ការប្រើរូបប្រាង្គប្រាសាទអង្គរវត្តក្នុងអត្ថបទនេះ គឺតំណាងនៃការរំឭកពីភាពថ្កុំថ្កើងរុងរឿង នៃជនជាតិខ្មែរពីបុរាណ។
យើងរាល់គ្នាស្តាយភាពរុងរឿងនោះ ដែលយើងបាត់បង់ទៅអស់កាលជាច្រើនសតវត្សរ៍មកហើយ។ តែយើងមិនត្រូវ
បំភ្លេចចោលសោះឡើយ កេរ្តិ៍តំណែលដ៏ល្អនៃជនជាតិយើង។ ដូច្នេះខ្ញុំអង្គុយរកនឹកសរសេរអ្វីដែលសំខាន់ ហើយនាំ
ឱ្យខ្មែររាល់គ្នាមានការចេះគិតគូរជាបន្ត ពីសកម្មភាពអ្វីខ្លះដែលអាចជាជំហានចូលទៅក្នុងទិសដៅនៃភាពរុងរឿង។
ជាចក្ខុវិស័យ ក្នុងជំហានដំបូង នៃការប្រមើលមើល កិច្ចការនិងផលប្រយោជន៍មួយ ដែលអាចនឹងជួយសង្គមកម្ពុជា។
ជាការិយាល័យដែលនឹងបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា ហើយដែលអំណាចធំមួយ នឹងបានត្រូវគេផ្តល់ឱ្យ ដល់
ស្ថាប័នថ្មីមួយនេះ។ ជាស្ថាប័ន ដែលគេនឹងសរសេរតែងតាំងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ និងក្នុងច្បាប់រដ្ឋ នូវអ្វីដែលជា
កិច្ចការនិងអំណាចពេញលេញ របស់ស្ថាប័ននេះ។ ជាដំណើរការ កោរកាត់បរិយាកាសសង្គមខ្មែរឱ្យមានពន្លឺថ្មីមួយ។
បើគេចង់បន្ថែមពាក្យមួយទៀតក្នុងឈ្មោះស្ថាប័នថ្មីនេះក៏បាន ដែលគេគេអាចហៅថា ការិយាល័យសហព័ន្ធន៍កម្ពុជា,
ក.ស.ក., ហើយដែលស្តាប់មើលទៅ វាមានឋាមពលជាបន្ថែមក្នុងកិច្ចការរដ្ឋកម្ពុជា។ គឺជាឋាមពលធំជាក់ស្តែង គាំទ្រ
ដោយរដ្ឋធម្មនុញ្ញខ្មែរ ដែលអាចមានប្រសិទ្ធភាពជាក់ស្តែង ក្នុងការលើកតម្កើងគ្រប់ទិដ្ឋភាពទន់ខ្សោយនៃសង្គមខ្មែរ
ឱ្យបានមាំទាំសឿងបឿងឡើង ដែលពន្លកនៃកិត្តិយសជាតិសាសន៍ខ្មែរក៏នឹងចាប់ផ្តើមដុះឡើងតាមដំណើរការ។
តាមចក្ខុវិស័យក្នុងជំហានដំបូង គឺថា ការិយាល័យនេះ នឹងមានការិយាល័យធំ, ការិយាល័យកណ្តាល, នៅក្នុងទីប្រជុំ
ជនមួយ, ទីក្រុងសៀមរាប អង្គរវត្ត ឬភ្នំពេញ, តាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលគេសរសេរអក្សរឆ្លាក់ធំៗក្បែរ
ដំបូលអាគារថា ការិយាល័យសហព័ន្ធន៍ ឬការិយាល័យសហព័ន្ធន៍កម្ពុជា។ ជាការិយាល័យមានបែកចេញជាសាខា
នៅគ្រប់ខេត្តឬក្រុង ក្នុងស្រុកធំតូចទាំងអស់ ក្នុងរដ្ឋកម្ពុជាទាំងមូល។ ការិយាល័យសាខាទាំងនេះ នឹងមានទំនាក់ទំនង
ជិតស្និតល្អ ជាមួយប្រជាពលរដ្ឋទាំងអស់ ក្នុងទីក្រុង ឬភូមិនិងឃុំនៃស្រុកនិមួយៗ ក្នុងដែនដែលខ្លួនទទួលខុសត្រូវ។
កិច្ចការនៃទំនាក់ទំនងរបស់ការិយាល័យសាខា ជាមួយពលរដ្ឋ គឺការស្តាប់ពាក្យត្អូញត្អែរ ឬពាក្យបណ្តឹងរបស់រាស្ត្រ
