Tuesday, December 20, 2016

ថៅកែ ឡឥដ្ឋ ​ប្រើ​បំណុល​ចង​មនុស្ស​ឲ្យ​ធ្វើ​ការ


ប្តី ប្រពន្ធ​មួយគូរ​និង​កូន​តូច​របស់​ពួកគេ​កំពុង​រុញ​រទេះ​ដឹក​ឥដ្ឋ នៅ​​ការដ្ឋាន​ឡឥដ្ឋ​មួយ ក្នុង ​ស្រុក​មុខកំពូល​ កាល​ពី​ដើម​ខែ​នេះ។ ផា លីណា



ភ្នំពេញៈ ការ​ប្រើ​ប្រាស់​បំណុល​ដើម្បី​ចង​កម្មករ​ឲ្យ​ស្ថិត​នៅ​ក្នុង​ «ទាស​ភាព​សម័យ​ទំនើប» ​កំពុង​រីករាល​ដាល​នៅ​តាម​រោងចក្រ​ផលិត​ឥដ្ឋ​ជាច្រើន ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី ២ ខែធ្នូ។

នៅក្នុង​របាយការណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ការ​អភិវឌ្ឍ​លើ​ទាសភាព ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល ​និង​ពលកម្ម​កុមារ​ ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា» អង្គការ​នេះ​បាន​​ចង​ក្រង​ឯកសារ​អំពី​ការ​កេង​ប្រវ័ញ្ច​ទៅ​លើ​មនុស្ស​ពេញ​វ័យ ​និង​កុមារ នៅ​តាម​រោងចក្រ​ក្នុង​ខេត្ត​​ត្បូងឃ្មុំ​ កណ្តាល ​និង​ភ្នំពេញ ដែល​ជា​រៀង​រាល់​ថ្ងៃ​ត្រូវ​យក​ឥដ្ឋ​រាប់​ម៉ឺនដុំ​ទៅ​ដាក់​តាម​ការដ្ឋាន​សំណង់​ជុំវិញ​រាជធានី។

អ្នក​និពន្ធ​​និយាយ​ថា​ តាម​រយៈការ​សម្ភាស​ជាមួយ​កម្មករ​ប្រមាណ ៥០ នាក់ អង្គការ​ លីកាដូ​បាន​រក​ឃើញ​ថា កម្មករ​ទាំង​អស់​លើក​លែង​តែ​ម្នាក់ កំពុង​ធ្វើ​ការងារ​ដើម្បី​សង​បំណុល​ចន្លោះ​ពី ១ ០០០ ទៅ ៦ ០០០ ដុល្លារ​ដែល​ផ្តល់​ឲ្យ​ដោយ​ម្ចាស់​រោងចក្រ ដើម្បី​ចង​ពួកគេ​ឲ្យ​ធ្វើការ​ «រយៈពេល​យូរ តម្លៃ​ពលកម្ម​ថោក និង​ស្តាប់​បង្គាប់»។

ដោយ​ទទួល​បាន​ប្រាក់​តាម​អត្រា​បរិមាណ​ការងារ កម្មករ​ទាំង​នេះ​ទទួល​បាន​ប្រាក់​ចន្លោះ​ពី​ ២ ​ដុល្លារ​ទៅ​ ១០ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​កម្មករ​ទាំង​នេះ​ ជា​ញឹក​ញាប់ មិន​​អាច​មាន​លទ្ធភាព​សង​បំណុល​បាន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ ជាប់​នៅ​ក្នុង​ការ​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​ជា​រៀង​រហូត និង​ស្ថិត​ក្នុង​ភាព​ក្រីក្រ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ក្រីក្រ​ជាច្រើន​ជំនាន់​តៗ​គ្នា។

ជាង​នេះទៀត ​របាយការណ៍​បាន​រក​ឃើញ​ថាការ​ប្រើ​បំណុល ដើម្បី​ឲ្យ​គេ​ធ្វើ​ការ​ឲ្យ​ខ្លួន គឺ​ផ្ទុយ​ពី​ច្បាប់​កម្ពុជា​ និង​ច្បាប់​អន្តរជាតិ ដែល​ជា​មូលហេតុ​ចម្បង​មួយ ​នៃ​ការ​រីករាល​ដាល​នៃ​ពលកម្ម​កុមារ នៅ​ក្នុង​ឧស្សាហកម្ម​គ្រោះ​ថ្នាក់​នេះ។

