Tuesday, November 15, 2016

មនុស្ស​៤​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​លិច​ទូក​ទេសចរណ៍​នៅ​ខេត្ត​កំពត

 ពលរដ្ឋ​ស្ទូច​ត្រី​នៅ​មាត់​ព្រែក​ក្បែរ​ស្ពាន​ចាស់​សង់​ជំនាន់​បារាំង ក្នុង​ក្រុង​កំពត ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Vohar Cheath

មនុស្ស​៤នាក់​ស្លាប់ ក្នុង​ហេតុការណ៍​លិច​ទូក​ទេសចរណ៍​មួយ​នៅ​ព្រែកកំពត ក្រុង​កំពត កាល​ពី​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា។

អធិការ​នគរបាល​ក្រុង​កំពត លោក ងឹម វ៉េត ឲ្យ​អាស៊ីសេរី​ដឹង​ថា រហូត​មក​ថ្ងៃ​ទី​១៥ វិច្ឆិកា សមត្ថកិច្ច​រក​ឃើញ​សាកសព​មនុស្ស​បាត់​ខ្លួន​ទាំងអស់​ហើយ ក្រោយ​ពី​ទូក​ទេសចរណ៍​មួយ​គ្រឿង​បាន​លិច ខណៈ​ទូក​នោះ​កំពុង​ដឹក​ភ្ញៀវ​ទេសចរ​សរុប​ជិត​៧០​នាក់។

លោក ងឹម វ៉េត បន្ត​ថា ទូក​នេះ​លិច​ដោយសារ​បាត​ទូក​បែក នៅ​ពេល​ប៉ះ​នឹង​ទួល​ដី​បាត​ព្រែក ស្រប​ពេល​ទឹក​ព្រែក​នាច។ ប៉ុន្តែ​លោក​កត់​សម្គាល់​ថា ក្នុង​ចំណោម​មនុស្ស​នៅ​លើ​ទូក​មួយ​ភាគ​ធំ ពុំ​មានអាវ​ពោង​ការពារ​នោះ​ទេ ហើយ​លោក​ក៏​អំពាវ​ដល់​ម្ចាស់​ទូក​​ទាំង​អស់ ត្រូវ​គិត​គូរ​ដល់​សុវត្ថិភាព​អ្នក​ទេសចរ ដោយ​ត្រូវ​ត្រួត​ពិនិត្យ​ទូក​ជា​ប្រចាំ និង​រក​អ្នក​បើកទូក​ដែល​មាន​ជំនាញ​ផង៖ «យើង​តែងមានការឲ្យ​គាត់(ម្ចាស់ទូក) ប្រុងប្រយ័ត្នរហូត និងដាស់​តឿន​! មិនមែន​​អត់​មាន​វិធានការណ៍​ទេ។ ប៉ុន្តែ​ឃើញ​ថា គាត់​យក​ចិត្ត​ទុក​ដាក់​កន្លង​មកហ្នឹង ហើយមិន​​ដែល​មាន​បាតុភូត​អ៊ីចឹងទេ។ ទើប​តែ​ថ្ងៃ​នឹង​ ដោយ​សារ​ទឹក​វា​នាច​! នាច​ខ្លាំង​ទៅ​វា(ទូក)រត់​ខុស​ឃ្លោង​ទៅ​ វា​ធ្វើ​ឲ្យ​បុក​​ច្រាំង​បែក​បាត​ទូក​ក្រោម​ហូរ​ចូល»។
ប៉ុន្តែ​យ៉ាងណាក៏ដោយ អធិការ​នគរបាល​ក្រុង​កំពត​រូប​អះអាង​ថា ចំពោះ​សំណង​នៃ​ការ​ស្លាប់​មនុស្ស និង​ខូចខាត​របស់​នានា ខាង​ថៅកែ​ទូក​នេះ​ជា​អ្នក​ទទួល​ខុស​ត្រូវ។

ចំពោះ​ហេតុការណ៍​លិច​ទូក​នេះ សាកសព​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ភ្លាមៗ ខណៈ​សាកសព​បី​នាក់​ទៀត​ទើប​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​​១៥ វិច្ឆិកា​នេះ។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​៤នាក់​នេះ ៣​នាក់​ជា​ក្រុម​គ្រួសារ​គឺ​ជីដូន ម្ដាយ និង​កូនប្រុស​អាយុ​៩​ឆ្នាំ ដែល​ពួកគេ​រស់​នៅ​ក្រុង​កំពត​តែ​ម្ដង ដោយឡែក ស្ត្រី​ម្នាក់​ទៀត​ជា​អ្នក​រាជធានី​ភ្នំពេញ៕

No comments:

Post a Comment