Tuesday, December 13, 2016

ជនជាតិ​ដើម​ភាគតិច​ខេត្ត​កំពង់ធំ​ស្នើ​ពន្លឿន​ដោះស្រាយ​វិវាទ​ដី​ព្រៃ​ជាមួយ​ក្រុមហ៊ុន


ប្រជា​សហគមន៍​ឃុំ​ងន ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ចុះ​ល្បាត​ព្រៃ​សហគមន៍​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ជាំថ្លក កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided



ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ងន ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លើក​ឡើង​អំពី​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដោយសារ​កង្វះ​ដី​សម្រាប់​ធ្វើ​កសិកម្ម។ បញ្ហា​នេះ កើត​ឡើង​បន្ទាប់​ពី​ពួក​គាត់ មិន​អាច​ចូល​ទៅ​បង្កបង្កើន​ផល​លើ​ដី​ព្រៃ​សហគមន៍​មួយ​ចំនួន ហើយ​មួយ​ចំនួន​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​នៅ​ឡើយ។ អភិបាល​ស្រុក​លើក​ឡើង​ថា នឹង​ស្រាវជ្រាវ​អំពី​បញ្ហា​នេះ ហើយ​ខិតខំ​ដោះស្រាយ​ទៅ​តាម​លទ្ធភាព​ដែល​ធ្វើ​ទៅ​បាន។

មុខ​របរ​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាពិសេស​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ងន ដូចជា​រក​វល្លិ ជ័រ ផ្ដៅ រក​ឃ្មុំ និង​មុខ​របរ​ដាំ​ដំណាំ​ជា​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់ ត្រូវ​បាន​បាត់បង់​បន្តិច​ម្តងៗ ក្រោយ​ពេល​មាន​វត្តមាន​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន​នៅ​តំបន់​នោះ។

ដី​ចម្ការ​វិល​ជុំ​ដែល​អ្នក​ភូមិ​ធ្លាប់​អាស្រ័យ​ផល​ពី​មុន ចាប់​ផ្តើម​បាត់បង់ ដោយសារ​ក្រុមហ៊ុន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​អាស្រ័យ​ផល ក្រោម​ហេតុផល​ថា​ជា​ដី​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ។ តំបន់​ព្រៃ​ស្រោង​បាន​ប្រែ​ក្លាយ​បន្តិច​ម្តងៗ​ទៅ​ជា​ទី​វាល ឬ​ក្លាយ​ជា​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វិញ។

តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ភូមិ​រវៀង លោក ពៅ ខូយ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​មាន​វត្តមាន​ក្រុមហ៊ុន​មួយ​ចំនួន​កាល​ពី​ឆ្នាំ​២០១០ មក ព្រៃ​ឈើ​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល គឺ​រង​ការ​បំផ្លិចបំផ្លាញ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មូលដ្ឋាន ពិសេស​ជនជាតិ​ដើម​ភាគតិច​កួយ ត្រូវ​ប្រឈម​ការ​បាត់បង់​មុខ​របរ​ប្រចាំ​ថ្ងៃ និង​បាត់បង់​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់ ពីព្រោះ​តែ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំងនោះ គឺ​ប៉ះពាល់​ដី​ព្រៃ​សហគមន៍​របស់​ម្ចាស់​ស្រុក៖ «ដោយសារ​ក្រុមហ៊ុន​វា​ឈូស​ឆាយ​អស់​ព្រៃ​ឈើ ហើយ​មុខ​របរ​ផ្សេងៗ​ក៏​អាច​បាត់បង់​អស់​រលីង»។


ចាប់​តាំង​ពី​ឆ្នាំ​២០១០ រាជ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន ដូចជា​ក្រុមហ៊ុន អាន ម៉ារាឌី ក្រុមហ៊ុន សល់ សុភា ក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ (CADI) និង​ក្រុមហ៊ុន អាន​ពីអាក្រូ ជាដើម។ ចំណែក​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ទាំងនោះ​ទទួល​បាន​សម្រាប់​វិនិយោគ ដោយ​គិត​តែ​នៅ​ក្នុង​ទឹក​ដី​ស្រុក​សណ្ដាន់ គឺ​មាន​ទំហំ​ជិត ១​ម៉ឺន​ហិកតារ។

ស្រប​ពេល​ក្រុមហ៊ុន​ទាំងនេះ​ចាប់​ផ្ដើម​មាន​វត្តមាន​នៅ​ឃុំ​ងន រួច​មក ដី​ព្រៃ​សហគមន៍​មួយ​ឈ្មោះ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជាំថ្លក ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៩ ហើយ​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន នៅ​ឆ្នាំ​២០១០ មាន​ទំហំ​ជាង ១​ម៉ឺន​ហិកតារ ចាប់​ផ្ដើម​បាត់បង់​បន្តិច​ម្តងៗ។ បច្ចុប្បន្ន ផ្ទៃ​ដី​ព្រៃ​សហគមន៍​មួយ​នេះ គឺ​នៅ​សល់​ជាង ៧​ពាន់​ហិកតារ (៧.៣៩១​ហិកតារ) ប៉ុណ្ណោះ។