របាយការណ៍នេះ ​ត្រូវ​បាន​ចេញ​នៅ​ចំ​ថ្ងៃ​ទិវា​លុប​បំបាត់​ទាសភាព ថ្ងៃ​ទី ២ ធ្នូ។

ការ​ចុះ​ទៅរោងចក្រ​ឥដ្ឋ​ចំនួន​ពីរ ដោយ​ភ្នំពេញប៉ុស្តិ៍ កាល​ពី​ដើម​ខែ​នេះ បាន​បញ្ជាក់​អំពី​ការ​រីក​រាល​ដាល​នេះ។ ម្ចាស់​រោងចក្រ​ម្នាក់ បាន​ទទួល​ស្គាល់​ថា ​អាជីវកម្ម​មួយ​ចំនួន ដើម្បី​រក​បាន​កម្មករ​ល្អ គឺ​ត្រូវ​​ចាប់​យក​កម្មករ​​ពី​ការ​ដ្ឋាន​ដទៃៗ តាម​រយៈការ​ផ្តល់​កម្ចី​ដល់​ពួកគេ។

ដោយ​កត់សម្គាល់​ថា អាជ្ញាធរ​ដឹង​យ៉ាង​ច្បាស់​អំពី​ការ​អនុវត្ត​បែប​នេះ​របាយការណ៍​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និងភាគី​ពាក់ព័ន្ធ ដូចជា ក្រុមហ៊ុន​សំណង់​អន្តរជាតិ ដែល​ទិញ​ឥដ្ឋថោកៗ ឲ្យ​បញ្ចប់​ «និទ្ទណ្ឌភាព» ចំពោះ​ម្ចាស់​រោង​ចក្រឥដ្ឋ។

អ្នកនិពន្ធនិយាយ​ថា ៖ «ទម្រង់​នៃ​ទាសភាព​ដ៏​ព្រៃផ្សៃ​នេះ នឹង​បន្ត​រីក​រាលដាល​ក្នុង​ប្រទេស​កម្ពុជា»។

ការ​ជ្រើស​រើស​កម្មករ

ខណៈ​រាជធានី​ភ្នំពេញ​រីក​ធំ​ជាងមុន ផលិតកម្ម​ឥដ្ឋ​បាន​កើត​មាន​ជា​ច្រើន អង្គការ​ លីកាដូ​បាន​ផ្តោត​ទៅ​លើ​​រោង​ចក្រ​ចំនួន ១១ ចង្កោម នៅ​ភាគ​ខាង​ជើង​​នៃ​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៥ និង​លេខ ៦ ដោយ​សរុប​ទៅ​មាន​ការ​ដ្ឋាន​​ជាង ១៣០ និង​កម្មករ​រាប់​ពាន់​នាក់។

របាយការណ៍​បាន​ពន្យល់​ថា​ ភាគច្រើន​នៃ​កម្មករ​ទាំង​នោះ បាន​មក​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ គឺ​ដោយ​សារ​មាន​បំណុល​ជំ​ពាក់​អ្នក​ជិត​ខាង ឬចង​ការ​ប្រាក់​គេ ឬ​ត្រូវ​ការ​លុយ​ព្យាបាល​ជំងឺ ឬ​ដាំដំណាំ​មិន​បាន​ផល។ ដោយ​សារ​មិន​មាន​ប្រាក់​សង​បំណុល ពួកគេ​បាន​បង្វែរ​បំណុល​ទៅ​ម្ចាស់​រោង​ចក្រ​ឥដ្ឋ ដែល​ផ្តល់​កម្ចី​គ្មាន​ការ​ប្រាក់ ដែល​អាច​សង​វិញ​តាម​រយៈការ​ធ្វើ​ការ​​សង​បំណុល។

