Saturday, November 5, 2016

សាលក្រម​នៃ​សំណុំ​រឿង​លោក ស៊ុត ឌីណា នឹង​ត្រូវ​ប្រកាស​នៅ​ដើម​ខែ​ធ្នូ

អតីត​ឯកអគ្គរដ្ឋទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា (រូប​កណ្ដាល) ក្នុង​ពេល​សមត្ថកិច្ច​នាំ​មក​ចូល​រួម​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang


តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​ការ​ជំនុំជម្រះ​ករណី​អតីត​មន្ត្រី​ទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ពាក់ព័ន្ធ​លុយ​ប្រមាណ​ជាង ១១​ម៉ឺន​ដុល្លារ​អាមេរិក។ ក្រោយ​ការ​ដេញដោល​ផ្ទាល់​មាត់​ដែល​ប្រើ​ពេល​ប្រមាណ​ជិត ៤​ម៉ោង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​ទាក់ទិន​នឹង​អំពើ​ពុករលួយ​នេះ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ខាង​មុខ។

លោក ស៊ុត ឌីណា ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ព្រៃស​វិញ​ភ្លាមៗ ក្រោយ​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​ដឹង​ថា នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ ទៅ​ដើម​ខែ​ធ្នូ។

អតីត​អគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង រូប​នេះ បញ្ជាក់​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ថា នៅ​ថ្ងៃ​ប្រកាស​សាលក្រម​ខាង​មុខ​នេះ ខ្លួន​អាច​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​បាន ដោយសារ​បទ​ចោទ​នេះ​ពុំ​មាន​ធាតុផ្សំ​គ្រប់គ្រាន់​ក្នុង​បទល្មើស​ទេ។

ការ​ដេញដោល​ផ្ទាល់​មាត់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា នៅ​ក្នុង​បន្ទប់​សវនាការ គេ​សង្កេត​ឃើញ​វត្តមាន​សាក្សី​ដែល​ជា​ដើម​បណ្ដឹង​ពី​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ដោយ​ឡែក​សាក្សី​ជា​មន្ត្រី​ទូត ៤​នាក់ ដែល​ប្ដឹង​ចោទ​ប្រកាន់​លោក ស៊ុត ឌីណា ពុំ​បាន​ចូល​ឆ្លើយ​បំភ្លឺ​ឡើយ ក្រៅ​ពី​ក្រឡាបញ្ជី​អាន​ចម្លើយ​សារភាព​នៅ​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ប៉ុណ្ណោះ។


ដើម​ចម​ដែល​នាំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចោទ​ប្រកាន់​លោក ស៊ុត ឌីណា គឺ​បន្ទាប់​ពី​អង្គភាព​នេះ បាន​ទទួល​បណ្ដឹង​ពី​មន្ត្រី​ទូត​មួយ​ចំនួន​ដែល​ចោទ​ប្រកាន់​ថា អតីត​អ្នក​ធ្លាប់​រិះគន់​រដ្ឋាភិបាល​រូប​នេះ មុន​បាន​កាន់ការ​ជា​មន្ត្រី​ទូត បាន​រំលោភ​អំណាច និង​កេងប្រវ័ញ្ច​លុយកាក់​របស់​រដ្ឋ។

ផ្ទុយ​ពី​នេះ​វិញ លោក ស៊ុត ឌីណា បាន​ជម្រាប​អង្គ​សវនាការ​ថា លោក​ពុំ​បាន​កិបកេង​លុយ​រដ្ឋ​ឡើយ ប៉ុន្តែ​ដោយសារ​ក្រសួង​ការបរទេស​បង្វែរ​លុយ​សម្រាប់​ប្រតិកម្ម​យឺតយ៉ាវ ទើប​លោក​សម្រេច​ចិត្ត​ដក​លុយ​ដែល​មាន​នៅ​ក្នុង​ស្ថានទូត ទូទាត់​ការ​ចំណាយ​ប្រចាំ​ជា​មុន​សិន។

ទាក់ទង​រឿង​នេះ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ស៊ុត ឌីណា គឺ​លោក អាង ឧត្ដម មាន​សុទិដ្ឋិនិយម​ថា កូន​ក្ដី​របស់​ខ្លួន​អាច​រួច​ផុត​ការ​ចោទ​ប្រកាន់ នៅ​ថ្ងៃ​ប្រកាស​សាលក្រម​ខាងមុខ​នេះ។ លោក​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ជា​អគ្គរាជទូត​លោក ស៊ុត ឌីណា មាន​ឯកសារ​ឆ្លើយឆ្លង​គ្រប់គ្រាន់ ដែល​បង្ហាញ​ថា លោក​ពុំ​បាន​កិបកេង​លុយ​ប្រើប្រាស់​ក្នុង​រូបភាព​អំពើ​ពុករលួយ​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា កំហុស​ដែល​ធំ​បំផុត​ក្នុង​សំណុំរឿង​នេះ គឺ​ដោយ​សារ​ការ​ផ្ទេរ​លុយ​ពី​ក្រសួង​ការបរទេស​មាន​ភាព​យឺតយ៉ាវ​ដែល​ជា​មូលហេតុ​ឲ្យ​នាំ​រាំងស្ទះ​ដល់​ដំណើរការ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ស្ថានទូត៖ «»។

