Wednesday, December 7, 2016

គ្រួសារ​ពលករ​ខ្មែរ​ដែល​ថៅកែ​ថៃ​បាញ់​សម្លាប់​ទាមទារ​សំណង​ជាង​១​ម៉ឺន​ដុល្លារ


ភរិយា​របស់​ពលករ​ដែល​ត្រូវ​ថៅកែ​ថៃ បាញ់​សម្លាប់​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ លោកស្រី ធឹង ហ៊ោន ស្នាក់នៅ​ក្នុង​ភូមិ​តាទយ នៃ​ឃុំ​ចារឈូក ស្រុក​អង្គរជុំ ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៦ RFA/Hang Savyouth


ក្រសួង​ការ​បរទេស អះអាង​ថា ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ត្រៀម​មេធាវី និង​ឯកសារ​ផ្លូវ​ច្បាប់​រួច​ហើយ ដើម្បី​ប្ដឹង​ប្រឆាំង​នឹង​ថៅកែ​ថៃ ដែល​បាញ់​សម្លាប់​ពលករ​ខ្មែរ​ម្នាក់​ជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប។

ក៏ប៉ុន្តែ​ដំណើរ​ការ​ទាមទារ​សំណង អាច​នឹង​យឺតយ៉ាវ ដោយសារ​តែ​គ្រួសារ​របស់​អ្នក​រងគ្រោះ នៅ​ខ្វះ​ឯកសារ​ពាក់ព័ន្ធ​នឹង​អ្នក​ស្លាប់ ដូចជា​មិន​មាន​សំបុត្រ​កំណើត និង​ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍ ជាដើម។

គ្រួសារ​របស់​បុរស​ជា​ពលករ​ដែល​ថៅកែ​ថៃ នៅ​ខេត្ត​ស្រះកែវ បាញ់​សម្លាប់ អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជួយ​រៀបចំ​ឯកសារ​ផ្នែក​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត។

ភរិយា​របស់​ពលករ​ដែល​ត្រូវ​ថៅកែ​ថៃ បាញ់​សម្លាប់​នោះ គឺ​លោកស្រី ធឹង ហ៊ោន។ លោកស្រី​អង្គុយ​នៅ​ក្រោម​ផ្ទះ​ឈើ ក្នុង​ភូមិ​តាទយ នៃ​ឃុំ​ចារឈូក ស្រុក​អង្គរជុំ ដែល​ជា​តំបន់​ដាច់ស្រយាល ហើយ​មាន​ប្រសាសន៍​ដោយ​ទឹក​មុខ​ស្រពាប់ស្រពោន​ថា ប្ដី​របស់​គាត់​ឈ្មោះ ស ង៉ៃ អាយុ ៣១​ឆ្នាំ ត្រូវ​ថៅកែ​ថៃ បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា កន្លង​ទៅ។ ថៅកែ​ថៃ ដែល​បាញ់​សម្លាប់​ប្ដី​របស់​គាត់​នោះ គឺ​បណ្ដាល​មក​ពី​ខឹង​នឹង​ប្អូន​ប្រុស​របស់​គាត់​ម្នាក់​ទៀត​ឈ្មោះ ស សាន ដែល​បាន​ទៅ​ស្រឡាញ់​កម្មករ​ស្រី​ម្នាក់ កំពុង​ធ្វើ​ការ​ឲ្យ​ថៅកែ​នោះ ហើយ​ថៅកែ​ថៃ មិន​ព្រម​ឲ្យ​កម្មករ​ស្រី​ទៅ​រស់នៅ​ជាមួយ​ប្ដី​ទេ ពីព្រោះ​ខ្លាច​គ្មាន​អ្នក​ធ្វើ​ការ។ ចំណែក​ឯ​ជន​រងគ្រោះ​ឃើញ​ថៅកែ​ថៃ ខឹង​នឹង​ប្អូន​របស់​គាត់​ដូច្នេះ ក៏​ចេះ​តែ​ដើរ​តាម​អង្វរ ធ្វើ​ឲ្យ​ថៅកែ​ថៃ ខឹង ក៏​ដក​កាំភ្លើង​បាញ់​តែ​ម្ដង។
លោកស្រី ធឹង ហ៊ោន បញ្ជាក់​ថា គាត់​ទាមទារ​ប្រាក់​ថ្លៃ​ជំងឺ​ចិត្ត​ពី​ថៅកែ​ថៃ ដែល​បាញ់​សម្លាប់​ប្ដី​របស់​គាត់​ចំនួន ៥០​ម៉ឺន​បាត​ប្រាក់​ថៃ ស្មើ​នឹង​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ​គាត់​នៅ​ខ្វះ​ឯកសារ​ជាច្រើន ដូចជា​សំបុត្រ​កំណើត​របស់​ប្ដី និង​ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍ ដែល​អាច​បញ្ជាក់​ថា​ជា​ប្ដី​ប្រពន្ធ ជាដើម៖ «ខ្ញុំ​ចង់​ទាមទារ​នេះ គ្រាន់​បាន​លុយ​មក​បន្តិចបន្តួច ដើម្បី​រក​ស៊ី​ចិញ្ចឹម​កូន​នៅ​ក្នុង​បន្ទុក។ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​រៀបចំ​ឯកសារ»។