ជាក់ស្តែង អ្នកស្រីវន់ ផូ អាយុ ៥៩ ឆ្នាំ ដែល​ជា​អតីត​កសិករ​ធ្វើ​ស្រែ​ និង​ដាំ​បន្លែ​នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ឥឡូវ​នេះ រក​ចំណូល​បាន​ប្រហែល​ ២ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ពី​ការងារ​ជា​កម្មករ​ឡឥដ្ឋ​ដែល​ត្រូវ​លើក​ឥដ្ឋ​និង​ដឹក​អុស​ដាក់​រទេះ​យក​ទៅ​ដាក់​ក្នុង​ឡ​នៅ​រោងចក្រ​តូច​មួយ ក្នុង​ឃុំ​ព្រែក​អញ្ចាញ។

អ្នក​ស្រី​ដែល​មាន​កូនពីរ​នាក់ ហើយ​កូន​ទាំង​ពីរ ក៏​កំពុង​ធ្វើការ​នៅ​រោងចក្រ​ឥដ្ឋ​ដែរ​នោះ បាន​ចាប់​ផ្តើម​ការងារ​​នៅ​ការដ្ឋាន​នេះ ប្រហែល​ ៣ ​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​អ្នក​ស្រី​មិន​អាច​មាន​លទ្ធ​ភាពសង​បំណុល​​ទៅ​អ្នក​ជិត​ខាង​ដែល​ខ្ចី​​ដើម្បី​ទិញ​អាហារ។ ដូច​កម្មករ​ដទៃ​ៗ​ទៀត​ភាគ​ច្រើន​បំផុត ដែល​ធ្វើ​ការ​ជាមួយ​អ្នក​ស្រី អ្នក​ស្រី​ជំពាក់​បំណុល​ថៅកែ​ចំនួន​ ១៥០ ដុល្លារ ដែល​អ្នក​​ស្រី​និយាយ​ថា មិន​អាច​មាន​លទ្ធភាព​សង​បំណុល​បាន។

អ្នក​ស្រី ផូ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ខណៈ​អ្នកស្រី​កំពុង​ដាក់​​ឈើ​ចូល​ទៅ​ក្នុង​រទេះ​ជាមួយ​កូន​ប្រសារ​ថា៖«ខ្ញុំ​អាច​ធ្វើ​ការងារ​នៅ​ទីនេះ​បាន​ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​អាច​សង​បំណុល​បាន​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ឬ​ ២០ ​ឆ្នាំ​​នោះ​ទេ»។ «ខ្ញុំ​រក​ចំណូល​ប្រហែល​ ៨ ០០០ ​រៀល។ វា​អាស្រ័យ​ទៅ​លើ​ទំហំ​ការងារ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​។ ខ្ញុំ​ទទួល​បាន​ ៣ ​រៀល​ក្នុង​ឥដ្ឋ​មួយដុំ ដូច្នេះ​ដើម្បី​ទទួល​បាន​ប្រាក់​ ៣០ ០០០ រៀល ខ្ញុំ​ត្រូវ​លើក​ឥដ្ឋ​ចំនួន ១០ ០០០ ដុំ ដែល​ខ្ញុំ​នឹង​ត្រូវ​ហត់​ជិត​ស្លាប់។ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថាតើ​ត្រូវ​ធ្វើ​អ្វី​ផ្សេង​នោះ​ទេ ខ្ញុំ​គ្មាន​​ជម្រើស។ វា​មិន​គ្រប់គ្រាន់​សម្រាប់​ហូប​ចុក​ ប៉ុន្តែ​ក្រៅពី​ការងារ​នេះ​ ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​ផ្សេង​អាច​ធ្វើ​បាន​​ទេ»។ «ប្រសិន​បើ​ខ្ញុំ​មាន​លុយ ខ្ញុំ​អាច​សង​បំណុល​ថៅ​កែ​ពេល​ណា​ក៏​បាន​ ​ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​អត់​មាន ​ខ្ញុំ​នឹង​​ធ្វើ​ការ​នៅ​ទី​នេះ​រហូត​ដល់​ខ្ញុំ​កាន់​ឈើ​ច្រត់»។

