Wednesday, December 21, 2016
កម្ពុជា-វៀតណាម ប្ដេជ្ញារកដំណោះស្រាយរួម លើការកំណត់ បង្គោលព្រំដែន នៅសេសសល់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានធ្វើការប្ដេជ្ញារួមគ្នា ស្វែងរកដំណោះស្រាយជាស្ថាពរ នូវកំណាត់ខ្សែព្រំដែន ដែលនៅសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកសាងបន្ទាប់ព្រំដែននៃសន្តិភាព ស្ថេរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការអះអាងរបស់កម្ពុជា និងវៀតណាមបែបនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាទ្វេភាគី រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី ២០ ដល់២១ខែធ្នូ ឆ្នាំ២០១៦។
យោងតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្រ្តី ចុះផ្សាយនៅថ្ងៃទី២០ ធ្នូ បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានប្តេជ្ញាអនុវត្តយ៉ាងពេញលេញ នូវគោលការណ៍ ដែលមានចែង ក្នុងសេចក្តីប្រកាសរួមកម្ពុជា វៀតណាម ឆ្នាំ១៩៩៩ ឆ្នាំ២០០៥ ឆ្នាំ២០១១ ឆ្នាំ២០១៤ និងឆ្នាំ២០១៦ ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងធានាថា មិនឱ្យមានកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគំរាមកំហែង សន្តិសុខប្រទេសមួយទៀត និងដោះស្រាយរាល់បញ្ហា ដែលកើតឡើងរវាងប្រទេសទាំងពីរ តាមរយៈការពិភាក្សាដោយសន្តិវិធី។
ប្រភពដដែលបន្ថែមថា មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចប្រជុំកម្រិតខ្ពស់ ការទាក់ទងនិងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ និងជំរុញ ឱ្យមានការប្រាស្រ័យទាក់ទងគ្នា រវាងប្រជាជន និងប្រជាជន ជាពិសេសនៅតាម បណ្តាខេត្តជាប់ព្រំដែន។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារសំខាន់ ក្នុងការអប់រំប្រជាជនទាំងពីរ ឱ្យយល់ដឹងពីមិត្តភាពជាប្រពៃណី និងការជួយគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះ មេដឹកនាំទាំងពីរ បានឯកភាពធ្វើការជាមួយគ្នា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត របស់ប្រទេសទាំងពីរ ដើម្បីបង្កើនការយោគយល់គ្នា ទៅវិញទៅមក រវាងប្រជាជនទាំងពីរ ពិសេសរវាងយុវជនជំនាន់ក្រោយ។ មេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យនានា ដែលបានចុះហត្ថលេខា ដោយបានឯកភាពណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្របសម្រួលក្នុងការកែសម្រួលយន្តការពាក់ព័ន្ធ ដើម្បីស្វែងរកវិធានការ ដែលមានប្រសិទ្ធភាព ក្នុងការបង្កើតទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចតាមគោលដៅ ៥ពាន់លានដុល្លារអាមេរិកនាបណ្តាឆ្នាំខាងមុខ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានសរសេរបញ្ជាក់ថា "ក្នុងកិច្ចពិភាក្សាទ្វេភាគីនោះដែរ មេដឹកនាំទាំងពីរបា នបញ្ជាក់ពីការអះអាងសារជាថ្មី នូវការគោរព និងការអនុវត្តឱ្យបានពេញលេញ នូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត រវាងរដ្ឋទាំងពីរ។ តាមរយៈនោះ មេដឹកនាំទាំងពីរ បានកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការចម្រុះ ខណ្ឌសីមាព្រំដែនគោក ដែលបានសម្រេចបានជាង៨៣% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោ ក្នុងរយៈពេលកន្លងមក ដោយឈរលើមូលដ្ឋាន នៃសន្ធិសញ្ញាកំណត់ព្រំដែន រវាងប្រទេសទាំងពីរ"។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment