Tuesday, December 20, 2016

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អង្គការ​សហប្រជាជាតិ​បន្ត​ដាក់​ការិយាល័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា



សហគមន៍​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Phan Yasy


រដ្ឋាភិបាល​កម្ពុជា សម្រេច​អនុញ្ញាត​ឲ្យ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បន្ត​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​អំពី​ជោគ​វាសនា​នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស​មួយ​នេះ។ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ថា បើ​អង្គការ​សហប្រជាជាតិ មិន​បញ្ឈប់​ការ​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា នោះ​ទេ កម្ពុជា មិន​អនុញ្ញាត​ឲ្យ​បន្ត​វត្តមាន​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ថ្មី​មួយ ដែល​ជា​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ស្រប​ច្បាប់​របស់​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា សម្រាប់​រយៈពេល ២​ឆ្នាំ​ទៀត។

ក្រសួង​ការ​បរទេស​អះអាង​ថា គោល​បំណង​នៃ​អនុស្សរណៈ​ថ្មី​នេះ គឺ​ជា​ការ​ប្រកាស​ពី​បំណង​របស់​ភាគី​ទាំង​ពីរ គឺ​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ក្នុង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​កម្មវិធី​សហប្រតិបត្តិការ​បច្ចេកទេស​លើ​វិស័យ​សិទ្ធិ​មនុស្ស និង​ដើម្បី​បង្កើត​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​គោល​បំណង និង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ នៃ​អង្គការ​សហប្រជាជាតិ មាត្រា​២ កថាខណ្ឌ​ទី​៧ ដែល​គូស​បញ្ជាក់​ថា ពុំ​មាន​បទបញ្ញត្តិ​ណា​មួយ​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ អនុញ្ញាត​ឲ្យ​អង្គការ​សហប្រជាជាតិ ចូល​ជ្រៀតជ្រែក​កិច្ចការ​ដែល​ឋិត​ក្រោម​យុត្តាធិការ​របស់​ប្រទេស​សមាជិក​នីមួយៗ​ឡើយ។

ក្រសួង​ការ​បរទេស​សង្កត់​ធ្ងន់​ថា ការ​បន្ត​សុពលភាព​អនុស្សរណៈ​ជា​ថ្មី​នេះ បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ច្បាស់លាស់​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​កម្ពស់ និង​ជំរុញ​គោលការណ៍​នៃ​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​កម្ពុជា នឹង​ប្ដេជ្ញា​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​ពង្រឹង​ការ​អនុវត្ត​អនុស្សរណៈ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ពេញលេញ ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ពុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង សំដៅ​ពង្រឹង​បន្ថែម​នូវ​នីតិរដ្ឋ និង​ការ​លើក​កម្ពស់​ការ​ការពារ និង​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មុន​នឹង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​អនុញ្ញាត​ឲ្យ​អង្គការ​សហប្រជាជាតិ អាច​បន្ត​ដាក់​ការិយាល័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​ថ្មី​នេះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា បាន​ផ្ញើ​លិខិត​ទៅ​កាន់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ព្រមាន​បញ្ឈប់​ការ​ប្រតិបត្តិការ​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ប្រសិន​បើ​មន្ត្រី​នៃ​ការិយាល័យ​នេះ បន្ត​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដែល​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នោះ។ ក្រសួង​ការ​បរទេស ក៏​ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ បញ្ជាក់​ការ​ទទួល​យក​នូវ​អនុស្សរណៈ​ថ្មី​មួយ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​គោលការណ៍​គោរព​អធិបតេយ្យភាព និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​កម្ពុជា មិន​សម្រេច​ឲ្យ​បន្ត​មាន​វត្តមាន​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឡើយ។

ការ​ព្រមាន​ធ្ងន់ៗ​របស់​លោក ប្រាក់ សុខុន ទៅ​លើ​អង្គការ​សហប្រជាជាតិ​ដូចនេះ គឺ​ជា​ការ​សម្ដែង​ការ​ខឹងសម្បា​របស់​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​តំណាង​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) បាន​សម្ដែង​មតិ​តាម​បណ្ដាញ​សារព័ត៌មាន ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្យល់​ពី​ការ​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញ ក្រោយ​ពី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ត្រួត​ពិនិត្យ និង​ព្រមាន​មិន​ឲ្យ​មាន​យន្តហោះ​ដឹក​លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ការ​សម្ដែង​មតិ​ដូចនេះ​របស់​អ្នកស្រី វ៉ាន់ហ៊ី លី គឺ​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ថា​ការ​បញ្ចេញ​ទស្សនៈ​បែប​នេះ មិន​មែន​ជា​ការ​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា នោះ​ទេ។

ជុំវិញ​ការ​ចុះ​អនុស្សរណៈ​ថ្មី​នៅ​ពេល​នេះ អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ អ្នកស្រី អាលីហ្សាប៊ែត ស្រូសែល្យ (Alizabeth Throssell) បញ្ជាក់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា យើង​បាន​មក​ដល់​ចំណុច​ព្រមព្រៀង​គ្នា​អាច​ទទួល​យក​បាន​ទាំង​សងខាង ហើយ​ដែល​ភាគី​ទាំង​សងខាង​មាន​ជំហរ​រក្សា​នូវ​សុចរិត​ភាព​នៃ​អនុស្សរណៈ។ អ្នកស្រី​បញ្ជាក់​បន្ថែម​ថា អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ដែល​ភាគី​ទាំង​ពីរ សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​នៅ​ពេល​នេះ ហើយ​អង្គការ​សហប្រជាជាតិ ប្ដេជ្ញា​បន្ត​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស មាន​វត្តមាន​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣ ក្រោយ​ពី​កម្ពុជា មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​កាល​ពី​ឆ្នាំ​១៩៩១។

ទោះ​ជា​យ៉ាង​ណា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​វាយ​តម្លៃ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក្រោយ​ការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ចុង​ខែ​តុលា ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា នៅ​មាន​ការ​រើសអើង និង​មាន​និន្នាការ​នយោបាយ។ លើស​ពី​នេះ សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ សេរីភាព​ក្នុង​ការ​សម្ដែង​មតិ និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ក៏​នៅ​តែ​ត្រូវ​បាន​រដ្ឋាភិបាល​រឹតត្បិត​នៅ​ឡើយ៕

No comments:

Post a Comment