង​ការ​ចរចា​តម្លៃ​លក់​ផលិតផល​របស់​ខ្លួន។

ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហ៊ាន វណ្ណហន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ការ​អនុវត្ត​ផលិតកម្ម​តាម​កិច្ចសន្យា​រវាង​សហគមន៍​កសិករ និង​ក្រុមហ៊ុន​នាំ​ចេញ ព្រម​ទាំង​វិស័យ​ឯកជន​នៅ​មាន​កម្រិត​នៅ​ឡើយ។ លោក​ថា ផលិតកម្ម​តាម​កិច្ចសន្យា​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ធានា​ទំនុក​ចិត្ត​ដល់​កសិករ​ឲ្យ​ទទួល​បាន​បច្ចេកទេស និង​ទីផ្សារ៖ «»។


បន្ថែម​ពី​នេះ លោក ហ៊ាន វណ្ណហន បាន​ជំរុញ​ឲ្យ​អ្នក​ធុរកិច្ច​វិស័យ​ឯកជន និង​បណ្ដា​ក្រុមហ៊ុន​នាំ​ចេញ​ផ្នែក​កសិកម្ម​ទាំងអស់ គួរ​តែ​ប្រតិបត្តិ​កសិកម្ម​តាម​កិច្ចសន្យា​ប្រកប​ដោយ​ភាព​ស្មោះត្រង់ ដើម្បី​ធានា​ទាំង​សេដ្ឋកិច្ច បរិស្ថាន សង្គម និង​សិទ្ធិ​មនុស្ស​ដល់​សហគមន៍​កសិករ ពិសេស​បញ្ចៀស​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម។

ជា​អ្នក​ធុរកិច្ច និង​ជា​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អេមរុ រ៉ាយ (AMRU RICE) លោក សុង សារ៉ន គាំទ្រ​ចំពោះ​ការ​ជំរុញ​របស់​ក្រសួង​កសិកម្ម។ ប៉ុន្តែ​លោក​ថា ខណៈ​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍ លោក​ស្នើ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​នាំ​ចេញ​ដែល​អនុវត្ត​ផលិតកម្ម​កិច្ចសន្យា​ទាំងអស់ ត្រូវ​ធ្វើ​ការ​រួម​គ្នា​ផ្សព្វផ្សាយ និង​ធានា​ទីផ្សារ​ជូន​សហគមន៍​កសិករ​ដែល​កំពុង​អនុវត្ត​ផលិតកម្ម​កិច្ចសន្យា។

ទន្ទឹម​គ្នា​នេះ លោក​យល់​ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​ផលិតកម្ម​កិច្ចសន្យា​នៅ​កម្ពុជា ទទួល​ជោគជ័យ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ត្រៀម​កញ្ចប់​ថវិកា​វិនិយោគ​បន្ថែម​ដល់​សហគមន៍​កសិករ៖ «»។

កិច្ច​សន្ទនា​ពហុភាគី​ស្ដីពី​ធុរកិច្ច និង​សិទ្ធិ​មនុស្ស ក្រសួង​កសិកម្ម ឲ្យ​ដឹង​ថា បច្ចុប្បន្ន កម្ពុជា មាន​សហគមន៍​កសិកម្ម​ជាង ៨០០​សហគមន៍ ហើយ​ភាគច្រើន​សហគមន៍​កសិកម្ម​ទាំងនោះ​នៅ​មាន​ភាព​កម្សោយ មិន​ទាន់​យល់​ច្បាប់ និង​គណនេយ្យ​ភាព។ ក្រសួង​កសិកម្ម រំពឹង​ថា តាម​រយៈ​ប្រតិបត្តិ​កសិកម្ម ឬ​ផលិតកម្ម​តាម​កិច្ចសន្យា នឹង​ជំរុញ​ឲ្យ​កសិកម្ម​កម្ពុជា ឲ្យ​ល្អ​ប្រសើរ​ឡើង៕ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហ៊ាន វណ្ណហន ផ្តល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Um Rainsey

No comments:

Post a Comment