អ្នកស្រាវជ្រាវបារាំង ម្នាក់ បានរកឃើញថ្មីបំផុតនូវបច្ចេកទេសយកសរសៃដើមឈូកមកធ្វើជាអំបោះផលិតបានជាកំណាត់ កាត់សម្លៀកបំពាក់ ក្រមា និងវត្ថុប្រើប្រាស់ជាច្រើនប្រភេទ។
ផលិតកម្មសម្លៀកបំពាក់ ក្រមា និងវត្ថុប្រើប្រាស់ជាច្រើនមុខដែលធ្វើពីសរសៃដើមឈូកក្នុងទឹកដីខេត្តសៀមរាប កំពុងធ្វើឱ្យប្រទេសជាច្រើនដែលមានបច្ចេកវិទ្យាជឿនលឿននៅក្នុងពិភពលោកភ្ញាក់ផ្អើល និងទទួលស្គាល់នូវផលិតផលដែលកំពុងធ្វើដោយដៃសុទ្ធសាធមួយនេះ។
បុរសជនជាតិបារាំង ម្នាក់ ដែលជាអ្នកជំនួញនៅក្នុងខេត្តសៀមរាប បានទទួលរង្វាន់ ៣លើកក្នុងរយៈពេល ៤ឆ្នាំមកនេះទៅលើស្នាដៃដែលរកឃើញថ្មី គឺយកដើមឈូកធ្វើជាសរសៃអំបោះដែលអាចត្បាញធ្វើជាកំណាត់ទៅកាត់ដេរសម្លៀកបំពាក់ និងក្រមា ឱ្យមនុស្សទូទៅប្រើប្រាស់បាន។
អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនវាយនភណ្ឌសមធម៌តម្បាញឈូក (Samatoa Lotus Textiles) ដែលកំពុងធ្វើជំនួញនៅក្នុងខេត្តសៀមរាប គឺលោក អេវិន ដេឡាវ៉ាល (Awen Delaval)។ លោកមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១២ មក លោកបានទទួលរង្វាន់ពីអង្គការយូណេស្កូ (UNESCO) ទៅលើស្នាដៃឯកក្នុងការផលិតអំបោះចេញពីដើមឈូក។ នៅឆ្នាំ២០១៥ លោកបានទទួលរង្វាន់មួយទៀតពីប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ដ៍ (Frangois Hollande) ហើយនៅខែវិច្ឆិកា ឆ្នាំ២០១៦ គឺលោកទើបតែបានទទួលរង្វាន់ពីវិទ្យាស្ថានវិស្វករ និងបច្ចេកវិទ្យានៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ១ទៀត ស្ដីពីការរកឃើញអំបោះធ្វើពីសរសៃដើមឈូកនេះ។
ស្ត្រីអ្នកធ្វើការនៅការដ្ឋានផលិតអំបោះពីសរសៃឈូក នៅសៀមរាប នាំគ្នាកាច់ដើមឈូកទាញយកសរសៃអំបោះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ RFA/Hang Savyouth |
លោក អេវិន បង្ហាញអារម្មណ៍ថា លោកមានមោទនៈយ៉ាងខ្លាំង បន្ទាប់ពីរកឃើញអំបោះដែលយកចេញពីសរសៃដើមឈូក ហើយពិភពលោកបានជូនរង្វាន់ដល់លោកបែបនេះ។ បច្ចុប្បន្ននៅភូមិតូចមួយជិតភ្នំក្រោម នៃសង្កាត់សៀមរាប ក្រុងសៀមរាប មានស្ត្រីអ្នកភូមិជាច្រើននាក់ ត្រូវបានក្រុមហ៊ុនសមធម៌តម្បាញឈូក ជួលឱ្យធ្វើការងារកាត់ដើមឈូកជាកំណាត់ៗ ហើយទាញយកសរសៃដើមរបស់វាមកធ្វើជាអំបោះ។
អ្នកគ្រប់គ្រងការដ្ឋានផលិតអំបោះពីសរសៃឈូក អ្នកស្រី ជិន សុវិន មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃមានស្ត្រីពី១៣ ទៅ ១៥នាក់ ដែលមកធ្វើការកាត់ដើមឈូកទាញយកសរសៃអំបោះនេះ ដោយពួកគេអាចទទួលបានកម្រៃជាមធ្យមប្រហែល ១៥០ដុល្លារក្នុង ១ខែៗ៖ «អ្នកភូមិហ្នឹងគាត់ចូលចិត្តធ្វើមិនសូវពិបាកទេ ចំពោះការរកស្រីៗមកធ្វើការ ពីព្រោះនៅក្នុងម្លប់»។ក្នុង១ថ្ងៃៗគេអាចផលិតអំបោះពីដើមឈូកបានប្រហែលជាង ១.០០០ម៉ែត្រ ដោយដើមឈូកមិនពិបាករកទេ គឺអាចទិញពីកសិករនៅជុំវិញ ដោយក្នុង១តោនដើមឈូកគឺថ្លៃ ១០០ដុល្លារអាមេរិក។ ការផលិតអំបោះពីសរសៃដើមឈូកនេះ វាមិនត្រឹមតែបង្កើតការងារឱ្យមនុស្សជាច្រើនបានធ្វើប៉ុណ្ណោះទេ វាក៏ជាការផ្ដល់ទីផ្សារដំណាំឈូកឱ្យកសិករជាច្រើននាក់ដែរ។