ប្រធាន​គណៈកម្មការ​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជាំថ្លក និង​ជា​តំណាង​ក្រុម​ជនជាតិ​ដើម​ភាគតិច លោក គង់ ឈៀង មាន​ប្រសាសន៍​ថា ដោយសារ​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន ទើប​បណ្ដាល​ឲ្យ​ពួក​គាត់​ត្រូវ​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ ពីព្រោះ​ត្រូវ​បាត់បង់​មុខ​របរ​របស់​ខ្លួន។ បន្ថែម​ពី​នេះ ប្រជាពលរដ្ឋ​ត្រូវ​បាត់បង់​ដីធ្លី ឬ​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គេ​ទៀត​ផង៖ «បញ្ហា​ប្រឈម គឺ​ដី​របស់​ជនជាតិ​ដើម​ភាគតិច​យើង​ដែល​មាន​ស្រាប់ ដែល​ធ្លាប់​ប្រើប្រាស់​អាស្រ័យ​ផល​កន្លង​មក ទាំង​ដី​ចម្ការ​ជាក់ស្តែង ទាំង​ដី​បម្រុង​ទុក​របស់​គាត់​ហ្នឹង ក៏​ត្រូវ​បាត់បង់​ដែរ»។

ប្រភព​ដដែល​បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​មួយ​នេះ គឺ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ប្រមាណ ២​ពាន់​គ្រួសារ ក្នុង​នោះ​មាន​ជាង ១​ពាន់​គ្រួសារ​ទទួល​ផល​ដោយ​ផ្ទាល់ ដោយ​មាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ ចំនួន ៣០០​គ្រួសារ។ លោក គង់ ឈៀង និយាយ​ថា បច្ចុប្បន្ន ដី​ព្រៃ​សហគមន៍​នៅ​មិន​ទាន់​បោះ​បង្គោល​កំណត់​ព្រំ​ច្បាស់លាស់​នៅ​ឡើយ ហើយ​ដី​ដែល​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ គឺ​មាន​ទំហំ​ជាង ១​ពាន់​ហិកតារ ក្នុង​នោះ​ដី​ចម្ការ​វិល​ជុំ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ មាន​ទំហំ​ជាង ២០០​ហិកតារ។ លោក​បន្ថែម​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​មាន​ដី​ប៉ះពាល់​ជាមួយ​ប្រជា​សហគមន៍ គឺ​មាន​តែ​ក្រុមហ៊ុន សម្បត្តិ ផ្លាទីនឹម មួយ​ប៉ុណ្ណោះ​ដែល​បាន​ដោះស្រាយ​ចប់ ក្រៅ​ពី​នោះ​នៅ​មិន​ទាន់​ដោះស្រាយ​ទេ។

លោក​មើល​ឃើញ​ថា ប្រសិន​បើ​បញ្ហា​ដី​ព្រៃ​សហគមន៍​នៅ​មិន​ទាន់​ដោះស្រាយ​បាន ហើយ​ការ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​បង្កបង្កើន​ផល​នៅ​តែ​កើត​មាន គឺ​ធ្វើ​ឲ្យ​អ្នក​ភូមិ ពិសេស​ជនជាតិ​ដើម​ភាគតិច​កាន់​តែ​ប្រឈម​បញ្ហា​ជីវភាព​រស់នៅ​ជាក់​ជា​មិន​ខាន៖ «ខ្ញុំ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ព្រៃ​ឈើ​ធំៗ មិន​មែន​ជា​ព្រៃ​រិចរិល»។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន​ទាំងនោះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ធ្នូ ដោយសារ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​រួម​បញ្ចូល​គ្នា ហើយ​មាន​មួយ​ចំនួន​បាន​ប្ដូរ​ឈ្មោះ​ថ្មី ជាដើម។

យ៉ាង​នេះ​ក្តី ប្រជា​សហគមន៍​នឹង​រៀបចំ​ពាក្យ​បណ្ដឹង ឬ​លិខិត​អន្តរាគមន៍​ដាក់​ទៅ​អាជ្ញាធរ​ខេត្ត ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ពេល​ខាង​មុខ ដើម្បី​ស្នើ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់។

