កម្លាំងនគរបាលស្រុកឈូក ខេត្តកំពត បានចុះទប់ស្កាត់ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលពលរដ្ឋរៀបចំនៅក្នុងសហគមន៍អង្គស្វាយ។ តំណាងប្រជាពលរដ្ឋចាត់ទុកវិធានការរបស់នគរបាល និងភាគីពាក់ព័ន្ធនៅក្នុងមូលដ្ឋាននេះថា ជាការបំបិទសិទ្ធិសេរីភាពរបស់ពួកគេ។ អង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា ទិវាសិទ្ធិមនុស្ស ១០ ធ្នូ នេះ វាគឺជាភារកិច្ចរបស់ប្រទេសនៅលើពិភពលោកទាំងអស់ត្រូវបំពេញ វាពុំមែនជារបស់បុគ្គល ឬសម្រាប់តែកម្ពុជា ផ្ដាច់មុខនោះទេ។
ការចេញបម្រាមរារាំងនេះ ត្រូវបានតំណាងប្រជាពលរដ្ឋអះអាងថា អាជ្ញាធរមូលដ្ឋានចោទប្រកាន់អ្នករៀបចំកម្មវិធីថា អ្នកប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ពុំមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ពីអាជ្ញាធរខេត្ត ហើយការចេញគោលការណ៍បិទកម្មវិធីនេះ គឺដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន។
លោក ហួន សុវណ្ណនី ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋនៅភូមិអង្គស្វាយ ស្រុកឈូក ខេត្តកំពត រិះគន់ចំណាត់ការរបស់មន្ត្រីនគរបាល និងអាជ្ញាធរពាក់ព័ន្ធថា នេះជានយោបាយគាបសង្កត់សិទ្ធិសេរីភាព ហើយពង្រឹងអំណាចរបស់ខ្លួនឯង។ លោកបន្តថា ការរស់នៅសព្វថ្ងៃនេះ គឺហាក់ដូចជាគ្មានសិទ្ធិសេរីភាពទេ ពោលសិទ្ធិនេះបានទៅលើតែភាគីណាដែលគាំទ្ររដ្ឋាភិបាលប៉ុណ្ណោះ។
លោក ហួន សុវណ្ណនី ឲ្យដឹងថា បើទោះជាពលរដ្ឋព្យាយាមពន្យល់អាជ្ញាធរពីគោលបំណងនៃការរៀបចំពិធីបែបណាក៏ដោយ មន្រ្តីដែលចុះប្រតិបត្តិការអះអាងថា គេមិនខ្វល់ពីរឿងច្បាប់ឡើយសំខាន់គឺបទបញ្ជាពីថ្នាក់លើ៖ «ខ្ញុំកំពុងតែគិតថា ខ្ញុំកំពុងបាត់បង់សិទ្ធិ ព្រោះថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិ។ខ្ញុំចង់ដឹងពីទិវាសិទ្ធិមនុស្សហ្នឹងរបៀបម៉េច ព្រោះខ្ញុំជាប្រជាពលរដ្ឋមិនមានចំណេះដឹងគ្រប់គ្រាន់។ អ៊ីចឹងគឺខ្ញុំត្រូវការចំណេះដឹង។ ឥឡូវនេះសិទ្ធិដែលខ្ញុំត្រូវទទួលបានបែរជាមិនបាន»។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅឃុំអង្គស្វាយ ស្រុកឈូក ខេត្តកំពត នៅពេលនេះ ត្រូវបរាជ័យទៅវិញ ក្នុងពេលកម្លាំងចម្រុះរបស់រដ្ឋាភិបាល ចុះទប់ស្កាត់មិនឲ្យពលរដ្ឋរៀបចំពិធីនេះ។លោក ហួន សុវណ្ណនី ឲ្យដឹងថា តាមគម្រោងនៃការរំលឹកខួបលើកទី៦៨ នៃសិទ្ធិមនុស្សអន្តរជាតិនេះ មានអ្នកចូលរួមប្រមាណ ៦០នាក់។
ទាក់ទិនរឿងនេះ អភិបាលរងស្រុកឈូក ខេត្តកំពត លោក ហុក ទ្រី អះអាងថា លោកពុំអាចឆ្លើយបំភ្លឺបានទេ ដោយសារជាប់ប្រជុំ។ យ៉ាងណាក៏ដោយ នៅក្នុងលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោក ហុក ទ្រី នៅថ្ងៃទី៩ ខែធ្នូ ឲ្យដឹងថា លិខិតដែលស្នើសុំរៀបចំកម្មវិធីនេះ ពុំទាន់មានសុពលភាពតាមច្បាប់គ្រប់គ្រាន់។ ហេតុនេះលោកតម្រូវឲ្យអ្នករៀបចំកម្មវិធីធ្វើលិខិតស្នើសុំសារឡើងវិញពីអភិបាលខេត្តជាមុនសិន។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតរបស់អង្គការលីកាដូ (Licadho) បង្ហាញការសោកស្ដាយដែលអាជ្ញាធរដាក់កម្លាំងចុះទប់ស្កាត់ការរៀបចំពិធីដែលនិយាយពីលើកកម្ពស់សិទ្ធិមនុស្សទៅវិញ។ លោកបន្តថា តាមពិតរដ្ឋាភិបាលអាចទទួលបានផលចំណេញពីទិវានេះទៅវិញទេ ប្រសិនបើរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធស្ដាប់បញ្ហា និងអនុសាសន៍ពីសហគមន៍៖ «ខ្ញុំគិតថា វាគួរតែលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋដែលគាត់មានឆន្ទៈក្នុងការចូលរួមនូវខួបលើកទី៦៨ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយក៏បានបង្ហាញនូវកង្វល់ និងបញ្ហាមួយចំនួនផ្សេងទៀតដើម្បីឲ្យអាជ្ញាធរគាត់បានដឹងបានឮ ហើយជួយរកដំណោះស្រាយសម្រាប់គាត់»។
ដោយឡែក ទាក់ទិនការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅភ្នំពេញ នៅតាមទីតាំងសំខាន់ៗមួយចំនួន ដូចជានៅសួនច្បារចំណុចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីលានប្រជាធិបតេយ្យជាដើម សាលាក្រុងភ្នំពេញ មិនបើកភ្លើងខៀវឲ្យប្រារព្ធពិធីឡើយ។
បើទោះជាមានបម្រាមដូចនេះពីអាជ្ញាធរក៏ដោយចុះ ក្រុមអ្នកប្រារព្ធពិធី រួមមានសហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅតែបញ្ជាក់ជំហរថា ពួកគេនឹងជម្នះរៀបចំពិធីទៅតាមការគ្រោងទុក។
សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស មាត្រា ២៧ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌របស់ខ្លួន។ ដោយឡែកមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញវិញ កំណត់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយសេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវទទួលការពិនិត្យ និងដោះស្រាយដោយអង្គការរដ្ឋ។
ផ្ទុយពីនេះវិញ អង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា ការស្នើរបស់ប្រជាពលរដ្ឋកម្រឃើញអាជ្ញាធររដ្ឋដោះស្រាយណាស់ ក្រៅពីដាក់កម្លាំងចេញបង្ក្រាប ឬចុះទប់ស្កាត់ការជួបជុំ ដែលការប្រមូលផ្ដុំសម្ដែងមតិនេះ មានធានាដោយច្បាប់កំពូលរបស់ប្រទេសផង៕
No comments:
Post a Comment