ប្រជាពលរដ្ឋជាង ២០នាក់ តំណាងឲ្យពលរដ្ឋជាង ៥០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ធ្នូ បន្តតវ៉ាសាជាថ្មីនៅមុខសាលាក្រុង ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយសំណងជូនពួកគាត់ ប៉ុន្តែពុំមានអាជ្ញាធរណាចេញទៅជួបពួកគាត់ ដើម្បីពិភាក្សាដោះស្រាយឡើយ។
នេះជាលើកទី៣៤ ហើយដែលក្រុមអ្នកតវ៉ា ទទូចឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ ដោះស្រាយសំណងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើង ជូនពួកគាត់នោះ។
តំណាងអ្នកតវ៉ាម្នាក់រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លោក វន វ័ន ឲ្យដឹងនៅថ្ងៃទី២៧ ធ្នូ ថា អាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ ហាក់មិនអើពើដោះស្រាយផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងជូនពួកគាត់ ដែលជាពលរដ្ឋក្រីក្រនោះទេ។ លោកអំពាវនាវសាជាថ្មី សុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីពាក់ព័ន្ធ ពន្លឿនដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់ឲ្យបានឆាប់រហ័ស។
លោកបន្ថែមថា ពួកគាត់មិនហ៊ានចេញទៅរកការងារធ្វើឆ្ងាយពីផ្ទះសម្បែងទេ ព្រោះខ្លាចអាជ្ញាធរសង់ផ្លូវរថភ្លើង ហើយរំលោភលើដី និងផ្ទះរបស់ពួកគាត់៖ «ពួកគាត់ ខ្ញុំអត់មានភាពកក់ក្ដៅទេ ព្រោះអាជ្ញាធរមិនបានដោះស្រាយតាមការទាមទារ។ ពួកគាត់តវ៉ាថ្ងៃនេះដាក់ឆ្នាំងបាយ មានកន្ទេល មានខ្នើយ ដាក់រួមគ្នាដើរអូសតាមផ្លូវទៅមកមុខសាលាក្រុង គឺឲ្យតំណាងឲ្យជាទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅថ្ងៃក្រោយ»។
អាស៊ីសេរី ពុំអាចទាក់ទងអភិបាលរងក្រុងប៉ោយប៉ែត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ម៉ែន សុភ័ណ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៧ ធ្នូ។
កន្លងមក លោក ម៉ែន សុភ័ណ ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរក្រុងមិនអាចដោះស្រាយជូនពួកគាត់បានទេ ដោយសារពួកគាត់ភាគច្រើនមិនស្ថិតនៅក្នុងគម្រោងដែលត្រូវដោះស្រាយ។ លោកថា ពលរដ្ឋបន្តរស់នៅលើដីនោះបណ្ដោះអាសន្នបាន ហើយប្រសិនបើសង់ផ្លូវរថភ្លើងប៉ះពាល់ គឺអាជ្ញាធរនឹងពិនិត្យដោះស្រាយនៅពេលក្រោយ។
ប៉ុន្តែក្រុមអ្នកតវ៉ា ទាមទារឲ្យអាជ្ញាធរសរសេរជាលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់ ដើម្បីពួកគាត់ទុកជាឯកសារបង្ហាញនៅថ្ងៃក្រោយ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន កត់សម្គាល់ថា ពលរដ្ឋដែលតវ៉ា គឺភាគច្រើនរស់នៅប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង ដែលអាជ្ញាធរត្រូវដោះស្រាយសំណងជូនពួកគាត់។ លោក ភុន ឈិន បន្ថែមថា បញ្ហានេះប្រសិនបើអាជ្ញាធរទុកចាំដោះស្រាយពេលក្រោយ គឺមិនល្អឡើយ ព្រោះជារឿងដែលត្រូវដោះស្រាយដូចគ្នា៖ «កន្លងមកយើងឃើញថា ខាងសាលាក្រុងតែងតែធ្វើលិខិតជូនដំណឹងឲ្យពលរដ្ឋទាំងអស់នោះរុះរើផ្ទះចាកចេញ ថ្វីបើមិនប៉ះពាល់ តែគេឲ្យចាកចេញ។ អ៊ីចឹងការជូនដំណឹងមានភាពជាសាធារណៈពេក ដែលនាំឲ្យអ្នករស់នៅនោះគាត់នៅតែមានការបារម្ភ និងភ័យខ្លាច។ អ៊ីចឹងដើម្បីឲ្យបានច្បាស់លាស់ សូមឲ្យអាជ្ញាធរពាក់ព័ន្ធ ចេញលិខិតឲ្យចំៗឈ្មោះបុគ្គលដែលនៅទីនោះតែម្ដងទៅ ដើម្បីឲ្យពួកគាត់នោះដឹងថា ពួកគាត់រងផលប៉ះពាល់ ឬមិនប៉ះពាល់»។
ក្រុមអ្នកតវ៉ា ទាមទារឲ្យអាជ្ញាធរដោះស្រាយសំណងទៅតាមតម្លៃដីទីផ្សារ ឬតាមការជាក់ស្ដែងដែលអាចទទួលយកបាន។ ពលរដ្ឋបានរំសាយការតវ៉ាទៅវិញ បន្ទាប់ពីពួកគាត់ទាមទារឲ្យអាជ្ញាធរដោះស្រាយនៅមុខសាលាក្រុងប្រមាណជាង ១ម៉ោងកន្លះ ហើយពុំទទួលបានលទ្ធផល។
ប្រជាពលរដ្ឋអះអាងថា ពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ ប្រសិនបើអាជ្ញាធរមិនដោះស្រាយជូនពួកគាត់នោះ៕
No comments:
Post a Comment