ក្នុងករណីដែលអាជ្ញាធរដទៃ គ្មានលទ្ធភាពនឹងធ្វើការរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ហើយរាស្ត្រមិនស្ងប់ក្នុងចិត្ត
តែបញ្ហានៅអូសបន្លាយ។ នេះហើយជាជម្ងឺក្នុងសង្គមខ្មែរសព្វថ្ងៃ - គឺមានបញ្ហាជាច្រើនដែលគេមិនបានដោះស្រាយ
ជូនរាស្ត្រ ឱ្យបានទាន់ពេលវេលា ហើយជម្ងឺហ្នឹងចេះតែរីកធំឡើងៗ រាលដាលជា(ជម្ងឺថ្មី)ផ្សេងៗទៀត ធ្វើឱ្យសង្គមខ្មែរ
អ័ព្វឱនឈ្មោះ ធ្លាក់ចុះដុនដាប ក្រពុលមុខដល់រដ្ឋាភិបាល។ ជាជម្ងឺដែលមិនគួរមាន បើគេព្យាបាលទាន់ពេល។
មូលហេតុគឺមានមនុស្សប្រើអំណាច រំលោភលើសិទ្ធិនិងកម្មសិទ្ធរបស់រាស្ត្រ ដែលវាបង្ករឱ្យជីវិតរស់នៅរបស់រាស្ត្រ
មានការក្តៅក្រហាយ ដេកមិនលក់បក់មិនល្ហើយ មិនអាចនៅស្ងៀមបាន ក៏បណ្តាលឱ្យមានបែកជាវិបត្តិធ្ងន់ធ្ងរជាបន្ត
បន្ទាប់មិនចប់មិនហើយ។ ត្រង់ចំណុចហ្នឹងហើយ ដែលក.ស.ក. នឹងចេញទៅបំពេញបេសកកម្មរបស់ខ្លួន សួរនាំ
ចៅហ្វាយខេត្តនៃស្រុកភូមិដែលមានបញ្ហាកើតឡើង។ តាមរដ្ឋធម្មនុញ្ញ និងតាមច្បាប់រដ្ឋអនុមត្ថដោយសភាជាតិ ដែល
ផ្តល់អំណាចធំដល់ក.ស.ក. ស្ថាប័ននេះត្រូវមានឋាមពលគ្រប់គ្រាន់ នឹងចាប់ឃុំឃាំង មន្ត្រីតូចតាច រហូតដល់មន្ត្រីរដ្ឋ
ផ្កាយបីផ្កាយបួន ឬចៅហ្វាយខេត្តណាដែលរំលោភលើក្រឹត្យក្រមរបស់រដ្ឋ និងបញ្ជូនពួកគេទៅតុលាការ ជាមួយសារ
រាយការណ៍ពីវិបត្តិសង្គម ដែលពួកគេជាមេជម្ងឺ ធ្វើឱ្យមានចលាចលក្នុងជីវិតរាស្ត្រ ដែលខ្លួនមានកាតព្វកិច្ចនឹងជួយ។
ប៉ុន្តែគឺជានាយកនៃក.ស.ក. នៅការិយាល័យកណ្តាល ដែលនឹងធ្វើការសម្រេចចិត្ត ប្រើឱ្យសហការី ឬសហការីនីរបស់
លោកចុះទៅចាប់ឃុំឃាំងមនុស្សមានកំហុស, រាប់តាំងពីចៅហ្វាយខេត្ត ដល់ផ្កាយបីផ្កាយបួន និងអ្នកមានបុណ្យសក្តិ
តូចតាចទាំងអស់, យោងតាមរបាយការណ៍ដែលនាយប៉ុស្តិ - សាខារបស់ក.ស.ក. បានផ្ញើជូនទៅលោក។
ខ្ញុំមើលឃើញជាជំហានដំបូងថា នេះហើយជា(អំណាចថ្មី) ទើបបង្កើតថ្មី ដែលក.ស.ក.បានទទួលពីរដ្ឋធម្មនុញ្ញ ហើយ
ដែលនឹងធ្វើឱ្យ(មនុស្សអាក្រក់តូចធំ) ក្នុងសង្គមខ្មែរ មានចិត្តខ្លាចរអា ព្រោះខ្លួនធ្វើខុសបំពានច្បាប់រដ្ឋគាបសង្កត់រាស្ត្រ
ដែលទន់ខ្សោយ ហើយខ្លួនកំពុងធ្វើផ្ទុយ ពីកាតព្វកិច្ចរបស់ខ្លួនជាអ្នក(មើលការខុសត្រូវ) ក្នុងសង្គម។ ជាពួកមនុស្សធ្វើ
