ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅជាប់ព្រំដែនថៃ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្អូញត្អែរអំពីបញ្ហាក្លិនស្អុយគំនរសំរាមរបស់ក្រុមហ៊ុនផ្សារព្រំ ដែលបានយកទៅចោលក្បែរផ្ទះរបស់អ្នកស្រុក ហើយបានប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ អ្នកភូមិអះអាងថា ពួកគាត់ធ្លាប់បានស្នើឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធឲ្យបញ្ឈប់ចោលសំរាមទីនោះជាច្រើនលើកមកហើយ តែពុំមានដំណោះស្រាយ។
ពលរដ្ឋរស់នៅផ្សារព្រំ ស្រុកសាលាក្រៅ កំពុងព្រួយបារម្ភខ្លាចក្រែងក្លិនស្អុយប៉ះពាល់កាន់តែខ្លាំងដល់សុខភាព និងស្នើឲ្យអាជ្ញាធរខេត្តប៉ៃលិន យកសំរាមចេញពីកន្លែងរស់នៅជាបន្ទាន់។
ក្រុមប្រជាពលរដ្ឋរស់នៅជាប់គំនរសំរាមនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ថ្លែងនៅថ្ងៃទី៧ ខែធ្នូ ថា ក្រុមហ៊ុនផ្សារព្រំបានដឹកសំរាមយកទៅចាក់ក្បែរផ្ទះរបស់អ្នកស្រុក គឺចម្ងាយប្រមាណ ៥ម៉ែត្រ និងមានក្លិនស្អុយរយៈពេលជាង ១០ឆ្នាំមកហើយ ដោយពុំមានអាជ្ញាធរណាដោះស្រាយជូនពួកគាត់នោះទេ។
អ្នកភូមិបន្ថែមថា រយៈពេលប្រមាណជាង ១ខែមកនេះ ក្លិនស្អុយកាន់តែខ្លាំង និងធ្វើឲ្យពិបាកដកដង្ហើម ជាពិសេសគឺនៅពេលរសៀលដែលមានខ្យល់បក់តែម្ដង៖ «ខ្ញុំចង់ធ្វើមិចយកសំរាមចេញពីកន្លែងនោះឲ្យលឿន ព្រោះពេលដុតសំរាមផ្សែងហុយប៉ះពាល់ខ្លាំងដល់ការដកដង្ហើមរបស់ក្មេងៗ ចំពោះយើងមនុស្សចាស់ជិតស្លាប់ហើយមិនអីទេ។ ផ្ទះខ្ញុំបើគេដុតសំរាមនៅខែនេះអី គឺខ្យល់បក់មកចំពេញតែម្ដង មិនអាចនៅក្នុងផ្ទះបានទេ»។
ឆ្លើយតបនឹងបញ្ហានេះអ្នកគ្រប់គ្រងផ្សារព្រំ លោក សេង ហ៊ុយ មានប្រសាសន៍ថា ក្លិនស្អុយគំនរសំរាមដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ទើបតែប្រមាណ ២ខែប៉ុណ្ណោះ ហើយប៉ះពាល់សុខភាពតិចតួច។
លោកអះអាងថា ខាងក្រុមហ៊ុនកំពុងពិភាក្សាជាមួយមន្ទីរបរិស្ថានខេត្ត ដើម្បីដោះស្រាយ និងប្ដូរទីតាំងដាក់សំរាមថ្មីក្នុងពេលឆាប់ៗ៖ «ខ្ញុំបានប្រាក់មេភូមិ អាជ្ញាធរស្រុក និងមន្ត្រីបរិស្ថានខេត្តអស់ហើយ ថាយើងមិនបានទុកចោលមិនដោះស្រាយនោះទេ។ យើងបានសន្យាថា នឹងសំរាមចេញពីកន្លែងនោះ ហើយយើងនឹងធ្វើការងារនេះប្រមាណ ៣ថ្ងៃខាងមុខ»។
លោកបន្ថែមថា ទីតាំងដាក់សំរាមថ្មី នៅឆ្ងាយពីផ្ទះអ្នកស្រុក ហើយមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។
ទោះជាយ៉ាងនេះក្ដី ប្រធានកម្មវិធីបរិស្ថាន និងសុខភាពអង្គការសេដាក (CEDAC) លោក គាម មករាឌី មានប្រសាសន៍ថា ក្លិនស្អុយគំនរសំរាមប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស ជាពិសេស គឺប្រព័ន្ធដកដង្ហើមនិងរោគសើស្បែក។ លោកសង្កត់ធ្ងន់ថា ករណីនេះអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីបរិស្ថានខេត្តប៉ៃលិន ត្រូវរកទីតាំងដាក់សំរាម ដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស៖ «ប្រសិនជាមានភ្លៀងធ្លាក់ ធ្វើគំនរសំរាមនោះវានឹងរលួយ ស្អុយ ហើយហូរចូលទៅក្នុងទឹកធ្វើឲ្យខូចទឹកមិនអាចយកមកប្រើប្រាស់បានទេ»។
អ្នកស្រុកឲ្យដឹងថា គំនរសំរាមដែលក្រុមហ៊ុនផ្សារជាប់ព្រំដែនថៃ មួយនេះ យកទៅចោលក្បែរផ្ទះប្រជាពលរដ្ឋនោះ គឺដឹកចេញពីផ្សារព្រំតែម្ដង។ ម្យ៉ាងទៀតក្រុមហ៊ុនមួយនេះ ក៏ពុំបានទុកដាក់សំរាមឲ្យបានត្រឹមត្រូវនោះទេ។ ចំណែកពលរដ្ឋដែលរស់នៅជាប់ទីតាំងដាក់សំរាម ដែលប៉ះពាល់ខ្លាំងមានប្រមាណ ៧០គ្រួសារ៕
No comments:
Post a Comment