Sunday, December 11, 2016

ពលរដ្ឋ​ស្រុក​មេមត់​ចោទ​អាជ្ញាធរ​ថា​មិន​អើពើ​ករណី​ក្រុមហ៊ុន​ជីក​ប្រឡាយ​ផ្ដាច់​ផ្លូវ​ដឹក​កសិផល


ទីតាំង​ដី​ក្រុមហ៊ុន ម៉ែន សារុន នៅ​ចំណុច​ឃុំ​ជាំក្រវៀន ជាប់​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ប្រជា​សហគមន៍​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ។ រូបថត​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ Photo Provided


ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចោទ​អាជ្ញាធរ​ឃុំ ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ពួក​គាត់​ឡើយ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន ម៉ែន សារុន ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ដី​ចម្ការ​របស់​ពួក​គាត់ ប៉ុន្តែ​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ទេ។ មេ​ឃុំ​ជាំក្រវៀន អះអាង​ថា បញ្ហា​នេះ​នឹង​អាច​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ។

ប្រជា​សហគមន៍​លើក​ឡើង​ថា ផលិតផល​កសិកម្ម​របស់​ពួក​គាត់​រួម​មាន ស្រូវ ពោត ដំឡូង ជាដើម កំពុង​ប្រឈម​ការ​ខូចខាត​ជា​បណ្ដើរៗ ហើយ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ វា​នឹង​ខូចខាត​កាន់​តែ​ច្រើន​ដោយសារ​មិន​មាន​ផ្លូវ​ដឹក​ជញ្ជូន​ចេញ​មក​ផ្ទះ​សម្បែង​បាន។

បញ្ហា​នេះ កើត​ឡើង​បន្ទាប់​ពី​ភាគី​ក្រុមហ៊ុន ម៉ែន សារុន បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ដី​ចម្ការ​របស់​ពលរដ្ឋ​ជាច្រើន​ខែ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន បើ​ទោះ​បី​ជា​ប្រជា​សហគមន៍​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ក៏ដោយ។

ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន មួយ​រូប​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​និយាយ​ថា ស្រូវ​របស់​លោកស្រី​ជាច្រើន​ហិកតារ លោកស្រី​បាន​ច្រូត​កាត់​រួច​រាល់​តាំង​ពី​ខែ​វិច្ឆិកា ប៉ុន្តែ​ត្រូវ​រក្សា​ទុក​នៅ​ដី​ស្រែ​នោះ​រហូត​មក ពីព្រោះ​មិន​អាច​ដឹក​ជញ្ជូន​យក​មក​ផ្ទះ​បាន។ លោកស្រី​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន​បាន​ទេ ស្រូវ​របស់​គាត់ និង​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត ព្រម​ទាំង​ដំណាំ​ដំឡូង អាច​ត្រូវ​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ​មិន​ខាន៖ «មិន​ដឹង​ធ្វើ​ម៉េច បាន​រាល់​ថ្ងៃ​នៅ​ស្ងៀម​ហ្នឹង ដឹក​មិន​ទាន់​ចេញ មួយៗ​នៅ​គ្រប់​គ្នា»។

តំណាង​សហគមន៍​ឃុំ​ជាំក្រវៀន លោក ផុន សុផល មាន​ប្រសាសន៍​ថា កំណាត់​ផ្លូវ​នៅ​ក្នុង​ក្រុមហ៊ុន ម៉ែន សារុន ចំនួន​បី​កន្លែង ត្រូវ​បាន​ក្រុមហ៊ុន​ជីក​ប្រឡាយ​កាត់​ផ្តាច់ គឺ​មាន​ទទឹង​ជាង ១​ម៉ែត្រ និង​ជម្រៅ​ជាង ១​ម៉ែត្រ។ លោក​ថា ក្រុមហ៊ុន​បាន​ជីក​កាត់​ផ្តាច់​កាល​ពី​ខែ​តុលា គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ ដែល​ប្រើប្រាស់​ផ្លូវ​នោះ​ជា​ចាំបាច់​សម្រាប់​ដឹក​ផលិតផល​កសិកម្ម​របស់​ពួក​គាត់។ លោក​យល់​ថា អាជ្ញាធរ​ឃុំ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​ឡើយ ម្យ៉ាង​ការ​ជីក​ផ្តាច់​ផ្លូវ​នេះ គឺ​ជា​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​តែ​ម្តង៖ «ក្រុមហ៊ុន​ធ្វើ​បែប​នេះ គឺ​ចង់​បំផ្លាញ ហើយ​ទី​មួយ​គឺ​ចង់​បំបាក់​មុខ​រាជ​រដ្ឋាភិបាល​តែ​ម្តង»។

