ប្រជាពលរដ្ឋមកពីតាមបណ្ដាស្រុកជាច្រើននៃខេត្តសៀមរាប បានប្រមូលផ្ដុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅកណ្ដាលវាល កាលពីព្រឹកថ្ងៃអង្គារ ទី៦ ខែធ្នូ ដោយសារតែអាជ្ញាធរខេត្ត ចេញលិខិតអនុញ្ញាតយឺតយ៉ាវ ជាហេតុធ្វើឲ្យពួកគេមិនអាចសង់រោង និងរៀបចំតុកៅអីឲ្យបានសមគួរ។
ទិវាសិទ្ធិមនុស្សលើកទី៦៨ ដែលពួកគេប្រារព្ធធ្វើពេលនេះ គឺក្រោមប្រធានបទយុត្តិធម៌ ២០១៦។
សហគមន៍ទំនាស់ដីធ្លីចំនួន១១ ព្រមទាំងសមាជិកសមាគមអ្នករត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវទេសចរ និងសហព័ន្ធសហជីពចំណីអាហារប្រមាណ ៥០០នាក់ បានប្រមូលផ្ដុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សលើកទី៦៨ នៅទីរួមខេត្តសៀមរាប យ៉ាងសោះកក្រោះកាលពីព្រឹកថ្ងៃអង្គារ ទី៦ ខែធ្នូ។
ក្រុមសហគមន៍ទំនាស់ដីធ្លីដែលមកពីសហគមន៍ភូមិតាពេន សហគមន៍រុនតាឯក នៃស្រុកបន្ទាយស្រី សហគមន៍ស្នាសង្គ្រាម នៃស្រុកប្រាសាទបាគង សហគមន៍ជីក្រែង នៃស្រុកជីក្រែង សហគមន៍សែនជ័យ នៃស្រុកវ៉ារិន សហគមន៍ដូនឪ នៃស្រុកអង្គរធំ និងសហគមន៍ភ្នំក្រោមនៃក្រុងសៀមរាប ជាដើម បានយកឱកាសនៃទិវាសិទ្ធិមនុស្ស ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តសៀមរាប ត្រូវតែដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពួកគេឲ្យបានឆាប់រហ័ស។
តំណាងសហគមន៍ភូមិតាពេន នៃស្រុកបន្ទាយស្រី គឺអ្នកស្រី កែវ សុភី។ អ្នកស្រីថ្លែងទៅកាន់មនុស្សជាច្រើននៅកណ្ដាលវាល នៅព្រឹកថ្ងៃទី៦ ខែធ្នូ ថាជាច្រើនឆ្នាំមកហើយ រូបគាត់ និងអ្នកភូមិចំនួន ៩០គ្រួសារ បានកើតមានទំនាស់ដីធ្លី ១៨៣ហិកតារជាមួយរដ្ឋបាលព្រៃឈើ និងទាហាន។ រហូតមកដល់ឆ្នាំ២០១៤ អាជ្ញាធរខេត្តសៀមរាប បានទទួលស្គាល់ ហើយសម្រេចថានឹងប្រគល់ដីទាំងនោះឲ្យអ្នកភូមិវិញ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកភូមិនៅតែរង់ចាំ៖ «តាំងពីឆ្នាំ២០១៤ អាជ្ញាធរបានចេញសលាកបត្រឲ្យប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែបណ្ដោះអាសន្ន មិនព្រមចេញប័ណ្ណកម្មសិទ្ធិឲ្យពិតប្រាកដទេ»។
ចំណែកតំណាងសហគមន៍ជីក្រែង អ្នកស្រី យី វង មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០៩ គឺអ្នកភូមិរបស់គាត់ចំនួន ១៧៥គ្រួសារ បានកើតមានទំនាស់ដីស្រែប្រាំងជាមួយប្រជាពលរដ្ឋនៅឃុំអន្លង់សំណរ រហូតដល់អាជ្ញាធរប្រើអាវុធបង្ក្រាបបាញ់អ្នកភូមិឲ្យរបួសចំនួន ៤នាក់ ព្រមទាំងចាប់ខ្លួនដាក់ពន្ធនាគារជាច្រើនទៀត ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ដោះស្រាយរកដីស្រែមកឲ្យអ្នកភូមិបានធ្វើកសិកម្មចិញ្ចឹមជីវិតវិញនៅឡើយទេ៖ «សូមឲ្យអាជ្ញាធរប្រញាប់ដោះស្រាយរឿងដីធ្លីជូនប្រជាពលរដ្ឋនៅឃុំជីក្រែង ចំនួន ១៧៥គ្រួសារផង»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែលចូលរួមប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ នៅខេត្តសៀមរាប ដែរនោះមានប្រសាសន៍ថា បច្ចុប្បន្ននៅខេត្តសៀមរាប គឺនៅមានការរំលោភដីធ្លីជាច្រើនកន្លែង ព្រមទាំងក្រុមអ្នករត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវទេសចរ ក៏កំពុងទទួលរងការគាបសង្កត់ផ្នែកសេដ្ឋកិច្ចដែរ។ លោក វន់ ពៅ បញ្ជាក់ថា ដោយសារការប្រារព្ធទិវាសិទ្ធិមនុស្សលើកនេះក្រោមប្រធានបទ «#យុត្តិធម៌២០១៦» (#Justicekh2016) គឺលោកសូមឲ្យអាជ្ញាធរខេត្តសៀមរាប ព្រមទាំងរដ្ឋាភិបាលផ្ដល់នូវភាពយុត្តិធម៌ ព្រមទាំងលុបបំបាត់ចោលចំពោះការរំលោភសិទ្ធិនានា៖ «យើងទាំងអស់គ្នាត្រូវការយុត្តិធម៌ ត្រូវការសេរីភាពនៃការជួបប្រជុំ។ យើងទាំងអស់គ្នាត្រូវការប្រព័ន្ធតុលាការឯករាជ្យ»។
សេចក្តីប្រកាសព័ត៌មានមួយរបស់អង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិល ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២ រហូតទៅដល់ថ្ងៃទី១០ ខែធ្នូ ខាងមុខ គេរំពឹងថានឹងមានមនុស្សរាប់ពាន់នាក់នៅតាមទីតាំងចំនួន៣៥ ក្នុងខេត្ត-ក្រុងចំនួន១៨ នឹងប្រារព្ធទិវាសិទ្ធិមនុស្សជាបន្តបន្ទាប់៕
No comments:
Post a Comment