តុលាការខេត្តសៀមរាប បានចេញដីកាកោះឲ្យប្រធានយុវជនគណបក្សសង្គ្រោះជាតិ ម្នាក់ប្រចាំក្រុងសៀមរាប ចូលខ្លួនឆ្លើយបំភ្លឺជុំវិញដំណើររឿងបរិហារកេរ្តិ៍ជាសាធារណៈ កាលពីព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ។
ការកោះហៅនេះ ធ្វើឡើងជាងមួយខែ ក្រោយពីគាត់បានបង្ហោះរូបស្ត្រីម្នាក់នៅតាមបណ្ដាញសង្គម ដោយអះអាងថាជាជនជាតិវៀតណាម ដែលទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់នគរធំ ក្រុងសៀមរាប។
យុវជនជាង ២០០នាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិ បានលើកគ្នាទៅតុលាការខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ដើម្បីគាំទ្រប្រធានយុវជនក្រុងសៀមរាប ម្នាក់ ដែលតុលាការបានកោះហៅទៅសាកសួរពីបទបរិហារកេរ្តិ៍។
ក្រុមយុវជនដែលក្នុងដៃមានកាន់ទង់ជាតិ ព្រមទាំងបដាចំនួន ៣ផ្ទាំងផង បានស្រែករកយុត្តិធម៌ និងទាមទារកុំឲ្យតុលាការចោទប្រកាន់ទៅលើតំណាងពួកគេ។
«សំឡេងស្រែកទាមទារ»
ប្រធានយុវជននៃគណបក្សសង្គ្រោះជាតិ ប្រចាំក្រុងសៀមរាប គឺលោក សៀក ចំណាប់ អាយុ ៣១ឆ្នាំ។ លោកមានប្រសាសន៍ថា កាលពីថ្ងៃទី២ ខែកញ្ញា លោកបានបង្ហោះរូបស្ត្រីម្នាក់ឈ្មោះ ភាព នៅលើបណ្ដាញសង្គម ដោយថាស្ត្រីម្នាក់នោះជាជនជាតិវៀតណាម ហើយបានទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់នគរធំ ក្រុងសៀមរាប។
សកម្មជនគណបក្សសង្គ្រោះជាតិ ដដែលបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ មុនពេលដែលរូបលោកចូលឆ្លើយបំភ្លឺនៅចំពោះមុខតុលាការ គឺបានជួបស្ត្រីរូបនោះ ដោយនាងនិយាយថា គឺរូបនាងជាដើមបណ្ដឹង។ ស្ត្រីឈ្មោះ ភាព បញ្ជាក់ប្រាប់ថា តាមពិតរូបនាងមិនចង់ប្ដឹងផ្ដល់ទេ តែអាជ្ញាធរភូមិ-សង្កាត់នគរធំ ជាអ្នកជំរុញឲ្យប្ដឹង ព្រមទាំងជួយរៀបចំឯកសារផង ហើយបើគាត់មិនប្ដឹងសកម្មជនគណបក្សសង្គ្រោះជាតិ នោះទេ គឺខ្លាចអាជ្ញាធរគាបសង្កត់៖ «ខ្ញុំមានការព្រួយបារម្ភចំពោះសុវត្ថិភាព ដោយសារខ្ញុំមើលឃើញថា នេះគឺជារឿងគំរាមកំហែងផ្នែកនយោបាយសុទ្ធសាធ»។
ប្រធានយុវជននៃគណបក្សសង្គ្រោះជាតិ ក្រុងសៀមរាប អំពាវនាវឲ្យតុលាការច្រានចោលការចោទប្រកាន់រូបលោកពីបទបរិហារកេរ្តិ៍ជាសាធារណៈនោះ។
ចៅសង្កាត់នគរធំ លោក ង៉ា ចុង បានច្រានចោលការចោទប្រកាន់របស់យុវជនគណបក្សសង្គ្រោះជាតិ ដែលថាអាជ្ញាធរជាអ្នកបង្ខំឲ្យស្ត្រីម្នាក់នោះដាក់ពាក្យបណ្ដឹង គឺជារឿងមិនពិតទេ។ លោកចៅសង្កាត់នគរធំ អះអាងថា ស្ត្រីឈ្មោះ ភាព ដែលគេចោទថាជាជនជាតិវៀតណាម នោះ មិនពិតទេ គឺគ្រាន់តែនាងជាប់សែស្រឡាយចិន ប៉ុន្តែគាត់មានកំណើតនៅជិតវត្តស្វាយ ក្នុងទីរួមខេត្តសៀមរាប។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងតំណាងអយ្យការកាន់សំណុំរឿងក្តី គឺព្រះរាជអាជ្ញារង សំរិទ្ធ សុខុន ដើម្បីសុំការបំភ្លឺពីចំណាត់ការបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៣ ខែធ្នូ។
ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង មានប្រសាសន៍ថា តុលាការដែលកោះហៅប្រធានយុវជននៃគណបក្សសង្គ្រោះជាតិ ក្រុងសៀមរាប មកសាកសួរពេលនេះ គឺគ្រាន់តែបើកការអង្កេតជាបឋមប៉ុណ្ណោះ។ ដោយឡែកតំណាងអយ្យការកាន់សំណុំរឿងក្តីនេះ បន្តនីតិវិធីយ៉ាងណាទៀត គឺរូបលោកមិនបានដឹងទេ៖ «ខ្ញុំអត់ដឹងទេ នីតិវិធីរបស់ព្រះរាជអាជ្ញា គាត់មើល បើមានបទល្មើស គាត់ចោទហើយ បើថាអត់ទេ គឺគាត់នឹងតម្កល់រឿងទុកអត់ចាត់ការ»។
យុវជនជាច្រើននៃគណបក្សសង្គ្រោះជាតិ ក្រុងសៀមរាប បានអះអាងថា បើទោះបីជាតុលាការកោះហៅតំណាងពួកគេទៅសាកសួរពីបទបរិហារកេរ្តិ៍ក៏ដោយ ក៏ពួកគេនៅតែអះអាងថា ស្ត្រីម្នាក់ឈ្មោះ ភាព ដែលទៅចុះឈ្មោះបោះឆ្នោត ហើយប្រធានយុវជនបានបង្ហោះទៅក្នុងបណ្ដាញសង្គមនោះ គឺពិតជាជនជាតិវៀតណាម មែន ដោយសារតែគាត់និយាយខ្មែរមិនច្បាស់។ គេនៅតែឆ្ងល់ថា តើស្ត្រីបរទេសម្នាក់នោះបានឯកសារជាពលរដ្ឋខ្មែរស្របច្បាប់ដោយរបៀបណា?៕
No comments:
Post a Comment