ការ​ងារ​គ្រោះ​ថ្នាក់​ គឺ​មិន​មែន​សម្រាប់​កុមារ​​ទេ

អង្គការ​លីកាដូ បាន​កត់​សម្គាល់​ថា ខណៈ​​គ្រឿង​ចក្រ​ដំណើរ​ការ​ធ្វើ​ឥដ្ឋ ហើយ​ឡ​មាន​កម្តៅ​ចន្លោះ​ពី​ ៩០០ ទៅ ១ ២០០ ​អង្សា ដើម្បី​ដុត​ឥដ្ឋ​ ​ការ​ងារ​នៅ​រោង​ចក្រ​ឥដ្ឋ​​ នៅ​តែ​ជា​ការងារ​គ្រោះ​ថ្នាក់​ខ្លាំង​ដោយសារ​គ្រោះ​ថ្នាក់​ និង​របួស​​បាន​កើត​ឡើង​ជា​ញឹក​ញាប់។

របាយការណ៍​នេះ​​បន្ត​ថា ការ​ផ្តល់​ប្រាក់​ឈ្នួល​គិត​តាម​ចំនួន​បរិមាណ ជា​ជាង​ប្រាក់​ខែ​ទៀង​ទាត់ ជា​កត្តា​ធ្វើ​ឲ្យ​កុមារ​​ចង់​ធ្វើ​ការ​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ ដើម្បី​រក​ប្រាក់​បន្ថែម​ទៀត​ហើយ​ពលកម្ម​កុមារ ក្នុង​ឧស្សាហកម្ម​នេះ​ គឺ​មាន​លក្ខណៈ​ទូទៅ។

បើ​ទោះ​បី​ជា​មាត្រា​ ១៧៧​ នៃ​ច្បាប់​ស្តីពី​ការ​ងារ​ កំណត់​អាយុ​អប្បបរមា ១៨ ឆ្នាំ សម្រាប់​ការងារ​ដែល​មាន​លក្ខណៈ​គ្រោះថ្នាក់​ក្តី អ្នក​ស្រាវ​ជ្រាវ​បាន​សម្ភាស​ជាមួយ​កុមារ ៨ នាក់ ដែល​កំពុង​ធ្វើ​ការ​នៅ​ការដ្ឋាន​ដែល​ពួកគេ​កំពុង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​​ហើយ​កុមារ​ទាំង​នោះ​ភាគ​ច្រើន​បំផុត គឺ​មាន​អាយុ​ពី​ ១៣ ​ឆ្នាំ​ទៅ​ ១៥ ​ឆ្នាំ ​ហើយ​ក៏​ឃើញ​មាន​កុមារ​ខ្លះ​ផងដែរ មាន​អាយុ​ក្មេង​ត្រឹម​តែ​ ៩ ​ឆ្នាំ​ កំពុង​ធ្វើ​ការងារ​ និង​កាន់​គ្រឿងចក្រ។

ភ្នំពេញប៉ុស្តិ៍ ក៏​បាន​ឃើញ​ផ្ទាល់​ភ្នែក​ផងដែរ ករណី​កុមារ​អូស​រទេះ​ដឹក​អុស។

កម្មករ​ម្នាក់​ឈ្មោះ ​គង់​ សុផាត​ បាន​ថ្លែង​ថា លោក​​បាន​ចាប់ផ្តើម​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​ឥដ្ឋ​តាំងពី​លោក​មាន​អាយុ ១៥ ឆ្នាំ​ម្ល៉េះ ដើម្បី​រក​ប្រាក់​ជួយ​ផ្គត់ផ្គង់​គ្រួសារ។

បុរស​ដែល​មាន​វ័យ ៣២ ឆ្នាំ​រូបនេះ ​រកប្រាក់​កម្រៃ​បាន ៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ពី​ការ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ផលិត​ឥដ្ឋ ហើយ​លោក​បាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ លោក​នៅ​ជំពាក់​បំណុល​គេ​ចំនួន ៣០០ ដុល្លារ​ទៀត។

