Monday, December 19, 2016

ស្ត្រី​បម្រើ​សេវា​កម្សាន្ត​និង​ស្ត្រី​រោងចក្រ​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ស្ត្រី​បន្ថែម​ទៀត


ស្ត្រី​សម្ដែង​សិល្បៈ​នៅ​ក្នុង​កម្មវិធី​វេទិកា​សិល្បៈ​ស្ត្រី ក្រោម​ប្រធានបទ វីរភាព​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច នា​សាល​មហោស្រព​ចេនឡា ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rach Vingur


ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ សេវា​កម្សាន្ត និង​ស្ត្រី​បម្រើ​ការ​តាម​រោងចក្រ អំពាវនាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ស្ត្រី​បន្ថែម​ទៀត ស្រប​ពេល​ពួក​គាត់​នៅ​តែ​ប្រឈម​នឹង​បញ្ហា​រើសអើង​នៅ​ក្នុង​សង្គម និង​ត្រូវ​គេ​ជេរ​ប្រមាថ។ ការ​លើក​ឡើង​នេះ នៅ​ក្នុង​កម្មវិធី​វេទិកា​សិល្បៈ​ស្ត្រី ក្រោម​ប្រធានបទ «វីរភាព​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច»។ ក្រុម​ស្ត្រី​ក៏​បញ្ជាក់​ថា ការ​ឲ្យ​តម្លៃ​ចំពោះ​ស្ត្រី​ប្រកប​មុខ​របរ​រក​ស៊ី​ផ្លូវ​ភេទ និង​បម្រើ​សេវា​កម្សាន្ត ហើយ​ស្ត្រី​កម្មការិនី​រោងចក្រ ព្រោះ​ពួក​គាត់​ជា​អ្នក​រួម​ចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ។

បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ចាត់​ទុក​ស្ត្រី​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ស្ត្រី​ដែល​ប្រកប​មុខ​របរ​ផ្លូវ​ភេទ និង​ស្ត្រី​ដែល​បម្រើ​ការ​តាម​រោងចក្រ នៅ​តែ​ទទួល​រង​អំពើ​ហិង្សា​ផ្សេងៗ ដូចជា​ត្រូវ​បាន​គេ​រើសអើង និង​ត្រូវ​បាន​គេ​ជេរ​ប្រមាថ​ដដែល។

អ្នក​តំណាង​កម្មវិធី​ចងក្រង​ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ និង​បម្រើ​សេវា​កម្សាន្ត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង ៨​ខេត្ត-ក្រុង ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ថា ពួក​គាត់​មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវ​ភេទ ដូចជា​រំលោភ​បូក និង​អំពើ​ហិង្សា​វាយ​ធ្វើ​បាប​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ប្រឈម​នឹង​ការ​រើសអើង​នៅ​ក្នុង​សង្គម​ថែម​ទៀត៖ «ការ​ប្រកប​របរ​ផ្លូវ​ភេទ ដូចជា​ត្រូវ​ភ្ញៀវ​រំលោភ​បូក វាយ​ធ្វើ​បាប និង​វាយ​យក​លុយ ជាដើម»។

អ្នក​តំណាង​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​ស្ត្រី​ខ្លះ​ជ្រើសរើស​ប្រកប​មុខ​របរ​ផ្លូវ​ភេទ និង​សេវា​កម្សាន្ត ដោយសារ​អ្នក​ខ្លះ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​បែកបាក់​គ្រួសារ ពុំ​មាន​ការ​អប់រំ​ជ្រៅជ្រះ ហើយ​ការងារ​ផ្សេង​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន ជាដើម។ បច្ចុប្បន្ន នៅ​កម្ពុជា ស្ត្រី​ដែល​ប្រកប​មុខ​របរ​ផ្លូវ​ភេទ និង​បម្រើ​សេវា​កម្សាន្ត​មាន​ចំនួន​ប្រហែល ៤​ម៉ឺន​នាក់។ ក្រុម​ស្ត្រី​ទាំងនេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រោះ​ប្រាក់​ខែ​ជា​មធ្យម​ចំនួន ១៦៥​ដុល្លារ​ក្នុង​មួយ​ខែ គឺ​ពួក​គាត់​បាន​ចំណាយ​លើ​សម្លៀកបំពាក់ ៣៧% ផ្ញើ​ប្រាក់​ទៅ​គ្រួសារ ២៧% ការ​ស្នាក់នៅ និង​ប្រើប្រាស់​ផ្សេងៗ ២៧% និង​ការ​ចំណាយ​លើ​សុខភាព ៩%។

