Tuesday, December 13, 2016

ប៉ូលិស​រក​ឃើញ​វត្ថុតាង​បន្ថែម​ទាក់ទិន​ករណី​​វៀតណាម​ធ្វើ​ទារុណកម្ម​កុមារ​ខ្មែរ


 ជនជាតិ​វៀតណាម ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) ដែល​គេ​សង្ស័យ​ថា​ប្រើ​ទារុណកម្ម​លើ​កុមារ​អាយុ ២​ឆ្នាំ ដោយ​ប្រើ​ឧបករណ៍​ឆក់ នៅ​ខេត្ត​មណ្ឌលគិរី។ Photo courtesy of Thanh Nien


ក្រុម​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​បន្ថែម​ទៅ​លើ​ករណី​ជនជាតិ​វៀតណាម ធ្វើ​ទារុណកម្ម​លើ​កុមារ​ខ្មែរ​នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​ ក្រោយ​ពេល​អាជ្ញាធរ​វៀតណាម ប្រគល់​ឯកសារ​វីដេអូ​ចំនួន ៤៩​ឃ្លិប (clips) ទាក់ទិន​ការ​ធ្វើ​ទារុណកម្ម​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម ធ្វើ​បត្យាប័ន​​ជនជាប់ចោទ​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាត់​ការ​តាម​ផ្លូវ​ច្បាប់។

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ស៊ើបអង្កេត​នៅ​ទីតាំង​ជនជាតិ​វៀតណាម ធ្វើ​ទារុណកម្ម​លើ​កុមារ​អាយុ ២​ឆ្នាំ នៅ​ភូមិ​ពូក្រូច ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ហើយ​បាន​រក​ឃើញ​សម្លៀក​បំពាក់ និង​ខ្សែ​ចង​មាត់​ដែល​ជនល្មើស​ប្រើប្រាស់​ធ្វើ​ទារុណកម្ម​លើ​កុមារ ប៉ុន្តែ​រក​មិន​ឃើញ​ជើង​ទម្រ​ថត​វីដេអូ​ក្នុង​ការ​ធ្វើ​ទារុណកម្ម​នេះ​ទេ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក សូ សុវណ្ណ បញ្ជាក់​ថា ប៉ូលិស​ជំនាញ​សន្និដ្ឋាន​ថា ជនល្មើស​ប្រើ​​ឧបករណ៍​ថត​វីដេអូ​តែ​ម្នាក់​ឯង​ទាក់ទិន​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ បន្ទាប់ពី​ប៉ូលិស​ជំនាញ​វៀតណាម ​បាន​ប្រគល់​ឯកសារ​វីដេអូ​ចំនួន ៤៩​ឃ្លិប ទាក់ទិន​ការ​ធ្វើ​ទារុណកម្ម​នេះ។

មន្ត្រី​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា វីដេអូ​ទាំង ៤៩ឃ្លិប​ដែល​ប៉ូលិស​វៀតណាម ប្រគល់​ឲ្យ​សុទ្ធសឹងតែ​ជា​រូបភាព​បង្ហាញ​ពី​របៀប​ធ្វើ​ទារុណកម្ម​មក​លើ​កុមារ​កម្ពុជា ដូចជា​ប្រើ​ឧបករណ៍​ឆក់ ឬ​យក​ដើម​ប្រទាល​រុក​គូថ និង​មួល​ក​ជាដើម។ វីដេអូ​នេះ​ថត​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា នៅ​ការដ្ឋាន​ក្រុមហ៊ុន​ចម្ការ​​កាកាវ ក្នុង​ឃុំ​ស្រែអំពូម មិន​ទាក់ទិន​ការ​ធ្វើ​ទារុណកម្ម​ករណី​ផ្សេង​អ្វី​ឡើយ៖ «ក្មេង​ហ្នឹង​ទាំង​អស់​ខ្លះ​ញ៉ុក​គូថ ខ្លះ​ឆក់ ខ្លះ​មួល​ក ប៉ុន្តែ​មើល​ក្នុង​រូបភាព​គេ​ថា ​វា​មាន​ជើង (ជើង​ម៉ាស៊ីន​ថត)។ ឥឡូវ​ខ្ញុំ​កំពុង​មក​ផ្ទះ​វា។ ថ្នាក់​លើ​យើង​យក​ចិត្ត​ទុក​ដាក់​ណាស់ យើង​ចង់​ឲ្យ​បញ្ជូន​មក​កាត់​ទោស​នៅ​ស្រុក​យើង ប៉ុន្តែ​គេ​ថា ចាំ​សុំ​យោបល់​ថ្នាក់​លើ​គេ សំខាន់​បំផុត​ឲ្យ​ថ្នាក់​លើ​ប្រទេស​ទាំង​ពីរ​ទាក់ទង​គ្នា»។
កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក យ៉ា ណារិន សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ហុល្លង់ ឈ្មោះ ស្តេសហ្វាន ស្ទូអិក (Stefan Struik) អាយុ ៥៣​ឆ្នាំ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចម្ការ​កាកាវ និង​ចម្ការ​អំពៅ មាន​សញ្ជាតិ​ខ្មែរ​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន​ដើម្បី​ស៊ើប​អង្កេត​ពី​បទ​មិន​ប្ដឹង​បរិហារ​ការ​ធ្វើ​បាប​អនីតិជន​តាម​មាត្រា​៥៣០ នៃ​ក្រមព្រហ្មទណ្ឌ។ ដោយ​ឡែក​ប៉ូលិស​ប្រទេស​វៀតណាម ក៏​បាន​អះអាង​ប្រាប់​ក្រុម​ការងារ​ប៉ូលិស​កម្ពុជា ដែល​ជួប​ដោះស្រាយ​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ថា នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ជាតិ​សម្រេច​ទាក់ទិន​សំណើ​សុំ​បត្យាប័ន​បញ្ជូន​ជនល្មើស​ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) មក​អាជ្ញាធរ​កម្ពុជា។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​​ករណី​នេះ​​ថា ជា​អំពើ​ធ្វើ​ទារុណកម្ម​ឃោរឃៅ​លើ​កុមារ​ដែល​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ បាន​ហាមឃាត់។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ជូន​ជនល្មើស​មក​ផ្ដន្ទាទោស​នៅ​កម្ពុជា កន្លែង​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​នេះ៖ «វិសាលភាព​នៃ​ការ​អនុវត្ត​ទោស គឺ​អនុវត្ត​ទោស​នៅ​កន្លែង​ប្រព្រឹត្ត​បទល្មើស។ ដូច្នេះ​ត្រូវ​តែ​បញ្ជូន​ចារី​ដៃដល់​មក​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​គាត់​អនុវត្ត​ទោស​នៅ​ប្រទេស​កម្ពុជា»។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បាន​រក​ឃើញ​វត្ថុតាង​ប្រដាប់​ឆក់​លិង្គ​សិប្បនិមិត្ត និង​ឧបករណ៍​ជក់​គ្រឿងញៀន​នៅ​បន្ទប់​ស្នាក់នៅ​របស់​ជនល្មើស​ក្នុង​ក្រុមហ៊ុន​ចម្ការ​កាកាវ នៅ​ឃុំ​ស្រែអំពូម ក្នុង​ខេត្ត​មណ្ឌលគិរី៕

No comments:

Post a Comment