Saturday, November 19, 2016

សហគមន៍​អភិរក្ស​ព្រៃឈើ​ព្រមាន​លុប​ចោល​សហគមន៍​ការពារ​ព្រៃឈើ

ផ្ទះ​របស់​ពលរដ្ឋ​នៅ​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal


ព្រៃឈើ​ក្នុង​តំបន់​ការពារ​សហគមន៍​ភូមិ​ឡែ កំពុង​រង​ការ​កាប់​រាន​យក​ដី និង​កាប់​យក​ឈើ​មាន​តម្លៃ​អស់​ស្ទើរ​គ្មាន​សល់​ពី​សំណាក់​សមាជិក​សហគមន៍​ផ្ទាល់​ និង​សហគមន៍​ជិត​ខាង​តំបន់​ព្រៃ​ការពារ​នេះ។

គណៈកម្មការ​អភិរក្ស​ព្រៃ​ការពារ​សម្ដែង​ទុទិដ្ឋិនិយម ខណៈ​ក្រុម​ល្បាត​សហគមន៍​មិន​មាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​បាន។ លើស​ពី​នេះ គណៈកម្មការ​សហគមន៍​ចោទ​ទៅ​លើ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ថា មិន​បាន​យក​ចិត្ត​ដាក់​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ។

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់​នៅ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​អភិរក្ស​ធនធាន​ធម្មជាតិ សម្ដែង​ការ​សោកស្ដាយ ខណៈ​ព្រៃឈើ​ក្នុង​តំបន់​ការពារ​របស់​សហគមន៍​កាន់​តែ​វិនាស​បាត់បង់​ឈើ​មាន​តម្លៃ និង​ដី​កាន់​តែ​រួម​តូច​ដោយសារ​ការ​ទន្ទ្រាន​ព្រៃ​យក​ដី និង​កាប់​​យក​ឈើ​មាន​តម្លៃ​រាល់ថ្ងៃ​មិន​អាច​បញ្ឈប់​បាន។

​ចាប់ពី​ដើម​ឆ្នាំ​២០១៦ រហូត​មក​គណៈកម្មការ​ព្រៃ​ការពារ​សហគមន៍​រាយការណ៍​ថា ដី​ព្រៃ​ជាង ១០​ហិកតារ ត្រូវ​បាន​សមាជិក​សហគមន៍​ភូមិ​សោមគល់ ចូល​កាប់​រាន​យក​ដី​ធ្វើ​ចម្ការ និង​តាំង​លំនៅឋាន ហើយ​ជា​បន្តបន្ទាប់​សមាជិក​សហគមន៍​នេះ​លួច​ចូល​ព្រៃ​កាប់​យក​ឈើ​មាន​តម្លៃ​លក់​ទៅ​ឲ្យ​ឈ្មួញ បើ​ទោះ​បី​ក្រុម​ល្បាត​ខិតខំ​ការពារ និង​រារាំង​យ៉ាង​ណា​ក្តី។

ចាស់​ទុំ​ប្រចាំ​ភូមិ លោក សេវ ហ្លិត អាយុ​ជាង ៤៨​ឆ្នាំ កំពុង​អង្គុយ​បិត​ឫស្សី​ត្បាញ​កាផា បង្ហាញ​ការ​បារម្ភ​ដោយសារ​ព្រៃ​ឈើ​នៅ​តំបន់​សហគមន៍​អភិរក្ស​រង​ការ​បំផ្លាញ​ធ្វើ​ឲ្យ​ប៉ះពាល់​អនុផល​ព្រៃឈើ​ក្នុង​ព្រៃ​ដែល​អ្នក​ភូមិ​អាស្រ័យ​ផល និង​យក​ទៅ​ផលិត​ជា​សម្ភារៈ​ប្រពៃណី​ប្រើប្រាស់​ក្នុង​គ្រួសារ និង​លក់​ទៅ​ទីផ្សារ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ។

​លោក​កត់សំគាល់​ថា ច្រើន​ជំនាន់​មក​ហើយ​ព្រៃឈើ​បាន​ផ្តល់​សារប្រយោជន៍​ដល់​ជនជាតិ​ដើម​ភាគតិច ខណៈ​ដែល​អ្នក​ភូមិ​ចាត់​ទុក​ព្រៃឈើ​ថា ជា​អាយុ​ជីវិត​អ្នក​ភូមិ​ដែល​រស់​មិន​អាច​ខ្វះ​ព្រៃឈើ​បាន។

ទីស្នាក់ការ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ​នៅ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal

កាល​ពី​ឆ្នាំ​២០១២ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ បាន​ឈូស​ឆាយ​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ អស់​ជាង ៣០​ហិកតារ ក្រោម​ហេតុផល​ថា តំបន់​ព្រៃ​នោះ​ឋិត​ក្នុង​ផែនទីដី​សម្បទាន​របស់​ខ្លួន។ ក្រសួង​កសិកម្ម​បាន​កាត់​គម្រប​ព្រៃឈើ​នៅ​តំបន់​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ឡែ ជាង ៥០០​ហិកតារ ទុក​ចុះ​បញ្ជី​ជា​ព្រៃ​ការពារ​ដើម្បី​អ្នក​ភូមិ​អភិរក្ស ថែរក្សា និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​២០១១។