ការ​លើក​ឡើង​នេះ នៅ​ក្នុង​កម្មវិធី​វេទិកា​សិល្បៈ​ស្ត្រី​ក្រោម​ប្រធានបទ «វីរភាព​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច» ដែល​ប្រារព្ធ​នៅ​សាល​មហោស្រព​ចេនឡា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ធ្នូ។ កម្មវិធី​ដែល​មាន​អ្នក​ចូលរួម​ប្រហែល ៥០០​នាក់ គឺ​មាន​អ្នក​តំណាង​ក្រសួង​កិច្ចការ​នារី អាជ្ញាធរ​មូលដ្ឋាន សិស្ស និស្សិត សិល្បករ កម្មការិនី និង​ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម មាន​គោល​បំណង​ឆ្លុះ​បញ្ចាំង​ពី​វីរភាព ការ​តស៊ូ សាមគ្គីភាព និង​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​របស់​ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ និង​បម្រើ​សេវា​កម្សាន្ត ព្រម​ទាំង​ស្ត្រី​កម្មការិនី​រោងចក្រ​ដែល​បាន​ដើរ​តួនាទី​ក្នុង​វិស័យ​សេដ្ឋកិច្ច ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ។

ចំណែក​អ្នក​តំណាង​កម្មការិនី​រោងចក្រ​ម្នាក់ កញ្ញា ព្រឿង សុខអ៊ាន់ លើក​ឡើង​ថា ក្រុម​កម្មការិនី​ខ្លះ​នៅ​តែ​ត្រូវ​បាន​ថៅកែ​រោងចក្រ​ប្រើប្រាស់​ពាក្យ​អសុរោះ និង​ជេរ​ប្រមាថ ជាពិសេស​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួស​ម៉ោង​ជាដើម។ កញ្ញា​បញ្ជាក់​ថា ទោះ​ជា​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​ម៉ោង​ក្ដី ក៏​មិន​អាច​ទទួល​បាន​ប្រាក់​ខែ​គ្រប់គ្រាន់ ដើម្បី​បង់​ថ្លៃ​ទឹក ភ្លើង និង​ផ្ទះ​ជួល​នោះ​ដែរ ហើយ​សល់​ប្រាក់​តិចតួច​ប៉ុណ្ណោះ ត្រូវ​ផ្ញើ​ទៅ​ឲ្យ​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត៖ «បើ​សិន​កម្មករ​ដេរ​អត់​គ្រប់​ចំនួន​ដែល​គេ​កំណត់​ទេ ពួក​គាត់​ត្រូវ​បាន​គេ​ជេរ និង​គំរាម​បញ្ឈប់​ពី​ការងារ​ជាដើម»។

អ្នក​តំណាង​កម្មការិនី​រូប​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​ការងារ គួរ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​អំពី​ទុក្ខ​លំបាក​នៃ​ការ​ប្រឈម​របស់​ពួក​គាត់ ជាពិសេស​ត្រូវ​ចុះ​ទៅ​ណែនាំ​ដល់​ម្ចាស់​រោងចក្រ ឲ្យ​ឈប់​រំលោភ​សិទ្ធិ​កម្មករ និង​ឈប់​ប្រើប្រាស់​ពាក្យ​អសុរោះ​ត​ទៅ​ទៀត។

ក្រុម​ស្ត្រី​បម្រើ​ការ​តាម​រោងចក្រ​អះអាង​ថា ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់ គឺ​ជា​រឿង​ចាំបាច់​មួយ ព្រោះ​ស្ត្រី​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​មាន​ប្រហែល ៧​សែន​នាក់ គឺ​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ចំនួន​ប្រមាណ ២​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥។

មន្ត្រី​សម្របសម្រួល​សម្ព័ន្ធ​បង​ប្អូន​ស្ត្រី អ្នកស្រី អុល ពុទ្ធាវី បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ និង​សេវា​កម្សាន្ត ព្រម​ទាំង​កម្មការិនី​រោងចក្រ នៅ​តែ​ប្រឈម​នឹង​ការ​មិន​ផ្ដល់​តម្លៃ បើ​ទោះ​ជា​ពួក​គាត់​បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​សេដ្ឋកិច្ច​យ៉ាង​ណា​ក្ដី៖ «ភាគច្រើន​ស្ត្រី​បម្រើ​ផ្លូវ​ភេទ បម្រើ​សេវា​កម្សាន្ត កម្មការិនី​រោងចក្រ និង​ស្ត្រី​មេ​ផ្ទះ ត្រូវ​បាន​គេ​មិន​ផ្ដល់​តម្លៃ»។

ក្រុម​ស្ត្រី​ទាំងនេះ​បញ្ជាក់​ថា ការ​គោរព​សិទ្ធិ​ស្ត្រី​មាន​លក្ខណៈ​ល្អ​តិចតួច​ប៉ុណ្ណោះ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ និង​ច្បាប់​នានា​មក។ ជាមួយ​គ្នា​នោះ ការ​ផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​អាច​បម្រើ​ការងារ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល ក៏​នៅ​តែ​តិចតួច​នៅ​ឡើយ។ ពួក​គាត់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល គួរ​តែ​ដាក់​ចេញ​វិធានការ​បន្ថែម​ទៀត ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្ដល់​តម្លៃ​ដល់​ស្ត្រី និង​ការ​គោរព​សិទ្ធិ​ស្ត្រី៕

No comments:

Post a Comment