ទាក់ទង​ករណី​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក ឡង គីសឺង មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​លោក​កាន់​តំណែង​ជា​អភិបាល​ស្រុក លោក​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​សហគមន៍​ជា​ផ្លូវ​ការ​ឡើយ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ទាំងនោះ​ជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​ពី​រាជ​រដ្ឋាភិបាល ប៉ុន្តែ​មុន​ពេល​លោក​ធ្វើ​អភិបាល​ស្រុក​សណ្ដាន់ ក្រុមហ៊ុន​មួយ​ចំនួន​បាន​រួម​បញ្ចូល​គ្នា និង​ប្ដូរ​ឈ្មោះ​ថ្មី។ ជាក់ស្តែង ក្រុមហ៊ុន អាន ម៉ារាឌី ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ក្រុមហ៊ុន សម្បត្តិ ផ្លាទីនឹម ទៅ​ឲ្យ​ថៅកែ​ផ្សេង​វិញ។ ចំណែក​ក្រុមហ៊ុន សល់ សុភា បាន​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ទៅ​ឲ្យ​ក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ ជាដើម។

លោក​បញ្ជាក់​ថា ដី​ដែល​មាន​ជម្លោះ គឺ​មិន​ដល់​ជាង ១​ពាន់​ហិកតារ​ទេ ពីព្រោះ​កាល​ពី​ពេល​កន្លង​ទៅ ប្រធាន​សហគមន៍​បាន​យក​លិខិត​ឲ្យ​លោក​ចុះ​ហត្ថលេខា​ដើម្បី​ស្នើសុំ​ទៅ​ក្រសួង​កសិកម្ម កាន់​កាប់​ដី​បន្ថែម គឺ​មាន​ចំនួន​ជាង ២០០​ហិកតារ​ប៉ុណ្ណោះ។ យ៉ាង​នេះ​ក្តី លោក​ថា​នឹង​ចុះ​ពិនិត្យ​មើល​ភាព​ជាក់ស្តែង ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​នៅ​ពេល​បន្តបន្ទាប់៖ «ហើយ​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទាល់​អំពី​ផល​ប៉ះពាល់​រវាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ជាមួយ​ក្រុមហ៊ុន​ហ្នឹង ថា​តើ​រវាង​បញ្ហា​ប្រឈម​គ្នា​នេះ តើ​មាន​បញ្ហា​អ្វី​ខ្លះ?»។

កាល​ពី​ខែ​កក្កដា ប្រជា​សហគមន៍​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ជាំថ្លក បាន​ស្នើ​ទៅ​ក្រសួង​កសិកម្ម ដើម្បី​សុំ​គ្រប់គ្រង​ដី​បន្ថែម​ទៀត ពីព្រោះ​ពួក​គេ​យល់​ថា ដី​ព្រៃ​សហគមន៍​កាន់​តែ​រួញ​តូច ហើយ​ពលរដ្ឋ​ចេះ​តែ​កើន​ឡើង។ ប្រធាន​សហគមន៍​ដដែល​បញ្ជាក់​ថា ការ​ស្នើសុំ​កាន់​កាប់​ដី​បន្ថែម​ទៀត​នោះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ដី​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន មើល​ឃើញ​ថា ការ​ស្នើ​របស់​ពលរដ្ឋ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ និង​កាន់​កាប់​ដី​បន្ថែម​ទៀត​នោះ គឺ​ជា​រឿង​ត្រឹមត្រូវ។ លោក​បន្ត​ថា ដោយសារ​ការ​ដោះស្រាយ​មិន​អាច​បញ្ចប់​បាន ម្យ៉ាង​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន ទើប​បណ្ដាល​ឲ្យ​ប្រជា​សហគមន៍​រងគ្រោះ​ជា​បន្តបន្ទាប់៖ «រាជ​រដ្ឋាភិបាល​យើង​គួរ​តែ​ចុះ​វាយ​តម្លៃ​តាម​រយៈ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ហ្នឹង ត្រូវ​សិក្សា​អំពី​ផល​ប៉ះពាល់​របស់​ពួក​គាត់​សិន មុន​នឹង​ធ្វើ​ការ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន»។

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​៤០ ចែង​ថា សហគមន៍​មូលដ្ឋាន​រស់នៅ​ក្នុង ឬ​ក្បែរ​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ រដ្ឋ​ត្រូវ​ទទួល​ស្គាល់ និង​ធានា​សិទ្ធិ​ប្រើប្រាស់​ជា​ប្រពៃណី​របស់​សហគមន៍ ក្នុង​គោល​បំណង​ទំនៀមទម្លាប់ ជំនឿ សាសនា និង​ការ​រស់នៅ។

ចំណែក​មាត្រា​៤១ ចែង​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មាន​សិទ្ធិ​ប្រគល់​ផ្នែក​ណា​មួយ​នៃ​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ឲ្យ​ទៅ​សហគមន៍​ដែល​រស់នៅ​ក្នុង ឬ​ជិត​តំបន់​ព្រៃ​ឈើ ក្រោម​រូបភាព​ជា​ព្រៃ​សហគមន៍៕

No comments:

Post a Comment