ពលរដ្ឋមួយគ្រួសារនៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ចោទចៅអធិការវត្តបាកាន ថាបានបញ្ជាឲ្យគ្រឿងចក្រកាយប្រឡាយរំដោះទឹកចេញពីវត្ត បណ្ដាលឲ្យប៉ះពាល់ដល់ដីមុខផ្ទះរបស់ពលរដ្ឋចំនួន ៥គ្រួសារ។ ពលរដ្ឋទាមទារឲ្យចៅអធិការ ឬអាជ្ញាធរដាក់លូតាមប្រឡាយចេញចូលមុខផ្ទះពលរដ្ឋ ប៉ុន្តែព្រះសង្ឃ និងអាជ្ញាធរ ថាពុំមានលទ្ធភាពដាក់លូឲ្យទេ។
អ្នកភូមិអូររំចេក នៃឃុំត្រពាំងជង មួយគ្រួសារក្នុងចំណោម ៥គ្រួសារ ដែលថាព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាធ្វើបាបពលរដ្ឋដោយកាយប្រឡាយផ្ដាច់ផ្លូវមុខផ្ទះមិនដាក់លូឲ្យវិញ និងបានប៉ះពាល់ដល់ការរស់នៅរបស់ពួកគេនោះ ទទូចឲ្យគណៈកម្មការវត្ត និងអាជ្ញាធរជួយរកដំណោះស្រាយ។
ការស្នើសុំនេះ ក្រោយពេលចៅអធិការវត្ត ជួលត្រាក់ទ័រកាយប្រឡាយមួយខ្សែកាលពីថ្ងៃទី២១ ខែវិច្ឆិកា។
ពលរដ្ឋម្នាក់ លោកស្រី ផាន់ ផល្លី មានប្រសាសន៍នៅថ្ងៃទី៦ ខែធ្នូ ថា ចៅអធិការព្រះនាម ឡាយ សន និងអាជ្ញាធរភូមិ-ឃុំ បានប្រើអំណាចបំពានលើពលរដ្ឋក្នុងសកម្មភាពឈរបញ្ជាឲ្យគ្រឿងចក្រកាយប្រឡាយ ប៉ុន្តែមានពលរដ្ឋខ្លះខឹងសម្បា បានទាញកាំបិត និងពូថៅសម្ញែងម្ចាស់គ្រឿងចក្រ ទើបនៅមុខផ្ទះពលរដ្ឋខ្លះត្រូវបានគេកាយដីលុបវិញ និងកន្លែងខ្លះមិនទាន់លុប ឬដាក់លូឲ្យនៅឡើយ៖ «ខ្ញុំឲ្យកាយទៅក្រោយទៅ គេអត់កាយ គេមកកាយឆ្វៀលផ្ទះបង។ អ្នកដែលប៉ះពាល់នៅក្បែរផ្ទះបងខាងត្បូងណោះពីរគ្រួសារ បីគ្រួសារទាំងបង។ អាហ្នឹងជ្រៅមែនទែន ហើយទៅជើងពីរគ្រួសារទៀត តែម្ចាស់គេលុបវិញហើយ។ បើនិយាយពីដាក់លូត្រូវដាក់ជាង ១០កង់ណោះប្អូន។ បងទើបទិញបានបី (បីអស់ ១៥ម៉ឺនរៀល) ដាក់តាមផ្លូវដើរសិន»។
ទាក់ទងបញ្ហានេះ ព្រះចៅអធិការវត្តបាកាន ព្រះតេជព្រះគុណ ឡាយ សន គណៈកម្មការវត្ត និងមន្ត្រីរាជការខ្លះអះអាងថា ការកាយប្រឡាយរំដោះទឹកចេញពីបរិវេណវត្តអារាម និងក្បែររបងវត្តនេះ គឺបានបម្រើផលប្រយោជន៍សាធារណៈច្រើនជាងផលប៉ះពាល់ពលរដ្ឋ ១ ឬ ២គ្រួសារ ហើយប្រឡាយដែលកាយរួចនោះ គឺរត់តាមចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ មិនប៉ះពាល់ដីឯកជនរបស់ពលរដ្ឋឡើយ។
ព្រះតេជព្រះគុណ ឡាយ សន មានថេរដីកាបន្តថា វត្តពុំមានបច្ច័យសម្រាប់ទិញលូដាក់នៅតាមមុខផ្ទះពលរដ្ឋនោះទេ ព្រោះការកសាងវត្តអារាមអាស្រ័យលើបច្ច័យរបស់ពុទ្ធបរិស័ទ។ ព្រះអង្គបន្ថែមថា រយៈពេលពីរបីឆ្នាំហើយដែលផ្នែកខ្លះនៃបរិវេណវត្ត ត្រូវលិចដោយជំនន់ទឹកភ្លៀង ព្រោះពលរដ្ឋចូលមកតាំងទីលំនៅថ្មីៗក្បែរវត្តចាក់ដីធ្វើផ្ទះខ្ពស់ជាងដីវត្ត ទើបទឹកមិនអាចហូរចេញបាន៖ «ប៉ូលិសក៏គេមក មេឃុំក៏គេមក អាចារ្យអីនៅត្រង់ហ្នឹងអស់ អាត្មាគ្រាន់ប្រាប់ថា អាត្មាអ្នកចេញលុយឲ្យអាអ៊ិច។ អាអ៊ិចហ្នឹងអត់ហ៊ានកាយទេ ដើមអាកាស្យានៅសល់ដីប្រហែលមួយម៉ែត្រ ធម្មតាមានផ្លូវយើងដាំនៅត្រង់ចិញ្ចើម ហើយប្រឡាយទឹកនៅខាងកើតដើមអាកាស្យាហ្នឹងទៀត ស្រាប់ពេលដល់អ៊ីចឹង គេអត់ឲ្យកាយ កាយគ្រាន់តែឲ្យមានទឹកចេញទេ ហើយឲ្យអាត្មាដាក់លូអាត្មាមិនដឹងទៅរកលុយណា មានតែលុយពុទ្ធបរិស័ទដែរ»។
អាជ្ញាធរ និងព្រះសង្ឃ បានឯកភាពគ្នាកាយប្រឡាយប្រវែងប្រមាណ ២០ម៉ែត្រ ជម្រៅ ១ម៉ែត្រ និងទទឹង ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីវត្តផង និងសម្រួលដល់ការធ្វើដំណើររបស់សិស្សដែលរៀនសូត្រនៅសាលាក្បែរនោះផង។ ពលរដ្ឋរងផលប៉ះពាល់ផ្លូវដើរចូលផ្ទះ ចង់មានដំណោះស្រាយសមស្របមួយដោយសុំឲ្យចៅអធិការទិញលូដាក់ ឬកាយប្រឡាយបង្ហួសទៅបឹងផ្នែកខាងក្រោម ដើម្បីការពារកុំឲ្យទឹកដែលបង្ហូរចេញពីវត្តនោះចាល់លិចផ្ទះពលរដ្ឋ ប៉ុន្តែមេឃុំត្រពាំងជង លោក អ៊ឹម សាមិន ថាឃុំពុំមានថវិកាបម្រុងសម្រាប់ទិញលូក្នុងករណីដូចនេះទេ ដែលម្ចាស់ផ្ទះគួរទិញដាក់ខ្លួនឯង៕
No comments:
Post a Comment