Tuesday, December 20, 2016

អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​កោះកុង​តវ៉ា​នៅ​រដ្ឋសភា​និង​ក្រសួង​បរិស្ថាន


ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មក​ពី​ខេត្ត​កោះកុង តវ៉ា​នៅ​ខាង​មុខ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/So Chivy


ពលរដ្ឋ​ជាង ១០០​នាក់​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង ក្រុមហ៊ុន​ស្ករ​អំពៅ​ឈ្មោះ កោះកុង ស៊ូហ្គើ (Kohkong Sugar) និង​ក្រុមហ៊ុន កោះកុង ផ្លេនថេសិន (Kohkong Plantation) មក​ពី​ខេត្ត​កោះកុង នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ទាមទារ​ដំណោះស្រាយ។

ពួក​គេ​បាន​ដាក់​ញត្តិ​ទៅ​សភា​កាល​ពី​ខែ​កក្កដា កន្លង​ទៅ ទាមទារ​ឲ្យ​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​ទទួល​បាន​ដីធ្លី​មក​អាស្រ័យ​ផល​ឡើង​វិញ នៅ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រំលោភ​យក។

ក្រុម​អ្នក​ភូមិ​លើក​ឡើង​ពី​ភាព​អស់​សង្ឃឹម នៅ​ពេល​ដែល​ជម្លោះ​ដីធ្លី​ចេះ​តែ​អូស​បន្លាយ​រក​ទី​បញ្ចប់​មិន​ទាន់​ឃើញ និង​បាន​ព្រមាន​ទុក​មុន​ថា នឹង​ប្រើប្រាស់​សន្លឹក​ឆ្នោត​ទៅ​តាម​លទ្ធផល​ដែល​ពួក​គាត់​នឹង​ទទួល​បាន​ពី​ជម្លោះ​ដីធ្លី​នេះ។

តំណាង​អ្នក​ភូមិ គឺ​លោកស្រី ផាវ ញ៉ើង មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ដែល​ពុំ​មាន​សិទ្ធិ​អំណាច​អ្វី មាន​តែ​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​រដ្ឋសភា យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គាត់៖ «សូម​មេត្តា​ឲ្យ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​មាន​ឥទ្ធិពល​ដឹក​នាំ​ប្រទេស​ដ៏​យូរ​អង្វែង​នោះ សូម​មេត្តា​ឲ្យ​លោក​ពិនិត្យ និង​ជំរុញ​ឲ្យ​បាន​លឿន​បំផុត​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​យើង។ បើ​ពុំ​នោះ​ទេ យើង​លែង​ជឿ​ទៀត​ហើយ។ នៅ​រៀង​រាល់​អាណត្តិ យើង​នៅ​តែ​ជឿ​លើ​ជំហរ​សម្ដេច​ថា សម្ដេច​នៅ​តែ​ជួយ​ប្រជាពលរដ្ឋ ប៉ុន្តែ​អាណត្តិ​នេះ​បើ​សិន​ជា​សម្ដេច​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ពួក​ខ្ញុំ ចឹង​ពួក​ខ្ញុំ​លែង​ជឿ​ទៀត​ហើយ»។

ពលរដ្ឋ​ចំនួន​ជាង ១០០​នាក់​នេះ​តំណាង​ឲ្យ​ពលរដ្ឋ​សរុប​ចំនួន ១៤៧​គ្រួសារ​មក​ពី​ភូមិ​ចំនួន​៧ នៅ​ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​បុទុមសាគរ និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ ពួក​គេ​អះអាង​ថា ដីធ្លី​ពួក​គេ​មាន​ទាំង​ដី​លំនៅឋាន និង​ដី​ចម្ការ ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក​ជា​ហូរហែ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦។ ពួក​គេ​បាន​ទាមទារ និង​ដាក់​បណ្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ញឹកញយ​ហើយ ក៏​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ។

នៅ​ពេល​រសៀល​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង អ្នក​ភូមិ​បាន​នាំ​គ្នា​ស្រែក​ពី​ក្រៅ​របង​រដ្ឋសភា ឲ្យ​អ្នក​តំណាង​រាស្ត្រ​ដែល​ពួក​គេ​ធ្លាប់​បោះឆ្នោត​ឲ្យ ធ្វើ​យ៉ាង​ណា​ជួយ​ពួក​គាត់​ឲ្យ​បាន​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ​ត្រឡប់​មក​វិញ។

បន្ទាប់​ពី​ស្រែក​តវ៉ា​ទាមទារ​បាន​រយៈពេល​ខ្លី មន្ត្រី​រដ្ឋសភា បាន​អនុញ្ញាត​ឲ្យ​តំណាង​អ្នក​ភូមិ​ចំនួន ៧​នាក់​ចូល​ជួប។ ពួក​គេ​បាន​ចេញ​មក​វិញ​ដោយ​នាំ​យក​នូវ​ចំណារ​មួយ​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដែល​ថា បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ពិនិត្យ​កាល​ពី​ខែ​វិច្ឆិកា។

