Tuesday, December 6, 2016

លោក ហ៊ុន សែន ផ្ដល់​ទីតាំង​រមណីយដ្ឋាន​វត្តភ្នំ​ឲ្យ​ក្រុម​តន្ត្រី​ជន​ពិការ​សម្ដែង​សិល្បៈ


ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ប្រគំ​តន្ត្រី​នៅ​ចំណុច​ស្តុប​អាងទឹក​អូឡាំពិក នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Um Raingsy


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ផ្ដល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ លោក​បាន​សម្រេច​ផ្តល់​ទីតាំង​រមណីយដ្ឋាន «វត្ត​ភ្នំ» ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ជន​ពិការ​សម្ដែង​សិល្បៈ​នៅ​ទីនោះ ល្អ​ជាង​សម្ដែង​នៅ​តាម​ដង​ផ្លូវ ឬ​ស្ដុប​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ទុក​ឲ្យ​ជន​ពិការ​សម្ដែង​សិល្បៈ​នៅ​តាម​ផ្លូវ ឬ​ស្ដុប​ក្នុង​រាជធានី​ភ្នំពេញ គឺ​អាច​បង្ក​បញ្ហា​សណ្ដាប់ធ្នាប់ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​ជន​ពិការ​កម្ពុជា លើក​ទី​១៨ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៤ ក្រោម​ប្រធានបទ «ផ្តល់​អាទិភាព និង​សិទ្ធិ​អំណាច​ដល់​ជន​ពិការ​ក្នុង​គ្រប់​វិស័យ ដើម្បី​សង្គម​មួយ​គ្មាន​ពិការ​ភាព» ដែល​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ។

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ជន​ពិការ​កុំ​ទៅ​សម្ដែង​នៅ​តាម​ដង​ផ្លូវ ឬ​នៅ​ក្នុង​ទីផ្សារ​តូច​ចង្អៀត ដែល​អាច​បង្ក​បញ្ហា​សណ្ដាប់ធ្នាប់ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​ជំរុញ​ឲ្យ​ជន​ពិការ​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​ឧបករណ៍​អាជីវកម្ម​របស់​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឡើយ។

លោក ហ៊ុន សែន ប្រកាស​ជួយ​ទំនុក​បម្រុង​ឧបករណ៍​តន្ត្រី​ឲ្យ​បាន​ល្អ​សមរម្យ​ដល់​ជន​ពិការ សម្រាប់​សម្ដែង។
បន្ថែម​ពី​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ជន​ពិការ​ដែល​សម្ដែង​តាម​ស្តុប​ដែល​បំបែក​ជា​ក្រុម​តូច មក​រួម​បញ្ចូល​គ្នា​ជា​ក្រុម​ធំ ដើម្បី​យក​ទីតាំង​វត្ត​ភ្នំ​សម្ដែង​រួម​គ្នា។ លោក​ថា លោក​នឹង​បន្ត​តាមដាន​រឿង​នេះ​ជាមួយ​ក្រសួង​សង្គមកិច្ច និង​សាលា​រាជធានី​ភ្នំពេញ៖ «»។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ព្រោះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ពិការ ប៉ុន្តែ​លោក​ចង់​ឃើញ​ក្រសួង​សង្គមកិច្ច និង​សាលា​រាជធានី​ភ្នំពេញ ពន្លឿន​វិធានការ​នេះ និង​ត្រូវ​មាន​យន្តការ​ច្បាស់លាស់ ទើប​វិធានការ​នេះ​មាន​ប្រសិទ្ធភាព៖ «»។

ទន្ទឹម​គ្នា​នេះ ប្រធាន​សមាគម​តន្ត្រី​ចម្រៀង​ជន​ពិការ លោក ចាប់ តួ ស្វាគមន៍​ចំពោះ​វិធានការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​ធ្វើ​ឲ្យ​ជន​ពិការ​មាន​ទំនុក​ចិត្ត និង​បង្ហាញ​ពី​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ប៉ុន្តែ​លោក​បារម្ភ​ដែរ​ថា ទីតាំង​នោះ​អាច​នឹង​មិន​សូវ​មាន​សាធារណជន​ទៅ​មើល៖ «»។

ចំណែក​ឯ​ប្រធាន​អង្គការ​សកម្មភាព​លើ​ជន​ពិការ​ដើម្បី​អភិវឌ្ឍន៍ កញ្ញា នូ វ៉ានី បារម្ភ​ថា វិធានការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​គ្មាន​ប្រសិទ្ធភាព ហើយ​អាច​នឹង​ជំរុញ​ឲ្យ​ជន​ពិការ​កាន់​តែ​មាន​ជីវភាព​ខ្វះខាត ព្រោះ​ទីតាំង​សម្ដែង​នោះ​ជា​កន្លែង​សក្ការៈ មិន​មែន​ជា​ទី​ប្រមូល​ផ្តុំ​របស់​មនុស្ស ដូច​ការ​សម្ដែង​នៅ​តាម​ផ្លូវ​ស្តុប​ដែល​មាន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​ទៅ​មក​នោះ​ឡើយ៖ «»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​បញ្ជាក់​ច្បាស់​ពី​ពេលវេលា​ជាក់លាក់ ដើម្បី​ឲ្យ​ជន​ពិការ​ចាប់​ផ្ដើម​សម្ដែង​សិល្បៈ​នៅ​ទីតាំង​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ពេល​ណា​ប្រាកដ​នៅ​ឡើយ​ទេ។ លោក​ថា លោក​នឹង​បន្ត​តាមដាន​ការងារ​នេះ​ជាមួយ​ក្រសួង​សង្គមកិច្ច និង​សាលា​រាជធានី​ភ្នំពេញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ជន​ពិការ​ដែល​តែង​ធ្វើ​សកម្មភាព​ដើរ​ច្រៀង​តាម​ទី​សាធារណៈ ដើម្បី​រៃអង្គាស​ថវិកា​ចិញ្ចឹម​ជីវិត នៅ​តែ​ព្រួយ​បារម្ភ​ថា ដំណោះស្រាយ​របស់​រដ្ឋាភិបាល​នឹង​មិន​មាន​ប្រសិទ្ធភាព ប្រសិន​បើ​វិធានការ​នេះ​មិន​បាន​ពិគ្រោះ​យោបល់​ជា​មុន ដើម្បី​ដឹង​ពី​តម្រូវ​ការ​ចាំបាច់ និង​ស្ថានភាព​ជាក់ស្តែង​របស់​ជន​ពិការ​ដែល​ប្រកប​របរ​ច្រៀង​តាម​ទី​សាធារណៈ​នោះ៕

No comments:

Post a Comment