Monday, December 12, 2016

ហ្វេសប៊ុក​មាន​រូប​កញ្ញា ធី សុវណ្ណថា បង្ហាញ​សារ​ព្រមាន​លោក កឹម សុខា


សារ​ព្រមាន​ដែល​អម​ដោយ​រូបថត​របស់​កញ្ញា ធី សុវណ្ណថា និង​កាំភ្លើង​មួយ​ចំនួន បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) មាន​ឈ្មោះ Thy Sovantha II នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ Screenshot


អតីត​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដែល​ងាក​មក​ជិតស្និទ្ធ​ជាមួយ​បក្ស​កាន់​អំណាច កញ្ញា ធី សុវណ្ណថា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​គំរាម​ឲ្យ​លោក កឹម សុខា ប្រុង​ប្រយ័ត្ន។ សារ​ព្រមាន​ដែល​អម​ដោយ​រូបថត​របស់​កញ្ញា ធី សុវណ្ណថា និង​កាំភ្លើង​មួយ​ចំនួន​ផង​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កញ្ញា ធី សុវណ្ណថា កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ។

បើ​ទោះ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ទាន​លើកលែង​ទោស​ឲ្យ​មាន​សេរីភាព​រួច​ហើយ​ក្តី ប៉ុន្តែ​រឿងរ៉ាវ​របស់​លោក​នៅ​តែ​ត្រូវ​បាន​កញ្ញា ធី សុវណ្ណថា លើក​មក​និយាយ​ជា​ហូរហែ។

នៅ​ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស កញ្ញា ធី សុវណ្ណថា ដែល​គេ​ដឹង​ថា​បាន​ប្ដឹង​លោក កឹម សុខា ពី​បទ​បរិហារ​កេរ្តិ៍ ក្រោយ​ពី​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ដែល​សង្ស័យ​ថា​ជា​របស់​លោក កឹម សុខា នោះ បាន​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ កញ្ញា​នឹង​ប្ដឹង​លោក កឹម សុខា ទៅ​តុលាការ​ពី​បទ​ផ្សេង​ទៀត ដូចជា​បទ​បរិហារ​កេរ្តិ៍ ពេស្យាចារ ឬ​សូកប៉ាន់​សាក្សី​ជាដើម។ ទោះ​ជា​បែប​នេះ​ក្តី គេ​មិន​ឃើញ​លោក កឹម សុខា ឆ្លើយតប​ចំពោះ​ការ​ទាមទារ​របស់​កញ្ញា ធី សុវណ្ណថា នេះ​ឡើយ។


ក្រៅ​ពី​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​រូប​កញ្ញា ធី សុវណ្ណថា ជា​ម្ចាស់​គណនី បាន​សរសេរ​សារ​គំរាម​ឲ្យ​លោក កឹម សុខា ប្រុង​ប្រយ័ត្ន​វិញ​ម្តង។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ធ្នូ គេ​ឃើញ​មាន​សារ​ដែល​សរសេរ​ថា «សួស្តី កិម សុខា។ មាន​តែ​ពីរ​បី​ទេ កិម សុខា សូម​ប្រុង​ប្រយ័ត្ន»។

ការ​បញ្ចេញ​សារ​ហាក់​ជា​ការ​ព្រមាន​ដល់​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង លោក កឹម សុខា នេះ គឺ​ក្រោយ​ពេល​មាន​ការ​លេច​ធ្លាយ​នូវ​សារ​ជា​អក្សរ​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​កញ្ញា ធី សុវណ្ណថា និង​សារ​ឆ្លើយឆ្លង​ជា​សំឡេង​ជាមួយ​កូន​លោក​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានិត ជាមួយ​កញ្ញា ធី សុវណ្ណថា។ ទោះ​ជា​យ៉ាង​ណា ចាប់​តាំង​ពី​មាន​ការ​បែក​ធ្លាយ​សារ​ឆ្លើយឆ្លង​ទាំងនេះ ទាំង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត និង​កញ្ញា ធី សុវណ្ណថា មិន​ឃើញ​បញ្ចេញ​ប្រតិកម្ម​ផ្លូវ​ការ​អ្វី​ឡើយ។

អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ ធ្នូ ផ្ញើ​សារ​ទៅ​កាន់​ហ្វេសប៊ុក​កញ្ញា ធី សុវណ្ណថា និង​ទូរស័ព្ទ​ទៅ​កាន់​នាង ដើម្បី​សុំ​ការ​បញ្ជាក់​បំភ្លឺ​បន្ថែម​ជុំវិញ​ការ​ព្រមាន​លោក កឹម សុខា ថា​ពិត​ជា​សារ​គំរាម​របស់​នាង ឬ​យ៉ាង​ណា ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​ឡើយ។

ក្រៅ​អំពី​សារ​ព្រមាន​លោក កឹម សុខា គេ​ក៏​ឃើញ​មាន​បង្ហោះ​រូប​កញ្ញា ធី សុវណ្ណថា កាន់​កាំភ្លើង​បាញ់ ព្រម​ទាំង​មាន​រូប​កាំភ្លើង​វែង និង​ខ្លី និង​គ្រាប់​មួយ​ចំនួន​ផង​ដែរ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១២ ធ្នូ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អាស៊ីសេរី ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​ដែរ។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ គណនី​ហ្វេសប៊ុក (Facebook) ដែល​មាន​ឈ្មោះ​ថា ផែង វណ្ណៈ បាន​បង្ហោះ​សារ​គំរាម​សម្លាប់​លោក កឹម សុខា ដោយ​ភ្ជាប់​នូវ​រូបថត​កាំភ្លើង​ខ្លី និង​គ្រាប់​កាំភ្លើង​ចំនួន ៧​គ្រាប់ ក្នុង​នោះ​បាន​រៀបរាប់​ថា ទុក ៧​គ្រាប់​ឲ្យ​លោក កឹម សុខា។ គ្រាប់​ទី​១ បាញ់​យក​ដៃ​ឆ្វេង គ្រាប់​ទី​២ បាញ់​យក​ដៃ​ស្ដាំ គ្រាប់​ទី​៣ បាញ់​ជើង​ឆ្វេង គ្រាប់​ទី​៤ បាញ់​យក​ជើង​ស្តាំ គ្រាប់​ទី​៥ បាញ់​ពោះ គ្រាប់​ទី​៦ បាញ់​បេះដូង និង​គ្រាប់​ទី​៧ បាញ់​ឲ្យ​ចំ​ក្បាល។

ចំពោះ​ការ​ព្រមាន​លើ​លោក កឹម សុខា នៅ​ពេល​នេះ​វិញ ក៏​ដូច​ពេល​មុន​ដែរ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ហាក់​មិន​សង្ឃឹម​ឡើយ​ថា សមត្ថកិច្ច​នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​កញ្ញា ធី សុវណ្ណថា ព្រោះ​ពួក​គេ​យល់​ថា កញ្ញា ធី សុវណ្ណថា ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល និង​បក្ស​កាន់​អំណាច ប៉ុន្តែ​ពួក​គេ​ថា ប្រសិន​បើ​ការ​គំរាម​ធ្វើ​លើ​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច​វិញ អ្នក​សរសេរ​ប្រាកដ​ជា​មិន​រួច​ខ្លួន​ឡើយ៕

No comments:

Post a Comment