លោក​បាន​ថ្លែងថា លោក​បាន​លះបង់​ខ្ពស់​ណាស់​ ដោយសារ​តែ​ដៃស្តាំ​​របស់​លោក​​ត្រូវ​បាន​កាត់​ចោល​ក្រោយ​ពី​វា​បាន​ចូល​ម៉ាស៊ីន​នៅ​ពេល​ដែល​លោក​​យក​ដីឥដ្ឋ​ដាក់​ចូល​ម៉ាស៊ីន​កិន​ដី​កាល​ពី​ ២ ឆ្នាំ​មុន។

អង្គការ​ លីកាដូ ​បាន​ស៊ើប​អង្កេត​ករណី​កុមារ​បីនាក់​ ដែល​បាត់​បង់​ដៃ​របស់​ពួកគេ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ។ ទោះបីជា​កូន​របស់​លោក​​ទាំង ពីរ​នាក់​ នៅ​វ័យក្មេង​​ មិន​ទាន់​អាច​ធ្វើ​ការ​បាន​នៅ​រោង​ចក្រ​ផលិត​ឥដ្ឋ​នេះ​​ក្តី​ ក៏​លោក​សុផាត​ បាន​និយាយថា​ លោក​មិន​ប្រាកដ​ថា​ តើ​ពួកគេ​មាន​ជម្រើស​អ្វី​ផ្សេង​នោះ​ទេ។

លោកថ្លែង​ថា៖ «ខ្ញុំ​មិន​ចង់ឱ្យ​កូន​របស់ខ្ញុំ​ ទៅ​ធ្វើ​ការ​នៅ​ទី​នោះទេ​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ថា​ តើ​យើង​អាច​មាន​លទ្ធភាព​អ្វី​ឲ្យ​ពួកគេ​ធ្វើ​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​នេះ​ឬ​អត់?»។

ភាព​ជា​ម្ចាស់ ការ​ឧបត្ថម្ភ ការ​ជួញដូរ​កម្មករ

ទោះ​បី​ជា​ត្រូវបាន​គេ​ដាក់​ឲ្យ​ក្លាយ​ជា​ករណី​ខុស​ច្បាប់​ នៅ​ក្នុង​​សន្ធិសញ្ញា​អន្តរជាតិ​ក្តី ក៏​ទាស​ភាព​បំណុល​នៅ​តែ​បន្ត​កើត​​មាន​នៅ​ជុំវិញ​ពិភព​លោក។

របាយការណ៍​ឆ្នាំ ២០១៥ ដែល​ចេញ ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ជន​រងគ្រោះ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​នៅ​ទូទាំង​ពិភព​លោក​មាន​ប្រហែល ២០,៩ លាន​នាក់​រវាង​ឆ្នាំ ២០០២ ដល់​ឆ្នាំ២០១១។

ដោយ​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់​ កម្មករ​ជា​ញឹកញាប់​តែងតែ​ខ្ចីប្រាក់​បន្ថែម​ពី​ម្ចាស់​រោងចក្រ​ឬ​ជំពាក់​បំណុល​គេ​កាន់​តែ​ច្រើន​នៅ​តាម​​បណ្តា​រោង​ចក្រ​ជាច្រើន​ផ្សេងគ្នា។

អង្គការ​លីកាដូ​បាន​សម្ភាស​ស្ត្រី​ម្នាក់​ដែល​គាត់​បាន​ជំពាក់​បំណុល​គេរហូតដល់​ ៣ ០០០ ដុល្លារ​បន្ទាប់ពី​គាត់​បាន​ផ្លាស់ប្តូរ​រោងចក្រ​ធ្វើការ​ចំនួន​ ១០ ​កន្លែង​ផ្សេងៗ​គ្នា។

អ្នក​ស្រី​អេង អ្នកចាត់ការ​ទូទៅ​និងជា​ថៅ​កែ​រោងចក្រ​របស់​អ្នកស្រី​ផូ និង​លោក​សុផាត​ ដែល​ជា​បងប្អូន​គ្នា​បាន​និយាយ​ការពារ​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ដែល​ជាប់​បំណុល​នេះ។