អតីត​អ្នក​ធ្លាប់​រិះគន់​រដ្ឋាភិបាល ដោយ​មិន​សំចៃ​មាត់ មុន​បាន​ក្លាយ​ជា​មន្ត្រី​ទូត​លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រក​ឃើញ​ថា បាន​កិបកេង​លុយ​ជាង ១១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ដំណើរ​ការ​លើ​សំណុំរឿង​កិបកេង​លុយ​តាម​បណ្ដឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ក៏ប៉ុន្តែ​ការ​ដេញដោល​ផ្ទាល់​មាត់​នេះ ទាក់ទង​ការ​ផ្ទេរ​លុយ​យឺតយ៉ាវ​ប្រមាណ​ជាង ១១​ម៉ឺន​ដុល្លារ​ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋ​ទៅ​វិញ។

ក្រៅ​ពី​នេះ នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​មុន​បញ្ចប់​សវនាការ​របស់​តំណាង​អយ្យការ លោក សៀង សុខ រក​ឃើញ​ថា លោក ស៊ុត ឌីណា ខកខាន​ផ្ទេរ​លុយ​ចូល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយ ចន្លោះ​ពី​ខែ​កក្កដា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៥។ លើស​ពី​នេះ​ទៀត អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​រក​ឃើញ​ទៀត​ថា លោក ស៊ុត ឌីណា មាន​ប្រាក់​ផ្ទាល់​ខ្លួន​កើន​ឡើង​រហូត​ដល់ ៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​មាន​មាស​សុទ្ធ​ជិត ៣៤០​តម្លឹង​ថែម​ទៀត​ផង។

ជុំវិញ​រឿង​នេះ លោក ស៊ុត ឌីណា ឲ្យ​ដឹង​ក្រោយ​បញ្ចប់​សវនាការ​ថា លោក​បដិសេធ​រាល់​បណ្ដឹង​ចោទ​ប្រកាន់​ប្រឆាំង​រូប​លោក ហើយ​ស្នើ​ឲ្យ​តុលាការ​រំលាយ​បទ​ចោទ​មាត្រា​៣៥ ចេញ។

នៅ​តុលាការ​ក្រុង​ភ្នំពេញ គឺ​ជា​ទីតាំង​ដែល​រឹត​បន្តឹង​ខ្លាំង​បំផុត​ចំពោះ​អ្នក​កាសែត​ក្នុង​ការ​ថត​រូបភាព និង​សំឡេង មិន​ថា​ឡើយ​ខាង​ក្រោម​អគារ ឬ​បរិវេណ​តុលាការ​ទេ តែ​ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​បន្ទប់​ជំនុំជម្រះ​ផ្ទាល់ គេ​សង្កេត​ឃើញ​បុគ្គលិក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អាច​ថត​ទាំង​រូបភាព និង​សំឡេង​បាន​យ៉ាង​រលូន​នៅ​ក្នុង​បន្ទប់​សវនាការ ដោយ​ពុំ​មាន​ការ​រារាំង​ពី​តុលាការ​ឡើយ។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​របស់​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា ប្រសិន​បើ​ការ​អនុវត្ត​ដូច​នេះ បង្ហាញ​ថា តុលាការ​រង​សម្ពាធ និង​ជះ​ឥទ្ធិពល​អាក្រក់​រួច​ទៅ​ហើយ។ មិន​តែ​ប៉ុណ្ណោះ ករណី​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជា​ការ​អនុវត្ត​ដែល​ធ្វើ​ឡើង​ដោយ​លម្អៀង ហើយ​សាលក្រម​ដែល​នឹង​ប្រកាស​ខាង​មុខ​នេះ ប្រាកដ​ណាស់​មិន​អាច​ជឿ​ទុកចិត្ត​បាន​នោះ​ឡើយ៖ «»។

លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។ ៣​ថ្ងៃ​ក្រោយ​ពី​អង្គភាព​នេះ​ឃាត​ខ្លួន លោក ស៊ុត ឌីណា ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា។ ការ​ឃាត់​ខ្លួន​នេះ ក្រោយ​ពី​លោក​បាន​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រមាណ ២​ឆ្នាំ។

លោក ស៊ុត ឌីណា បញ្ជាក់​ថា ក្នុង​តួនាទី​ជា​ប្រមុខ​ការទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក​ពុំ​មែន​បំពេញ​ភារកិច្ច​ត្រឹម​តែ​ជា​មន្ត្រី​ទូត​ទេ ក៏ប៉ុន្តែ​លោក​ក៏​ដើរ​តួនាទី​យ៉ាង​សកម្មជន បម្រើការ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា ថែម​ទៀត​ផង។ ការ​បំពេញ​ភារកិច្ច​សម្រាប់​បក្ស​ផង និង​ទូត​ផង​នេះ ធ្វើ​ឲ្យ​លោក​ត្រូវ​ពុះពារ​គ្រប់​បែប​យ៉ាង ទាំង​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ទូត​ចាស​បន្សល់​ទុក​ផង ម្យ៉ាង​គួប​ផ្សំ​ក្រសួង​ការបរទេស វេរ​លុយ​សម្រាប់​ប្រតិការ​យឺតយ៉ាវ​ថែម​ទៀត​ពី​មួយ​ខែ​ទៅ​មួយ​ខែ។ ហេតុ​ផល​ទាំង​នេះ​ហើយ ធ្វើ​ឲ្យ​លោក​ត្រូវ​បង្ខំ​ចិត្ត ប្រើប្រាស់​លុយ​បាន​ពី​ធ្វើ​ទិដ្ឋាការ​ដែល​ត្រូវ​បង្វិល​ចូល​ថវិកា​​រដ្ឋ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​បណ្ដោះអាសន្ន​ជា​មុន​សិន៕

No comments:

Post a Comment