កាល​ពី​ខែ​វិច្ឆិកា តំណាង​ប្រជាពលរដ្ឋ​ជិត ១០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ដោយ​រៀបរាប់​ថា ក្រុមហ៊ុន ម៉ែន សារុន នៅ​តែ​បន្ត​ជីក​ប្រឡាយ​ព័ទ្ធ​ដី​របស់​ពួក​គាត់​នៅ​ចំណុច​ទួល​គ្រោះ ហើយ​មួយ​ទៀត ក្រុមហ៊ុន​បាន​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កាន់​ដី​ចម្ការ​បាន។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ទៅ​តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា បាន​ទេ​នៅ​ថ្ងៃ​ទី​១១ ធ្នូ។

យ៉ាង​នេះ​ក្តី កាល​ពី​ខែ​វិច្ឆិកា មេ​ឃុំ​ជាំក្រវៀន លោក អ៊ួច យឿន បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​ដែល​ក្រុមហ៊ុន​ជីក​ផ្តាច់​ផ្លូវ​នោះ​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​បាត់​ដំណឹង​សូន្យ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ជាំក្រវៀន លោក អ៊ួច យឿន បញ្ជាក់​ថា បញ្ហា​ទាំងនោះ​លោក​បាន​ដឹង​ហើយ ប៉ុន្តែ​ដោយសារ​លោក​រវល់​ពេក ទើប​មិន​ទាន់​បាន​ហៅ​ភាគី​ក្រុមហ៊ុន​ចូល​មក​ដោះស្រាយ។ តែ​យ៉ាង​ណា បញ្ហា​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត៖ «បើ​និយាយ​ពី​រឿង​ត្រឹមត្រូវ គឺ​វា​មិន​ត្រឹមត្រូវ​ទេ»។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន ម៉ែន សារុន ជាមួយ​ពលរដ្ឋ គឺ​កើត​ឡើង​ខ្លាំង​តាំង​ពី​ឆ្នាំ​២០១៤។ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​សរសេរ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ដោយ​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី សម្រេច​ប្រគល់​ដី​ចំនួន​ជិត ២​ពាន់​ហិកតារ (១.៩៦០​ហិកតារ) ដែល​ជា​ដី​ពាក់ព័ន្ធ​ក្រុមហ៊ុន ម៉ែន សារុន ឲ្យ​ទៅ​ពលរដ្ឋ​ជាង ៦០០​គ្រួសារ (៦៤៣​គ្រួសារ) នៅ​ឃុំ​ជាំក្រវៀន ឃុំ​ទន្លូង ឃុំ​ចាន់មូល ឃុំ​រូង ឃុំ​ត្រមូង និង​ឃុំ​ជាំ ក្រោម​ទម្រង់​ដី​សម្បទាន​សង្គមកិច្ច។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដី​ទាំងនោះ​ជា​ផ្លូវ​ការ​ឡើយ ហើយ​ទំនាស់​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ជា​អាទិភាព ពុំ​មែន​យក​ហេតុផល​រវល់​មក​ដោះសា​នោះ​ឡើយ៖ «ហើយ​គាត់​ឆ្លើយ​ថា​រវល់ អា​ហ្នឹង​វា​មិន​មែន​ជា​រឿង​មន្ត្រី​រាជការ​ទេ តែ​ជា​រឿង​ថៅកែ​ផ្សេង​ទេ ប៉ុន្តែ​បើ​មន្ត្រី​រាជការ​រវល់ គឺ​រវល់​រឿង​ប្រជាពលរដ្ឋ»។

លោក​យល់​ថា មូលហេតុ​ធ្វើ​ឲ្យ​ទំនាស់​ដីធ្លី​នេះ​មិន​អាច​ដោះស្រាយ​ចប់ ពីព្រោះ​អាជ្ញាធរ​មិន​ហ៊ាន​ដោះស្រាយ​ទេ ដោយ​ខ្លាច​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ខ្លួន។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន រាជ​រដ្ឋាភិបាល​ត្រូវ​ដក​មន្ត្រី​អាជ្ញាធរ​ណា​ដែល​អសកម្ម​ចោល​តែ​ម្តង ហើយ​ដាក់​អ្នក​ថ្មី​ដែល​ធានា​ថា​មិន​ជាប់​ពាក់ព័ន្ធ​ទំនាស់​ផល​ប្រយោជន៍​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន៕

No comments:

Post a Comment