អ្នកស្រី​​ថ្លែងថា៖ «ប្រសិនបើ​ពួកគេ​ខ្ចី​លុយ​ពី​ខាងក្រៅ​ នោះ​ពួកគេ​ត្រូវ​បង់​ការ​ប្រាក់​ ​ប៉ុន្តែ​ប្រសិន​បើ​ពួកគេ ​មក​ខ្ចី​លុយ​ពី​យើង ឧទាហរណ៍​ខ្ចី ១ ០០០ ដុល្លារ យើង​មិន​យក​ការ​ប្រាក់​នោះ​ទេ។ អ្វី​ដែល​សំខាន់​​គឺថា​ ពួកគេ​បាន​ធ្វើ​ការ​ឲ្យ​យើង»។

អ្នកស្រី​ អេង ​បន្ត​ថា​ អាជីវកម្ម​របស់​អ្នក​ស្រី គឺ​ជិត​នឹង​ក្ស័យធន​ទៅហើយ​ ព្រោះ​ជា​ញឹកញាប់​ អ្នក​ស្រី​តែង​តែ​ចាញ់​បោក​គេ​ ដោយ​អ្នកស្រី​បាន​​ប៉ាន់​ស្មាន​ថា​ អ្នក​ស្រី​​បាន​ផ្តល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​​កម្មករ​អស់​ប្រមាណ​ ១ ម៉ឺន​ដុល្លារ​ ហើយ​តែ​ពួកគេ​មិន​សង ពួក​គេ​រត់​គេច​ខ្លួន​បាត់អស់។ «ឧទាហរណ៍​​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ប្រពៃ​ណីជាតិ ពួកគេ​បាន​សុំ​ទៅ​លេង​ស្រុក​កំណើត​ រួច​ពួក​គេ​មិន​ដែល​វិល​ត្រឡប់​មក​ធ្វើការ​​វិញ​នោះ​ទេ»។

អ្នកស្រី​បន្ថែមថា​កម្មករ​មួយ​ចំនួន​ «ខូច» ​ជា​ពិសេស​ ពួក​គេ​តែង​តែ​ផឹក​ស្រា​ស្រវឹង​ស្ទើរ​គ្រប់​ពេល។

របាយ​ការណ៍​ លីកាដូ ​រក​ឃើ​ញ​ថា ​កម្មករ​រោងចក្រ​ផលិត​ឥដ្ឋ​ មើល​ទៅ​ម្ចាស់​រោងចក្រ​ថា​ ជា​អ្នក​ដែល​មាន​ចិត្ត​សណ្តោស​មេត្តា​ច្រើន​ ហើយ​ហាក់​ដូចជា​មិន​សូវ​មាន​ពាក្យ​រិះ​គន់​នោះ​ទេ ​ប៉ុន្តែ ​លីកាដូ ​ជំរុញ​ឱ្យមាន​លក្ខខណ្ឌ​ការងារ​​ល្អ​ប្រសើរ​ជាង​នេះ។

ទោះ​យ៉ាង​ណាមាន​​កម្មករ​​មួ​យ​ចំនួន​ប្រាប់​ថា ពួកគេ​រង​ការ​គំរាម​កំហែង​ហើយ​ពួកគេ​នឹង​ត្រូវ​ចាប់​ខ្លួន​​បើ​ពួកគេ​ចាក​ចេញ។

លីកា​ដូ បាន​លើក​​ឡើង​ពី​ឧទាហរណ៍​មួយ​ដែល​ប៉ូលិស​បាន​បង្ខិត​បង្ខំ​កម្មករ​ម្នាក់​ឱ្យ​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​រោង​ចក្រ​ផលិត​ឥដ្ឋ​វិញ​។

នៅ​ក្បែរ​ឡឥដ្ឋ «ពន្លឺ​ព្រះអាទិត្យ» មាន​កម្មករ​ប្រមាណ​​ជាង ១០០នាក់ ស្ថិត​នៅ​ខាង​ក្រោយ​ជញ្ជាំង​ខ្ពស់​មួយ​ដែល​ដាក់​សំណាញ់​បន្លា​ពី​ខាងលើ លោក​សំណាង និង​ប្រពន្ធ​របស់​លោក​​ដឹង​ថា​ ពួកលោក​​កំពុង​ជាប់​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នោះ។

