ក្រសួងកសិកម្មចាត់វិធានការទប់ស្កាត់ឈ្មួញបន្ទាបតម្លៃកសិផល
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើទៅមន្ទីរកសិកម្មរាជធានី ខេត្ត អោយតាមដាន និងចេញវិធានការទប់ស្កាត់ការប្រមូលទិញកសិផលដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មនឹងផលិតផលកសិកម្ម។ ក្រសួងកសិកម្ម អះអាងថា វិធានការនេះដើម្បីជួយរក្សាស្ថិរភាពថ្លៃកសិផលដល់កសិករ ខណៈដល់រដូវប្រមូលផល។
សេចក្ដីជូនដំណឹងរបស់លោក វេង សាខុន រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងទៀតថា ដើម្បីរក្សាស្ថិរភាពថ្លៃកសិផល ពិសេសថ្លៃស្រូវដែលកើតឡើងក្រោយពេលប្រមូលផលដោយសារឈ្មួញប្រមូលទិញបានបន្ទាបតម្លៃ ធ្វើឲ្យមានការត្អូញត្អែរពីប្រជាកសិករនោះ ហេតុនេះក្រសួងកសិកម្ម ស្នើឲ្យប្រធានមន្ទីរកសិកម្មទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋានចាត់វិធានដូចជា៖
-ទប់ស្កាត់នៅការប្រមូលទិញផ្ដាច់មុខពីសំណាក់ឈ្មួញនៅតាមតំបន់ដើម្បីធ្វើការចរាចរណ៍ថ្លៃឲ្យបានសមស្របតាមស្ថានភាពថ្លៃជាក់ស្តែង និងលើកវិធានការជូនរដ្ឋបាលរាជធានី ខេត្ត ដើម្បីចូលរួមដោះស្រាយ។
-ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម មូលដ្ឋានលើការប្រមូលទិញកសិផល ពិសេសស្រូវដើម្បីចរចាថ្លៃជាមួយឯកជន។
-ធ្វើការចរចាជាមួយសមាគមម៉ាស៊ីនកិនស្រូវប្រចាំខេត្ត ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។
ក្នុងសេចក្ដីជូនដំណឹងដដែលនេះ លោក វេង សាខុន រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម ជំរុញអោយប្រធានមន្ទីរកសិកម្មរាជធានី ខេត្តទាំងអស់ អនុវត្ត និងសហការគ្នាតាមវិធានការឲ្យមានប្រសិទ្ធភាព។
កសិករ និងសង្គមស៊ីវិល បានបង្ហាញក្ដីបារម្ភពីវិបត្តិទីផ្សារ និងតម្លៃស្រូវអាចនឹងកើតមានឡើងជាថ្មីទៀត ហើយអាចធ្ងន់ធ្ងរជាងពេលមុនទៀត ដោយសារនៅប្រទេសកម្ពុជា ដល់រដូវច្រូតកាត់ធំ ចាប់ពីខែវិច្ឆិកា រហូតដល់ខែមករា ឆ្នាំ២០១៧ ខណៈម៉ាស៊ីនកិនស្រូវជាច្រើនកំពុងជួបបញ្ហាក្នុងការលក់ស្រូវ អង្ករ ដែលមានស្រាប់។ សង្គមស៊ីវិលផ្នែកកសិកម្ម និងក្រុមហ៊ុននាំចេញអង្ករ ស្នើឱ្យរាជរដ្ឋាភិបាលត្រៀមវិធានការដោះស្រាយបញ្ហានេះជាបន្ទាន់៕
No comments:
Post a Comment