ឱ្យខ្លួនឯងក្លាយជាវិបត្តិសង្គម យកបុណ្យសក្តិទៅប្លន់រាស្ត្រទន់ខ្សោយ។ ក.ស.ក. នឹងពង្រាបមនុស្សអាក្រក់ទាំងនេះ។
ប៉ុន្តែស្ថាប័នតុលាការខ្មែរ, ក្នុងទម្រង់ទាំងមូល, គួរត្រូវគេរើរុះបង្កើតអំណាចថ្មី ប្រកបដោយសច្ចធម៌ និងសតិសម្បជញ្ញៈ
ដែលទទួលខុសត្រូវខ្ពស់ ឱ្យបានស្របតាមស្តង់ដារច្បាប់នៃអរិយប្រទេសជឿនលឿនធំៗ និងច្បាប់ស្តង់ដារអន្តរជាតិ
ដែលមានទំនាក់ទំនងល្អជាមួយគ្នា។ ឱ្យគេស្គាល់ច្បាប់បង្កើតថ្មីរបស់ខ្មែរ ដែលគេយល់ស្របថាល្អហើយត្រឹមត្រូវ។ គួរ
តែខ្មែរអនុវត្តច្បាប់ទម្លាប់ ប្រកបដោយស្មារតី សច្ចៈយុត្តិធម៌ ដែលសូម្បីតែរាស្ត្រសាមញ្ញ ក៏អាចគិតយល់ហើយទទួល
ស្គាល់ថា ការកាត់សេចក្តីនៃករណីនិមួយៗរបស់តុលាការ មានភាពសមហេតុសមផលច្រើន ថ្វីបើច្បាប់គឺពិបាកយល់។
ការដែលរដ្ឋាភិបាលមានឥទ្ធិពលលើតុលាការ ធ្វើឱ្យស្ថាប័ននេះក្លាយជាឧបករណ៍ឯកជន ដែលមតិអន្តរជាតិជាទូទៅ
មិនយល់ស្រប ក៏មិនអាចគាំទ្របានឡើយ។ ដូច្នេះ វាជាស្ថាប័ននៃវិបត្តិសង្គម ឬជាជម្ងឺសង្គមទៅវិញ។
អត្ថន័យនៃកំណើត ក.ស.ក. គឺដើម្បីពង្រឹងនិតិវិធីក្នុងសង្គមខ្មែរ ដែលរយីករយាកក្នុងដំណើរការ ស្តារស្រង់សង្គមខ្លួន
ឱ្យបានទៅជាសង្គមសឿងបឿង ដែលធ្វើឱ្យប្រជាពលរដ្ឋរបស់ខ្លួនមានទឹកចិត្តក្លាក្លំ ក្នុងកិច្ចប្រតិបត្តិការ ជួយបំបាត់
វិបត្តិសង្គមឱ្យបានស្ងប់ស្ងាត់ ដែលពន្លកថ្មីនៃបញ្ហានឹងពុំសូវមានដុះដាលស្អេកស្កះជាបន្តបន្ទាប់ដូចសព្វថ្ងៃ។
នេះជាចក្ខុវិស័យនៃជំហានដំបូង ស្តីពីការបង្កើតក.ស.ក. ដែលប្រហែលជាជួយឱ្យរាស្ត្រខ្មែរ បានថែរក្សាសង្គមខ្សត់
ខ្សោយរបស់ខ្លួន ឱ្យមានសុខុមាលភាពប្រសើឡើងជាលំដាប់។ ជាដំណើរឆ្ពោះទៅកាន់ពន្លឺថ្មីមួយ ជួយសង្គមជាតិខ្មែរ
ឱ្យចាកផុតពីការប្រមាថមើលងាយនៃមនុស្សដែលតែងតែ រកឱកាសបៀតបៀនសតិបញ្ញាខ្មែរតាមគ្រប់មធ្យោបាយ។
មនុស្សដែលនឹងធ្វើការក្នុងស្ថាប័នថ្មី គួរតែជាពួកនិស្សិតមានសញ្ញាប័ត្រខ្ពស់ពីសាលា មានកាយសម្បទារល្អ កម្ពស់
ធំមាំល្អ, បុរសស្ត្រី, និងពុំដែលមានជាប់ពាក់ព័ន្ធក្នុងឧក្រឹដ្ឋកម្មណាមួយ។ នេះជាចក្ខុវិស័យ ក្នុងជំហានដំបូង សរសេរ
ជូនមកជនជាតិខ្មែរ ជាម្ចាស់ប្រទេស, ជូនមកនាយករដ្ឋមន្ត្រីខ្មែរ និងសភាខ្មែរ ដែលមានកាតព្វកិច្ចជួយលើកតម្កើង
ដំណើរជីវិតរស់នៅរាល់ថ្ងៃរបស់រាស្ត្រ ជាម្ចាស់ប្រទេស និងជាអ្នកជ្រើសរើសមេដឹកនាំសង្គមជាតិរបស់ខ្លួន៕៚
No comments:
Post a Comment