បើ​ចង់​សុំច្បាប់​ គឺមាន​តែ​ម្នាក់​គត់​ ដែល​អាច​​សុំច្បាប់​បាន​ក្នុង​ពេល​តែ​មួយ​ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ​ហើយ​​លុះត្រា​តែ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ។ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ផ្លាស់​មក​ធ្វើ​ការ​ក្នុង​រោងចក្រ​នេះ​ កាល​ពី​មួយ​ឆ្នាំមុន​ បន្ទាប់​ពី​សត្វ​ល្អិត​បាន​បំផ្លាញ​កសិផល​របស់​ពួកគេ​អស់​នៅក្នុង​ខេត្ត កំពង់ចាម។

ពួកគាត់​បាន​ខ្ចីប្រាក់​ពី​ថៅកែ​ ១ ០០០ ដុល្លារ​ដើម្បី​សង​បំណុល​​គេ​។ រយៈ​ពេល​ ១២ ​ខែ​នេះ ពួក​គាត់​បាន​សង​គេ​អស់​ចំនួន ២០០ ​ដុល្លារ​ហើយ ទោះ​បី​ជា​ភាគ​ច្រើន​ពួក​គាត់​ធ្វើ​ការ​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ក្តី។ ដោយ​ធុញទ្រាន់​ជាមួយ​នឹង​ការងារ​នេះ លោក​សំណាង​ ចង់​លក់​គោ​របស់​លោក​​មួយ​ចំនួន​ ដើម្បី​សង​បំណុល​គេ​​ឲ្យ​អស់​ ប៉ុន្តែ​ប្រាក់​ដែល​ត្រូវ​សង​ គឺ​ច្រើន​ជាង​ប្រាក់​ដើម​បី​បួន​ដង​ឯណោះ។

នៅពេល​ទាក់ទង​តាម​ទូរស័ព្ទ ម្ទា​ស់រោង​ចក្រ​ដែល​បដិសេធ​ប្រាប់​ឈ្មោះ​ បាន​បដិសេធ​ពី​ការ​លើកឡើង​នេះ។

ថៅកែ​រូប​នេះ​ ​បញ្ជាក់​ថា៖ «មិន​មាន​រឿង​យ៉ាង​ដូច្នេះ​កើត​ឡើង​នៅក្នុង​រោងចក្រ​របស់​ខ្ញុំ​ទេ។ ប្រសិន​បើ​ពួកគេ​នៅ​មាន​ជំពាក់​បំណុល ពួកគេ​គ្រាន់​តែ​​ធ្វើការ​ដើម្បី​រក​លុយ​នៅ​ទីនេះ​ប៉ុណ្ណោះ»។

និទ្ទណ្ឌភាព

ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​ សម្រាប់​ការ​លុប​បំបាត់​ទាសភាព​ អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​នឹង​ទាសភាព​ក្នុង​ខែ​​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ថ្កោល​ទោស​នូវ​អ្វី​ដែល​គេ​ហៅថា​ «ទាសភាព​សម័យ​ទំនើប» ជា​ពិសេស​ការ​កេង​​ប្រវ័ញ្ច​លើ​កុមារ។

អ្នក​រាយ​ការណ៍​ពិសេស​​អង្គការសហប្រជាជាតិ​ស្តីពី​ទម្រង់​សហ​សម័យ​នៃ​ទាសភាព លោក Urmila Bhoola ​ថ្លែង​ថា​ ការ​អនុវត្តន៍​បែប​នេះ​គឺ «មិន​អាច​នៅ​បន្ត​ទេ ​ហើយ​ក៏​​មិន​ត្រូវ​បាន​អត់ឱន​ឲ្យ​នោះ​ដែរ»។

ក្រុម​អ្នកស្រាវជ្រាវ​អង្គការ​លីកាដូ​ បាន​រកឃើញថា​ មន្ត្រី​ឃុំ​សង្កាត់​ និង​ប៉ូលិស​បាន​ «ដឹង» ​ច្បាស់​ពី​ការ​អនុវត្ត​នេះ​ ប៉ុន្តែ​មិន​ធ្វើ​សកម្មភាព​អ្វី​នោះទេ​ ហើយ​ស្ទាក់ស្ទើរ​ក្នុង​ការ​តាម​ដាន​ករណី​ទាំង​នោះ​ជា​កន្លែង​ដែល​កុមារ​មាន​គ្រោះ​ថ្នាក់។