កសិករដាំឈូកម្នាក់ នៅភូមិចុងស្រុក សង្កាត់សៀមរាប លោក អុន ជន មានប្រសាសន៍ថា បច្ចុប្បន្នលោកមានដីទំហំ ៥ហិកតារ ហើយលោកបានចែកគ្នាដាំស្រូវ ២.៥ហិកតារ និងដាំឈូក ២.៥ហិកតារ។ លោក អុន ជន បញ្ជាក់ថា បច្ចុប្បន្នដំណាំឈូក គឺលក់បានថ្លៃជាងស្រូវ៖ «ឈូកវាមានតម្លៃជាងស្រូវ ពេលយើងបេះផ្លែអស់គេទិញដើមវាទៅធ្វើជាអំបោះសូត្រ គឺ ១ឡូក្រាមលក់បានពី ៣៥០ ទៅ ៤០០រៀលដែរ»។
នៅឯភូមិអដ្ឋទ្វា នៃសង្កាត់សៀមរាប នោះ មានភូមិគ្រឹះមួយដែលជារបស់ក្រុមហ៊ុនសមធម៌តម្បាញឈូក គឺមានតួនាទីផលិតកំណាត់ជាច្រើនប្រភេទ ដែលធ្វើពីអំបោះសរសៃឈូក ព្រមទាំងកែច្នៃកាត់ដេរឱ្យទៅជាសម្លៀកបំពាក់ និងវត្ថុប្រើប្រាស់ជាច្រើនប្រភេទទៀត។ វត្ថុប្រើប្រាស់ដែលច្នៃពីកំណាត់ឈូកទាំងនោះ ត្រូវបានគេជ្រលក់ពណ៌ធម្មជាតិផ្សេងៗគ្នា ដោយពណ៌ទាំងនោះគឺគេផ្សំពីសំបក ព្រមទាំងផ្លែឈើនៅក្នុងស្រុក។
អ្នកគ្រប់គ្រងហាងលក់កំណាត់ធ្វើពីសរសៃឈូក កញ្ញា បេង បូពិដោរ ឱ្យដឹងថា បច្ចុប្បន្នមានអតិថិជនបរទេសជាច្រើនចាប់អារម្មណ៍ទៅលើកំណាត់ដែលធ្វើពីសរសៃដើមឈូកនេះ ពីព្រោះគេយល់ថា វាជាផលិតផល ធម្មជាតិ ដែលធ្វើដោយដៃ ប៉ុន្តែចំពោះប្រជាពលរដ្ឋខ្មែរវិញ មិនសូវចាប់អារម្មណ៍ទេ ពីព្រោះតែផលិតផលនេះលក់ថ្លៃ ដូចជាក្រមា ១អាចថ្លៃពី ២០០ ទៅ ៤០០ដុល្លារ និងសម្លៀកបំពាក់ ១កំប្លេ ថ្លៃប្រហែល ២.០០០ដុល្លារជាដើម៖ «បញ្ជាទិញពីក្រៅប្រទេសច្រើន ខ្ញុំទទួលតែភ្ញៀវចូលមកទីនេះ និងគ្រប់គ្រងហាងលក់នៅតាមសណ្ឋាគារមួយចំនួន ក្នុងខេត្តសៀមរាប ទេ»។
អ្នកស្ម័គ្ររបស់ក្រុមហ៊ុនសមធម៌តម្បាញឈូកម្នាក់ ដែលជាជនជាតិបារាំង នាង អ៊ីណា ហ្សឺមីយើស៍ (Ina Gemieux) មានប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនរបស់នាងមិនត្រឹមតែអាចផលិតអំបោះចេញពីសរសៃដើមឈូកប៉ុណ្ណោះទេ គឺថែមទាំងអាចផលិតអំបោះចេញពីដើមចេក ដើមដូង ដើមត្នោត ចេញពីផ្លែគ និងកប្បាស មកត្បាញធ្វើជាកំណាត់រួមគ្នាផង។ ផលិតផលទាំងនោះ គឺជាធម្មជាតិសុទ្ធសាធដែលជួយឱ្យជីវិតរស់នៅមានសុខភាពល្អ។ បច្ចុប្បន្ន ក្រុមហ៊ុនសមធម៌តម្បាញឈូក ដែលមានគោលការណ៍ជួយលើកកម្ពស់ស្ត្រីខ្មែរបានពង្រីកអាជីវកម្មអំបោះសរសៃឈូករបស់ខ្លួននៅក្នុងខេត្តចំនួន២ របស់ប្រទេសកម្ពុជា គឺនៅតំបន់កំពីងពួយ ស្រុកបាណន់ ខេត្តបាត់ដំបង និងនៅក្រុងសៀមរាប ខេត្តសៀមរាប។
ទីផ្សារលក់ផលិតផលធ្វើពីអំបោះដើមឈូកនេះ គឺនៅក្រុងហុងកុង នៅសហរដ្ឋអាមេរិក នៅជប៉ុន និងបណ្ដាប្រទេសសហគមន៍អឺរ៉ុប ជាច្រើនទៀត។ ក៏ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនដែលផលិតកំណាត់ពីអំបោះសរសៃដើមឈូកនៅមានកម្រិតនាំចេញតិចតួចនៅឡើយ បើគិតជាទឹកប្រាក់ប្រហែលជាង ៣ម៉ឺនដុល្លារអាមេរិក ក្នុង ១ឆ្នាំៗ៕
No comments:
Post a Comment