អ្នកទេសចរជិត១ម៉ឺននាក់ទៅកម្សាន្តនៅខេត្តរតនគិរីក្នុងពិធីបុណ្យអុំទូក
រយៈពេលពីរថ្ងៃនៃពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកឆ្នាំនេះ កំណើនអ្នកទេសចរទៅកម្សាន្តនៅខេត្តរតនគិរី ខុសប្រក្រតី។ ចំណែកអាជ្ញាធរខេត្ត ក៏បានរៀបចំប្រារព្ធពិធីបុណ្យអុំទូកកាន់តែប្រសើរជាងបណ្ដាឆ្នាំធ្លាប់ប្រារព្ធពិធីបុណ្យអុំទូកមុនៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
រយៈពេលពីរថ្ងៃដំបូងនៃពិធីបុណ្យអុំទូក លយប្រទីប អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា មានអ្នកទេសចរទៅកម្សាន្តនៅខេត្តរតនគិរី មានចំនួនជាង ៧ពាន់នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ ចាត់ទុកចំនួនភ្ញៀវទៅលេងច្រើនឆ្នាំនេះ ជាការកើនឡើងខុសប្រក្រតីនៃប្រជាពលរដ្ឋធ្វើដំណើរពីបណ្ដាខេត្តនានា និងរាជធានីភ្នំពេញ ទៅចូលរួមពិធីបុណ្យអុំទូកនៅខេត្តប៉ែកឦសាន ដែលបង្ហាញឲ្យឃើញពីការរីកចម្រើនវិស័យទេសចរណ៍ បើប្រៀបធៀបពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១២ មានអ្នកទេសចរប្រមាណ ៤ពាន់នាក់បានទៅកម្សាន្តនៅខេត្តនេះ។
លោក ង៉ែត ពិទូ បន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិបានល្អ និងការរៀបចំសោភណភាព និងការរៀបចំពិធីបុណ្យអុំទូករបស់អាជ្ញាធរខេត្តនៅឆ្នាំនេះ ធ្វើឲ្យមានការទាក់ទាញ និងធ្វើឲ្យអ្នកទេសចរប្លែកអារម្មណ៍៖ «អ្នកភ្នំពេញភាគច្រើនគេចេញលេងតាមខេត្ត។ ពេលមកដល់គាត់ថាអ្នករតនគិរី ទំនើបជាងស្រុកគាត់ទៀត។ គាត់ថាស្មានតែនៅក្នុងព្រៃស្ងាត់ជ្រងំ ខេត្តតូចមួយណា! ដល់គាត់មកដល់ គាត់ថាខេត្តគេរីកចម្រើនជាងខេត្តគាត់ទៀត»។
បុណ្យអុំទូក សំពះព្រះខែ និងអកអំបុកឆ្នាំនេះ អាជ្ញាធរបានរៀបចំឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន នៅស្រុកវ៉ឺនសៃ រៀបចំប្រណាំងទូកជាលក្ខណៈប្រពៃណីនៅថ្ងៃដំបូងនៃពិធីបុណ្យអុំទូក ដូចនៅរាជធានីភ្នំពេញដែរ។ នៅកណ្ដាលក្រុងបានលុង ក៏មានរៀបចំបាញ់កាំជ្រួចរយៈពេលបីយប់ជាប់គ្នា ជាពិសេសការបាញ់កាំជ្រួចខ្នាតធំនៅមុខបឹងកន្សែងនាថ្ងៃបង្ហើយ ខណៈប្រជាពលរដ្ឋ និងអ្នកទេសចរប្រមាណ ២ពាន់នាក់ទៅ ៣ពាន់នាក់ក្នុងមួយថ្ងៃៗ បានបណ្ដែតប្រទីបតូចៗនៅមាត់បឹង និងនាំគ្នាជួបជុំហូបអាហារភេសជ្ជៈសប្បាយរីករាយនៅមាត់បឹងនោះ។
អធិការប៉ូលិសក្រុងបានលុង លោក ហូត បូរី បញ្ជាក់ថា ឆ្នាំនេះអាជ្ញាធររៀបចំកងកម្លាំងការពារសុវត្ថិភាពក៏មានការកែលំអខុសពីបណ្ដាឆ្នាំមានពិធីបុណ្យ ដើម្បីបញ្ចៀសកកស្ទះចរាចរណ៍ និងបាតុភាពបង្កអសន្តិសុខជាយថាហេតុ។ លោកបន្តថា កងកម្លាំងបីប្រភេទមាននគរបាល កងរាជអាវុធហត្ថ និងកងប្រជាការពារភូមិ បានដាក់ពង្រាយតាមគោលដៅតំបន់កម្សាន្ត កងអន្តរាគមន៍ ក្រុមពួនស្ទាក់ ក្រុមប្រដេញការពារសុវត្ថិភាពក្នុងពិធីបុណ្យបានល្អ៖ «ចរាចរណ៍អត់មានកកស្ទះទេ។ យើងសម្រួលចរាចរណ៍ជូនគាត់ បឹងកន្សែង បឹងយក្សឡោម។ ដោយយោងប្រសាសន៍ឯកឧត្តមអភិបាលខេត្ត លោកស្នងការខេត្តគាត់ថាឲ្យទៅតែមួយច្រកទេ បានន័យថា ទៅហើយអត់ឲ្យមកវិញទេ។ ចំណែកឡានអត់ឲ្យចតនៅមាត់បឹងទេ ឲ្យគាត់ដើរលេងបានស្រួល»។
ជាទូទៅ បឹងយក្សឡោមនៅតែជាមណ្ឌលកម្សាន្តពេញនិយមរបស់អ្នកទេសចរជាតិ និងអន្តរជាតិមកពីបណ្ដាខេត្ត និងរាជធានីភ្នំពេញ។ តួលេខរបស់គណៈកម្មការសហគមន៍បឹងយក្សឡោមនៅថ្ងៃដំបូង និងថ្ងៃទីពីរ មានអ្នកទេសចរប្រមាណ ៥ពាន់នាក់បានទៅកម្សាន្តនៅបឹងយក្សឡោម។
ម្ចាស់លក់គ្រឿងបរិភោគឈ្មោះ ស្រីនាង បឹងយក្សឡោម បញ្ជាក់ថា នៅថ្ងៃទី១ និងថ្ងៃទី២ អ្នកទេសចរភាគច្រើននាំក្រុមគ្រួសារងូតទឹកបឹង និងជួបជុំគ្នាហូបអាហារកម្សាន្តនៅមាត់បឹង ជិះដំរីជុំវិញបឹង និងថតរូបអនុស្សាវរីយ៍ ស្លៀកសម្លៀកបំពាក់បែបប្រពៃណីជនជាតិដើមភាគតិច។ លោកកត់សម្គាល់ថា ការរៀបចំមានកន្លែងអង្គុយកម្សាន្តតាមមាត់បឹង បានក្លាយជាទីពេញនិយមរបស់អ្នកទេសចរមកពីតំបន់ឆ្ងាយ៖ «ខុសគ្នាឆ្នាំទៅ អត់មានកន្លែងអង្គុយស្រួលបួលដូចឥឡូវទេ។ មានកន្លែងអង្គុយស្រួលបួលគាត់មកលេងច្រើន អត់ខ្វះកន្លែងអង្គុយកន្លែងហូបបាយ»។
ចំណែកប្រធានគណៈកម្មការរមណីយដ្ឋានបឹងយក្សឡោម លោក វ៉ាន់ ចឹ កត់សម្គាល់ថា ខុសប្លែកធម្មតាបុណ្យអុំទូកឆ្នាំនេះ ភាគច្រើនអ្នកមកកម្សាន្តបឹងយក្សឡោមបាននាំគ្នាមុជទឹកលេង និងសម្រាកហូបអាហារជាលក្ខណៈគ្រួសារនៅតាមមាត់បឹង។ លោកថា គណៈកម្មការសហគមន៍ បានរៀបចំបុគ្គលិក សន្តិសុខ អ្នកសម្អាតអនាម័យប្រមាណ ៣០នាក់ សម្រាប់រៀបចំតំបន់រមណីយដ្ឋានមានសុវត្ថិភាព និងអនាម័យល្អ៖ «គេមកលេងច្រើន ដូចថ្ងៃម្សិល ក្មេងៗចូលចិត្តមុជទឹកណាស់»។
ក្រៅពីកម្សាន្តនៅរមណីយដ្ឋានបឹងយក្សឡោមនៅខេត្តរតនគិរី អ្នកទេសចរមួយចំនួនបានបន្តទៅកម្សាន្តនៅតំបន់ទឹកជ្រោះកាចាញ កាទៀង ចាអ៊ុង ទឹកជ្រោះ ៧ជាន់ ឬទឹកជ្រោះអូរសៀនឡែ និងទឹកជ្រោះតាត់តៃ នៅដងទន្លេស្រែពក។
អ្នកទេសចរមកពីរាជធានីភ្នំពេញ អ្នកស្រី យី សុខា បង្ហាញអារម្មណ៍រីករាយ ខណៈបានមកកម្សាន្តលើកដំបូងនៅបឹងយក្សឡោម។ អ្នកស្រីកត់សម្គាល់ថា បឹងយក្សឡោមពិតជាមានទេសភាពស្រស់ត្រកាល ទឹកបឹងថ្លាត្រជាក់ ជាតំបន់ទេសចរណ៍ធម្មជាតិពិតៗ៖ «ឃើញស្រះទឹកបឹងយក្សឡោមស្រស់ប្លែកពណ៌ឡើងខៀវ លក្ខណៈព្រៃឈើពេញចិត្តមែនទែន។ ទៅដល់កន្លែងទឹកជ្រោះកាចាញ មានស្ពានយោលដើរទៅឃើញទឹកធ្លាក់។ នៅភ្នំពេញឃើញដដែលៗ»។
ក្រៅពីរៀបចំពិធីប្រណាំងទូក បាញ់កាំជ្រួច បណ្ដែតប្រទីប ប្រជាពលរដ្ឋនៅខេត្តរតនគិរី មិនភ្លេចប្រារព្ធពិធីអកអំបុកនៅថ្ងៃទីពីរ ខណៈព្រះខែពេញបូរមី និងមានទំហំ និងពន្លឺខុសបណ្ដាឆ្នាំនានា។
នៅមុខគេហដ្ឋាន ប្រជាពលរដ្ឋរៀបចំតុមានរៀបទៀនធូប ផ្តិលទឹក មានអប់ផ្កា រួមទាំងមានចានដាក់អំបុក ចេក និងដូងខ្ចី រង់ចាំសំពះព្រះខែនាវេលាម៉ោង ១២យប់។
ការប៉ាន់ប្រមាណរបស់មន្ត្រីទេសចរណ៍ យ៉ាងហោចណាស់ក៏មានអ្នកទេសចរជិត ១ម៉ឺននាក់ បានមកកម្សាន្តរយៈពេលបីថ្ងៃនៅខេត្តរតនគិរី៕
No comments:
Post a Comment