បន្ទាប់​ពី​បាញ់​សម្លាប់​ពលករ​ខ្មែរ ថៅកែ​ថៃ រូប​នោះ​ត្រូវ​ប៉ូលិស​ថៃ ចាប់​ខ្លួន​ភ្លាមៗ​ដែរ។

លោកស្រី មុយ ស៊ីថៃ ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​ប្រពន្ធ​ជន​រងគ្រោះ មាន​ប្រសាសន៍​ថា ស្ថានភាព​គ្រួសារ​ពលករ​ខ្មែរ​ដែល​ថៅកែ​ថៃ បាញ់​សម្លាប់​នោះ គឺ​លំបាក​ណាស់ ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន ២​នាក់​តូចៗ ចំណែក​ដី​ស្រែ​ចម្ការ និង​ផ្ទះ​សម្បែង​ក៏​គ្មាន៖ «មិន​មាន​អី​ទេ ការុង​មួយ​ដែល​ប្រពន្ធ​ដាក់​ខោ​អាវ​ពេល​ប្ដី​ត្រូវ​គេ​បាញ់​សម្លាប់ វា​ក៏​ប្រឡាក់​ឈាម ហើយ​នៅ​ពេល​ប្ដី​ត្រូវ​គេ​យក​ទៅ​បូជា គេ​ក៏​ដុត​ការុង​ខោ​អាវ​នោះ​ចោល​ទៀត»។

ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ឃុំ​ចារឈូក កំពុង​ទាល់​គំនិត​ថា តើ​គេ​អាច​នឹង​ជួយ​អ្វី​ទៅ​ដល់​គ្រួសារ​ពលករ​នោះ​បាន?

មេ​ឃុំ​ចារឈូក លោក ប្លង់ ប៉ង់ បញ្ជាក់​ថា ប្រពន្ធ​របស់​បុរស​ដែល​ស្លាប់​នោះ បាន​សុំ​ឲ្យ​លោក​ជួយ​ធ្វើ​សំបុត្រ​កំណើត ប៉ុន្តែ​លោក​ពុំ​អាច​ជួយ​ធ្វើ​ដូច​ដែល​គេ​ចង់​បាន​នោះ​ឡើយ ពីព្រោះ​មនុស្ស​ស្លាប់​ទៅ​ហើយ៖ «បើ​សិន​ជា​សុំ​បញ្ជាក់​ទីលំនៅ​របស់​ប្រពន្ធ គឺ​ឃុំ​អាច​បញ្ជាក់ បើ​សិន​ជា​ឯកសារ​អាពាហ៍ពិពាហ៍​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ត្រូវ​ការ​ផ្ដិត​មេដៃ ប៉ុន្តែ​ខាង​ប្រុស​ស្លាប់​ទៅ​ហើយ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ឲ្យ​ដឹង​ថា ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ត្រៀម​មេធាវី និង​ឯកសារ​ផ្លូវ​ច្បាប់​រួច​ជា​ស្រេច​ហើយ សម្រាប់​ប្ដឹង​ប្រឆាំង​ថៅកែ​ថៃ ដែល​បាញ់​សម្លាប់​ពលករ​ខ្មែរ​នោះ។ ជុំវិញ​បញ្ហា​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ទារ​សំណង​ទៀតសោត លោក ជុំ សុន្ទរី សូម​ឲ្យ​ក្រុម​គ្រួសារ​អ្នក​ស្លាប់ ទាក់ទង​ទៅ​នាយកដ្ឋាន​កុងស៊ុល​របស់​ក្រសួង​ការ​បរទេស ឬ​ក៏​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ នោះ៕

No comments:

Post a Comment