ទោះ​បីជា​រក​មិន​ឃើញ​ភ័ស្តុតាង ​នៃ​ការផ្តល់​​សំណូក​ដោយ​ផ្ទាល់​ក្តីក៏​របាយការណ៍​នោះ​ បាន​កត់​សម្គាល់​ថា​ បុគ្គលិក​បាន​ឃើញ​ថៅកែ​រោងចក្រ​បាន​ផ្តល់​កាដូ​មួយ​ចំនួន​ ដូចជា​ស្រាបៀរ ម្ហូប​អាហារ និង​ប្រាក់​ជាដើម​ ទៅ​ឱ្យ​មន្ត្រី​ទាំង​នោះ។

ភ្លាមៗ​ក្រោយ​ពេល​​អង្គការ​លី​កាដូ បាន​ចេញ​របាយការណ៍​នេះ​ ក្រសួង​ការងារ និង​បណ្ដុះ​បណ្តាល​វិជ្ជាជីវៈ បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​លើ​​របាយការណ៍​នេះ​លើ​ចំណុច​ «ពលកម្ម​កុមារ» ដោយ​មិន​និយាយ​ទាក់​ទង​នឹង​ការ​បញ្ចាំ​មនុស្ស​ ដើម្បី​ដោះ​បំណុល​របស់​កម្មករ​​នោះ​ទេ។ ​

សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី ២​ ខែ ធ្នូ ​សរសេរ​ថា៖ «ក្រសួង​មាន​ការ​សោក​ស្តាយ​ដែល​ក្រុម​អង្កេត​របស់​​អង្គការ​លីកាដូ ខកខាន​មិន​បាន​ប្តឹង​​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ឬ​មក​ក្រសួង​ដើម្បី​ចាត់​វិធានការ​ជួយដក​ហូត​កុមារ​ពី​ទម្រង់​ធ្ងន់​ធ្ងរនៃ​ពលកម្ម​កុមារ​បាន​ទាន់​ពេល​វេលា​ក្នុង​ករណី​ដែល​ខ្លួន​ពិត​ជា​បាន​ឃើ​ញ​សកម្មភាព​បែប​​នេះ​ពេល​ដែល​ខ្លួន​បាន​ចុះ​អង្កេត»។

ទោះ​យ៉ាង​ណា ក្នុងចំណោម​អនុសាសន៍​របស់​លីកាដូ ​គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ លុបចោល​បំណុ​ឮល​រវាង​ម្ចាស់​រោងចក្រ​ផលិត​ឥដ្ឋ​ និង​កម្មករ​ហើយ​រួមបញ្ចូល​ទាំង​ការ​លើក​លែង​ទោស​ដល់​ម្ចាស់​ដែល​​ប្រព្រឹត្តល្មើស​ដោយ​មិន​យក​ទោស​ពៃរ៍​ផងដែរ។

ពួក​គេ​ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​ជាង​មុន​ ហើយ​​ស្នើ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ញឹកញាប់​បន្ថែម​ទៀត​ ដោយ​ក្រសួង​ការងារ។

លោក​ មឿន តុលា​ ប្រធាន​អង្គការ​តស៊ូ​មតិ​សិទិ្ធ​ការងារ​ថ្លែង​ថា៖ «បញ្ហា​សំខាន់​គឺ​រដ្ឋាភិបាល​អសកម្ម។ ​ក្រសួង​ការងារ​ផ្តោត​សំខាន់​តែ​ទៅ​លើ​វិស័យ​​កាត់ដេរ​ ប៉ុន្តែ​វិស័យ​សំណង់ និង​រោងចក្រ​ផលិត​ឥដ្ឋ​ភាគ​ច្រើន​ គឺ​ត្រូវ​បាន​គេ​មើល​រំលង»។ «ខ្ញុំ​មិន​គិត​ថា​ នឹង​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេលុះ​ត្រា​តែ​យើង​លុប​បំបាត់​ ឬ ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ជាមុន​សិន»៕

No comments:

Post a Comment