Tuesday, December 20, 2016

តុលាការ​ខេត្ត​កំពត​ចោទ​ប្រកាន់​បុរស​សម្លាប់​ប្រពន្ធ​និង​កូន​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន


សាលាដំបូង​ខេត្ត​កំពត ស្ថិត​ក្រុង​ទីក្រុង​កំពត។ រូបថត​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៦  RFA/Yang Chandara


ជន​សង្ស័យ​ឈ្មោះ អ៊ុំ រស្មី ដែល​បាន​វាយ​សម្លាប់​ប្រពន្ធ និង​កូន​តូច​របស់​ខ្លួន​អាយុ ២​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កំពត ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់។ ការ​បញ្ជូន​ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​ភរិយា​របស់​ខ្លួន​រូប​នេះ​ទៅ​តុលាការ ក្រោយ​ពេល​សមត្ថកិច្ច​បាន​តាម​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ក្រុង​ព្រះសីហនុ។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត លោក ខាន់ សុផល ឲ្យ​អាស៊ីសេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ថា តំណាង​អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​ឈ្មោះ អ៊ុំ រស្មី ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ។ ជន​ជាប់​ចោទ ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពត។

កាល​ពី​ម៉ោង ២​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើត​ឡើង​នៅ​ភូមិ​ទ្វីខាងជើង សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ អ៊ុំ រស្មី ដែល​ជា​ស្មៀន​ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​បុរស​រូប​នេះ​បាន​វាយ​ប្រពន្ធ​ឈ្មោះ ម៉ក់ សារ៉ាយ អាយុ ២៤​ឆ្នាំ និង​កូន​ប្រុស​អាយុ ២​ឆ្នាំ​ម្នាក់​ឈ្មោះ ថា រដ្ឋពិសិដ្ឋ នឹង​ចប​កាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត លោក គង់ សុខន បញ្ជាក់​ថា ជន​សង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិត​ជា​បាន​វាយ​សម្លាប់​ប្រពន្ធ និង​កូន​របស់​ខ្លួន​មែន ដោយសារ​តែ​ខឹង​ប្រពន្ធ​មិន​យក​ថ្នាំ​ឲ្យ​លេប។ លោក គង់ សុខន បញ្ជាក់​ទៀត​ថា ជន​សង្ស័យ គឺ​ជា​មនុស្ស​ដែល​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន និង​មាន​ជំងឺ​សរសៃ​ប្រសាទ៖ «ក្នុង​ចន្លោះ​ម៉ោង ៧ ឬ ៨​យប់ (ថ្ងៃ​ទី​១៨) គាត់ (អ៊ុំ រស្មី) ផឹក​ស្រាបៀ​ជក់​បារី ហើយ​គាត់​ហ្នឹង​ជា​មនុស្ស​ដែល​មាន​ជំងឺ​សរសៃ​ប្រសាទ។ អ៊ីចឹង​ដល់​ម៉ោង ២​ទៀប​ភ្លឺ (ថ្ងៃ​ទី​១៩) ជំងឺ​គាត់​រើ​ឡើង។ អ៊ីចឹង​គាត់​បាន​ឲ្យ​ប្រពន្ធ​ទៅ​យក​ថ្នាំ​យក​ថ្នាំ​សរសៃ​ប្រសាទ តែ​ប្រពន្ធ​របស់​គាត់​អត់​ឡើង (អត់​ក្រោក) អ៊ីចឹង​គាត់​ក៏​ខឹង ហើយ​ក៏​ឡើង​​ទៅ​យក​ចប (ចប​កាប់) ហើយ​ក៏​ឈាន​ដល់​វាយ​សម្លាប់​តែ​ម្តង។ ចុះ​ចំណែក​កូន​តូច​របស់​គាត់​វិញ? បើ​តាម​ចម្លើយ​ជន​សង្ស័យ​គ្រាន់​តែ​បញ្ជាក់​ថា យំ។ អាច​ថា​ម្តាយ​ព​រត់​ទៅ​ជាមួយ ព​រត់​ទៅ​ជាមួយ! ដល់​ពេល​ហ្នឹង​វា​យំ​ខ្លាំង ជន​សង្ស័យ​ក៏​វាយ​បន្ថែម​តែ​ម្តង»។

បុរស​ម្នាក់​ឈ្មោះ លៀង ឌឿន ដែល​ត្រូវ​ជា​សាច់ញាតិ​ជន​សង្ស័យ បញ្ជាក់​ថា ឈ្មោះ អ៊ុំ រស្មី ជា​មនុស្ស​សេព​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន ព្រម​ទាំង​មាន​ជំងឺ​សរសៃ​ប្រសាទ​ប្រចាំ​កាយ​ផង។ លោក​ថា ឈ្មោះ អ៊ុំ រស្មី ធ្លាប់​បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួយ​សង្គ្រោះ​ទាន់។ ក្រោយ​ពេល​ជា​សះ​ស្បើយ ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ជន​នោះ​ទៅ​មណ្ឌល​កែប្រែ ដើម្បី​បន្សាប​គ្រឿង​ញៀន​បាន​រយៈពេល​ជាង ២​ខែ មុន​ពេល​យក​បុរស​រូប​នោះ​ត្រឡប់​មក​ផ្ទះ​វិញ កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ។ លោក លៀង ឌឿន បញ្ជាក់​ថា ក្រោយ​ឃាតកម្ម ក្រុម​គ្រួសារ​របស់​លោក បាន​យក​កូន​ប្រុស​ម្នាក់​ទៀត​របស់​ជន​សង្ស័យ និង​ភរិយា​ដែល​បាន​ស្លាប់​នោះ យក​មក​ចិញ្ចឹម។ កុមារា​ម្នាក់​នោះ​មាន​ឈ្មោះ ថា រដ្ឋធិបតី អាយុ ៤​ឆ្នាំ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កំពត អ្នកស្រី អ៊ូច បូ ដែល​បាន​ចុះ​អង្កេត​រឿង​នេះ​ផ្ទាល់​ថ្លែង​ថា ករណី​នេះ គឺ​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដ៏​ធ្ងន់ធ្ងរ ដែល​អាជ្ញាធរ​ត្រូវ​អនុវត្ត​តាម​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង។ ក្រៅ​ពី​នេះ អ្នកស្រី​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ ឲ្យ​បាន​ទូលំទូលាយ​នៅ​តាម​មូលដ្ឋាន ដើម្បី​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ចំណេះ​ដឹង និង​ឈាន​ដល់​ការ​រួម​គ្នា​លុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ៖ «សុំ​កុំ​ឲ្យ​មាន​និទ្ទណ្ឌភាព​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ក្នុង​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ»។

មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ពី​ឃាតកម្ម​គិត​ទុក​ជា​មុន ដែល​ជា​អំពើ​សម្លាប់​មនុស្ស​ដោយ​គិត​ទុក​ជា​មុន ឬ​ការ​ពួន​ស្ទាក់ ហើយ​ជន​ប្រព្រឹត្តិ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

No comments:

Post a Comment