Tuesday, December 13, 2016

ក្រសួង​រក​ឃើញ​ទីតាំង​៣​មាន​ជាតិ​មេតាណុល​ក្នុង​ស្រា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​១៥​នាក់​ស្លាប់



 ឡាន​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយសារ​ពុល​ស្រា​ស​នៅ​ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha


មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល រក​ឃើញ​ជាតិ​មេតាណុល​ក្នុង​ស្រា​ស​លើស​ពី ០,១៥% ដែល​បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល​ស្លាប់​ចំនួន ១៥​នាក់ និង​ឈឺ​ធ្ងន់ ៧៧​នាក់​នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ មន្ត្រី​សុខាភិបាល​បញ្ជាក់​ថា បច្ចុប្បន្ន អ្នក​ជំងឺ​ភាគច្រើន​បាន​ជា​សះ​ស្បើយ ប៉ុន្តែ​ស្ថាប័ន​សុខាភិបាល និង​តុលាការ​នៅ​បន្ត​នីតិវិធី​ជុំវិញ​រឿង​នេះ។

របាយការណ៍​លទ្ធផល​វិភាគ​សំណាក​ស្រា​ស​ចំនួន ៨​សំណាក ត្រូវ​បាន​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល បញ្ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​ធ្នូ បង្ហាញ​ថា ក្នុង​ចំណោម​ទីតាំង​ផលិត​ស្រា​ស​ចំនួន ៨​ទីតាំង មាន​បី​ទីតាំង​រក​ឃើញ​ជាតិ​ពុល ឬ​មេតាណុល​កម្រិត​ខ្ពស់ បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល។ ទីតាំង​ទី​មួយ​មាន​កម្រិត​រហូត​ដល់ ១,៤៣% ទីតាំង​ទី​ពីរ មាន​កម្រិត ១,៧៤% និង​ទីតាំង​ទី​បី​មាន​កម្រិត​ដល់ ០,២០%។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ថា ស្រា​ស​ដែល​មាន​ជាតិ​មេតាណុល​លើស​ពី ០,១៥% អាច​ធ្វើ​ឲ្យ​អ្នក​ផឹក​គ្រោះថ្នាក់​ដល់​ជីវិត។ សំណាក​ស្រា​ស​ទាំង​ប្រាំបី​សំណាក ដែល​យក​ទៅ​ពិសោធ​នោះ បាន​ប្រមូល​ចេញ​ពី​កន្លែង​ផលិត​ក្នុង​ឃុំ​ក្ដុលសែនជ័យ ដែល​ជា​ឃុំ​ទើប​បង្កើត​ថ្មី​ក្នុង​ស្រុក​ទឹកផុស ហើយ​ជា​ទីតាំង​មាន​មនុស្ស​ពុល​ស្រា​ច្រើន៖ «ចំពោះ​ស្ថានភាព​ទូទៅ​នៃ​ការ​ពុល​ស្រា​នេះ មាន​ភាព​ធូរ​ស្រាល​ហើយ ដោយសារ​មក​ដល់​ពេល​នេះ អ្នក​ជំងឺ​ដែល​នៅ​កំពុង​សម្រាក​ព្យាបាល​នៅ​សល់​តែ​ពីរ​ករណី​ទៀត​ទេ។ ក្នុង​នាម​អាជ្ញាធរ​សុខាភិបាល ខ្ញុំ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ជាពិសេស​ពលរដ្ឋ​ដែល​និយម​ទទួល​ទាន​ស្រា​ក្នុង​ករណី​ពលរដ្ឋ​មាន​រោគ​សញ្ញា​ពុល​ស្រា សូម​ទៅ​កាន់​មណ្ឌល​សុភាព​ដែល​ជិត​ឲ្យ​បាន​ជា​បន្ទាន់»។

អ្នក​ភូមិ​នៃ​ឃុំ​ក្រាំងស្គា ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែល​សង្ស័យ​ថា ពុល​ស្រា​ស កំពុង​សម្រាក​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា មន្ត្រី​ជំនាញ​សុខាភិបាល នៅ​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​ក្ដុល ដំណាក់​អំពិល និង​ភូមិ​កូនដំរី នៃ​ឃុំ​ក្ដុលសែនជ័យ ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​ស្រា​ដែល​មិន​ដឹង​ពី​ប្រភព ឬ​ការ​ផលិត​ច្បាស់លាស់។ ក្រៅ​ពី​វិធានការ​អប់រំ ក្រុម​គ្រូពេទ្យ​ក៏​កំពុង​ព្យាបាល​អ្នក​ជំងឺ​ពុល​ស្រា​មិន​ទាន់​ជា​សះ​ស្បើយ​ពីរ​នាក់​ទៀត ដែល​មាន​អាការ​ប្រែប្រួល​ញឹកញាប់។

ចំពោះ​នីតិវិធី​របស់​តុលាការ​ក្នុង​ការ​ស្រាវជ្រាវ​រក​ប្រភព​អ្នក​ផលិត​ស្រា​ស​មាន​ជាតិ​ពុល​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស​នោះ ត្រូវ​អ្នក​នាំ​ពាក្យ​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ថា​មិន​ទាន់​អាច​បញ្ចេញ​ព័ត៌មាន​នេះ​បាន​ទេ។

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ឡុង ស៊ីថា ស្នើសុំ​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត​ទាក់ទង​ករណី​នេះ ដោយ​លោក​អះអាង​ថា តុលាការ​កំពុង​ធ្វើ​ការងារ​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន។

ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦ មាន​មនុស្ស ១៥​នាក់​ស្លាប់ និង​អ្នក​ឈឺ​ដោយសារ​ពុល​ស្រា​ស​ចំនួន ៧៧​នាក់។ មន្ត្រី​ជំនាញ​សុខាភិបាល ថា​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​ពុល និង​អ្នក​ស្លាប់​ទាំងអស់ សុទ្ធតែ​មាន​ប្រវត្តិ​ផឹក​ស្រា​ដែល​បាន​បិត ឬ​ផលិត​នៅ​ក្នុង​ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

មាត្រា​២២៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា អំពើ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ផឹក លេប ឬ​បញ្ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​តាម​មធ្យោបាយ​ណា​ក៏ដោយ ដោយ​ចេតនា​នូវ​សារជាតិ​ពុល​ដែល​បណ្ដាល​ឲ្យ​ខូច​សុភាព ត្រូវ​ចាត់​ទុក​ជា​អំពើ​ហិង្សា​ដោយ​ចេតនា។ ចំណែក​មាត្រា​២២៤ នៃ​ក្រម​ដដែល​នេះ ចែង​ថា អំពើ​ហិង្សា​ដោយ​ចេតនា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ១៥​ឆ្នាំ កាល​បើ​អំពើ​នេះ​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​ដោយ​គ្មាន​ចេតនា​សម្លាប់៕

No comments:

Post a Comment