​ប្រធាន​សហគមន៍​ភូមិ​ឡែ លោក សល់ ណក់ កត់សម្គាល់​ដែរ​ថា ព្រៃ​ការពារ​កាន់​តែ​បាត់បង់​មួយ​ថ្ងៃ​បន្តិច បន្ទាប់ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដូច​គ្នា​ទន្ទ្រាន​កាប់​រាន​ព្រៃ​យក​ដី និង​កាប់​ឈើ​លក់​រៀងរាល់​ថ្ងៃ បើ​ទោះ​បី​សហគមន៍​បាន​ប្រជុំ​ណែនាំ និង​ដាក់​វិធានការ​ល្បាត​ការពារ​ក្ដី។

លោក​ថា ក្រុម​សមត្ថកិច្ច​នៅ​មូលដ្ឋាន ជា​ពិសេស​ក្រុម​នគរបាល និង​មន្ត្រី​ព្រៃឈើ​មិន​បាន​សហការ​ល្អ​ជាមួយ​សហគមន៍​ការពារ​ព្រៃ​នោះ​ទេ៖ «ពួក​ឈ្មួញ​ហ្នឹង​ដើរ​ទិញ។ យើង​ក៏​បារម្ភ​ដែរ ព្រោះ​គេ​កាប់​អនាធិបតេយ្យ​អ៊ីចឹង»។

​សហគមន៍​ភូមិ​ឡែ មាន​សមាជិក​ជាង ១៤០​គ្រួសារ បាន​បង្កើត​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង និង​ចុះ​បញ្ជី​សហគមន៍​ជា​នីតិបុគ្គល​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ តាំង​ពី​ឆ្នាំ​២០១៤។

មេ​ឃុំ​លំជ័រ លោក សេវ ស្វាន ទទួល​ស្គាល់​ថា សមាជិក​សហគមន៍​ភូមិ​ឡែ ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​បាន​ប្រើប្រាស់​ឈើ​ក្នុង​ព្រៃ​ការពារ​ដើម្បី​សង់​លំនៅឋាន​បាន​ល្អ​ប្រសើរ។ ទន្ទឹម​នេះ​ដែរ ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ការពារ​ក៏​រង​ការ​កាប់​ធ្វើ​អាជីវកម្ម​ពី​សមាជិក​សហគមន៍​ខ្លះ​ដែល​មិន​​គោរព​តាម​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​សហគមន៍។ លើស​ពី​នេះ​ទៀត ការ​មិន​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ជំនាញ និង​កងកម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ជា​កត្តា​នាំ​ឲ្យ​បទល្មើស​ព្រៃឈើ​តំបន់​ការពារ​រង​ការ​បំផ្លាញ​អស់​ស្ទើរ​គ្មាន​សល់៖ «អ្នក​ទិញ​រាល់​ថ្ងៃ​មាន​អ្នក​ណា​មាន​ប៉ូលិស មាន​ប៉េអឹម ពួក​ហ្នឹង​ណា​បង​ឯង​គិត​កន្លែង​ហ្នឹង»។

​គណៈកម្មការ​ព្រៃ​ការពារ​សហគមន៍​ភូមិ​ឡែ បាន​រក​ឃើញ​សមាជិក​សហគមន៍​ជាង ២០​នាក់​ មាន​ជាប់​​ពាក់ព័ន្ធ​កាប់​យក​ឈើ​ក្នុង​ព្រៃ​លក់​ទៅ​ឲ្យ​ឈ្មួញ និង​បាន​បញ្ជូន​របាយការណ៍​នេះ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ។

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​បាន​ចូលរួម​សហការ​បង្ក្រាប និង​ចាប់​ឃាត់​វត្ថុតាង​បទល្មើស​ក្នុង​ព្រៃ​សហគមន៍ ក៏ប៉ុន្តែ​អាជ្ញាធរ​អនុវត្ត​គោលការណ៍​អប់រំ​សមាជិក​សហគមន៍​ជា​ដំបូង​មុន​នឹង​អនុវត្ត​វិធានការ​ច្បាប់។

លោក​ថា គណៈកម្មការ​សហគមន៍​ចាស់​ទុំ និង​អាជ្ញាធរ​ភូមិ​ឃុំ​ត្រូវ​ធ្វើ​របាយការណ៍​ជាក់លាក់​មក​អាជ្ញាធរ​ស្រុក​ដើម្បី​ចាត់វិធានការ​ទៅលើ​សមាជិក​សហគមន៍​ណា​ដែល​មិន​ព្រម​បញ្ឈប់​កាប់​រាន​ព្រៃ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម៖ «សមត្ថកិច្ច​ចុះ​សម្របសម្រួល​ហើយ​ប្រហែលជា​បី​លើក​ហើយ តែ​ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​​ស្រុក​នេះ​យើង​បាន​ណែនាំ​ទៅ​ខាង​ឃុំ និង​សហគមន៍​ដើម្បី​ឲ្យ​ឃុំ​បើ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ឃុំ ឲ្យ​មាន​​កំណត់ហេតុ​ឲ្យ​មាន​ការ​ចូលរួម​ពី​ចាស់ទុំ និង​អ្នក​ប្រព្រឹត្ត ព្រោះ​សុទ្ធ​ជា​កូន​ចៅ​គាត់​ក្នុង​ភូមិ​ហ្នឹង»។

