ក្រុមអង្គរក្សនាយករដ្ឋមន្ត្រីដែលវាយតំណាងរាស្ត្រគណបក្សប្រឆាំងត្រូវបានដោះលែង
ក្រុមអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានវាយសមាជិកសភាបក្សប្រឆាំងឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយ។ នៅពេលទទួលព័ត៌មានបែបនេះ តំណាងរាស្ត្របក្សប្រឆាំង ដែលត្រូវរងការវាយដំនោះ ព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន ដោយខ្លាចក្រុមទាំងនោះ តាមមកវាយម្ដងទៀត ដោយការចងគំនុំ។
អ្នកនាំពាក្យ និងជាប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន ឲ្យអាស៊ីសេរីដឹង នៅថ្ងៃទី០៤ ខែវិច្ឆិកា ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញលិខិតទៅខាងពន្ធនាគារព្រៃសនៅថ្ងៃទី៤ វិច្ឆិកា ដើម្បីឲ្យដោះលែងអ្នកទាំងបី។ លោកបន្តថា ការសម្រេចឲ្យដោះលែងក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ដោយសារការអនុវត្តទោសរបស់អ្នកទាំងនោះ បានបញ្ចប់ក្នុងរយៈពេល១ឆ្នាំគត់គិតដល់ពេលនេះ។
ទាក់ទងរឿងនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និយាយថា ការដាក់ទោសទណ្ឌ និងដោះលែង ក្រុមអង្គរក្ស លោក ហ៊ុន សែន របស់តុលាការក្រុងភ្នំពេញបែបនេះ វាហាក់ដូចជាស្រាលពេក ដែលមិនស័ក្ដិសមនឹងការប្រព្រឹត្តល្មើស។ លោក ព្រួយបារម្ភថា ក្រុមអង្គរក្សរបស់លោក ហ៊ុន សែន អាចនឹងតាមរកប្រព្រឹត្តហិង្សាលើរូបលោកសាជាថ្មី ដោយពួកគេគុំកួនរូបលោក ដែលបានប្ដឹងផ្ដល់ពួកគេទៅតុលាការកន្លងមក។ ទោះយ៉ាងណាក្តី លោក ថា លោកនៅតែប្ដឹងអ្នកទាំងនោះ ទៅសាលាឧទ្ធរណ៍ទៀត ប្រឆាំងការសម្រេចរបស់សាលាដំបូងរាជធានី ភ្នំពេញ។ «»
មេធាវីការពារក្ដីឲ្យលោក គង់ សភា គឺលោកមេធាវី សំ សុគង់ ប្រាប់ថា ក្រុមមេធាវីរបស់លោក បានដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ប្រឆាំងការសម្រេចរបស់សាលាដំបូងរាជធានីលើសំណុំរឿងវាយតំណាងរាស្ត្របក្សប្រឆាំង ចាប់តាំងពីអំឡុងខែមិថុនា មកម្ល៉េះ ប៉ុន្តែគិតមកដល់ពេលនេះ ជិតប្រាំខែ មកហើយដែលសាលាឧទ្ធរណ៍ មិនទាន់ចាត់ការលើបណ្ដឹងនៅឡើយទេ។ លោក ថា ប្រសិនបើ សាលាឧទ្ធរណ៍នៅមិនទាន់ចាត់ការលើបណ្ដឹងរបស់ក្រុមមេធាវី លោកនឹងប្ដឹងទៅក្រសួងយុត្តិធម៌ និងឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមឲ្យពិនិត្យទៅសាលាឧទ្ធរណ៍។ «»
លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និងលោក សុត វណ្ណនី បានព្រួតគ្នាវាយតំណាងរាស្ត្របក្សសង្រ្គោះជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន នៅមុខរដ្ឋសភា កាលពីចុងឆ្នាំ២០១៥ ខណៈពួកគេធ្វើបាតុកម្មទាមទារទម្លាក់ លោក កឹម សុខា ចេញពីតួនាទីអនុប្រធានទី១នៃរដ្ឋសភា។ ភ្លាមៗនេះ គេក៏រត់គេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ចក៏តាមរកពួកគេមិនឃើញដែរ តែទីបំផុត នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ដដែល ពួកគេសម្រេចចូលខ្លួនមកសារភាព។
កាលពីថ្ងៃទី២៧ ខែឧសភា សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្ដន្ទាទោសឲ្យជនទាំង ៣នាក់ជាប់ពន្ធនាគារ ៤ឆ្នាំ ដោយអនុវត្តទោសតែ១ឆ្នាំទេ ដោយចោទប្រកាន់ថា បានប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោស លើក្រុមតំណាងរាស្ត្រ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក សំ ច័ន្ទគា យល់ថា ការសម្រេចយ៉ាងណាជាសិទ្ធិតុលាការ ប៉ុន្តែការសម្រេចដាក់ពន្ធនាគារលើជនប្រព្រឹត្តមានរយៈពេលខ្លីបែបនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋ និងជនរងគ្រោះរិះគន់ទៅលើតុលាការ។ លោកថា ការសម្រេចបែបនេះ ទើបធ្វើឲ្យមហាជនទូទៅ ចោទប្រកាន់តុលាការកាត់ទោសលំអៀង ឬមានស្តង់ដារពីរ។ «»
លោកមេធាវី សំ សុគង់ ព្រួយបារម្ភថា ការផ្ដល់សេរីភាពដល់ក្រុមអង្គរក្សរបស់ លោក ហ៊ុន សែន នឹងបង្កអសន្តិសុខដល់កូនក្ដីរបស់លោក។ លោកថែមទាំងព្រួយបារម្ភថា អ្នកទាំងនោះ មិនសហការជាមួយសមត្ថកិច្ច ឬមិនព្រមវិលចូលគុកវិញ ប្រសិនបើសាលាឧទ្ធរណ៍ កែប្រែការសម្រេចខុសពីសាលាដំបូងរាជធានីភ្នំពេញនោះ៕
No comments:
Post a Comment