Thursday, December 8, 2016

សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨


ប្រជា​សហគមន៍​ជាច្រើន​ឃុំ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo LICADHO


ប្រជា​សហគមន៍​ជាច្រើន​ឃុំ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រមាណ ៥០០​នាក់ ដែល​ភាគច្រើន​ជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ។ ការ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​ផ្សព្វផ្សាយ​ពី​សិទ្ធិ​សេរីភាព​ដល់​អ្នក​ភូមិ​ផ្សេង​ទៀត ព្រម​ទាំង​យុត្តិធម៌​សង្គម ជាដើម។

ប្រជា​សហគមន៍​នាំ​គ្នា​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នៅ​ឃុំ​ជាំក្រវៀន ក្រោម​ប្រធានបទ «យុត្តិធម៌​ឆ្នាំ​២០១៦»។ ប្រជា​សហគមន៍​អះអាង​ថា ប្រធានបទ​នេះ គឺ​ដោយសារ​កន្លង​ទៅ ពលរដ្ឋ​ទន់​ខ្សោយ​អាច​ទទួល​បាន​យុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ គឺ​តិចតួច​ណាស់។ រឿង​ក្តី​ខ្លះ ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ជន​រងគ្រោះ​នៅ​តែ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌។ រឿង​ក្តី​ទាំងនោះ​ដូចជា ករណី​ប៉ុនប៉ង​មនុស្ស​ឃាត​នៅ​ស្រុក​តំបែរ ការ​បាញ់​សម្លាប់​យុវជន​ម្នាក់​នៅ​វង់​ជល់​មាន់​នៅ​ស្រុក​មេមត់ ពី​សំណាក់​សមត្ថកិច្ច ព្រម​ទាំង​ជម្លោះ​ដីធ្លី​មួយ​ចំនួន​នៅ​មិន​ទាន់​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ពួក​គេ​ស្ងប់​ចិត្ត​ឡើយ។

ប្រជា​សហគមន៍​នៅ​ឃុំ​ចាន់មូល លោក អាន សាអ៊ុន មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​ទី​១០ ធ្នូ ដើម្បី​បង្ហាញ​ដល់​មនុស្ស​ទូទៅ ព្រម​ទាំង​រាជ​រដ្ឋាភិបាល​ឲ្យ​ជួយ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត។ លើស​ពី​នេះ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​តម្លៃ​សិទ្ធិ​ជា​មូលដ្ឋាន​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ដល់​ប្រជាពលរដ្ឋ​កុមារ ស្ត្រី ជាដើម៖ «កន្លង​មក​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហ្នឹង អ្នក​ខ្លះ​គ្រាន់​តែ​បាន​ដឹង​បាន​ឮ ប៉ុន្តែ​មិន​ទាន់​បាន​អនុវត្ត និង​មិន​ទាន់​បាន​ស្គាល់​មិន​ទាន់​បាន​ដឹង»។
ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ គឺ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៤៨ ក្រោយ​ពេល​សង្គ្រាម​លោក​លើក​ទី​២ បញ្ចប់​បាន​រយៈពេល ៣​ឆ្នាំ។

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​នៅ​ឃុំ​ចាន់មូល មួយ​រូប​ទៀត លោក សេង កុន មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​លោក ត្រូវ​រង់ចាំ​យុត្តិធម៌​រហូត​មក បន្ទាប់​ពី​កូន​ប្រុស​របស់​គាត់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​មេមត់ បាញ់​ស្លាប់​កាល​ពី​ឆ្នាំ​២០១៤ នៅ​កន្លែង​ជល់​មាន់។ បញ្ហា​នេះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ផ្លូវ​ចិត្ត​របស់​ពួក​គាត់ និង​បង្ហាញ​ថា សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ចំពោះ​មុខ​ច្បាប់​សម្រាប់​គ្រួសារ​ក្រីក្រ និង​ទន់​ខ្សោយ​ដូច​ពួក​លោក មិន​មាន​ឡើយ៖ «រឿង​កូន​ខ្ញុំ​ហ្នឹង​ការ​បាញ់​សម្លាប់ គឺ​វា​ពីរ​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ណា​រក​ខុស​រក​ត្រូវ​ឲ្យ​គ្នា​ទេ។ អ៊ីចឹង​បាន​ថា​ការ​រំលោភ​សិទ្ធិ គឺ​មាន​កម្រិត​ធ្ងន់​ណាស់​មក​លើ​ក្រុម​គ្រួសារ​ខ្ញុំ»។

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ដែល​រៀបចំ​ឡើង​នៅ​ឃុំ​ជាំក្រវៀន ពេល​នេះ គឺ​មាន​ការ​ចូលរួម​ពី​ប្រជា​សហគមន៍ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មន្ត្រី​អង្គការ​លីកាដូ (LICADHO) មន្ត្រី​សមាគម​អាដហុក (ADHOC) ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ជាដើម។

អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​មេមត់ លោក ចេង ប៊ុណ្ណារ៉ា និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ចំពោះ​ការ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​ប្រជា​សហគមន៍​បាន​ទេ នៅ​ថ្ងៃ​ទី​៨ ធ្នូ។

រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣១ ចែង​ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ស្រប​ទៅ​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។

ជាង​នេះ​ទៀត មាត្រា​៣១ ក៏​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ គឺ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូច​គ្នា​ទាំងអស់​ដោយ​មិន​ប្រកាន់​ពូជ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា និន្នាការ​នយោបាយ វណ្ណៈ ឬ​ធនធាន ជាដើម។ ប៉ុន្តែ​កន្លង​ទៅ មន្ត្រី​សង្គម​ស៊ីវិល​ក្តី ឬ​អ្នក​វិភាគ​ក្តី នៅ​តែ​ចាត់​ទុក​ថា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា គឺ​មាន​ស្តង់ដារ​ពីរ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​ប្រជា​សហគមន៍ គឺ​ដំណើរ​ការ​ល្អ​ប្រសើរ ដោយ​មិន​មាន​ការ​រារាំង​ទេ។ លោក​បន្ត​ថា កន្លង​មក ការ​ដោះស្រាយ​បញ្ហា​ប្រឈម ឬ​ការ​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ គឺ​មិន​ទាន់​បាន​គ្រប់គ្រាន់​ឡើយ។ ជាក់ស្តែង​សំណុំ​រឿង​មួយ​ចំនួន ពលរដ្ឋ​នៅ​តែ​រង់ចាំ​យុត្តិធម៌​រហូត​មក៖ «យុត្តិធម៌​២០១៦ ហ្នឹង គឺ​កន្លង​មក​បាន​ខ្លះ និង​មិន​បាន​ខ្លះ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​មើល​ឃើញ​ថា ការ​រៀបចំ​របស់​ប្រជា​សហគមន៍ គឺ​ជា​រឿង​មួយ​ល្អ ដើម្បី​ពន្យល់​ពលរដ្ឋ​ផ្សេង​ទៀត​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​សិទ្ធិ​សេរីភាព​របស់​ខ្លួន និង​ដាស់​ស្មារតី​ដល់​ប្រជា​សហគមន៍​ទាំងឡាយ ឲ្យ​ហ៊ាន​ក្រោក​ឈរ​ឡើង​តស៊ូ​មតិ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​គ្រប់គ្រាន់​នៅ​ក្នុង​សង្គម៕

No comments:

Post a Comment