គំនរ​ឈើ​នៅ​មុខ​​ផ្ទះ​ក្នុង​​សហគមន៍​ភូមិ​ឡែ ​ស្រុក​អូរយ៉ាដាវ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ratha Visal

នៅ​តាម​លំនៅឋាន​សហគមន៍​ភូមិ​ឡែ ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​ឃើញ​មាន​គំនរ​ឈើ​ក្រោម​ផ្ទះ ឬ​មុខ​ផ្ទះ ជា​សញ្ញា​បង្ហាញ​ថា ឈើ​នោះ​ត្រូវ​បាន​កាប់​ពី​ព្រៃ​ការពារ។ ដោយ​ឡែក​គំនរ​ឈើ​ថ្មី​ច្រើន​កន្លែង​ក៏​ត្រូវ​បាន​ឈ្មួញ​ទិញ​ឈើ​លាក់​ទុក​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​ផ្ទះ ឬ​​ដាក់​មុខ​ផ្ទះ​អ្នក​ភូមិ​ដើម្បី​ត្រៀម​ដឹក​ជញ្ជូន​ចេញ​នៅ​វេលា​យប់។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខេត្ត រតនគិរី លោក ឆាយ ធី ថ្លែង​ដែរ​ថា ច្បាប់​​ប្រពៃណី​របស់​សហគមន៍​មិន​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការពារ​បាន​ទេ។ លោក​ថា គណៈកម្មការ​សហគមន៍​ត្រូវ​អនុវត្ត​ច្បាប់​ព្រៃឈើ រួម​មាន​ដាក់ពាក្យ​ប្ដឹង​ទៅ​មន្ត្រី​ជំនាញ​​ព្រៃឈើ​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ខេត្ត ឬ​ប្ដឹង​ទៅ​អយ្យការ​ដើម្បី​ចាត់​វិធានការ​ទៅ​លើ​ជន​ពាក់ព័ន្ធ​កាប់​​រាន​ព្រៃ​ការពារ៖ «ចាត់​វិធានការ​ហ្នឹង​បាន​មាន​ប្រសិទ្ធភាព ព្រោះ​យើង​ឃើញ​ហើយ​ប្រជាពលរដ្ឋ​សហគមន៍​ឥឡូវ​នេះ​មួយ​ចំនួន​ដែល​គាត់​ឃើញ​ថា កាប់​ព្រៃឈើ​លក់​ឲ្យ​ឈ្មួញ​ហើយ​បាន​លុយ​ចំណែក​សហគមន៍​អ្នក​ការពារ​ព្រៃ​ឈើ​ហាមឃាត់​គាត់​មិន​ឈ្នះ​ទេ​នៅ​ក្នុង​ភូមិ​ខ្លួន​ឯង​ក្ដី​នៅ​សហគមន៍​ក្បែរ​ខាង​ក្ដី»។

​ទាក់ទិន​ករណី​នេះ​ដែរ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ដាក់​​វិធានការ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សព្វផ្សាយ និង​អប់រំ​សហគមន៍​ដែល​ប្រព្រឹត្ត​ល្មើស​ជា​ចុង​ក្រោយ ប្រសិន​ពួកគេ​នៅ​តែ​ប្រព្រឹត្ត​ខុស​នឹង​ត្រូវ​អនុវត្ត​វិធានការ​ផ្លូវ​ច្បាប់៖ «នៅ​ក្នុង​ភូមិ​ហ្នឹង​ប្រជាជន​ខ្លះ​ក៏​ចូលរួម​ប្រព្រឹត្ត​បទល្មើស​រក​ស៊ី​ក្នុង​ហ្នឹង ហើយ​អ្នក​ខ្លះ​ក៏​យក​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន។ ខ្ញុំ​បាន​រាយការណ៍​ជូន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ហើយ គាត់​ថា ឲ្យ​អប់រំ​ណែនាំ​​បើ​មាន​អ៊ីចឹង​ទៀត​គាត់​ប្រើ​កម្លាំង​ចាត់ការ​ហើយ»។

​កាល​ពី​ខែ​តុលា កន្លង​ទៅ សហគមន៍​ភូមិ​សោមគល់ បាន​លើក​គ្នា​ទាំង​ភូមិ​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី រឹប​អូស​ឈើ​ខុសច្បាប់​ដែល​អ្នក​ភូមិ​កាប់​ពី​ក្នុង​ព្រៃ​ជាង ១០០​កំណាត់​ពង្រាយ​​តាម​ផ្ទះ​ដើម្បី​លក់​ទៅ​ឲ្យ​ឈ្មួញ៕

No comments:

Post a Comment