ភ្លាមៗ​នោះ អ្នក​ភូមិ​ក៏​បាន​បន្ត​ដំណើរ​ទៅ​ក្រសួង​បរិស្ថាន ទៅ​តាម​អ្វី​ដែល​ប្រធាន​រដ្ឋសភា បាន​ចារ​បញ្ជូន​ទៅ។ ពួក​គេ​ខ្លះ​ទូល ខ្លះ​ស្ពាយ​សម្ពៀត​ដាក់​សម្លៀកបំពាក់ អង្ករ ម្ហូប​អាហារ ឆ្នាំង ចាន និង​ធ្យូង សម្រាប់​ចម្អិន​អាហារ​ផង។

នៅ​ក្រសួង​បរិស្ថាន តំណាង ៧​នាក់​ទៀត​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​អគារ ដើម្បី​ជួប​ជាមួយ​មន្ត្រី​បរិស្ថាន។

បន្ទាប់​ពី​ជួប​ពិភាក្សា​ប្រហែល​មួយ​ម៉ោង អ្នក​តំណាង​ដែល​ចេញ​មក​វិញ​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា ពួក​គេ​ត្រូវ​មន្ត្រី​ក្រសួង​នេះ​ព្រមាន​ប្រើប្រាស់​កម្លាំង​សន្តិសុខ​បណ្ដេញ​ចេញ បើ​សិន​ពួក​គេ​មិន​ត្រឡប់​ទៅ​វិញ៖ «យ៉ាង​ម៉េច​រដ្ឋាភិបាល​ជា​ម៉ែ​ឪ​ពួក​ខ្ញុំ ម៉េច​បាន​ធ្វើ​ចឹង​ដាក់​ពួក​ខ្ញុំ? ដេញ​ពី​នេះ​ដេញ​ពី​នោះ ពួក​ខ្ញុំ​និយាយ​ល្អ​ទេ​ថា សុំ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ផង»។

មិន​យូរ​ប៉ុន្មាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ចេញ​មក​ជួប​អ្នក​ភូមិ និង​បាន​ជួយ​សម្រួល​ស្ថានការណ៍។ លោក​បាន​បង្ហាញ​លិខិត​មួយ​ច្បាប់ និង​ថ្លែង​បញ្ជាក់​ថា ក្រសួង​បាន​ឆ្លើយតប​ទៅ​រដ្ឋសភា​វិញ​ហើយ​ថា បញ្ហា​ដីធ្លី​នេះ​មិន​ឋិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​បរិស្ថាន ឡើយ គឺ​រាល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​សមត្ថកិច្ច​របស់​ក្រសួង​កសិកម្ម៖ «ក្រសួង​បរិស្ថាន បាន​ផ្ទេរ​ទៅ​ឲ្យ​ក្រសួង​កសិកម្ម រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ ខ្ញុំ​សូម​ជម្រាប​ថា ក្រសួង​បាន​ឆ្លើយតប​ទៅ​សភា​ហើយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦»។

បន្ទាប់​ពី​បាន​ចម្លើយ​នេះ ក្រុម​អ្នក​ភូមិ​បាន​សម្រេច​ចាកចេញ​ពី​ក្រសួង​បរិស្ថាន ប៉ុន្តែ​ពួក​គេ​ពុំ​មាន​គោលដៅ​ថា​នឹង​ទៅ​ទីណា​ពិត​ប្រាកដ​ឡើយ។ អាជ្ញាធរ​ក៏​បាន​សម្របសម្រួល​ដឹក​ជញ្ជូន​ពួក​គេ​ឲ្យ​ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី។

អ្នក​ភូមិ​ម្នាក់​ដែល​មាន​វ័យ​ចំណាស់ លោកស្រី សួង រីន នៅ​ក្នុង​ស្រុក​ស្រែអំបិល ដែល​ដី​បាត់បង់​ទៅ​ឲ្យ​ក្រុមហ៊ុន អំពាវនាវ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដែល​ពួក​គាត់​ជួប​ប្រទះ ដើម្បី​បញ្ចប់​ទុក្ខ​លំបាក​របស់​ពួក​គាត់​ដែរ។

កាល​ពី​ខែ​សីហា កន្លង​ទៅ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ក្នុង​ស្រុក​ស្រែអំបិល ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចំណាត់​ការ​អ្វី​នៅ​ឡើយ។ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន បាន​លើក​ឡើង​ថា ជំនួប​រវាង​មន្ត្រី និង​ពលរដ្ឋ​នោះ ហាក់​មិន​អាច​រក​ដំណោះស្រាយ​នៅ​ឡើយ ព្រោះ​ជា​ដំណាក់​កាល​ប្រមូល​ឯកសារ​ពាក់ព័ន្ធ។

ក្រុម​អ្នក​ភូមិ​ដែល​បាន​មក​ដល់​រាជធានី​ភ្នំពេញ​នេះ​បញ្ជាក់​ថា ពួក​គេ​នឹង​បន្ត​ការ​តវ៉ា​ទៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​គាត់​ធ្លាប់​បាន​ដាក់​ញត្តិ​រួច​ម្ដង​ហើយ​កាល​ពី​ខែ​កក្កដា ដែល​រួម​មាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ការិយាល័យ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ជាដើម៕

No comments:

Post a Comment